កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​នៅ​ឆ្នាំក្រោយ គឺ​ចំណេញ​ទាំងអស់គ្នា​

627
ចែករម្លែក

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានចេញ​អនុក្រឹត្យ​ស្ដីពី​ប្រតិទិន ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២០ ដោយបាន កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ជា​សាធារណៈ ប្រចាំឆ្នាំ​២០២០ មក​នៅត្រឹម ២២​ថ្ងៃ​។ ពោលគឺ​កាត់បន្ថយ​អស់​ចំនួន​ប្រាំ​មួយថ្ងៃ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​។​

តាម​អនុក្រឹត្យ​នេះ​បានសម្រេច​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ក្នុង​ព្រះ​រាជពិធី​បុណ្យ ចម្រើនព្រះជន្ម​ព្រះមហាក្សត្រ ពី បី ថ្ងៃ មក​នៅត្រឹម​ចំនួន មួយថ្ងៃ និង​បានប្រកាស​លែងឱ្យឈប់សម្រាក ក្នុង​ពិធីបុណ្យ និង​ទិវា​ចំនួន ប្រាំ រួមមាន ១. ពិធីបុណ្យ​មាឃបូជា ថ្ងៃ​១៥ កើត ខែមាឃ​, ២. ទិវា​ជាតិ​នៃ​ការចងចាំ ថ្ងៃទី​២០ ខែឧសភា, ៣. ទិវា​កុមារ​អន្តរជាតិ ថ្ងៃទី​១ ខែមិថុនា​, ៤. ទិវា​រំឭក​ខួប នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា និង​៥. ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃ​១០​ធ្នូ​។​

​ក៏ប៉ុន្តែ​ថ្ងៃ​ឈប់សម្រាក សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នៅ​ឆ្នាំ​២០២០ ខាងមុខ​រាជរដ្ឋាភិបាល អនុញ្ញាតឱ្យ​ឈប់សម្រាក ដល់​ទៅ​បួន ថ្ងៃ គឺ​នៅ​ថ្ងៃទី​១៣-១៦ ខែមេសា ឆ្នាំ​២០២០​។​

​កម្ពុជា​ជា​ប្រទេស មាន​ថ្ងៃ​ឈប់សម្រាក​ច្រើនជាងគេ រហូតដល់ ២៨​ថ្ងៃ នៅ​ឆ្នាំ​២០១៩ នេះ ខណៈ​ប្រទេស​ស្រីលង្កា ឈប់សម្រាក ២៥​ថ្ងៃ ឥណ្ឌា និង​កា​ហ្សា​ក់​ស្ថាន មាន​ចំនួន ២១​ថ្ងៃ​។

​ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​កំណត់​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​២០២០ ដោយ​កាត់ បន្ថយ​ថ្ងៃ​ឈប់សម្រាក មក​ត្រឹមតែ ២២​ថ្ងៃនេះ ត្រូវបាន​ធ្វើឡើង តាម​ការស្នើសុំ​របស់ វិស័យ​ឯកជន តាមរយៈ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) ក្នុង​វេទិកា រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន កាលពី​ខែមីនា ឆ្នាំ​២០១៩​។ ពោលគឺ​ការកាត់បន្ថយ ថ្ងៃ​ឈប់សម្រាក​នេះ ដើម្បី​ជំរុញ​នូវ​កំណើន​នៃ​ការវិនិយោគ និង​ធានា​ឱ្យបាន​នូវ លទ្ធភាព​ប្រកួតប្រជែង​របស់​កម្ពុជា នៅក្នុង​ទីផ្សារ​អន្តរជាតិ​។

