ការគិតគូរ​ដល់​ស្ត្រី​ក្រីក្រ​និង​ទន់ខ្សោយ​

717
ចែករម្លែក

​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ សម្រាប់​ឆ្នាំ​២០១៩ របស់​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី នៅ​វិមាន​សន្តិភាព កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកុម្ភៈ កន្លងទៅ​ថ្មីៗ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ពី​បង្កើត​ក្រុម មេធាវី​ការពារ​ក្តី ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​សម្តេច ដើម្បី​ជួយ​ស្ត្រី​រងគ្រោះ​ទន់ខ្សោយ ដែល​ខ្វះ​លទ្ធភាព​រក​សេវា​មេធាវី​ជួយ​ការពារ​ក្តី​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ពាក់ព័ន្ធ​ទៅនឹង​ការការពារ​ស្ត្រី ដែល​កន្លងមក មាន​ករណី​មួយចំនួន ពុំបាន​ធ្វើការ​កាត់ក្តី ដោយសារ​ខ្វះ​មេធាវី​។ ដូច្នេះហើយ បានជា សម្ដេច​តេ​ជោ នឹង​រៀបចំ​ឲ្យ​មាន​ក្រុម​មេធាវី​ផ្ទាល់​របស់​សម្តេច​ដើម្បី​ជួយ​ការពារ​ស្ត្រី​ក្រីក្រ ទទួលបាន​ការកាត់ក្តី បាន​លឿន និង​ជៀសវាង​ការឃុំខ្លួន​លើស​ពេលវេលា​។​

សម្ដេច​តេ​ជោ គ្រោង​ជ្រើសរើស​មេធាវី ជា​សមាជិក​ប្រមាណ ៥០​នាក់ ដែល​អាចបែងចែក ២​នាក់ ប្រចាំខេត្ត​នីមួយៗ​។ កិច្ចការពារ​ក្តី​នេះ មិន​កំណត់​ការពារ​ឲ្យ​តែ​ស្ត្រី​នោះទេ ប៉ុន្តែ​ការពារ​ករណី ផ្សេងទៀត ដែល​ធ្វើយ៉ាងណា ជួយ​ឲ្យ​សង្គម និង​ប្រជាពលរដ្ឋ​ខ្មែរ មាន​យុត្តិធម៌​អនុវត្តតាម នីតិរដ្ឋ​។​
​ ​
បន្ថែម​ពីលើ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ពី​គម្រោង​បង្កើត​ក្រុម​មេធាវី​ដូច្នេះ ក្នុងពេល​សម្តេច​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ម៉ាត់​ធ្យូ អែន​តូ​នី ថា​យ៍​ល័​រ (Matthew Anthony Tayler) ប្រធាន​ក្រុមហ៊ុន​ច្បាប់ ដន ម៉ូ​រី​ស អិ​ល​អិ​ល​ភី (Duane Morris LLP) ដែលជា​ក្រុមហ៊ុន​ច្បាប់​អាម៉េរិក កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកុម្ភៈ​ម្សិលមិញ​នៅ​វិមាន​សន្តិភាព​។​

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​សម្រេច​ផ្តល់​សេចក្តីទុកចិត្ត ចាត់តាំង​ឱ្យ​លោក​មេធាវី គី តិច ប្រធាន​ក្រុម​មេធាវី​វិជ្ជាជីវៈ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា រៀបចំ​បង្កើត «​ក្រុម​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន​» ដើម្បី​ការពារ​ក្តី​ជូន​ស្ត្រី​ក្រីក្រ នៅ​ប្រទេស​កម្ពុជា ដែល​រងគ្រោះ ដោយ​អំពើ​រំលោភបំពាន​ណាមួយ​។

