កាន់តែ​ធ្ងន់ធ្ងរ ប្រជាជន​ក្រុង​បាងកក​ខ្លះ​ក្អក​និង​ញើសសំបោរ​ចេញឈាម ខណៈ​ទីក្រុង​គ្រប​ដោយ​ផ្សែង​អ័ព្ទ​

2307
ចែករម្លែក
  • 16.3K
    Shares

​បញ្ហា​បំពុល​អាកាសធាតុ​ក្នុង​ទីក្រុង​បាងកក​បាន​ឈានដល់​គ្រោះថ្នាក់​សូម្បីតែ​សត្វ​ចិញ្ចឹម ដែល​រង​ជម្ងឺ​ដោយសារតែ​ផ្សែង​អ័ព្ទ​។​ពពក​ផ្សែង​ដ៏​ខាប់​ផ្សំ​ឡើង​ដោយ​ធូលី​តូច​​ល្អិត​ដ៏​គ្រោះថ្នាក់​ដល់​សុខភាព​ដែល​គេ​ហៅថា PM2.5​បានក្លាយ​ជាការ​គំរាម​ដល់​សួត​របស់​ប្រជាជន​ក្នុង​ក្រុង ជាហេតុ​នាំអោយ​អ្នកជំនាញ​ព្រមាន​អំពី​ការចំណាយ​ដ៏​​ខ្ពស់​រយៈពេល​វែង​ដោយសារតែ​ការបំពុល​ខ្យល់អាកាស​បង្កឡើង​ដោយ​ផ្សែង​យានយន្ត គំរោង​សំណង់ ការដុត​សាកសព​និង​អាហារ​សាច់​អាំង​BBQ​រាប់រយ​កន្លែង​នៅ​​តាម​ដងផ្លូវ​នៃ​ទីក្រុង​។​

​ចំពេល​មានការ​ព្រួយបារម្ភ​អំពី​ការចំណាយ​លើ​ការព្យាបាល​សុខភាព​រយៈពេល​វែង​នេះ មានការ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​អំពី​អ្នកក្រុង​និង​សត្វ​ចិញ្ចឹម​ដែល​រងគ្រោះ​ធ្ងន់​​ធ្ង​រ​ពី​ផ្សែង​អ័ព្ទ​នេះ​រួចជាស្រេច ដូចជា​ញើសសំបោរ​និង​ក្អក​ចេញឈាម​ប្រឡាក់​ម៉ា​សមុខ​។​

រូប​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​បង្ហាញ​អ្នកក្រុង​បាងកក​ឡើង​ភ្នែក​ក្រហម​និង​ក្អក​ចេញឈាម ចំពេល​ទីក្រុង​មាន​បញ្ហា​ផ្សែង​អ័ព្ទ​

​សូម្បីតែ​សត្វ​ចិញ្ចឹម​ដូចជា ទន្សាយ​ក៏​រងគ្រោះ​ពី​បរិស្ថាន​នៅ​បាងកក​ដែរ

​បុគ្គ​លិ​ល​ការិយាល័យ នុត​ថា​វុ​ធ ស៊ិ​រិ​ឆៃ​ណា​រុ​មី​ត បាន​ចែករំលែក​រូប​ដៃ​ប្រឡាក់​ឈាម​ពេល​ខ្លួន​ញើសសំបោរ​កាលពី​ថ្ងៃ​១៥​មករា ដោយ​ថា​វា​បណ្តាលមកពី​ពពក​ធូលី​។​

​អ្នកក្រុង​បាងកក​ម្នាក់ទៀត មានការ​ភ្ញាក់ផ្អើល​ក្រោយ​ដឹងថា​មាន​ជម្ងឺ​សួត​ក្រោយ​ក្អក​ចេញឈាម ខណៈ​ខ្លួន​មិនមាន​ប្រវត្តិ​កើត​ជម្ងឺ​ផ្លូវដង្ហើម​។​គាត់​បាន​និយាយថា​«​ខ្យល់​​អាកាស​ខ្វក់​ក៏​នាំ​មេរោគ​ចូលក្នុង​ខ្លួន​យើង​ដែរ​។​ទោះជា​អ្នក​គិតថា​អ្នកមាន​សុខភាព​ល្អ ក៏​ស្ថានភាព​បរិស្ថាន​នេះ​រំខាន​អ្នក​តាមផ្លូវ​ណាមួយ​»​។​

​ទោះជា​យ៉ាងណា​ការ​បង្ហោះ​សារ​អំពី​គ្រោះថ្នាក់​បង្កឡើង​ពី​ផ្សែង​អ័ព្ទ​នេះ​មិនមែន​ចេះតែ​ស្រេច​តែ​ចិត្ត​ទេ​។​អ្នក​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់​​ខ្លួន​ដោយសារតែ​បង្ហោះ​ព័ត៌មាន​មិន​ពិត​ពាក់ព័ន្ធ​នឹង​បរិស្ថាន​ពុល​នៅ​ក្រុង​បាងកក​។​អ្នកជំនាញ​គេហទំព័រ​អាយុ​៣៧​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃអាទិត្យ ដោយសារ​​តែ​អះអាងថា ធូលី​PM2.5 បានសម្លាប់​ស្ត្រី​ម្នាក់​។​

​មេ​ប៉ូលិស​ថៃ​បាន​និយាយថា វ៉ាត​តា​ណា​ពង់ ពី​តា​វ៉ា​តា​ណា​ធិ​ទី​គុល ត្រូវបាន​ចាប់ខ្លួន​ដោយ​ផ្សាយ​ព័ត៌មាន​មិន​ពិត​និង​ក្រោយ​ច្បាប់​ឧ​ក្រិ​ដ្ខ​កម្ម​កុំ​ព្យូ​រ​ទ័​រ​អាច​ជាប់គុក​៥​ឆ្នាំ​។​

​សូមបញ្ជាក់ថា អាជ្ញាធរ​ក្រុង​បាងកក​បាន​បិទ​សាលារៀន​៤៣៩​នៅក្នុង​ក្រុង និង​បង្កើន​ការខិតខំ​កាត់បន្ថយ​ផ្សែង​អ័ព្ទ ដោយបាន​បង្កើត​កាណុង​បាញ់​ទឹក​ចូលក្នុង​អាកាស​​បាច​ម្សៅ​គីមី​បង្កើត​ភ្លៀង​និង​ចុងក្រោយ​បង្ហោះ​ដ្រូ​ន​បាច់ទឹក​ស្រោច​លើ​ទីក្រុង តែ​ផ្សែង​អ័ព្ទ​នៅតែមាន​។​

​អាជ្ញាធរ​ក៏បាន​អំពាវនាវ​អ្នក​ក្រុម​កុំ​ដុត​ធូប​ក្នុងអំឡុងពេល​ចូលឆ្នាំ​ចិន​នេះ ហើយ​ទាហាន​ល្បាត​ពិនិត្យ​តាម​បណ្តា​រោងចក្រ​៕​ដោយ​៖​វាសនា​