​យ៉ាងណាក៏ដោយ មជ្ឈដ្ឋាន​ខ្លះ អង្គការ​សមាគម និង​សហជីព​កម្មករ​មួយចំនួន​បាន​កត់ សម្គាល់ថា ការសម្រេច​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ប្រចាំឆ្នាំ​២០២២​បានធ្វើ ឲ្យ​បុគ្គលិក​យោ​ជិត ពិសេស​កម្មករ​កាត់ដេ​រ​បាត់បង់​ផលប្រយោជន៍​។ ពោលគឺ​ប្រាំមួយ ថ្ងៃ ដែល​រាជរដ្ឋាភិបាល កាត់បន្ថយ​នោះ បើ​នៅ​ឆ្នាំ​២០១៩​នេះ គឺ​បុគ្គលិក​យោ​ជិត កម្មករ​កាត់ដេរ មិន​ធ្វើការ ក៏មាន​ប្រាក់​ឈ្នួល​ដែរ តែ​សម្រាប់ ឆ្នាំ​២០២០ គឺ​លែង​ទទួល បាន​ហើយ​។​
​ ​
​ម្យ៉ាងទៀត មជ្ឈដ្ឋាន​មួយចំនួន ក៏​លើកឡើងថា ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​ដែល បានសម្រេច​លុបចោល ថ្ងៃ​២៣​តុលា ជា​ខួប​ថ្ងៃ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស ព្រមទាំង​ថ្ងៃទី​១០​ធ្នូ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ចេញពី​ថ្ងៃ​ឈប់ សម្រាក​បុណ្យជាតិ ប្រចាំឆ្នាំ​២០២០ គឺជា​ការផ្តល់​តម្លៃ​ដល់​ការប្រឹងប្រែង​ក្នុងការ​ស្វែង រក​សន្តិភាព សម្រាប់​ប្រទេស​កម្ពុជា និង​ជាការ​មិន​ឲ្យ​តម្លៃ​ដល់​សិទ្ធិមនុស្ស ជាដើម​។​ល​។​
​ ​
​ក៏ប៉ុន្តែ​សម្រាប់​រាជរដ្ឋាភិបាល ការបញ្ចប់​សង្គ្រាមស៊ីវិល​ទាំងស្រុង​រវាង​ខ្មែរ និង​ខ្មែរ ពោលគឺ​ការរំលាយ​អង្គការ​ចាត់តាំង​ខ្មែរក្រហម​ទាំងស្រុង​តាម​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​ធ្វើឡើង នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ពោលគឺ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ មិនបាន​បញ្ចប់សង្គ្រាម ទាំងស្រុង នៅ​កម្ពុជា​ឡើយ​។ ក្រោយ​កិច្ចព្រមព្រៀង ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ អ៊ុនតាក់ បាន​ចូលមក​កម្ពុជា រៀបចំ​ការបោះឆ្នោត នៅ​ឆ្នាំ​១៩៩៣ តែ​ភាគី​ខ្មែរក្រហម​ដែលជា ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មិនបាន​ចូលរួម​ការបោះឆ្នោត និង​បន្តធ្វើ អប្បគមន៍ រក្សា​កម្លាំង​តស៊ូ​នៅ​តំបន់​ជាយដែន​ខ្មែរ​-​ថៃ នៅ​បាត់ដំបង ប៉ៃលិន បន្ទាយ មានជ័យ និង​ឧ​ត្ត​រ​មានជ័យ ជាដើម​។

​រហូតដល់​សម្តេច​តេ​ជោ ហ៊ុន សែន ដាក់ចេញ​នូវ​គោលនយោបាយ​ឈ្នះ​ឈ្នះ​ទើប អង្គការ​ចាត់តាំង​ខ្មែរក្រហម ត្រូវបាន​រំលាយ​ទាំងស្រុង តាមរយៈ​សមាហរណកម្ម​ជា បន្តបន្ទាប់ ពោលគឺ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ មេដឹកនាំ​កំពូល​ខ្មែរក្រហម លោក នួន​ជា លោក​ខៀវ​សំផន និង​លោក​អៀង​សារី ជាដើម បានមក​ចុះចូល​ដល់ផ្ទះ​សម្តេច តេ​ជោ ហ៊ុន សែន នៅ​តាខ្មៅ ខេត្តកណ្តាល​។​

​រីឯ​បញ្ហា​សិទ្ធិមនុស្ស​វិញ គឺ​រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​សិទ្ធិសេរីភាព​ដល់​ប្រជា ពលរដ្ឋ រាប់​ចាប់តាំងពី​សិទ្ធិ​រស់រានមានជីវិត ក្រោយពេល​ផ្តួលរំលំ​របប​ខ្មែរក្រហម នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩​។ មិនមែន​តែ​នៅ​ថ្ងៃទី​១០​ធ្នូ​មួយ​ទេ​ពោលគឺ​រាជរដ្ឋាភិបាល កម្ពុជា​បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​តាម​រដ្ឋធម្មនុញ្ញ​និង​សន្ធិសញ្ញា​នានា​ពាក់ព័ន្ធ​សិទ្ធិ មនុស្ស​។ ពោលគឺ​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ មាន​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង​លើកលែងតែ​ការ ប្រើ​សិទ្ធិសេរីភាព​នោះ ប៉ះពាល់​ដល់​អ្នកដទៃ​។​

​និយាយ​ពី​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​២០២០​វិញ​មក គឺ​ពី ២៨ ថ្ងៃ នៅ​ឆ្នាំ ២០១៩ មក​ត្រឹម ២២​ថ្ងៃ អ្នក​ចំណេញ​មុនគេ គឺ​ក្រុមហ៊ុន និយោជក ថៅកែ​រោងចក្រ​។ ពោលគឺ​ក្រុមហ៊ុន រោងចក្រ អាច​ជំរុញ​ផលិតកម្ម​បាន​ច្រើនជាង​មុន​និង​កាត់បន្ថយ ការចំណាយ​លើ​ការងារ​ថែម​ម៉ោង​នៅ​ថ្ងៃ​ឈប់សម្រាក​។​ក្រៅពីនោះ រាជរដ្ឋាភិបាល ក៏បាន​ចំណេញ​ដូចគ្នា​។ ពោលគឺ​មន្ត្រីរាជការ មាន​ពេលវេលា​ធ្វើការ​បាន​ច្រើនជាង​មុន​។​

