កាត់ទោស​បុរស​អង់គ្លេស​ម្នាក់​រឿង​លួច​ចូលមក​ស្នាក់នៅ​កម្ពុជា​ដោយ​ខុសច្បាប់​

908
ចែករម្លែក

​ភ្នំពេញ ៖ បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ជាប់ចោទ​ពីបទ លួច​ចូលមក​ស្នាក់នៅ​ប្រទេស​កម្ពុជា ធ្វើការ​ងារ​ដោយ​ខុសច្បាប់​ដោយ​គ្មាន​សៀវភៅ​ការងារ ប្រើប្រាស់​ឯកសារ​ដែលមាន​ឈ្មោះ​ផ្សេង​ពី​ឈ្មោះ​របស់ខ្លួន និង ឆបោក បាន​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​សំណុំ​រឿងនេះ​មក​បើកសវនាការ​ជំនុំជម្រះ កាលពី​ថ្ងៃទី​២៩ ខែសីហា រួច​លើក​ពេល​ប្រកាស សាលក្រម​ទៅ​ថ្ងៃទី​២៨ ខែកញ្ញា វិញ​។​

​ជនជាប់ចោទ​ឈ្មោះ TOBY JAMIE NELHAMS អាយុ​៤៤​ឆ្នាំ ជនជាតិ​អង់គ្លេស មុខរបរ ជា​ប្រធាន​ក្រុមហ៊ុន Springtide International Co. មាន​អាស័យដ្ឋាន​នៅ​ក្រុងព្រះសីហនុ រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ។​

​សវនាការ​នោះ​ដឹកនាំ​ដោយ​លោក​ស្វាយ តុញ ជា​ប្រធាន​ក្រុមប្រឹក្សា និង លោក​ខៀវ ផល្លា ជា​តំណាង​អយ្យការ​។​

​ក្នុង​សវនាការ ជនជាប់ចោទ​បាន​សារភាពថា ខ្លួន​បាន​ចូលមក​ប្រទេស​កម្ពុជា​ក្នុងអំឡុង​ឆ្នាំ​២០១៥ ហើយ​បាន​ទិញ​ផលិតផល​ពី​ក្រុមហ៊ុន​ស្ព៊ី​ង​ថា​យ​យកទៅលក់​នៅ​បរទេស ។ ចំពោះ​លិខិតឆ្លងដែន​គឺ​បាន​បាត់​ក្នុងពេល​ធ្វើដំណើរ​ពី​ព្រលានយន្តហោះ​មក​លំនៅស្ថាន​វិញ ។

ជនជាប់ចោទ​បាន​បដិសេធ​ថា ខ្លួន​មិនមែនជា​អ្នកទទួលខុសត្រូវ​លើ​ក្រុមហ៊ុន springtide​នោះទេ ហើយ​មូលហេតុ​ចម្បង​ដែល​ខ្លួនគេ​ចូលមក​ប្រទេស​កម្ពុជា​គឺ​ដើម្បី​មកលេង​ក្រុមគ្រួសារ​តែប៉ុណ្ណោះ ។​
​គួររំលឹកថា សមត្ថកិច្ច​នាយកដ្ឋាន​គរ​បាល​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ បានទទួល​ដីកា​ឲ្យ​ចាប់ខ្លួន​បុរស​ជនជាតិ​អង់គ្លេស​របស់​តុលាការ​ប្រទេស​ថៃ ពាក់​ពន្ធ​ករណី​ឃាតកម្ម​ទៅលើ​ជនជាតិ​អៀក​ឡង់​ម្នាក់​ឈ្មោះ TONY KENWAY ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៧ នៅ​ទីក្រុង​ផា​តា​យ៉ា ប្រទេស​ថៃ ទើប​ខាង​សមត្ថកិច្ច​សុំ​គោលការណ៍​ពី​លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​បណ្តោះអាសន្ន ដើម្បី​បើក​ការអង្កេត​បឋម​។​

​ជនជាតិ​អង់គ្លេស​រូបនេះ បាន​ជាប់​សង្ស័យ​ជា​មេគំនិត សម្លាប់​ជនជាតិ​អៀក​ឡង់ ដោយសារ​ខឹង​ជនជាតិ​អៀក​ឡង់​ជំពាក់​ប្រាក់​ចំនួន​៨​លាន​៥​សែន​បាត ក្នុង​មុខ​ជំនួញ​រកស៊ី​ចូល​ហ៊ុន​ជាមួយគ្នា​នៅ​ប្រទេស​ថៃ​។ ក្រោយពេល​សម្លាប់​ជនជាតិ​អៀក​ឡង់​រួចហើយ ជនជាតិ​អង់គ្លេស​រូបនេះ​បាន​រត់គេចខ្លួន​ចូលមក​ស្នាក់នៅ​ប្រទេស​កម្ពុជា និង បាន​ប្រកបមុខរបរ​រកស៊ី​បើក​ធ្វើ​ក្រុមហ៊ុន ដោយបាន​ពឹងពាក់​មន្ត្រី​យោធា​ម្នា​ក់នៅ​ក្រុងព្រះសីហនុ ឲ្យ​ជួយ​រត់ការ​រួមទាំង​អាជ្ញាប័ណ្ណ​បើក​ក្រុមហ៊ុន ។

​រហូតមកដល់​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៧ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​អង់គ្លេស​នៅមុខ​ហាង​កាហ្វេ​មួយ​ក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​យកមក​សាកសួរ​ករណី​ឃាតកម្ម​។ ប៉ុន្តែ​បែរជា​លេចចេញ​នូវ​ករណី​ថ្មី​មួយទៀត គឺ​ការ​លួច​ចូលមក​ស្នាក់នៅ​កម្ពុជា​ដោយ​ខុសច្បាប់​។ ដូច្នេះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​និង​បញ្ជូន​ជនសង្ស័យ​មក​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​៕L ដោយៈ ស្រី​លក្ខណ៍​