កាន់​ស្បៃ​មុង​ទៅ​អូស​ត្រី បែរជា​លង់ទឹក​ស្លាប់​ទៅវិញ​

874
ចែករម្លែក

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: ស្ត្រី​វ័យ​ជាង ៣០​ឆ្នាំ​ម្នាក់ ក្នុងចំណោម​ស្ត្រី​២​នាក់ បាន​លង់ទឹក​ស្លាប់ ក្នុងពេលដែល​ស្ត្រី​ទាំង​ពីររូប​បាននាំគ្នា​ទៅ​អូស​ត្រី យកមក​ធ្វើ​ម្ហូប​ប្រចាំថ្ងៃ​។ ហេតុការណ៍​បានកើត​ឡើង​កាលពី​ម៉ោង ២​និង​២០​នាទី​រសៀល ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩ នៅក្រោយ​បន្ទាយ​កងអនុសេនាធំ​ទី​២ ស្ថិតនៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

​អ្នកឃើញ​ហេតុការណ៍ បាន​និយាយថា​ស្ត្រី​ទាំងពីរ​នាក់​បាន​កាន់​ស្បៃ​មុង​ទៅរក​ត្រី​ទុក​សម្រាប់ធ្វើ​ម្ហូប លុះដល់​ចំណុចកើតហេតុ ស្ត្រី​ម្នាក់​នៅក្នុង​ចំណោម​២​នាក់​នោះ ត្រូវគេ​រាយការណ៍​ថា បាន​លង់ទឹក ស្លាប់​។ សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា មុនពេល ជនរងគ្រោះ​បាន​ស្លាប់ ស្រី​ម្នាក់ទៀត បាន​លង់ ប៉ុន្តែ​ស្ត្រី​រូប​នោះបាន​ប្រវេប្រវា​ឡើង​ចេញពី​ក្នុង​ទឹក ផុតពី​ការស្លាប់​។ ខណៈដែល​ឃើញ​ស្ត្រី​ទី​១​លង់ទឹក​ហើយ​ឡើងមក​វិញ​នោះ ស្ត្រី​ដែលជា​ជនរងគ្រោះ​ក៏បាន​ចុះទៅ​ម្តង​ដោយ​ទឹក​មាន​សភាព ជ្រៅ​ពេក​ក៏​បណ្ដាល​ឲ្យ​ជនរងគ្រោះ​លង់ទឹក​ភ្លាមៗ​មួយ​រំពេច បណ្ដាលឱ្យ​ស្លាប់​តែម្ដង​។​

​ភ្លាមៗ​នៃ​ការ​លង់ទឹក​របស់​ស្ត្រី​ខាងលើ​ជនរងគ្រោះ ត្រូវបាន​បញ្ជូន​មកកាន់​មណ្ឌល​សុខភាព អូរ​អាម​ដើម្បី​ធ្វើការ​សង្គ្រោះ ប៉ុន្តែ​ជា​អកុសល ស្ត្រី​ខាងលើ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

​សមត្ថកិច្ច​មូលដ្ឋាន ដែល​រួមមាន​កងរាជអាវុធហត្ថ នគរបាល យោធា រួមទាំង​ក្រុមគ្រូពេទ្យ បានដាក់​ការសន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ថា ស្ត្រី​ជា​ជនរងគ្រោះ​នោះ​ឈ្មោះ​វិត អាយុ​ជាង​៣០​ឆ្នាំ បាន​ស្លាប់​ដោយសារតែ​លង់ទឹក ពុំមាន​ពាក់ព័ន្ធ​និង​អំពើ​ឃាតកម្ម​ឡើយ​។​សព​ត្រូវបាន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​៕ ល​