កាតព្វកិច្ច​សីលធម៌​

190
ចែករម្លែក

.​ក្នុងអំឡុងពេល​នៃ​ជំងឺ​រាតត្បាត​ពាសពេញ​ពិភពលោក ការចងចាំ​របស់​អ្នក​រស់រាន មានជីវិត​ពី របប​ខ្មែរក្រហម គឺជា​ការ​ក្រើនរំឭក​យើងទាំងអស់គ្នា​អំពី​កាតព្វកិច្ច​សីលធម៌​ចំពោះ​មនុស្សជាតិ​

​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ខ្ញុំ​បានធ្វើ​ដំណើរ​ទៅកាន់​ទីជនបទ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​បានធ្វើ​ដំណើរ​នៅតាម​ទីជនបទ​នៃ​ខេត្តកណ្តាល កំពង់ចាម ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន កោះកុង បន្ទាយមានជ័យ និង​សៀមរាប នៅក្នុង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​កំពុង​កើតមានឡើង​នៅ ជុំវិញ​ពិភពលោក និង​នៅមុន​ពេលដែល​ប្រទេស​កម្ពុជា ចេញ​បម្រាម​គោចរ​របស់ខ្លួន​។ អ្វីៗ​ដែល ខ្ញុំ​សង្កេតឃើញ​នៅក្នុង​អំឡុងពេល​ធ្វើដំណើ​រ និង​ក្រោយពី​ខ្ញុំ​បាន​ត្រឡប់មក​ភ្នំពេញ​វិញ​បានធ្វើ​ឲ្យ ខ្ញុំ​នឹកឃើញ​ដល់ពេល​វេលា​ដ៏​ខ្មៅ​ងងឹត ដ៏​គួរ​ឲ្យ​សោកសង្រេង និង​ប្រកបដោយ​សោកនាដកម្ម ជាងនេះទៅ ទៀត កាលពី​សម័យ​ខ្មែរក្រហម ក្នុង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។ ខ្ញុំ​គឺ​មិនមែនជា​ជន​រង គ្រោះ​តែម្នាក់ឯង​នោះទេ​។

​ខ្ញុំ​បាន​ជួប​និយាយ​ជាមួយ​ស្ត្រី​ម្នាក់​ដែលជា​អ្នក​រស់រានមានជីវិត​ពី​សម័យ​ខ្មែរក្រហម​ហើយក៏​ដូច ទៅនឹង​អ្នកភូមិ​ដទៃទៀត​ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​ដែរ​ស្ត្រី​រូបនេះ​មាន​អារម្មណ៍​ភ័យខ្លាច​ចំពោះ ជំងឺ​រាតត្បាត​ជា​សកល​នេះ​ដែល​កំពុង​ជ្រៀត​ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​។ គាត់​ចាប់អារម្មណ៍​ចង់ដឹង អំពី​គំនិត​របស់ខ្ញុំ​ទាក់ទង​នឹង​ស្ថានការណ៍​នេះ​។ គាត់​បាន​សួរ​ខ្ញុំ​តែមួយ​សំណួរ​ហើយ​ដែល​បាន ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ឈរ​ទ្រឹង ជាមួយនឹង​ការឆ្លើយតប​ទៅ​គាត់​ដែល​គ្រាន់​ត្រឹមតែ​ជា​ភាព​ស្ងៀមស្ងាត់ តែប៉ុណ្ណោះ​។​

​គាត់​បាន​សួរ​ខ្ញុំ​ថា «​ហេតុអ្វី​បានជា​ពិភពលោក​ជ្រួលច្របល់​ម្ល៉េះ​? ឥឡូវនេះ ប្រទេស​កម្ពុជា​គ្មាន មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​កូ​រ៉ូ​ណា​នេះ​ទេ ហើយ​អត្រា​អ្នកស្លាប់​នៅ​សហរដ្ឋ​អាម៉េរិក​គឺមាន​ត្រឹម ប្រមាណ​ជាង ០,០០៧ ភាគរយ​តែប៉ុណ្ណោះ​។ នៅក្នុង​របប​ខ្មែរ ក្រហម​ក្រៅពី​តួលេខ​មនុស្ស​ដែល ត្រូវបាន​សម្លាប់​ជា​រៀងរាល់ថ្ងៃ យើង​ឃើញ​មនុស្ស​ជាច្រើន​ទៀត​ដែល​បាន​ធ្លាក់ខ្លួន​ឈឺ​រហូតដល់ ស្លាប់ អ្នក​ដែល​គ្មាន​អាហារ​ហូបចុក​ហើយ​ប្រជាជន​ជាច្រើន​ម៉ឺន​នាក់​រងគ្រោះ​ដោយសារ​ជំងឺ រាតត្បាត​ថែមទៀត​ផង​នៅពេលនោះ ក៏ប៉ុន្តែ​ហាក់ដូចជា​គ្មាន​ប្រទេស​ណា​បាន​ខ្វល់ខ្វាយ​ពី​យើង​ទេ រហូត​ទាល់តែ​យើង​បាត់បង់​មនុស្ស​អស់​ជាង​បី​លាន​នាក់​។ តើ​វា​យ៉ាងម៉េច​រឿងនេះ​?»​។​