​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានប្រកាស​ពី​ស្ថិតិ​សរុប​របស់​មេធាវី ដែលជា សមាជិក​-​សមាជិកា​គណៈមេធាវី គិត​ត្រឹម​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ មាន​មេធាវី​សរុប ចំនួន ១៧១៦​រូប ( ប្រុស ១៣៥៤​រូប និង​ស្ដ្រី ៣៦២​រូប​)​។ ប៉ុន្តែ​ក្នុងនោះ មាន​មេធាវី​ពេញសិទ្ធិ តែ​ចំនួន ១៣២៧​រូប ( ប្រុស ១០៥៥​រូប និង​ស្ត្រី ២៧២ រូប ) ប៉ុណ្ណោះ​។ ក្រៅពីនោះ ជា​មេធាវី កម្មសិក្សា ចំនួន ២៥៤​រូប ( ប្រុស ១៨៦​រូ​បប និង​ស្ត្រី ៦៨​រូប ) មេធាវី​មិន​ប្រកប វិជ្ជាជីវៈ ចំនួន ៨៥​រូប ( ប្រុស ៧៣​រូប និង​ស្ត្រី ១២​រូប ) មេធាវី​ក្រៅបញ្ជី ចំនួន ២៦​រូប ( ប្រុស ២០​រូប និង​ស្ត្រី ០៦​រូប​) មេធាវី​ហាមឃាត់ ចំនួន ពីររូប ( ប្រុស​មួយរូប និង​ស្ត្រី មួយរូប ) មេធាវី​ផ្អាក​ពី មុខងារ​ពីររូប ( ប្រុស ពីររូប ) និង​មេធាវី​លុបឈ្មោះ ចំនួន ២០​រូប ( ប្រុស ១៧​រូប និង​ស្ត្រី ៣​រូប )​។​

​នៅតាម​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ខេត្ត តុលាការ​សាលាឧទ្ធរណ៍ និង​នៅ​តុលាការ​កំពូល ក៏មាន​សំណុំ​រឿងក្តី​ជាច្រើន ដែល​ពុំទាន់​ជំនុំ​ជម្រះក្តី ហើយ​អូសបន្លាយ​លើស​រយៈពេល​ផងដែរ​។ ករណីនេះ ក្រសួងយុត្តិធម៌ កាលពី​ចុងឆ្នាំ​២០១៨ បាន​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ ដើម្បី​ស្រាវ ជ្រាវ​តាម​ស្ថាប័ន​តុលាការ​ទាំងអស់ ស្រង់​ស្ថិតិ ក្នុង​បំណង​ជំរុញ​ឲ្យ​មានការ​បើកសវនាការ​ជំនុំ ជម្រះ​លើ​សំណុំរឿង ដែល​អូសបន្លាយ ហើយ​មួយផ្នែក​នៃ​ការអូសបន្លាយ​ពេល​មិនបាន​បើក សវនាការ ជំនុំជម្រះ​ក្តី​នោះ ក៏​មកពី​ខ្វះ​មេធាវី​ផងដែរ​។​

​យ៉ាងណាក៏ដោយ នៅពេល​ឆាប់ៗ​ខាងមុខនេះ នៅពេល​ក្រុម​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន បង្កើតឡើង នោះ​នឹង​ជួយ​ជំរុញ​បន្ថែមទៀត ដើម្បី​ឲ្យ​មានការ​ជំនុំជម្រះ​ក្តី​លើ​សំណុំរឿង​ពិសេស លើ​ករណី​ស្ត្រី​ក្រីក្រ ដែល​ខ្វះ​លទ្ធភាព​រក​មេធាវី ការពារ​ក្តី នៅ​តុលាការ​គ្រប់លំដាប់​ថ្នាក់​។ ក្រុម​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ដឹកនាំ​ដោយ​លោក​មេធាវី គី តិច ប្រធាន​ក្រុម​មេធាវី វិជ្ជាជីវៈ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា កាន់​សំណុំ​រឿងក្តី​ធំៗ ចាប់តាំងពី​លោក គី តិច ក្លាយជា​មេធាវី ពេញសិទ្ធិ កាលពី​ឆ្នាំ​១៩៩៩ ។ លោក​ធ្លាប់​កាន់តំណែង​ជា​ប្រធាន​គណៈមេធាវី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា អស់​រយៈពេល ពីរ​អាណត្តិ ចាប់ពី​ឆ្នាំ​២០០៤ ដល់​ឆ្នាំ​២០០៨៕ ដោយ​: ម៉េង​ឆៃ​