កាន់តែ​លេចធ្លោ​កសិករ​បង្កើន​ការដាំដុះ​បន្លែ​សរីរាង្គ​យកទៅលក់​លើ​ទីផ្សារ​កាត់បន្ថយ​នាំ​បន្លែ​ពី​ក្រៅប្រទេស​ចូល​ខេត្ត​

173
ចែករម្លែក

ដោយ:​សុខុម​/ស្ទឹងត្រែង​ ៖ ពិត​ជាមាន​ភាពលេច​ធ្លោ​មែន​សម្រាប់​កសិករ​នៅ​ខេត្តស្ទឹងត្រែង ​នាំគ្នា​សម្រុក​ដាំ​បន្លែ​សរីរាង្គ​កាន់តែច្រើន​យកទៅលក់​លើ​ទីផ្សារ​ ដើម្បី​កាត់បន្ថយ​នាំចូល​បន្លែ​ពី​ក្រៅប្រទេស​។​

កសិករ​នៅ​ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ដែល​ទទួលបាន​ការបង្ហាត់​-​បង្រៀន​បច្ចេកទេស​តាមរយៈ​គម្រោង​បន្លែ​ផ្លែឈើ​កម្ពុជា ហៅ​កាត់​ថា ឈេ​ន​( CHAIN) ចាប់ផ្តើម​ដាំ​ម​ម្ទេស​និង​ត្រប់​ទៅតាម​បច្ចេកទេស​ដើម្បី​សាកល្បង បន្ទាប់ពី​បន្លែ​ប៉េងប៉ោះ​ទទួលបាន​ជោគជ័យ​ក្នុង​រយៈពេល​២​ឆ្នាំ​មកហើយ​នោះ​។ នៅ​ឆ្នាំ​ខាងមុខ​ក្រុម​កសិករ​និង​ធ្វើ​ពិសោធន៍​ដំណាំ​ល្ពៅ​ជាមួយ​ឪឡឹក​បន្ថែមទៀត​។

អ្នកស្រី ហ្វឿ សាង កសិករ​ក្នុង​គម្រោង​ដាំ​បន្លែ​សរីរាង្គ​ជា​បណ្តុំ​នៅ​ឃុំ​សាម​ឃួ​យ​ស្រុក​សេ​សាន បាន​និយាយថា កសិករ​កំពុង​រួមគ្នា​អនុវត្តន៍​បច្ចេកទេស​ដាំ​បន្ថែម​ផ្សេងៗ​ឱ្យបាន​ច្រើន​មុខ​បន្ថែមទៀត ដើម្បី​បញ្ជូន​ផល​ដែល​ផលិត​បាន​ទៅកាន់​ទីផ្សារ​តាម​ការបញ្ជាទិញ​របស់​អាជីវករ​។

អ្នកស្រី​និយាយទៀតថា តាម​ការពិសោធន៍​កន្ល​ង​មក ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​គម្រោង​ឈេ​ន កសិករ​យើង​ចេះ​ជ្រើសរើស​ពួជ​ទៅតាម​រដូវ​កាល​និង​ធ្វើតាម​បច្ចេកទេស​ដែល​សិក្សា​រួចមក​នោះ បាននាំគ្នា​ដាំ​បន្លែ​ចាប់ពី​៣​ទៅ​៤​មុខ​ក្នុង​មួយ​គ្រួសារ​។​

លោក ឃិន ប៊ុន​ឡត ប្រធាន​ក្រុម​កសិករ​ដាំ​បន្លែ​ចម្រុះ​ទទួល​ការគាំទ្រ​ពី​គម្រោង​ឈេ​ន បាន​អះអាងថា បច្ចេកទេស​ដាំ​បន្លែ​នេះ​ក្រុម​កសិករ​នៅ​ឃុំ​សាម​ឃួ​យ​ ទទួលបាន​ជោគជ័យ​ទៅលើ​ដំណាំ​ប៉េងប៉ោះ​រួចមកហើយ និង​នៅ​សប្តាហ៍​នេះ​យើង​ងាក​មក​អនុវត្តន៍​ការដាំ​ម្ទេសផ្លោក​និង​ត្រប់​មួយ​មុខ​ទៀត​។

លោក​ថា បន្ទាប់ពី​បាន​ផ្លាស់ប្តូរ​របៀប​ដាំ​ដុះ​ពី​ការ​ធ្វើតាម​ទម្លាប់​មក​អនុវត្តន៍​តាម​បច្ចេកទេស យើង​ចំណេញ​កម្លាំង​ពលកម្ម និង​កាត់បន្ថយ​ការចំណាយ ហើយ​ទទួលបាន​ផល​ច្រើន​ឈានទៅ​ដណ្តើមយក​ទីផ្សារ​នឹង​ទប់ទល់​ជាមួយ​បន្លែ​នាំចូល​ពី​ក្រៅ​បាន​ទៀតផង​។

លោក លី ដេ​ត មន្ត្រី​បច្ចេកទេសផ្នែក​កសិកម្ម​បាន​បញ្ជាក់ថា ឆ្នាំនេះ​កសិករ​យើង​ផលិត​បន្លែ​បាន​ច្រើនជាង​ឆ្នាំ​កន្លងទៅ ដូចជា​៖ ស្ពៃ​-​សាឡាដ៍​-​ត្រកួន​-​សណ្តែក​គួ​-​ននោង​-​ត្រឡាច​-​ត្រប់​-​ម្រះ​-​ម្ទេសផ្លោក និង​ត្រសក់ ជាដើម ដែល​បាន​រុញច្រាន​ពួកគាត់​ងាក​ឆ្ងាយ​ពី​ការពឹង​ផ្អែកលើ​ផល​អនុផល​ព្រៃឈើ​និង​កាត់បន្ថយ​ការ​ចុះទូក​រកត្រី​។​

សូមបញ្ជាក់ថា មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង សហការ​និង​អង្គការ​ដៃគូ​ហៅ​កាត់​ថា​(​គម្រោង​ឈេ​ន​) បានផ្តល់​បច្ចេកទេស និង​គាំទ្រ​ដល់​បន្តុំ​កសិករ​មានលទ្ធភាព បាន​ចំនួន​៣០​ក្រុម ក្នុងនោះ​ដាំ​ជា​អាជីព​បាន​១៣​ក្រុម ពាក់ កណ្តាល​អាជីព​១៧​ក្រុម និង​ជា​លក្ខណៈ​គ្រួសារ​ជាង​៦០០​គ្រួសារ ដែលមាន​ស្រុក​សេសា​ន​- ស្រុក​សៀម​បូក​- ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​-​និង​ក្រុង​ស្ទឹងត្រែង ចំណែក​ស្រុក​សៀម​ប៉ាង​មិនទាន់បាន​ចុះ​អនុវត្តន៍​ទេ​៕​B/

#