កាបូប​ស្បែក​ក្រពើ​យួរដៃ​លក់បាន​ថ្លៃ​រាប់សែន​ដុល្លារ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​

519
ចែករម្លែក

កាបូប​ស្បែក​ក្រពើ​យួរដៃ​ដ៏​ប្រណីត​មួយ បាន​បង្ក​ការភ្ញាក់ផ្អើល​ពេញ​ពិភពលោក បន្ទាប់ ពី​វា​បាន​ទាក់ទាញ​អ្នក​ចូលចិត្ត​ប្រើ​ផលិតផល​ប្រ៊ែ​នៗ​ជុំវិញ​ពិភពលោក​ដែល​ជញ្ជក់មាត់​ចង់បាន​វា​ក្នុង​ពិធី​ដេញថ្លៃ​កាលពីពេល​ថ្មីៗ​នេះ​។

​ពេលនេះ​អ្នក​ស្រលាញ់​ចូលចិត្ត​ប្រើ​របស់​ប្រ៊ែ​នៗ​ម្នាក់ បាន​ទិញយក​កាបូប​ស្បែក​ក្រពើ យួរដៃ​ផលិត​នៅ​ឆ្នាំ​២០១៥ នេះ​ក្នុង​ពិធី​ដេញថ្លៃ​រៀបចំ​ដោយ​ក្រុមហ៊ុន​ដេញថ្លៃ គ្រីស្ទី (Christie’s) នៅ​ប្រទេស​អង់គ្លេស ក្នុងតម្លៃ​រហូតដល់​ទៅ ២០៦.២៣០ ដុល្លារ​។
​ ​
​កាបូប​ស្បែក​ក្រពើ Hermes Himalaya Birkin នេះ​ត្រូវបាន​ដាក់ឈ្មោះ​តាម​តារា​ស្រី​ពហុ ជំនាញ​ជនជាតិ​អង់គ្លេស ជេន បឺ​ឃី​ន (Jane Birkin) ដែលជា​តារា​សម្ដែង តារាចម្រៀង អ្នកនិពន្ធ​បទ​ចម្រៀង និង​ជា​តារា​បង្ហាញ​ម៉ូត​ដែល​បាន​អង្គុយ​ជាប់​លោក ហ្ស​ង់ វី ឌុយ​ម៉ាស់ (Jean-Louis Dumas) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិតផល​ប្រ៊ែ​ន​ដ៏​ល្បី​របស់ បារាំង Hermes នៅលើ​ជើងហោះហើរ​មួយ​ក្នុង​ឆ្នាំ​១៩៨៣​។

​ពេលនោះ​តារា​ស្រី​ខាងលើ​បាន​ត្អូញត្អែរថា គាត់​រក​កាបូប​ស្បែក​ល្អ​ប្រើ​មិនបាន​សោះ ជាហេតុ​ញ៉ាំ​ឱ្យ​គាត់​ឌី​ហ្សា​ញ​កាបូប​ដ៏​ប្រណីត​មួយ​សម្រាប់​តារា​ស្រី​រូបនេះ​ប្រើ​។
​ ​
​ចាប់តាំងពី​ម៉ូត​កាបូប​នេះ​ត្រូវបាន​បញ្ចេញ​ជា​លើកដំបូង​ក្នុង​ឆ្នាំ​១៩៨៦ វា​បាន​ក្លាយជា ម៉ូត​ដ៏​ពេញនិយម​សម្រាប់​តារា​ល្បីៗ ជន​ល្បីៗ និង​អ្នកប្រមូល​ទិញ ក្នុងនោះ​រួមមាន​ទាំង វី​ក​តូ​រៀ បេ​ក​ខាំ (Victoria Beckham) ដែល​បាន​ប្រមូល​ទិញ​ម៉ូ​កាបូប Birkin ជាង ១០០ ដែលមាន​តម្លៃ​សរុប​រហូតដល់​ទៅជា​ង ១,៩ លាន​ដុល្លារ​ផងដែរ​។

​សូមបញ្ជាក់ថា នៅក្នុង​ពិធី​ដេញថ្លៃ​កាលពី​ថ្ងៃ​អង្គារ ទី​១១ ខែមិថុនា​នេះ​មាន​អ្នកដេញថ្លៃ យ៉ាងច្រើន​មកពី ៤១ ប្រទេស ហើយ​នេះ​ជា​កាបូប​ថ្លៃ​បំផុត​ទី​២ ដែល​លក់​ក្នុង​ពិធី​ដេញ ថ្លៃ​នៅ​អឺរ៉ុប​៕ ប្រែ​សម្រួលៈ​ខុម​