កាតព្វកិច្ច​កសាង​ជាតិ​ប្រជាធិបតេយ្យ​មួយ​ដោយ​ខ្លួនឯង​

266

​លោកជំទាវ ហ៊ីល​ឡេ​រី គ្លី​ន​តុ​ន​(Hellery clinton) ជា​បេ​ក្ខ​នារី​ប្រធានាធិបតី​អាមេរិកាំង​ចាញ់ឆ្នោត បាន​អំពាវនាវ​ជា​សាធារណៈ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិកាំង​ទាំងមូល​គាំទ្រ​បេក្ខភាព​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី​៤៥ ដូ​ណា​ល់ ត្រាំ​។ លោកជំទាវ​សម្តែង​នូវ​ការទទួលស្គាល់​ជោគជ័យ និង​ស្វាគមន៍​ការសម្រេចចិត្ត របស់​ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន ក្នុងការ​ជ្រើស​យក​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។

“​បើក​បេះដូង​ស្វាគមន៍​” ទោះបី​មានរឿង​អាស្រូវ​នៃ​ការបោះឆ្នោត ឬ​លទ្ធផល​នៃ​ការបោះឆ្នោត​យ៉ាងណា ក៏ដោយ ហើយ​សាធារណជន​គ្មាន​លឺ​ពាក្យ ឬ​ឃើញ​សកម្មភាព​ដឹកនាំ​ដោយ​លោកជំទាវ​ក្នុង​កិច្ច​ពហិការ ប្រឆាំង​និង​លទ្ធផល នៃ​ការបោះឆ្នោត ឬ​មិន​ទទួលស្គាល់​សេចក្តីសម្រេច​របស់​ស្ថាប័នរដ្ឋ​ណាមួយ​ឡើយ​។
​ការស្បថ​ចូលកាន់​តំណែង​ប្រធានាធិបតី​នៅ​វិមាន​សរ (White house ) បាន​ធ្វើតាម​ប្រតិទិន​កំណត់ ជាក់​លក្ខណ៍ និង​ទៀងទាត់​របស់​ច្បាប់​សហរដ្ឋអាមេរិក​។​

​នគរបាល និង​កម្លាំង​ការពារជាតិ ( National guard) បានចេញ​សេចក្តីថ្លែងការណ៍ និង​ចាត់វិធានការ ក្តៅគគុក​ក្នុងការ​បង្ក្រាប​ក្រុមបាតុករ និង​កុបកម្ម​ប្រឆាំង និង​ការចូល​កាន់តំណែង​រប​ស់លោក​ប្រធានាធិបតី ដោយបាន​លើកឡើងថា “​ត្រូវតែ​បង្ក្រាប​គ្រាប់​មធ្យោបាយ​ចំពោះ​ការជួប​ជុំគ្នា​ខុសច្បាប់​”​។ នៅ​ទីបញ្ចប់​ការ ស្បថសច្ចា ប្រណិធាន​ចូលកាន់​មុខតំណែង​ប្រធានាធិបតី​របស់លោក ដូ​ណា​ល់ ត្រាំ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ ទី​២០ មករា ឆ្នាំ​២០១៧ តាម​ប្រតិទិន​ទៀងទាត់​កំណត់ដោយ​ច្បាប់ និង​រលូន​តាម​ពិធី​ដែល​បាន​ព្រាងទុក​។​

នីតិរដ្ឋ​បាន​ដើរតួ​សំខាន់បំផុត ក្នុង​ចំណាត់​ការរក្សា​សណ្តាប់ធ្នាប់​លទ្ធិប្រជាធិបតេយ្យ​។ ក្នុង​ពិធី​ចូលកាន់ តំណែង​នេះ លោក​ប្រធានាធិបតី​អាមេរិក​ទី​៤៥ ដូ​ណា​ល់ ត្រាំ បានធ្វើ​សច្ចាប្រណិធាន តាម​បង្គាប់ របស់​ចៅក្រម ដែលជា​ប្រធាន​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក (Supreme Court chief justice John Roberts) ។​

​វិធានការ​ផ្លូវច្បាប់ ក្នុងករណី​មួយទៀត​ដែរ​ក៏ បានដាក់​សម្ពាធ​ឲ្យ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បញ្ឈប់ និង​បណ្ដេញ​ចេញពី​តំណែង​នៃ​មន្ត្រី​របស់ខ្លួន​មួយចំនួន​ដែល​ទទួលរង​ការចោទប្រកាន់​ពីបទ​ឃុបឃិត​ពាក់ព័ន្ធ នយោបាយ​ជាមួយ​ប្រទេស (​រ​ស្ស៊ី​) ក្នុង​ការងារ​បោះឆ្នោត​។​

​ទោះបី​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទទួលបាន​តំណែង​តាមរយៈ​ឆន្ទៈ នៃ​ជម្រើស​ផ្ទាល់​របស់​ប្រជាព​រដ្ឋ អាមេរិកកាំង​ភាគច្រើន​ក្ដី ក៏​លោក​កំពុងតែ​ប្រឈម​នឹង​មហាសេដ្ឋី Tom Stayer ដែល​កំពុង​ស្វះ​ស្វែងរក​ស្នាម មេដៃ​ពី​ប្រជាពលរដ្ឋ​អាមេរិកាំង (​ឥឡូវ​បាន​ជាង​១​លាន​នាក់​) ក្នុងការ​ប្ដឹងទៅ​កាន់​តុលាការ​កំពូល​អាមេរិក ដើម្បី​បណ្ដេញ​លោក​ចេញពី​តំណែង​ប្រធានាធិបតី ដែលជា​តំណែង​កើតចេញពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ផ្ទាល់​នោះ​។

