កាតា​បំបាក់​ជប៉ុន​៣-១​យ៉ាង​ភ្ញាក់ផ្អើល​ដើម្បី​លើក​ពាន Asian Cup ជា​លើកដំបូង​

477
ចែករម្លែក

​កីឡាករ អាល់​ម៉ូ​អេស អា​លី (Almoez Ali) បាន​ស៊ុត​កាប់​ចាន​បើកឆាក​យ៉ាង​អស្ចារ្យ​សម្រាប់​គ្រាប់​បាល់​កំណត់ត្រា​ទី ៩ នៃ​ការប្រកួត Asian Cup ដើម្បី​នាំ​ក្រុម​កាតា​ឆ្ពោះទៅរក​ពានរង្វាន់​ទ្វីបអាស៊ី​ជា​លើកដំបូង​ជាមួយនឹង​ជ័យជម្នះ ៣-១ លើ​ក្រុម​ម្ចាស់​ជើងឯក​បួន​សម័យ​ជប៉ុន​កាល​កាលពី​ថ្ងៃ​សុក្រ​ទី​១​កុម្ភៈ​។​

​គ្រាប់​បាល់​បើកឆាក​របស់​អា​លី​បានធ្វើឱ្យ​រូបគេ​នាំមុខ​ចំនួន​គ្រាប់​បាល់​របស់​កីឡាករ អា​លី ដេ​អ៊ី (Ali Daei) ក្នុង​ឆ្នាំ ១៩៩៦ រួម​ជាមួយនឹង​គ្រាប់​បាល់​របស់​កីឡាករ​អាប់​ឌូ​ឡា​ហ្ស៊ី​ស ហា​ទឹម (Abdulaziz Hatem) និង​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​របស់​អា​ក្រាម អា​ហ្វ៊ី​ហ្វ (Akram Afif) បាន​ជួយ​ឱ្យ​កាតា​បង្ហាញ​សាច់ដុំ​ដ៏​ខ្លាំងក្លា​នៅមុន​ការប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២២ ដែល​កាតា​ធ្វើជា​ម្ចាស់ផ្ទះ​។​

​គ្រាប់​បាល់​បំបែក​ឯតទគ្គ​កម្ម​រប​ស់អា​លី​បាន​កើតឡើង​បន្ទាប់ពី​ការតវ៉ា​មួយ​ដោយ​សមាគម​បាល់ទាត់​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​អំពី​លក្ខណៈសម្បត្តិ​ស្របច្បាប់​របស់គេ​ដើម្បី​តំណាងឱ្យ​ប្រទេស​កាតា​ត្រូវបាន​ច្រានចោល​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី តែ​ប៉ុន្មាន​ម៉ោង​មុន​ការប្រកួត​។​

​ក្រុម​ជប៉ុន​ទីបំផុត​បាន​រក​ឃើញ​វិធី​ទម្លុះ​ខ្សែការពារ​របស់​កាតា ដែល​មិន​របូត​មួយ​គ្រាប់​សោះ​ក្នុងការ​ប្រកួត​មុនៗ​ចំនួន ៦ លើក នៅពេលដែល​កីឡាករ​តា​គូ​មី មីណា​មី​ណូ (Takumi Minamino) រកបាន​គ្រាប់​បាល់​នៅ​នាទី​ទី ៦៩ ប៉ុន្តែ​បាល់​ពិន័យ​១១​ម៉ែត្រ​បានធ្វើឱ្យ​ក្រុម​សា​ម៉ូ​រ៉ៃ​ខៀវ​រង​បរាជ័យ​ជា​លើកដំបូង​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួត Asian Cup ។​

​ជ័យជម្នះ​នេះ​ត្រូវបាន​អបអរសាទរ​ដោយ​អ្នកគាំទ្រ​អូ​ម៉​ង់​រាប់ពាន់នាក់ ដែល​បាន​ចេញមក​គាំទ្រ​កាតា​ក្នុងពេល​អវត្តមាន​ពួក​អ្នកគាំទ្រ​ផ្ទាល់ខ្លួន​របស់​ពួកគេ ដែល​មិនអាច​ធ្វើដំណើរ​មក​បាន ដោយសារតែ​ជម្លោះ​ការទូត​យ៉ាងជ្រៅ​ជាមួយ​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​៕ ដោយ៖ កញ្ញាដាលីស

កាតា​លើក​ពាន Asian Cup ជា​លើកដំបូង​ក្រោយ​បំបាក់​ជប៉ុន ៣-១ កាលពី​ថ្ងៃ​សុក្រ