កាប់​ដើម​ក្រញូង​មួយ​ដើម​ដណ្តើម​គ្នា​ផ្អើល​ដល់​អភិបាលខេត្ត បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះបង្ក្រាប​

748
ចែករម្លែក

ដោយៈ សុខុម / ស្ទឹងត្រែងៈ ឈើ​ក្រញូង​មួយ​ដើម​ដែលមាន​អាយុកាល​រាប់រយឆ្នាំ នៅ​សេសសល់់​ក្នុងព្រៃ​ចម្ការ របស់​ប្រជាពលរដ្ឋ​ដាច់ស្រយាល​មួយកន្លែង នៅ​ឃុំ​ចម្ការលើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ត្រូវ​ក្រុម​ឈ្មួញ​ដណ្តើម​គ្នា​កាប់​បែរជា​ផ្អើល​ដល់​លោក ម៉ុម សារឿន អភិបាលខេត្ត​ស្ទឹងត្រែង ក៏​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះ​ចាប់​កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ពេល​ម្ចាស់​ចម្ការ​ជួល​គេ​ឲ្យ​មក​កាប់​ឆ្ការព្រៃ​ក៏​ស្រាប់តែ​អ្នក មក​ស៊ីឈ្នួល​កាប់​ព្រៃ​នោះ ប្រទះឃើញ​ដើមឈើ​ក្រញូង​មួយ​ដើម​ដ៏​ធំ ដែល​ដួលរលំ​កប់​នឹង​ព្រៃ បន្ទាន់​មក​ក៏​ដឹង​ទៅដល់​ម្ចាស់​ដីចម្ការ​។ ម្ចាស់​ដីចម្ការ​នោះ បាន​ឈ្លោះប្រកែក​ដណ្តើម​ឈើ​ក្រញូង ជាមួយ​អ្នកស៊ីឈ្នួល​កាប់​ព្រៃ​ឲ្យ ដោយ​និយាយថា គាត់​មិន​ព្រម​ចែក​ឲ្យ​ទៅ​អ្នកណា​នោះទេ ពីព្រោះ​អី​ឈើ​ក្រញូង​នេះ នៅក្នុង​ដី​របស់គាត់​។ បន្ទាប់មក​មានការ​ភ្ញាក់​ផ្ញើ​ដល់​ប្រជាពលរដ្ឋ​ពេញ​ភូមិ រួម​និង​សមត្ថកិច្ច បែកធ្លាយ​ដឹង​រឿងនេះ​ទៅដល់​លោក​អភិបាលខេត្ត​។ លោក​អភិបាលខេត្ត​ក៏​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចុះបង្ក្រាប​តែម្តងទៅ​។

​ប្រភពពី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​បាន​ឲ្យ​ដឹងថា ឈើ​ក្រញូង​មួយ​ដើម​ខាងលើ បាន​ដួលរលុំ​កប់​ក្នុងព្រៃ​ជា​យូរ​ឆ្នាំ​មកហើយ មាន​ទំហំ​ប្រមាណ​ជា​៧​តឹក​ទៅ​៨​តឹក មាន​ប្រវែង​ប្រហែលជា​២០​ម៉ែត្រ​។ ក្រោយពី​គេ​កាប់​ជាច្រើន​កំណាត់ និង​បែកការណ៍ ត្រូវ​សមត្ថកិច្ច​ចុះ​ចាប់​មកកាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត ទុកជា​សម្បត្តិ​រដ្ឋ​អស់ហើយ​៕ ល​