​ខ្ញុំ​មិនអាច​ឆ្លើយតបបាន​ទៅនឹង​អ្វីដែល​គាត់​សួរ​នោះទេ​ពីព្រោះថា​ខ្ញុំ​មិនអាច​ផ្តល់​ចម្លើយ​សម​ហេតុ សម​ផល​ណាមួយ​ដល់​គាត់​។ សំណួរ​របស់គាត់​បាន​បង្ហាញ​អំពី​គម្លាត កំហុសឆ្គង និង​ភាពបរាជ័យ របស់​សហគមន៍​អន្តរជាតិ​ពី​អតីតកាល​។ សំណួរ​នេះ​ក៏​បង្ហាញ​អំពី​ការ​ឈឺឆ្អាល​ដែលជា​កាតព្វកិច្ច សីលធម៌​របស់​យើង​ចំពោះ​មនុស្សជាតិ​ទៀតផង​។

​ក្រោយ​វិលត្រឡប់​មកពី​ការធ្វើដំណើរ​នេះ​វិញ ខ្ញុំ​ចាប់ផ្តើម​ភ្ញាក់ផ្អើល​អំពី​របៀប​ដែល​វិបត្តិ​សង្គម បែបនេះ​បានបង្ហាញ​ពី​ការគិត ការប្រព្រឹត្ត និង​ការ​ឈឺឆ្អាល​របស់​យើង​ចំពោះ​អ្នកដទៃ​។ បើ​ទោះ ជា​វិបត្តិ​នេះ​កើតឡើង​នៅក្នុង​កម្រិត​បុគ្គល សហគមន៍ ឬ​សង្គម​ក៏ដោយ​វិបត្តិ​នេះ​គួរ​ត្រូវបាន​ចាត់ ទុក​ថា​ជា​ឱកាស​ក្នុង​ការបង្ហាញ​អំពី​ភាពជា​អ្នកដឹកនាំ​និង​ឥរិយាបថ​ដែល​ប្រកបដោយ​សីលធម៌​។ ជំងឺ​រាតត្បាត​ជា​សកល​នេះ បាន​ក្លាយទៅ ជា​ការព្រួយបារម្ភ​របស់​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ នៅក្នុង​សង្គម ក៏ប៉ុន្តែ​កាតព្វកិច្ច​សីលធម៌​របស់​យើង​ចំពោះ​មនុស្សជាតិ មិនគួរ​ប្រែប្រួល​នោះទេ​។

​វិបត្តិ​នេះ​ផ្ដល់ឱកាស​ដល់​បុគ្គល អាជីវកម្ម និង​រដ្ឋាភិបាល ក្នុងការ​បង្ហាញ​សច្ចភាព​ចំពោះ​គោល ការណ៍​គ្រឹះ​របស់ខ្លួន និង​ភាពស្មោះត្រង់​ចំពោះ​ប្រជាជន​ដែល​កំពុងតែ​ពឹងផ្អែក​មកលើ​ខ្លួន​។ រដ្ឋាភិបាល​គួរតែ​បង្ហាញ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ចំពោះ​ការពិត​និង​ការថែទាំ​ប្រជាជន​របស់ខ្លួន ដោយ​ចាប់​ផ្ដើមចេញពី​ការធានា​ឲ្យ​បាន​ថា ប្រជាជន​ទាំងអស់​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់ ដើម្បី​ការពារ​ខ្លួន​និង​គ្រួសារ​។ ការពិត​គឺ​មិនគួរ​ត្រូវ​បិទបាំង កែសម្រួល ឬ​រឹតត្បិត​នោះទេ​ខណៈពេល ដែល​ជីវិត​មនុស្ស​ម្នាក់ៗ​ស្ថិតក្នុង​ភាពគ្រោះថ្នាក់​។