នេះ​ជា​យន្តការ និង​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ នៃ​បទពិសោធន៍​មួយ​របស់​អាមេរិក​ក្នុង​កិច្ចធានា សង្គម​ប្រជាធិបតេយ្យ សណ្ដាប់ធ្នាប់ សន្តិសុខ​សង្គម និង​សិ​ទ្ទិ​របស់​ប្រជាពលរដ្ឋ​ហើយក៏​មិនមាន​អ្វីៗ ខុសគ្នា​ឆ្ងាយ ពី​បែបបទ​នៅ​កម្ពុជា​ប៉ុន្មាន​នោះទេ រវាង​សិទ្ធិ​ឆន្ទៈ តំណែង នៅក្នុង បរិបទ​នយោបាយ គឺ​តុលាការ​កំពូល​មាន​ឧ​ត្ត​ម​អំណាច​ឈរ​នៅលើ​មូលដ្ឋាន​ច្បាប់ ដែល​ធ្វើការ​វិនិច្ឆ័យ​ចំពោះ​អង្គហេតុ សម្រេច​តាម​អង្គច្បាប់ និង​កម្រិត​ជោគវាសនា គណបក្សនយោបាយ ឬ​បុគ្គល​នយោបាយ​ណាមួយ​នោះ ក្រៅពី​ប្រជាពលរដ្ឋ មាន​កាតព្វកិច្ច​បោះ​ឆ្នា​ត​ជ្រើសរើស កសាង និង​ការពារជាតិ​មាតុភូមិ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ ក៏មាន​អំណាច​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​តា​មរយៈ​ស្ថាប័នរដ្ឋ ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ “​រដ្ឋាភិបាល សភា និង តុលាការ​” ។​

​ឆ្លើយតប​នឹង​ការគៀងគរ​កម្លាំង​នយោបាយ នៅក្រៅ​ប្រទេស គ្រប់​រូបភាព រាប់ទាំង​ការរៀបចំ​ធ្វើបាតុកម្ម នៅក្រៅ​ប្រទេស ប្រឆាំងនឹង​សាលដីការ ឬ​ការវិនិច្ឆ័យ​របស់​តុលាការ​កំពូល​កម្ពុជា ដែល​បានសម្រេច​ដោយ បិទផ្លូវ​នៃ​ការតវ៉ា​ផង​នោះ គឺជា​ការ​បាច​អង្គា​ម​បញ្ច្រាស់​ខ្យល់​តែប៉ុណ្ណោះ ដែលជា​ហេតុផល​ពិតប្រាកដ ប្រឆាំងនឹង​ស្ថាប័ន នៃ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​គោលការណ៍​អនុវត្ត របប​ប្រជាធិបតេយ្យ លើកលែងតែ​គេ​ទាំងនោះ មានបំណង​ប្រឆាំង​រំលាយ​របប​តែប៉ុណ្ណោះ ហើយ​បំណង​នេះ​ក៏​ពុំមាន​លទ្ធភាព និង​សម្រេច​ដល់​គោលដៅ​បាន​នោះឡើយ គឺ​មិន​ត្រឹមតែ​ប្រឆាំងនឹង​ដំណើរការ ក្រឹត្យក្រម​ប្រជាធិបតេយ្យ​កម្ពុជា ប៉ុណ្ណោះ​ទេ ក៏​អាច​ចាត់​បាន​ថា​ជាការ​ប្រឆាំង និង​គោលការណ៍​ប្រជាធិបតេយ្យ​សកល​ផងដែរ​។​

​រីឯ​ការ​ខ្វាយខ្វល់ ការបារម្ភ​ដ៏​ធំធេង របស់​ប្រទេស​ជា​មិត្ត អាស្រ័យ​ដោយ មិត្ត​ទាំងនោះ ពុំ​ទទួលបាន ព័ត៌មាន​ពិត និង​គ្រប់​ជ្រុងជ្រោយ​ផង​នោះ សេចក្តីថ្លែងការណ៍​គ្រាន់តែ​វិធាន​បឋម ក្នុងការ​គ្រប់គ្រង​ស្ថានភាព ឬមួយ​គ្រាន់តែ​ជា​នយោបាយ​សម្រួល​ផ្លូវចិត្ត ដល់​អ្នកទទួល​ការបា​ត់​បង់​តំណែង និង​ឱកាស​នយោបាយ ពី​ប្រព័ន្ធ និង​គោលការណ៍​ច្បាប់ របស់​របប​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ​។ កម្ពុជា​ស្វាគមន៍​រាល់​ទស្សនកិច្ច តំណាង​ប្រជាជាតិ​ជា​មិត្ត គឺជា​ឱកាស​មាស ដែល​គេ​ទទួលបាន​នូវ​ធាតុពិត នៃ​ការ​ខំប្រឹងប្រែង​របស់​កម្ពុជា ចំពោះ​កិច្ច​ធ្វើអោយ​ប្រជាធិបតេយ្យ​របស់ខ្លួន​ឆ្លើយតប និង​ជម្រើស​នៃ​អធិបតេយ្យភាព​ប្រជាពលរដ្ឋ កម្ពុជា​ពិតប្រាកដ​។​

​ប្រទេស​ជា​មិត្ត​ទាំងអស់នោះ ក៏​មិនអាច​ដើរ ឬ​គូសវាស នៃ​មាគ៌ា​ប្រជាធិបតេយ្យ​ខុសពី​មូលដ្ឋាន​គ្រឺះ នៃ​ការអនុវត្ត​របស់ខ្លួន​គេ​បាន​នោះឡើយ​៕ ដោយ​: ផៃ ស៊ី​ផាន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​