ការគាំទ្រ​របស់​អាម៉េរិក​ចំពោះ​ការតាំង​ទីលំនៅ​របស់​ជ​ន​ជាតិ​អ៊ីស្រាអែល​ក្នុង​តំបន់​វេស​ប៊ែ​ង បំផ្លាញ​ដំណោះស្រាយ​រដ្ឋ​ពីរ​

178
ចែករម្លែក
ប្រជាជន​អ៊ីស្រាអែល​ប្រមាណ ៤០ ម៉ឺន​នាក់​រស់នៅក្នុង​ការតាំង​ទីលំនៅ​ចំនួន ១៣៥ កន្លែង​និង​ទីប្រជុំជន​ខុសច្បាប់ ១០០ កន្លែង​នៅ​តំបន់​វេស​ប៊ែ​ង

​ក្រុម​អ្នកសង្កេតការណ៍​ប៉ា​ឡេ​ស្ទី​ន​ជឿថា​ការប្រកាស​របស់​សហរ​ដ្ឋ​អាម៉េរិក​ថា​ការតាំង​ទីលំនៅ​របស់​ជ​ន​ជាតិ​អ៊ីស្រាអែល​នៅ​តំបន់​វេស​ប៊ែ​ង​មិន​រំលោភ​លើ​ច្បាប់​អន្តរជាតិ បានធ្វើឱ្យ​អន្តរាយ​ដល់​ដំណោះស្រាយ​រដ្ឋ​ពីរ ដែល​គាំទ្រ​ដោយ​អន្តរជាតិ​ចំពោះ​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន​-​អ៊ីស្រាអែល​។​

​ក្រុម​អ្នកសង្កេតការណ៍​បាន​គូសបញ្ជាក់ថា​ជំហរ​របស់​ទីក្រុង​វ៉ាស៊ីនតោន​បាន​គំរាម​ធ្វើឱ្យ​ជម្លោះ​វិលត្រឡប់​ទៅរក​ចំណុច​ចាប់ផ្តើម​វិញ ជួយ​អូសបន្លាយ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា និង សម្លាប់​ដំណោះស្រាយ​ដែល​ស្របតាម​សេចក្តីសម្រេច​ដែលមាន​ភាពស្របច្បាប់​ជា​អន្តរជាតិ​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាម៉េរិក​លោក ម៉ៃ ផ​ម​ផេ​វ បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​អាម៉េរិក​នឹង​លែង​ចាត់ទុក​ការតាំង​ទីលំនៅ​របស់​អ៊ីស្រាអែល​ក្នុង​តំបន់​វេស​ប៊ែ​ង “​មិន​សមស្រប​” នឹង​ច្បាប់​អន្ដរជាតិ​ទៀតហើយ ដែលជា​សកម្មភាព​មួយ​អាចធ្វើឱ្យ​ស្រអាប់​អនាគត​នៃ​កិច្ចចរចា​សន្តិភាពរ​វា​ង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។​

​លោក​ផ​ម​ផេ​វ​និយាយ​នៅក្នុង​សន្និសីទកាសែត​មួយ​ថា ការសម្រេចចិត្ត ដែល​ផ្ទុយ​ពី​ជំហរ​របស់​រដ្ឋបាល​លោក​អូ​បា​ម៉ា​លើ​បញ្ហា​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ផ្អែកលើ “​ទិដ្ឋភាព​ជាក់ស្តែង​”​។​

​អ្នកការទូត​កំពូល​អាម៉េរិក​រូបនេះ​ក៏បាន​កត់សម្គាល់​ផងដែរ​ថា​ការប្រកាស​នេះ​មិនគួរ​ត្រូវបាន​ចាត់ទុកថា​ជា “​ការដោះស្រាយ​ឬ​ការប្រកាន់​ជំហរ​ចុងក្រោយ​នៃ​តំបន់​វេស​ប៊ែ​ង​” ពី​សំណាក់​រដ្ឋាភិបាល​អាម៉េរិក​នោះឡើយ​។​

​ជាការ​ឆ្លើយតប ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​បាន​ថ្កោលទោស​ការលើកឡើង​រប​ស់លោក​ផ​ម​ផេ​វ ដោយ​និយាយថា​ការសម្រេចចិត្ត​របស់​អា​ម៉េ​រិ​ក​គឺ​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​។​

​លោក​ណា​ប៊ី​ល អា​ប៊ូ រូ​ឌី​ណេ អ្នកនាំពាក្យ​ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​ថា ការ​ថ្លែង​របស់លោក​ផ​ម​ផេ​វ​បាន​រំលោភ​លើ​សេចក្តីសម្រេចចិត្ត​នៃ​ភាពស្របច្បាប់​អន្តរជាតិ​និងសេចក្តីសម្រេច​ចិត្ត​រប​ស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ជាពិសេស​សេចក្តីសម្រេច​ចិត្ត​លេខ ២៣៣៤”​។​

