ការគ្រប់គ្រង​ទឹក​ប្រកបដោយ​និរន្តរ​ភាពជា​ករណី​ចម្បង​ ខណៈ​រដូវប្រាំង​អូសបន្លាយ​

609
ចែករម្លែក
  • 25
    Shares

ដោយ​៖​បូកគោ​/​កំពត​៖​ស្រប​ពេលដែល​រដូវប្រាំង​អាច​នឹង​អូសបន្លាយ​យូរ​ការយកចិត្តទុកដាក់​ក្នុង​កិច្ច​គ្រប់គ្រង​ទឹក​ប្រកបដោយ​និរន្តរភាព​ពី​សំណាក់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ជា​កត្តា​ចម្បង​ ដើម្បី​ធានាបាន​ថា​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​រងគ្រោះ​ដោយសារ​ខ្វះ​ទឹ​ប្រើប្រាស់​ប្រចាំថ្ងៃ​នោះទេ​។​

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨​និង​លើក​ទិសដៅ​អនុវត្ត​ន៍​បន្ត​របស់​រដ្ឋបាលខេត្ត​កំពត កាលពី​រសៀល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩ នៅ​សាល​មហោស្រព​ខេត្តកំពត​ លោក​ទេសរដ្ឋមន្ត្រី ចម​ប្រសិទ្ធ​ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្ប​កម្មបាន​មានប្រសាសន៍ថា​ ស្រប​ពេលដែល​រដូវប្រាំង​ហួតហែង​ដែល​កំពុង​កើត​មាននៅ​កម្ពុជា​អាច​នឹង​អូសបន្លាយ​យូរ​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្តថា​ការយកចិត្តទុកដាក់​ក្នុង​កិច្ច​គ្រប់គ្រង​ទឹក​ប្រកបដោយ​និរន្តរភាព​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ជា​កត្តា​ចម្បង​ដើម្បី​ធានាបាន​ថា​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ត្រូវ​រងគ្រោះ​ដោយសារ​ខ្វះ​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​នោះទេ​។​

ប្រឈមមុខ​ចំពោះ​បាតុភូតធម្មជាតិ​នេះ​រដ្ឋបាល​ខេត្តកំពត​ត្រូវ​ដឹកនាំ​សម្របសម្រួល​ដល់​រដ្ឋបាល​ស្រុក​ក្រុង​ឃុំ​សង្កាត់​ត្រួតពិនិត្យ​អំពី​ប្រភពទឹក​ក្នុង​មូលដ្ឋាន​។​ទាំង​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ក៏ដូចជា​បង្កបង្កើនផល​រដូវប្រាំង​។​ត្រូវ​ចេះ​វាយតម្លៃ​នូវ​រយៈពេល​នៃ​ការប្រើប្រាស់​ប្រភពទឹក​ទាំងនេះ​ដើម្បី​មាន​វិធានការ​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​។

​ជាមួយនេះ​រដ្ឋបាលខេត្ត​ត្រូវ​ត្រៀម​អន្តរាគមន៍​ដោះស្រាយ​ទឹក​ជូន​ប្រជាជន​នៅ​មូលដ្ឋាន​ដែលមាន​ការខ្វះខាត​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ដោយ​មិនត្រូវ​ទុកឱ្យ​ពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​លើ​បញ្ហា​ទឹក​ដាច់ខាត​។ លោក​ទេសរដ្ឋមន្ត្រី​បាន​រំលឹក​ផងដែរ​ថា​ទន្ទឹមនឹងនោះ​មន្ទីរ​សុខាភិបាល​និង​មន្ទីរ​កសិកម្ម​ត្រូវធ្វើ​ផែនការ​ណែនាំ​ប្រជាជន​ឱ្យ​ថែរក្សា​សុខភាព​បង្ការ​នូវ​ជំងឺ​រាតត្បាត​ព្រមទាំង​យកចិត្តទុកដាក់​ព្យាបាល​ឱ្យទាន់​ពេលវេលា​ចំពោះ​អ្នកជំងឺ​ដែល​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស និង​តាមរយៈ​សត្វ​ចិញ្ចឹម​ក្នុង​គ្រួសារ ឬ​កសិដ្ឋាន​នានា​៕S/Ha