​អាជីវកម្ម​គួរតែ​បង្ហាញថា​សម្ព័ន្ធភាព​រប​ស់​ខ្លួន​ជាមួយ​អតិថិជន សាធារណជន និង​ដៃគូ​ខ្សែចង្វាក់ ផ្គត់ផ្គង់ គឺ​មិនមែន​ធ្វើឡើង​សម្រាប់តែ​ប្រាក់ចំណេញ និង​ការទូទាត់​បំណុល​ជា​ទៀងទាត់​នោះទេ​។ គ្រប់​អាជីវកម្ម​ទាំងអស់​ពឹងផ្អែក​លើ​របស់​ដែល​មិនអាច​កាត់ថ្លៃ​បាន​មួយ​នោះ​គឺ​កេរ្តិ៍ឈ្មោះ​និង​របៀប ដែល​អាជីវកម្ម​នីមួយៗ​អនុវត្ត​ចំពោះ​អតិថិជន សាធារណជន និង​ដៃគូ​របស់ខ្លួន​ចំណែកឯ​ដៃគូ របស់ខ្លួន​ក៏​នឹង​ប្តេជ្ញា​ចំពោះ​តម្លៃពិត​នៃ​របស់​នោះដែរ នៅក្នុង​រយៈពេល​ជាច្រើន​ខែ​និង​ឆ្នាំ​ខាងមុខ​។​

​ក្នុងនាម​ជាម​នុស្ស យើង​មាន​កាតព្វកិច្ច​ចំពោះ​មនុស្សជាតិ​ទាំងអស់​។ យើង​មាន​កាតព្វកិច្ច​មិន ត្រឹមតែ​ធានា​ចំពោះ​សុខមាលភាព​ផ្លូវកាយ​និង​សុវត្ថិភាព​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធានា​ដល់ សន្តិសុខ​សង្គម​របស់​មនុស្សជាតិ​ថែម​ទៀតផង ពីព្រោះថា​មនុស្ស​គ្រប់រូប​ទាមទារ​ឲ្យ​មានការ បញ្ជាក់ថា​ខ្លួន​មិនមែន​នៅតែ​ម្នាក់ឯង​នោះទេ​។ មនុស្ស​នៅ​គ្រប់​ស្រទាប់សង្គម​គួរ​យក​ឱកាស​នេះ ស្វែងរក​វិធីសាស្ត្រ ដើម្បី​បង្ហាញ​ពី​ការប្តេជ្ញា​របស់ខ្លួន ចំពោះ​គោលការណ៍​ប្រសើរ​ជាង​មុន នៃ​តួនាទី​របស់​ប្រជាជន ការពិត និង​ការសណ្តោសប្រណី​ចំពោះ​មនុស្សជាតិ​ទាំងមូល​។

​នៅក្នុង​ប្រវត្តិសាស្ត្រ កាតព្វកិច្ច​សីលធម៌​និង​ច្បាប់​របស់​យើង​ចំពោះ​មនុស្សជាតិ​ពឹងផ្អែក​លើ ស្ថានភាព​សេដ្ឋកិច្ច​និង​នយោបាយ​។ ការណ៍​នេះ​មិនអាច​ទទួលយក​បានឡើយ​ប្រសិនបើ​យើង ពិតជា​ចង់​ពណ៌នា​ស្ថានភាព​សេដ្ឋកិច្ច​និង​នយោបាយ​ថា​គឺជា «​កាតព្វកិច្ច​នៃ​មនុស្សជាតិ​»​។