​លោក ណា​ប៊ី​ល អាម អតីត​អ្នកការទូត​ប៉ា​ឡេ​ស្ទី​ន បាន​យល់ស្រប​ថា ការសម្រេចចិត្ត​របស់​អាម៉េរិក​គឺ​ផ្ទុយ​ទាំងស្រុង​ទៅនឹង​ការឯកភាព​ជា​អន្តរជាតិ​ដែលថា ការតាំង​ទីលំនៅ​របស់​អ៊ីស្រាអែល​គឺ​ខុសច្បាប់​និង​ជា​ឧបសគ្គ​ដល់​សន្តិភាព​និង​ស្ថិរភាព​នៅ​មជ្ឈិមបូព៌ា​។​

​លោក​អាម​និយាយថា “​ភាពស្របច្បាប់​នៃ​ការតាំង​ទីលំនៅ​មិនត្រូវ​បានកំណត់​ដោយរ​ដ្ឋា​ភិ​បាល​អាម៉េរិក​ឬ​រដ្ឋាភិបាល​ផ្សេងទៀត​នៅក្នុង​ពិភពលោក​នោះទេ​”​។​

​លោក​បាន​បន្ថែមថា “​តាមរយៈ​ការអនុម័ត​នូវ​ការសម្រេចចិត្ត​មិន​សម​ហេតុផល​និង​អសីលធម៌​បែបនេះ​ដើម្បី​ធ្វើឱ្យ​ការតាំង​ទីលំនៅ​ក្លាយជា​ស្របច្បាប់ សហរដ្ឋ​អាម៉េរិក​កំពុង​រារាំង​សន្តិភាព ដែល​ក្លាយជា​រឿង​មិនអាច​ទៅរួច​នៅក្នុង​សម័យកាល​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​”​។​

​ទន្ទឹមនឹង​នេះដែរ​លោក ច​ច ចូក​ម៉ាន់ ប្រធាន​វិទ្យាស្ថាន​សិក្សា​លទ្ធិប្រជាធិបតេយ្យនៅ​ទីក្រុង​រ៉ា​ម៉ា​ឡា​របស់​ប៉ា​ឡេ​ស្ទី​ន និយាយថា ការសម្រេច​ចិត្តជា​បន្ត​បន្ទាប់​របស់​វ៉ាស៊ីនតោន​ប្រឆាំងនឹង​បញ្ហា​ប៉ា​ឡេ​ស្ទី​ន​គឺ​កំពុង​ប្រឆាំងនឹង​ចេតនា​អាម៉េរិក​ក្នុងការ​បង្ហាញ​ផែនការ​សន្តិភាព​សម្រាប់​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន​-​អ៊ីស្រាអែល​។​

​អ្នកជំនាញ​រូបនេះ​បាន​កត់សម្គាល់ថា “​ជំនួស​ឱ្យ​ការត្រួសត្រាយ​ផ្លូវ​សម្រាប់​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដែល​គេ​រង់ចាំ​ជា​យូរ​មកហើយ​នោះ សហរដ្ឋ​អាម៉េរិក​បាន​បិទផ្លូវ​ដើម្បី​ដោះស្រាយ​ជម្លោះ​ប៉ា​ឡេ​ស្ទី​ន​-​អ៊ីស្រាអែល​”​។​

​លោក​ចូក​ម៉ាន់​បាន​បកស្រាយ​ថា​រដ្ឋបាល​ត្រាំ​បានធ្វើឱ្យ​ស្មុគស្មាញ​ដល់​ស្ថានភាព​នេះ​បន្ថែមទៀត ដោយ​ព្យាយាម​ដាក់ចេញ​នូវ​ដំណោះស្រាយ​នានា​លើ​ប៉ា​ឡេ​ស្ទី​ន​និង​គំរាមកំហែង​ពួកគេ​ទាំង​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​ដើម្បី​ធ្វើឱ្យ​ពួកគេ​បោះបង់ចោល​សិទ្ធិ​របស់​ពួកគេ​និង​លុបបំបាត់​ឱកាស​ពិតប្រាកដ​សម្រាប់​ការបង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​។​

​ចំណងទាក់ទង​នយោបាយ​រវាង​សហរដ្ឋ​អាម៉េរិក​និង​អាជ្ញា​អំណាច​ប៉ា​ឡេ​ស្ទី​ន​ត្រូវបាន​ខូចខាត​ធ្ងន់ធ្ងរ​ភ្លាមៗ​បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក​ដូ​ណា​ល់ ត្រាំ​បានប្រកាស​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​កាលពី​ខែធ្នូ​ឆ្នាំ ២០១៧​។ វ៉ាស៊ីនតោន​បាន​រើ​ស្ថានទូត​របស់ខ្លួន​ពី​ទីក្រុង​តែ​ល​អាល់​វីវ​ទៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​កាលពី​ខែឧសភា​ឆ្នាំមុន​។​

