កាត់បន្ថយ​បន្លា ពី​ក្នុង​ដើមទ្រូង​

164
ចែករម្លែក

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩ បានចេញ​អនុក្រឹត្យ ស្ដីពី ការរំសាយ​សហគ្រាស​សាធារណៈ ភ្នាក់ងារ​កម្ពុជា​នាវាច​រ ហៅថា «​កាំសាប​» ដែល​ចាប់​អនុវត្ត​ពី​ម៉ោង​សូន្យ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ តទៅ​។ និយោជក និង​និយោជិត​របស់​កាំសាប​ត្រូវ​ផ្ទេរ​ចូលទៅក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​របស់​ក្រសួង សាធារណការ និង​ដឹកជញ្ជូន ឬ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ឬ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

អង្គភាព កាំសាប​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​១៩៩៩ ។​ការរំសាយ​ចោល​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​កាលពី​ថ្ងៃទី​២៥ ខែមករា​កន្លងទៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ កម្មករនិយោជិត នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ថា ការលុបចោល​កាំសាប​នឹង​បាត់បង់​ចំណូល ក្នុង​មួយឆ្នាំ​ប្រមាណ​ពីរលាន​ដុល្លារ ហើយ​បង់​ចូល​ថវិកាជាតិ​ប្រហែល ៥០ ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា ការរំសាយ​អង្គភាព​កាំសាប ដែលជា​ក្រុមហ៊ុន​របស់​រដ្ឋ​នេះ មិនមែន​មកពី​កំហុស​ទេ ក៏ប៉ុន្តែ​ដើម្បី​ការរស់រាន​នៃ​សេដ្ឋកិច្ចជាតិ និង​ភាព​ប្រកួតប្រជែង នៃ​សេដ្ឋកិច្ចជាតិ សម្រួល​ពាណិជ្ជកម្ម​នៅក្នុង​ក្របខណ្ឌ​នៃ​ការសម្រួល​ពាណិជ្ជកម្ម ដែល​នៅ​គ្រប់ វេទិកា​នៃ​ការសន្ទនា​ទាំង​អាស៊ាន ទាំង​ក្របខណ្ឌ​ពិភពលោក​…​។ ដូច្នេះ​ការលុបចោល​នូវ​អង្គភាព កាំសាប ក៏មាន​ចំណែក​ឆ្លើយតប​ទៅនឹង​ការសម្រួល​ពាណិជ្ជកម្ម សម្រាប់​អ្នកវិនិយោគ ដែល​មករក​ស៊ី​នៅ​កម្ពុជា​។

​នៅក្នុង​ប្រទេស​អាស៊ាន សព្វថ្ងៃ នៅសល់តែ​កម្ពុជា និង​មី​យ៉ាន់​ម៉ា​ទេ ដែល​នៅមាន​អង្គភាព កាំសាប​។ ក្រៅពី​នោះគេ​លុបចោល​អស់ហើយ​។

​ក្រៅពី​លុបចោល​អង្គភាព​កាំសាប រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ក្របខណ្ឌ​សម្រួល​ពាណិជ្ជកម្ម នាពេលនេះ ក៏បាន​សម្រេច​ទម្លាក់​ត​ម្លៃ​ស្កេ​ន​កុងតឺន័រ នៅតាម​កំពង់ផែ ដើម្បី​ផលចំណេញ​នៃ បណ្តា​រោងចក្រ សហគ្រាស ដែល​រកស៊ី​នាំចេញ​នាំចូល​នៅ​កម្ពុជា​។ ផលចំណេញ​នោះ​ហើយ ជាការ​ប្រកួតប្រជែង សម្រាប់​ទាក់ទាញ​វិនិយោគ​មកកាន់​ប្រទេស​យើង​។ ដោយ​ការផលិត​នៅ ក្នុងប្រទេស​យើង​តម្លៃថោក ការដឹកជញ្ជូន​នាំចេញ​ក៏​តម្លៃថោក​…​។ ជាមួយគ្នា​នោះ រាជរដ្ឋាភិបាល ក៏បាន​សម្រេច​ទម្លាក់ចោល​នូវ​តម្លៃ​សេវា​ផ្នែក​កាំកុងត្រូល​ផងដែរ​។ នាវា​ដឹកទំនិញ​គេ​ធ្វើ​ផ្ទាល់ ជាមួយ​កំពង់ផែ​តែម្តង​។

