កាណាដា​ដកហូត​សញ្ជាតិ​កិត្តិយស​ពី លោកស្រី អ៊ុង សាន ស៊ូ​ជី​

3090
ចែករម្លែក

សភាកាណាដាបានបោះឆ្នោតជាឯកច្ឆន្ទកាលពីថ្ងៃព្រហស្បតិ៍ទី២៧កញ្ញាដើម្បីដកហូតសញ្ជាតិកិត្តិយសកាណាដាពីលោកស្រី អ៊ុង សាន ស៊ូ​ជី មេដឹកនាំមីយ៉ាន់ម៉ាដោយសារវិបត្តិរ៉ូហ៊ីងយ៉ា។

រដ្ឋាភិបាលក្រុងអូតាវ៉ា(កាណាដា)​បានផ្តល់សញ្ជាតិកិត្តិយសដ៏កម្រនេះកាលពីឆ្នាំ២០០៧ឱ្យទៅលោកស្រី អ៊ុង សាន ស៊ូ​ជី អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដែលជាប់ឃុំឃាំងយូរអង្វែងនិងជាជ័យលាភីរង្វាន់ណូបែលរូបនេះ។ប៉ុន្តែ កេរ្តិ៍ឈ្មោះជាអន្ដរជាតិរបស់លោកស្រីបានក្លាយទៅជាសៅហ្មងដោយការខកខានរបស់លោកស្រីក្នុងការនិយាយអំពីអំពើឃោរឃៅដែលត្រូវបានប្រព្រឹត្តដោយកងទ័ពនៃប្រទេសជាតិរបស់លោកស្រីប្រឆាំងជនជាតិភាគតិចអ៊ីស្លាមរ៉ូហ៊ីងយ៉ា ដែលរដ្ឋាភិបាលក្រុងអូតាវ៉ាកាលពីសប្តាហ៍មុន បានប្រកាសថា ជាអំពើប្រល័យពូជសាសន៍។

លោក អាដាម អូស្ទីន (Adam Austen) អ្នកនាំពាក្យរបស់រដ្ឋមន្ត្រីការបរទេសកាណាដាបាននិយាយថា”ឆ្នាំ២០០៧ សភាកាណាដាបានប្រគល់សញ្ជាតិកិត្តិយសដល់លោកស្រី អ៊ុង សាន ស៊ូជី ។ថ្ងៃនេះ សភាបានអនុម័តញត្តិមួយជាឯកច្ឆន្ទដើម្បីដកវាវិញ”។

យុទ្ធនាការយោធាដ៏ឃោរឃៅដែលបានចាប់ផ្តើមកាលពីឆ្នាំមុន បានបង្ខំឱ្យក្រុមជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា ជាង៧០០. ០០០នាក់ រត់ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ចូលទៅប្រទេសបង់ក្លាដែស ជាទីដែលឥឡូវនេះពួកគេកំពុងរស់នៅក្នុងជំរំជនភៀសខ្លួន ហើយមានការភ័យខ្លាចនៃការវិលត្រឡប់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ បើទោះបីជាមានកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ក៏ដោយ៕ដោយ៖សុខា/sn

លោកស្រី អ៊ុង សាន ស៊ូ​ជី