កាណាដា​ហាម​បុគ្គលិក​ស្ថាន​កុងស៊ុល​របស់ខ្លួន​ធ្វើដំណើរ​ធុរកិច្ច​នៅក្រៅ​ហុងកុង បន្ទាប់ពី​ករណី​ចិន​ចាប់ខ្លួន​បុគ្គលិក​កុងស៊ុល​អង់គ្លេស​

218
ចែករម្លែក

​គណនេយ្យករ​នៅ​ហុងកុង​បាន​ហែ​ក្បួន​នៅ​ថ្ងៃ​សុក្រ​ទី​២៣​សីហា​នេះ​ដើម្បី​គាំទ្រ​ចលនា​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ខណៈដែល​ស្ថាន​កុងស៊ុល​កាណាដា​បាន​ហាម​បុគ្គលិក​របស់ខ្លួន​មិនឱ្យ​ចាក​ចេញពី​ទីក្រុង​ហុងកុង​លើ​ដំណើរ​ទាក់ទង​នឹង​ធុរកិច្ច​ផ្លូវការ បន្ទាប់ពី​បុគ្គលិក​កុងស៊ុល​អង់គ្លេស​ម្នាក់​ត្រូវបាន​ឃុំខ្លួន​នៅ​ចិនដីគោក​។​

​ប្រធាន​សហជីព​បុគ្គលិក​យន្តហោះ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង Cathay Dragon បាន​និយាយថា លោកស្រី​ត្រូវបាន​បណ្តេញចេញ​ជាការ​សងសឹក​ចំពោះ​ការគាំទ្រ​ចលនា​បាតុកម្ម​នេះ ដោយ​រឹត​បន្ថែម​ភាព​រំជើបរំជួល​ក្នុង​ដែនដី​ស្វយ័ត​របស់​ចិន​មួយ​នេះ កន្លែង​ដែល​បាតុករ​បាន​ប្រមូលផ្តុំ​តវ៉ា​ជាង​២​ខែ​មកហើយ​។

​ក្រុមបាតុករ​គ្រោង​នឹង​បង្កើតជា​ខ្សែសង្វាក់​មនុស្ស​ដ៏​វែង​រហូតដល់​ចម្ងាយ ៤០ គីឡូម៉ែត្រ​នៅ​យប់​ថ្ងៃ​សុក្រ​នេះ​ដើម្បី​បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​ពួកគេ​។ ពួកគេ​បាន​និយាយថា “​របៀប​របស់​ហុងកុង​” ត្រូវបាន​បំផុសគំនិត​ដោយ “​របៀប​របស់​តំបន់​បាល់​ទិ​ក​” នៅពេលដែល​ប្រជាជន​នៅ​បណ្តា​រដ្ឋ​តំបន់​បាល់​ទិ​កបាន​រួមដៃគ្នា​ហែ​ក្បួន​កាលពី ៣០ ឆ្នាំមុន​ក្នុងការ​តវ៉ា​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​សូ​វៀត​។​

​ស្ថាន​កុងស៊ុល​កាណាដា​មិនបាន​និយាយថា​តើ​ការ​រឹតត្បិត​ការធ្វើដំណើរ​លើ​បុគ្គលិក​ក្នុង​តំបន់​មាន​ជាប់ទាក់ទង​នឹង​ការឃុំខ្លួន​បុគ្គលិក​កុងស៊ុល​អង់គ្លេស​លោក​សាយ​ម៉ុ​ន ចេង​ម៉ាន់​គីត​ដែរ​ឬ​អត់​នោះទេ​។ គាត់​បាន​បាត់​ខ្លួន​កាលពី​ពីរ​សប្តាហ៍​មុន​បន្ទាប់ពី​បានធ្វើ​ដំណើរ​ទស្សនកិច្ច​ធុរកិច្ច​ពី​ស្ថានីយ​រថភ្លើង​ល្បឿន​លឿន​របស់​ហុងកុង​ទៅ​ទីក្រុង​សិន​ចិន ដែលជា​ទីក្រុង​របស់​ចិនដីគោក​នៅជាប់​ព្រំដែន​ហុងកុង​។​

​ការិយាល័យ​កុងស៊ុល​កាណាដា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​នាពេល​បច្ចុប្បន្ននេះ បុគ្គលិក​ពាក់ព័ន្ធ​នៅក្នុង​ស្រុក នឹងមិន​ត្រូវ​ធ្វើដំណើរ​ទស្សនកិច្ច​ធុរកិច្ច​ផ្លូវការ​នៅក្រៅ​ហុងកុង​នោះទេ​”​។​

​លោក​ចេង​បានធ្វើការ​នៅ​ស្ថាន​កុងស៊ុល​អង់គ្លេស​ចាប់តាំងពី​ខែធ្នូ​ឆ្នាំ ២០១៧ ក្នុងនាម​ជាម​ន្ត្រី​ពាណិជ្ជកម្ម​និង​វិនិយោគ​អន្តរជាតិ​សម្រាប់​រដ្ឋាភិបាល​ស្កុ​តឡែ​ន (​ក្នុង​ចក្រភព​អង់គ្លេស​)​។ គាត់​និង​បុគ្គលិក​ក្នុងស្រុក​ផ្សេងទៀត​នៅ​ស្ថាន​កុងស៊ុល​និង​ស្ថានទូត​នានា​ធ្វើ​ការឱ្យ​ពួក​អ្នកការទូត តែ​មិនមាន​លិខិតឆ្លងដែន​ការទូត​ខ្លួនឯង​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ការតវ៉ា​នៅ​ហុងកុង​បានធ្វើ​ឡើង​ជាង​២​ខែ​មកហើយ
#