​ជាក់ស្តែង រដ្ឋបាល​ត្រាំ​បានធ្វើការ​សម្រេចចិត្ត​មិន​ធ្លាប់មាន​ពីមុនមក​ជាច្រើន​កាលពី​ឆ្នាំមុន​ដូចជា​ការបិទ​ការិយាល័យ​អង្គការ​រំដោះ​ប៉ា​ឡេ​ស្ទី​ន (PLO) នៅ​ទីក្រុង​វ៉ាស៊ីនតោន​និង​ការ​កាត់ផ្តាច់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ទីភ្នាក់ងារ​ជំនួយ​និង​ការងារ​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​នៅ​ដើម​បូព៌ា​។​

​រហូតមកទល់​ពេលនេះ​ទីក្រុង​វ៉ាស៊ីនតោន​បាន​ឆ្ងាយ​សែនឆ្ងាយ​ពី​ការដាក់ចេញ​នូវ​ផែនការ​សន្តិភាព​របស់​ខ្លួន ដែល​ប្រសិទ្ធ​នាម​ថា “​កិច្ចព្រមព្រៀង​ប្រចាំ​សតវត្សរ៍​” ដូចដែល​ខ្លួន​បាន​សន្យា​ពីមុន​។​

​ប៉ា​ឡេ​ស្ទី​ន​បាន​បដិសេធ​ជា​យូរ​មកហើយ​ក្នុងការ​ទទួលយក​ផែនការ​នេះ​ព្រោះថា​វា​មិនបាន​ផ្អែកលើ​ដំណោះស្រាយ​រដ្ឋ​ពីរ​។​

​លោក អា​ម៉េ​ត រ៉ា​ហ្វី​គ អា​វ៉ាត អ្នកវិភាគ​នយោបាយ​នៅ​ទីក្រុង​រ៉ា​ម៉ា​ឡា និយាយថា រដ្ឋបាល​ត្រាំ​បាន​គាំទ្រ​មិន​ធ្លាប់មាន​ពីមុនមក​នូវ​ផែនការ​ស្តាំនិយម​របស់​អ៊ីស្រាអែល​ដើម្បី​ធ្វើឱ្យ​អន្តរាយ​ដល់​ឱកាស​ពិត​នៃ​ការបង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន ដែលមាន​ទំនាក់ទំនង​ភូមិសាស្ត្រ​ឯករាជ្យ​។​

​លោក​បាន​ព្រមាន​ថា​ការសម្រេចចិត្ត​របស់​ស​ហ​រដ្ឋ​អាម៉េរិក​អំពី​ការតាំង​ទីលំនៅ​របស់​អ៊ីស្រាអែល​បាន​រំលាយ​កិច្ចព្រមព្រៀង​ទីក្រុង​អូ​ស្លូ ដែលជា​កិច្ចព្រមព្រៀង​សន្តិភាព​បណ្តោះអាសន្ន​ចុះហត្ថលេខា​រវាង PLO និង​អ៊ីស្រាអែល​ក្នុង​ឆ្នាំ ១៩៩៣ និង បាន​បំផ្លាញចោល​នូវ​ក្តី​សុបិន​នៃ​ការបង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ឯករាជ្យ​មួយ​នៅតាម​បណ្តោយ​ព្រំដែន​ឆ្នាំ​១៩៦៧​។​

​យោងតាម​ទិន្នន័យ​ចុងក្រោយ​របស់​ប៉ា​ឡេ​ស្ទី​ន ប្រជាជន​អ៊ីស្រាអែល​ប្រមាណ ៤០ ម៉ឺន​នាក់​រស់នៅក្នុង​លំនៅដ្ឋាន​ចំនួន ១៣៥ កន្លែង​និង​ទីប្រជុំជន​ខុសច្បាប់ ១០០ កន្លែង​នៅ​តំបន់​វេស​ប៊ែ​ង កន្លែង​ដែល​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​មាន​ចំនួន ២,៦ លាន​នាក់​។​

​សកម្មភាព​តាំងទី​លំនៅ​របស់​អ៊ីស្រាអែល​ត្រូវបាន​ចាត់ទុក​ខុសច្បាប់​ដោយ​មហាអំណាច​ពិភពលោក​និង​ច្បាប់​អន្តរជាតិ​។ ការតាំង​ទីលំនៅ​នេះ​ត្រូវបាន​ចាត់ទុកជា​បញ្ហា​ធំ​មួយ​ដែល​បណ្តាលឱ្យ​ដួលរលំ​កិច្ចចរចា​សន្តិភាពរ​វា​ង​ប៉ា​ឡេ​ស្ទី​ន​និង​អ៊ីស្រាអែល​ក្នុង​ឆ្នាំ ២០១៤៕

​ប្រភព ៖ ស៊ីន​ហួ​