កាណាដា​ថា​ប្រជាពលរដ្ឋ​របស់​ខ្លួន​ម្នាក់​ទៀត​ត្រូវបាន​ចាប់ខ្លួន​នៅ​ចិន​ចំពេល​ទំនាក់ទំនង​មិនល្អ​

291
ចែករម្លែក

​ក្រសួងការបរទេស​កា​ណា​ដា​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថ្ងៃទី​១៣​ខែកក្កដា​ថា ចិន​បាន​ចាប់ឃុំខ្លួន​ពលរដ្ឋ​កាណាដា​ម្នាក់​ទៀត​ចំ​ពេល​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២​នេះ​មាន​​ភាព​ល្អក់កករ ទោះ​យ៉ាងណាក្តី មូលហេតុ​នៃ​ការចាប់​ឃុំខ្លួន គឺ​នៅតែ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​។​

​អ្នកនាំពាក្យ​ម្នាក់​បាន​ប្រាប់​សារព័ត៌មាន AFP ថា “​ក្រុម​កិច្ចការ​ទំនាក់ទំនង​ពិភពលោក​កាណាដា​បានដឹង​អំពី​ការ​ឃុំឃាំង​ពលរដ្ឋ​កាណាដា​ម្នាក់​នៅ​ទីក្រុង​Yantai ប្រទេស​ចិន​” ។​

​អ្នក​នាំ​ពាក្យ​នេះ បាន​បន្ថែម​ថា​ក្រុមមន្ត្រី​កាណាដា បាន​កំពុង​ជួយ​ផ្នែក​ទំនាក់ទំនង​កុងស៊ុល ប៉ុន្តែ​គ្មាន​ព័ត៌មាន​លម្អិត​បន្ថែមទៀត អាច​ត្រូវ​បាន​បង្ហាញ ដោយសារ​ច្បាប់​នៃ​សិទ្ធិ​​ផ្ទាល់ខ្លួន​។​

​ការឃុំខ្លួន​នេះ​បាន​កើត​ឡើង​បន្ទាប់ពី​មាន​ការចាប់​ដាក់គុក​ជ​ន​ជាតិ​កាណាដា​២​នាក់​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាលពី​ដើមឆ្នាំ​នេះ បន្ទាប់​ពី​លោកស្រី ម៉េង វ៉ាន់ចូ​វ ប្រធាន​​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​Huawei របស់​ចិន​ត្រូវបាន​ចាប់ឃុំខ្លួន​នៅ​ទី​ក្រុងវែន​ខូវើ ប្រទេស​កាណាដា តាម​ដី​ដីកាចាប់ខ្លួន​ពី​សហរដ្ឋអាមេរិក​។​

​ទោះ​យ៉ានេះ​ក្តី ប្រភពព័ត៌មាន​ដែល​ដឹង​ពី​ការចាប់​ឃុំឃាំង​ចុងក្រោយបង្អស់​នេះ​បាន​និយាយថា មិន​មាន​ការ​ចង្អុលបង្ហាញ​ថា វា​ជាប់ទាក់ទង​ទៅនឹង​ករណី​នៃ​ការចាប់ខ្លួន​​ជនជាតិ​កាណាដា​២​នាក់​កាលពី​ពេលមុន គឺ​ម្នាក់​ឈ្មោះ ម៉ៃ​ឃើ​ល កូវ​រីក អតីត​អ្នកការទូត​និង​ម្នាក​ទៀត​ឈ្មោះ​លោក​ម៉ៃ​ឃើក ស្ប៉ា​វើ អ្នកផ្តល់​ពិគ្រោះ​យោបល់ នោះទេ​៕ដោយ៖សុខា/sn

ក្រសួងការបរទេស​កា​ណា​ដា​ថា​ពលរដ្ឋ​កាណាដា​ម្នាក់​ត្រូវបាន​ចាប់ឃុំខ្លួន​ដោយ​ក្រុម​អាជ្ញាធរ​នៅ​ទីក្រុង Yantai ប្រទេស​ចិន​កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា​ឆ្នាំ​២០១៩