កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យ ផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ ដល់លោក រៀល ខេមរិន្ទ្រ អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ ជាមួយគ្នានោះក៏មានអ្នកនយោបាយ នៃអតីតគណបក្សប្រឆាំងប្រាំរូបទៀតហើយបានទៅដាក់ពាក្យស្នើសុំសិទ្ធិធ្វើ នយោបាយឡើងវិញ នៅក្រសួងមហាផ្ទៃ។
អតីតតំណាងរាស្ត្រ និងមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិទាំង ៥រូប ដែលបានសម្រេចចិត្តដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៅក្រសួងមហាផ្ទៃ រួមមានអតីតតំណាងរាស្ត្រ ៤រូប គឺលោក អ៊ូ ច័ន្ទរ័ត្ន លោក កង គឹមហាក់ អ្នកស្រី ទេព សុទ្ធី លោក ជីវ កត្តា និងលោក ច័ន្ទ លីឡា។
ការសម្រេចិត្តរបស់អតីតតំណាងរាស្ត្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំងប្រាំរូបនេះ បន្ទាប់ពីអតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បួនរូបហើយ គិតត្រឹមថ្ងៃទី១៨មីនា ឆ្នាំ២០១៩ ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ រួមមាន លោក គង់ គាំ លោក គង់បូរ៉ា លោក ស៊ឹម សុវណ្ណឌី និងចុងក្រោយ គឺលោក រៀល ខេមរិន្ទ្រ។
ក្រៅពីអតីតតំណាងរាស្ត្រនិងថ្នាក់ដឹកនាំជាន់ខ្ពស់ប្រាំរូបថ្មីខាងលើនេះរលកនៃការដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញរបស់ក្រុមអ្នកនយោបាយដែលជាប់បំរាមនឹងមានច្រើនជាងនេះ ព្រោះថាកាលពីសប្តាហ៍មុនមានតំណាងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ បានទៅក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាពីការសុំសិទ្ធិនយោបាយវិញ ជាច្រើនរូបទៀត ដោយបានស្នើសុំធ្វើសំណើជាក្រុម មានគ្នា រហូតដល់ជាង ២០នាក់ឯណោះ។ ប៉ុន្តែនីតិវិធីនៃការស្នើសុំសិទ្ធិធ្វើនយោបាយនេះ តម្រូវឲ្យបុគ្គលម្នាក់ៗធ្វើលិខិតស្នើសុំរៀងៗខ្លួន។
អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ចំនួន ១១៨នាក់ ដែលក្នុងនោះ គណៈកម្មាធិការអចិន្ត្រៃយ៍ ២៥នាក់ និងគណៈកម្មាធិការនាយក៨៧នាក់ រួមទាំងទីប្រឹក្សា ព្រមទាំងអតីតទីប្រឹក្សា ៣នាក់ទៀត ត្រូវបានតុលាការ កំពូលសម្រេចហាមឃាត់ មិនឲ្យធ្វើនយោបាយប្រាំឆ្នាំ រាប់ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នៅពេលតុលាការកំពូល សម្រេចរំលាយគណបក្សសង្គ្រោះជាតិ។ ក្នុងចំណោមអ្នកនយោបាយ ១១៨ នាក់ មានម្នាក់ បានទទួលមរណភាព កាលពីចុងឆ្នាំ២០១៨ គឺលោក ជាម ច័ន្ទនី។
ការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់អតីតអ្នកយោបាយគណបក្សប្រឆាំង នាពេលនេះ ជារបត់នយោបាយថ្មីមួយទៀត បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសរួចហើយថា ឱសាទវាទ ថ្ងៃផុតកំណត់ សម្រាប់ការទទួលពាក្យស្នើសុំនេះ នឹងមានត្រឹមតែអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនាពាក្យកណ្តាលខែមេសា ខាងមុខនេះតែប៉ុណ្ណោះ។