​ការតស៊ូ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​រ៉ូ​ណា​នាពេល​បច្ចុប្បន្ន បានធ្វើ​ឲ្យ​អ្នក​រស់រានមាន ជីវិត​ពីរ​បប ខ្មែរក្រហម​ជាច្រើន​រំឭក​ឡើងវិញ​នូវ​ការចងចាំ​ដ៏​គួរ​ឲ្យ​ភ័យរន្ធត់​របស់ខ្លួន​។ ការចងចាំ​នេះ​បាន ផ្តល់​ឲ្យ​យើង​នូវ​កម្លាំងចិត្ត​ផង និង​ការឈឺចាប់​ផង​។ អ្នក​រស់រាន មានជីវិត​ពី​របប​ខ្មែរក្រហម​ទទួល បាន​កម្លាំងចិត្ត​ពី​ការចងចាំ​នេះ ដោយ​មនុស្ស​ជំនាន់​ក្រោយ​ជាច្រើន​អាច​យល់បាន​ត្រឹម​ផ្នែក​ខ្លះ តែប៉ុណ្ណោះ​។ ក្រៅពី​ភាពភ័យខ្លាច សោកនាដកម្ម និង​ការបាត់​បង់ជីវិត​អ្នក​រស់រានមានជីវិត​ទាំង ឡាយ​នៅពេលនេះ នឹង​ទទួលបាន​នូវ​ភាពមិន​ងាយ​ទ្រុឌទ្រោម​ក្នុង​កម្រិត​មួយ​ដែល​មនុស្ស​ជំនាន់ ក្រោយៗ​ទៀត​មិនអាច​យល់បាន​ឡើយ​។
​ ​
​ក្រៅពី​ភាពមិន​ងាយ​ទ្រុឌទ្រោម​នេះ អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ទទួលបាន​នូវ​ការយល់ដឹង​មួយ​។ ដោយសារ​តែមាន​ការចង​ចាំ​ដ៏​គួរ​ឲ្យ​រន្ធត់​និង​ប្រកបដោយ​សោកនាដកម្ម​នេះ អ្នក​រស់រាន មានជីវិត​ពីរ​បប​ខ្មែរក្រហម​ប្រាកដជា​មានការ​យល់ដឹង​ធំធេង​ជាង​ទាក់ទង​នឹង​បញ្ហា​របស់​មនុស្ស ជាតិ​ទាំងឡាយ និង​ថា​តើ​ជីវិត​មនុស្ស​មាន​ភាពផុយស្រួយ​យ៉ាងដូចម្តេចខ្លះ​។ ការយល់ដឹង​អំពី ជីវិត​មនុស្ស គឺជា​មូលដ្ឋានគ្រឹះ​នៃ​សេចក្តី​គោរព ដែល​ការគោរព​នេះ​អាចជា​វត្ថុ​ដ៏​វិសេសវិសាល នៃ​គុណធម៌​និង​សីលធម៌​របស់​មនុស្សជាតិ​។​
​ ​
​នៅក្នុង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​នេះ ប្រទេស​កម្ពុជា​ត្រូវតែ​ប្រើប្រាស់​បទពិសោធន៍​នៃ​អតីតកាល ដ៏​រន្ធត់​របស់ខ្លួន ដើម្បី​គូសបញ្ជាក់​ពី​ភាពមិន​ងាយ​ទ្រុឌទ្រោម​និង​អំពើ​មនុស្សធម៌ នាពេល​សព្វថ្ងៃ​។ ខ្ញុំ​បាន​ស្តាប់ឮ​រឿងរ៉ាវ​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ដែល​បង្ហាញ​អំពី​ភាពមិន​ងាយ​ទ្រុឌទ្រោម ហើយ​រឿងរ៉ាវ​ទាំងអស់នោះ​នៅមាន​ឥទ្ធិពល​ហើយ​ដក់​ជាប់​ក្នុង​ខ្លួន​របស់ខ្ញុំ​មកដល់​សព្វថ្ងៃ​។ ខ្ញុំ​ក៏បាន​ស្តាប់ឮ​រឿងរ៉ាវ​ពី​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ដែល​បង្ហាញ​អំពី​ទឹកចិត្ត​ជ្រះថ្លា​នៃ​អំពើ​មនុស្សធម៌ ដែល​ត្រូវបាន​ធ្វើឡើង​នៅក្នុងពេល​នៃ​ការសម្លាប់​រង្គាល ភាពអត់ឃ្លាន និង​សេចក្តី ស្លាប់​។ ប្រទេស​កម្ពុជា មិន​ត្រឹមតែ​ជា​ប្រទេសជាតិ​មួយ ដែល​ពោរពេញ​ទៅដោយ​អ្នក​រស់​រានមាន ជីវិត​ពីរ​បប​ខ្មែរក្រហម​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រទេស​កម្ពុជា គឺជា​ប្រទេសជាតិ​មួយ​ដែល​ពោរពេញ ទៅដោយ​ភាពមិន​ងាយ​ទ្រុឌទ្រោម​និង​សេចក្តីសង្ឃឹម​។​យើង​ត្រូវ​ប្រើប្រាស់​ភាពមិន​ងាយ​ទ្រុឌទ្រោម និង​សេចក្តីសង្ឃឹម​នេះ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា និង​មិនត្រូវ​ទុក​ឲ្យ​ជំងឺ​រាតត្បាត​នេះ បង្វែរ​យើង​ចេញពី​កាតព្វកិច្ច​សីលធម៌​របស់​យើង​ឡើយ​៕ ដោយៈ​ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​