​ក្រៅពី​វិស័យ​ឯកជន និង​ស្ថាប័ន​រាជការ បុគ្គលិក​និយោជិត ព្រមទាំង​មន្ត្រីរាជការ​ក៏​មិន ខាត​អ្វី​ដែរ​។ ថ្ងៃ​ឈប់សម្រាក ក៏​មិន​បាត់បង់ ហើយ​ប្រាក់ខែ ក៏​មិនមាន​កាត់បន្ថយ ឡើយ​។ ពោលគឺ​ក្រៅពី​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ប្រចាំឆ្នាំ ជា​ផ្លូវការ ២២​ថ្ងៃនេះ នៅ​ប្រទេស​កម្ពុជា​យើង ក៏​នៅមាន​ថ្ងៃ​ឈប់សម្រាក​ក្រៅផ្លូវការ ដូចជា ថ្ងៃបុណ្យ​ចូល ឆ្នាំ​ចិន ឬក៏​ថ្ងៃបុណ្យ​ណូអែល ជាដើម​។ បុគ្គលិក​និយោជិត មន្ត្រីរាជការ ក៏​នៅមាន​ថ្ងៃ ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល ឬ​ប្រាក់ខែ ម្នាក់ៗ រយៈពេល ១៨​ថ្ងៃ ក្នុង​មួយឆ្នាំ ព្រមទាំង​អាច​សុំច្បាប់​ឈប់សម្រាក ដោយ​គ្មាន​កំណត់​ថ្ងៃ​ថែម​ទៀតផង​។ រីឯ​ប្រាក់ខែ ក៏​ចេះតែ​ឡើងជា​លំដាប់​ពពី​មួយឆ្នាំ ទៅមួយ​ឆ្នាំ​។​

​ដោយឡែក បើសិនជា​ថ្ងៃបុណ្យ​ធំៗ ដូចជា ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី ជាតិ ជាដើម គឺ​ចង់​ក្លាយជា​ទម្លាប់​ទៅហើយ​នៅ​ប្រទេស​កម្ពុជា​យើង​មិន​ថា វិស័យ ឯកជន ឬក៏​ក្នុង​ការងាររាជការ​ទេ ឲ្យ​តែ​ពិធីបុណ្យ​ធំៗ ដែលមាន​ការឈប់​សម្រាក​បី​ថ្ងៃ ចំ​ថ្ងៃ​ចន្ទ អង្គារ ពុធ ឬក៏​ថ្ងៃ​ពុធ ព្រ​ហ​ស្ប​ត៍ សុក្រ គឺ​គេ​តែងតែ​ឈប់​ផ្តាច់​មួយអាទិត្យ ដោយ​រាប់បញ្ចូល​ទាំង​ថ្ងៃ​ឈប់សម្រាក​ប្រចាំ​សប្តាហ៍ ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ តែម្តង​។ ឬក៏​អ្នកខ្លះ ដាក់​ច្បាប់ ឬក៏​យក​ថ្ងៃ​ឈប់​ប្រចាំឆ្នាំ ភ្ជាប់​នឹង​ថ្ងៃបុណ្យ​នេះ​។ ដូច្នេះ បុគ្គលិក និយោជិត មន្ត្រីរាជការ ពិសេស​កម្មករ​រោងចក្រ​កាត់ដេរ​ក៏​នៅតែមាន​ឱកាស​ឈប់ សម្រាក​យូរថ្ងៃ​ដដែល​។​

​សរុបសេចក្តី​មក ទោះបីជា​រាជរដ្ឋាភិបាល សម្រេច​កាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ នៅ​ឆ្នាំ​២០២០ ត្រឹមតែ ២២​ថ្ងៃ តែ​បុគ្គលិក កម្មករនិយោជិត មន្ត្រីរាជការ​ក៏​នៅតែមាន ឱកាស​ឈប់សម្រាក​បាន​ច្រើន​ថ្ងៃ ដោយមាន​ប្រាក់​ឈ្នួល ឬ​ប្រាក់ខែ​ដដែល​។ មួយ វិញទៀត ប្រទេស​កម្ពុជា​យើង ក៏​នៅតែ​ជា​ប្រទេស មាន​ថ្ងៃ​ឈប់សម្រាក​ច្រើន​បើ​ប្រៀប ប​ធៀប​នឹង​ប្រទេស​មួយចំនួន​ក្នុង​តំបន់​៕ ដោយៈ​ម៉េង​ឆៃ​