កាតា(CATA)ធ្លាក់ចូលទៅក្នុងវិបត្តិក្ស័យធន

108
ចែករម្លែក

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាមកដល់ពេលនេះបាននឹងកំពុងធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងររៀបនឹងក្ស័យធនហើយ នៅពេលដែលជម្ងឺកូរ៉ូណាបានវាយលុកពេញពិភពលោក សម្លាប់មនុស្សយ៉ាងព្រៃផ្សៃ និងបំផ្លាញរចនាសម្ព័ន្ធសេដ្ឋកិច្ចស្ទើរគ្រប់ប្រទេសយ៉ាងឃោឃៅ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ហៅកាត់ថាកាតាបានអោយដឹងនៅថ្ងៃនេះថាមុខរបរក្នុងវិស័យទេសចរណ៍ទាំងអស់ រាប់ទាំងក្រុមហ៊ុនដឹកជញ្ជូនទេសរចណ៍ផងកំពុងមានបញ្ហាធ្ងន់ធ្ងរណាស់។គឺអស់ភ្ញៀវនៅក្នុងដៃរបស់យើងហើយ។សូម្បីតែភ្ញៀវដែលប៊ុកពីឆ្នាំទៅមិញថាមកកម្ពុជា ឥឡូវគេរំសាយចោល លែងមកវិញហើយ។ឥឡូវនេះគ្រប់សមាជិកសមាគមទាំងអស់នាំគ្នាអង្គុយតាមមើលស្ថានការណ៍និងគិតរកវិធីថ្មីៗថាតើគួរប្តូរមុខរបរបែបណាទៅវិញ បើជម្ងឺនេះនៅតែអូសបន្លាយវែងតទៅទៀតឫមួយក៏វាឆាប់រលត់ទៅវិញ។

លោកស្រីត្អូញប្រាប់ថា សមាគមយើងមានជាង300ក្រុមហ៊ុន។យើងសំរេចចិត្តរំសាយបុគ្គលិកអ្នកធ្វើការពី៣០ទៅ៥០%ហើយ។ យើងទុកតែបុគ្គលិកជំនាញសំខាន់ៗនៅជួយការងារ។តែយើងនៅតែទប់មិនជាប់ទៅនិងចំណូលដែលបាន។ហើយយើងចង់រក្សាអ្នកមានជំនាញ បច្ចេកទេសល្អៗកំអោយគេចេញពីយើង ពីព្រោះពិបាករកណាស់លើធនធានមនុស្សនេះ។

លោកស្រីបានលើកពីការប្រឈមមុខមួយទៀតគឺបញ្ហាថ្លៃជួលផ្ទះឫអាគារធ្វើការសព្វថ្ងៃ ម្ចាស់គេនៅតែយកថ្លៃរឹងដដែល ដោយមិនព្រមបញ្ចុះតម្លៃ តាមសភាពជាក់ស្តែង។លោកស្រីស្នើរសុំទៅរាជរដ្ឋាភិបាលធ្វើយ៉ាងណាជួយដល់ប្រតិបត្តិករទេសចរណ៍ដឹកជញ្ជូនខ្លះផង។ថ្វីត្បឹតតែកន្លងមក រដ្ឋបានជួយដល់ផ្នែកសណ្ឋាគារផ្ទះសំណាក់ហើយក៏ដោយចុះ។បើមិនជួយយើងនឹងគ្មានឱកាសរកស៊ីរបរនេះតទៅទៀតបាននោះទេ។បច្ចុប្បន្នយើងនៅតែចិញ្ចឹមបុគ្គលិកទេសចរប្រមាណ50%ទៀតនៅឡើយ។នេះគឺជាការដែលយើងជួយគ្នាទៅវិញទៅមក។

លោកគង់ សុភារក្សមន្ត្រីស្ថិតិ ផែនការប្រចាំក្រសួងទេសចរណ៍បានអោយដឹងថា ២ខែដើមឆ្នាំ២០២០នេះ យើងទទួលភ្ញៀវទេសចរអន្តរជាតិបាន93ម៉ឺននាក់។ធ្លាក់ចុះ២៥% បើធៀបទៅនឹង២ខែឆ្នាំ២០១៩ រយៈពេលដូចគ្នា។ទេសរចរចិនមកច្រើនជាងគេមែន តែធ្លាក់ចុះ៥៤%។ ភ្ញៀវអឺរ៉ុបធ្លាក់ចុះ៨%។ ភ្ញៀវអាស៊ីធ្លាក់ចុះ៣០%៕/B