​កាលពី​ចុងខែ​មករា ឆ្នាំ​២០១៩ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បានចេញ​អនុក្រឹត្យ​សម្រេច​ដក អង្គភាព​កាំកុងត្រូល ចេញពី​មាត់ច្រក​ព្រំដែន​អន្តរជាតិ​ទាំងអស់ ដើម្បី​កាត់បន្ថយ​ការចំណាយ​របស់ អ្នកវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​សម្រួល​ពាណិជ្ជកម្ម និង​ទាក់ទាញ​ការ វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ជាការ​ពិត​! ពេលខ្លះ អង្គភាព​ជំនាញ​ច្រើនពេក​នៅ​ច្រកព្រំដែន​បាន​បង្ក​ការកកស្ទះ​ដល់​ការ នាំចេញ​នាំចូល​ទំនិញ​ហើយក៏​កើតមាន​បញ្ហា​មិន​តម្លាភាព​នោះ​គឺ​លុយ​ក្រោម​តុ​ច្រើនជាង​លើ​តុ​។ គឺ​អ្នករកស៊ី​ត្រូវ​ស៊កសៀត​ច្រើន​ផ្នែក​ជា​ហេតុដែល​អ្នករកស៊ី​ត្រូវ​បង់ថ្លៃ​ចំណាយ​ច្រើន និង​ខាត​ពេល វេលា​ថែម​ទៀតផង​។ ដូច្នេះហើយ បានជា​ប្រមុខ​រាជរដ្ឋាភិបាល សម្រេច​ទុក​តែ​អន្តោប្រវេសន៍ និង​ផ្នែក​គយ​ប៉ុណ្ណោះ នៅតាម​ច្រកព្រំដែន​។

​ដោយឡែក អង្គភាព​កាំសាប ក៏​អាច​នឹង​ពេលខ្លះ ធ្វើ​ការងារ​ជាន់គ្នា​នឹង​គយ​ពន្ធដារ ហើយ​កាំសាប ក៏​អាច​នឹងត្រូវ​ចំណាយ​ថវិការដ្ឋ​ច្រើន​ថែម​ទៀតផង ក្នុង​ការងារ​ប្រតិបត្តិការ​របស់ខ្លួន ទៅលើ បុគ្គលិក ក៏ដូចជា​សម្ភារៈ និង​ទ្រព្យសម្បត្តិ ជាដើម នៅ​បួន​ទីតាំង គឺ​ទីស្នាក់ការ​កណ្តាល នៅ​រាជធានី​ភ្នំពេញ សាខា​នៅ​ខេត្ត​ព្រះសីហនុ សាខា​នៅ​ស្រែអំបិល និង​មួយ​សាខា​ទៀត នៅ​កំពង់ផែ​ឧកញ៉ា ម៉ុង ឫទ្ធី កែវផុស ក្នុង​ខេត្តកោះកុង​។​

​សរុបមក នៅពេលដែល​រាជរដ្ឋាភិបាល សម្រេច​រំសាយ​ចោល​អង្គភាព​កាំសាប ចាប់ពី​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩ តទៅ គឺ​មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​ពាណិជ្ជកម្ម​នៃ​ការនាំចេញ​នាំចូល តាម​នាវា​ប៉ុណ្ណោះ​ទេ តែ​ក៏​អាចធ្វើ​ឲ្យ​រាជរដ្ឋាភិបាល កាត់បន្ថយ​នូវ​ការិយាធិបតេយ្យ​នៅ​ច្រក​នាំ ចេញ​នាំចូល​តាមផ្លូវ​ទឹក និង​ក៏​អាចជួយ​ដល់​ការចំណាយ​មួយកម្រិត​ផងដែរ​។ រីឯ​អ្នកវិនិយោគ បាន​ស្វាគមន៍​នូវ​ការសម្រេច​ថ្មី​របស់​រាជរដ្ឋាភិបាល និង​កាន់​តែមាន​ទំនុកចិត្ត​លើ​ការ​ចូលមក បណ្តាក់ទុន​នៅ​កម្ពុជា​។​នេះ​មិន​ខុសពី​កាត់បន្ថយ​បន្លា​នៅក្នុង​ដើមទ្រូង​ឡើយ​៕ ដោយ​: ម៉េង​ឆៃ​