ពោលគឺបើសិនជាអ្នកនយោបាយរបស់អតីតបក្សប្រឆាំងដែលជាប់បំរាមទាំងជាង ១០០ នាក់ មិនព្រមដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ នាពេលនេះទេនោះទ្វារ នឹងបិទ ហើយរហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ទើបផុតសេចក្តីសម្រេចរបស់ តុលាការកំពូល ហើយពួកគេអាចវិលចូលធ្វើនយោបាយឡើងវិញសម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នៅខែកក្កដា ឆ្នាំ២០២៣។
សម្រាប់អ្នកនយោបាយរបស់អតីតបក្សប្រឆាំងដែលបានស្វះស្វែងស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ នាពេលនេះ ពួកគេ មានពេលគ្រប់គ្រាន់ដើម្បីចូលរួមធ្វើនយោបាយ ជាមួយគណបក្សនយោបាយណាមួយ ឬក៏រៀបចំបង្កើតគណបក្សថ្មី ដើម្បីមានឱកាសត្រៀមខ្លួន ចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់ នៅខែមិថុនា ឆ្នាំ២០២២។
ជារួម នីតិវិធីនៃការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ មិនមានអ្វីលំបាកសោះ។ បុគ្គលអ្នកនយោបាយដែលជាប់បំរាម គ្រាន់តែធ្វើលិខិត ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ពីកម្មវត្ថុស្នើសុំនីតិសម្បទាធ្វើ នយោបាយឡើងវិញ មុនកាលកំណត់សាលដីកាតុលាការកំពូល។ នៅពេលទទួលបាន លិខិតរបស់បុគ្គលអ្នកនយោបាយនីមួយៗហើយ សម្តេចក្រឡាហោម ស ខេង បញ្ជូនការស្នើសុំបន្តជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសម្តេចពិនិត្យ និងទូលស្នើសុំព្រះករុណា ព្រះមហាក្សត្រ ក្នុងនាមជាប្រមុខរដ្ឋដើម្បីសម្រេចផ្តល់ នីតិសម្បទា ធ្វើនយោបាយឡើងវិញ។
ប៉ុន្តែនីតិវិធីងាយស្រួលដូច្នេះក៏ពិតមែន តែបើសិនជាអ្នកយោបាយនៃអតីតបក្សប្រឆាំង នៅបន្តតថ្លៃ បង្អែបង្អង់នោះ ទ្វារក៏អាចបិទនៅអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ អាចមុន ឬក៏ក្រោយពិធីបុណ្យចូលឆ្នាំ ដូចអ្វីដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសកាលពីពេលថ្មីៗនេះ។
យ៉ាងណាក៏ដោយ បើសិនជាអ្នកនយោបាយនៃអតីតបក្សប្រឆាំង ដែលនៅសល់ ចំនួន ១០៨ នាក់ផ្សេងទៀត មានបំណងចូលធ្វើនយោបាយឡើងវិញ នោះក៏គួរតែកុំបង្អែរ បង្អង់យូរ ដើម្បីមានឱកាសរៀបចំខ្លួន បង្កើតគណបក្សថ្មី កសាងបណ្តាញនៅមូលដ្ឋាន
សម្រាប់ត្រៀមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅឆ្នាំ២០២២ និងនៅឆ្នាំ២០២៣។ ក្នុងនោះ លោក រៀល ខេមរិន្ទ្រ អតីតសមាជិកគណៈកម្មាធិការនាយក និងជាអតីត តំណាងរាស្ត្រមណ្ឌល ស្វាយរៀង របស់អតីតគណបក្សសង្គ្រោះជាតិបានចេញដំណើរ មុនគេហើយ ដោយលោក បញ្ជាក់ច្បាស់ក្នុងលិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ថា លោកមានបំណង និងបង្កើតគណបក្សនយោបាយថ្មី ដើម្បីចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត ឆ្នាំ២០២២-២០២៣៕ ដោយ: ម៉េងឆៃ/Ha