កាតា​សន្យា​វិនិយោគ ១៥ ពាន់​លាន​ដុល្លារ​ក្នុងប្រទេស​តួ​ក​គី ខណៈ​លោក​អឺ​ដូ​ហ្គែ​ន​បង្កើន​ការ​វាយ​ពន្ធ​ទ្វេដង​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​

590
ចែករម្លែក

​កាតា​បាន​សន្យា​វិនិយោគ​ទឹកប្រាក់ ១៥ ពាន់​លាន​ដុល្លារ​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​និង​ធនាគារ​តួ​ក​គី ចំពេល​មានការ​ដួលរលំ​រូបិយវត្ថុ​របស់​ប្រទេស​នេះ​។​

​ព្រះអង្គម្ចាស់ ថា​មីន ប៊ី​ន ហា​ម៉ាត់ អាល់ ថា​នី របស់​កាតា​បានប្រកាស​កញ្ចប់​វិនិយោគ​នេះ ខណៈពេល​ជួប​ជាមួយ​ប្រធានាធិបតី​តួ​ក​គី លោក ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន នៅក្នុង​ទីក្រុង​អង់កា​រ៉ា​កាលពី​ថ្ងៃ​ពុធ ទី​១៥ សីហា​។​

​រដ្ឋ​ឈូង​សមុទ្រ​ពែ​ក្ស​មួយ​នេះ​បានធ្វើការ​វិនិយោគទុន​ច្រើន​បែបនេះ ខណៈដែល​តួ​ក​គី​កំពុង​ជួបប្រទះ​នឹង​ការដួលរលំ​ប្រាក់​លី​រ៉ា និង​ភាព​តានតឹង​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ណា​តូ គឺ​សហរដ្ឋអាមេរិក​។​

​រូបិយវត្ថុ លី​រ៉ា បាន​ធ្លាក់​ថ្លៃ​ជិត ៤០ ភាគរយ​ធៀប​នឹង​ប្រាក់​ដុល្លារ​នៅ​ឆ្នាំនេះ ដោយសារតែ​ការព្រួយបារម្ភ​អំពី​ឥទ្ធិពល​ខ្លាំង​ឡើង​របស់លោក​ប្រធានាធិបតី​អឺ​ដូ​ហ្គែ​ន​មកលើ​សេដ្ឋកិច្ច​និង​ការអំពាវនាវ​ម្តង​ហើយ​ម្តងទៀត​របស់លោក​ឱ្យមាន​អត្រា​ការប្រាក់​ទាប ត្បិត​កំពុងមាន​អតិផរណា​ខ្ពស់​ក្តី​។​

​បន្ទាប់ពី​ការប្រកាស​នេះ លុយ​លី​រ៉ា​បាន​ធ្លាក់​ពី ៦,០៤ លី​រ៉ា​មក​នៅត្រឹម ៥,៨៦៩៩ លី​រ៉ា​ក្នុង​មួយ​ដុល្លារ ប៉ុន្តែ​ក្រោយមក​បាន​ឡើងទៅ ៦,០២ លី​រ៉ា​វិញ​នៅ​ម៉ោង ១៥:៣៨ នាទី (​ម៉ោង​សកល​)​។​

​លុយ​លី​រ៉ា​របស់​តួ​ក​គី​បាន​ស្ទុះ​ងើប​ឡើងវិញ​ប្រហែល ៦ ភាគរយ​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ធនាគារកណ្តាល​បាន​រឹតបន្តឹង​សាច់ប្រាក់​ងាយស្រួល​នៅក្នុង​ទីផ្សារ ដោយ​ជំរុញ​ឱ្យ​អត្រា​ការប្រាក់​កើនឡើង និង​គាំទ្រ​ដល់​លុយ​លី​រ៉ា​។​

​ប្រទេស​តួ​ក​គី​និង​កាតា​បាន​រក្សា​ចំណងទាក់ទង​ល្អ​នឹង​គ្នា ហើយ​ទីក្រុង​អង់កា​រ៉ា​បាន​ឈរ​នៅ​ជាមួយ​ទីក្រុង​ដូ​ហា​បន្ទាប់ពី​អា​រ៉ា​ប៊ី​សា​អូឌីត​និង​បណ្ដា​ប្រទេស​អារ៉ាប់​ផ្សេងទៀត​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​និង​ពាណិជ្ជកម្ម​ជាមួយ​កាតា​កាលពី​ឆ្នាំមុន ដោយ​ចោទប្រកាន់ថា កាតា​បានផ្តល់​ហិរញ្ញប្បទាន​ដល់​ក្រុម​ភេរវកម្ម តែ​កាតា​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​

​រដ្ឋាភិបាល​តួ​ក​គី​ក៏បាន​ប្រកាស​វាយ​ពន្ធ​ទ្វេដង​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​ផងដែរ​ដើម្បី​សងសឹក​ចំពោះ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​។ តួ​ក​គី​នឹង​វាយ​ពន្ធ ១២០ ភាគរយ​លើ​រថយន្ត ១៤០​ភាគរយ​លើ​គ្រឿង​ស្រវឹង និង ៦០​ភាគរយ​លើ​ថ្នាំជក់​៕ ដោយ៖ កញ្ញាដាលីស

ព្រះអង្គម្ចាស់ ថា​មីន ប៊ី​ន ហា​ម៉ាត់ អាល់ ថា​នី របស់​កាតា (​ឆ្វេង​) ជួប​ជាមួយ​ប្រធានាធិបតី​តួ​ក​គី លោក ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន នៅក្នុង​ទីក្រុង​អង់កា​រ៉ា​កាលពី​ថ្ងៃ​ពុធ ទី​១៥ សីហា
#