ការខ្វះខាត​ទឹក​នៅ​ហ្វីលីពីន​នាំឱ្យ​កាត់បន្ថយ​ការផ្គត់ផ្គង់​សម្រាប់​មនុស្ស​ជាង​៦​លាន​នាក់​

222
ចែករម្លែក
  • 11
    Shares

​មនុស្ស​ប្រហែល​៦,៨​លាន​នាក់​បាន​ទទួលរង​ផល​ប៉ះពាល់​ពី​ការខ្វះខាត​ទឹក​នៅ​ក្នុង​និង​នៅ​ជុំវិញ​ទីក្រុង​ម៉ានីល ដោយ​នាំ​ឱ្យ​មាន​ការកម្រិត​ការផ្គត់ផ្គង់​ទឹក​រយៈពេល​យូរ​​ដែល​បាន​ធ្វើ​ប៉ះពាល់​ដល់​ការធ្វើ​អាជីវកម្ម​ហើយ​មន្ទីរពេទ្យ​មួយ​ចំនួន​កំពុង​តស៊ូ​ទប់ទល់​នឹង​ស្ថានភាព​ខ្វះខាត​ទឹក​នេះ ។​

​លោក ចេរិក សេ​វី​ល​ឡា អ្នកនាំពាក្យ​ក្រុមហ៊ុន​ទឹក​ក្រុង​ម៉ានីល Manila Water Co. Inc បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​មីនា​ថា​ការផ្គត់ផ្គង់​ទឹកនឹង​ត្រូវបាន​កាត់បន្ថយ​​យ៉ាងហោចណាស់​៦ ម៉ោង​ក្នុង​មួយថ្ងៃ សម្រាប់​ជាង​មួយ​លាន​គ្រួសារ រហូតដល់​ទឹកភ្លៀង​រដូវវស្សា​បំពេញ​ទំនប់​ទឹក​និង​អាង​ស្តុក​ទឹក​នៅ​ខែ​ឧសភា​ឬ​ខែ​មិថុនា​។​

​ក្រុមហ៊ុន​ទឹក​នេះ បាន​និយាយថា ការកើនឡើង​តម្រូវការ​និង​កម្រិត​ទឹក​ស្រក​ចុះ​នៅ​ទំនប់​និង​អាង​ស្តុក​ទឹកតូចៗ នៅ​រដូវក្តៅ​ខ្លាំង​នេះ បាន​បង្កឱ្យមាន​ស្ថានភាព​លំបាក​ដែល​បាន​បណ្តាលឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ខ្លាំង​ឡើង ដោយសារ​តែ​លក្ខខណ្ឌ​អាកាសធាតុ El Nino ។​

​លោក​ចេរិក សេ​វី​ល​ឡា បាន​និយាយថា ” ក្រុមហ៊ុន​ទឹក​ក្រុង​ម៉ានីល បាន​សម្រេចចិត្ត​កាត់បន្ថយ​ការផ្គត់ផ្គង់​ទឹក ដោយ​ចាប់ផ្តើម​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​។ គំនិត​កាត់បន្ថយ​ការ​​ផ្គត់ផ្គង់​ទឹក​សម្រាប់​មនុស្ស​គ្រប់​គ្នា​នេះ គឺ​ដើម្បី​ចូលរួម​ជាមួយ​គ្នា​ក្នុង​ការដោះស្រាយ​ស្ថានភាព​ខ្វះខាត​ទឹក​នេះ​”​។​

​ទោះ​យ៉ាងណាក្តី រដ្ឋាភិបាល​ត្រូវ​បាន​ស្តីបន្ទោស​ចំពោះ​ការ​យឺត​យ៉ាង​អស់​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ​ក្នុង​ការកសាង​ទំនប់​ទឹក​មួយ​ទៀត និង​ប្រព័ន្ធ​រក្សា​ទឹក​ទុក​ផ្សេងទៀត​។​ក្រុម​​ហ៊ុន​ទឹក​នេះ ត្រូវ​បាន​រិះគន់​ថា​មិន​បាន​ត្រៀម​ខ្លួន​គ្រប់គ្រាន់​សម្រាប់​បញ្ហា​ទឹក​ដែល​កើតឡើង​នៅពេល​អនាគត​នោះ​ទេ​៕ដោយ៖សុខា/sn

ប្រជាជន​រង់ចាំ​រថយន្ត​ដឹក​ទឹក​មក​ដល់ នៅ​ទីក្រុង​ម៉ានីល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​