ការគ្រប់គ្រង​១០​ឆ្នាំ​របស់លោក​ណេ​តាន់​យ៉ា​ហ៊ូ​កំពុង​រង​ការគំរាមកំហែង ខណៈដែល​បក្ស​របស់គាត់​និង​បក្សប្រឆាំង​ខកខាន​ទទួលបាន​សំឡេង​ភាគច្រើន​

170
ចែករម្លែក

​អ៊ីស្រាអែល​នៅតែ​ជាប់គាំង​ខាង​នយោបាយ​កាលពី​យប់​ថ្ងៃ​ពុធ​ទី​១៨​កញ្ញា ខណៈ​ការបោះឆ្នោត​លើក​ទី​២​ក្នុង​រយៈពេល​៥​ខែ​បាន​បរាជ័យ​ក្នុងការ​បំបែក​ភាពទាល់ច្រក​រវាង​លោក​បេន​យ៉ា​មីន ណេ​តាន់​យ៉ា​ហ៊ូ និង គូប្រជែង​របស់គាត់​។​

​គណបក្ស Likud របស់​ណេ​តាន់​យ៉ា​ហ៊ូ មាន ៣១ អាសនៈ ខណៈដែល​គូប្រជែង​គឺ​លោក បិ​ន​នី ហ្គា​ន់ និង​គណបក្ស​ចលនា​ខៀវ​ស​របស់គាត់​មាន ៣២ អាសនៈ ជាមួយ​សន្លឹកឆ្នោត ៩០ ភាគរយ​ត្រូវបាន​រាប់​។​

​គ្មាន​បក្ស​ណាមួយ​ឈ្នះ​ដាច់​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​ក្នុង​សភា​ដែលមាន​១២០​អាសនៈ​នោះទេ ដោយ​នាំឱ្យមាន​ការរំពឹង​អំពី​ការបង្កើត​រដ្ឋាភិបាល​រួបរួម​មួយ​។​

​ហានិភ័យ​គឺមាន​ខ្ពស់​សម្រាប់​លោក​ណេ​តាន់​យ៉ា​ហ៊ូ ដែល​កំពុង​ប្រឈមមុខ​នឹង​ការស៊ើបអង្កេត​ពុករលួយ ហើយ​ប្រហែលជា​មិនអាច​ការពារ​ការចោទប្រកាន់​ព្រហ្មទណ្ឌ​បានទេ ប្រសិនបើ​គាត់​បាត់បង់​អំណាច​។​

​វិបត្តិ​នយោបាយ​បាន​បង្ខំ​ឱ្យ​លោ​កណេ​តាន់​យ៉ា​ហ៊ូ​លុបចោល​ដំណើរ​ទៅកាន់​អង្គការសហប្រជាជាតិ​នៅ​សប្តាហ៍​ក្រោយ កន្លែង​ដែល​គាត់​សង្ឃឹមថានឹង​បាន​ជួប​មិត្តភក្តិ​របស់គាត់ លោក​ដូ​ណា​ល់ ត្រាំ​។​

​នាយករដ្ឋមន្ត្រី ដែល​កាន់អំណាច​យូរ​ជាងគេ​របស់​អ៊ីស្រាអែល​រូបនេះ បាន​ខ្ចី​យុទ្ធសាស្ត្រ​ពី​សៀវភៅ​កលល្បិច​របស់លោក​ត្រាំ ដោយ​សង្ឃឹមថានឹង​ឈ្នះ​សំឡេង​ភាគច្រើន ដោយ​ធ្វើការ​រិះគន់​ខ្លាំងៗ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង ចោទប្រកាន់ថា​មានការ​ឃុបឃិត​គ្នា​ប្រឆាំងនឹង​រូបគាត់​។​

​ដោយ​សង្ឃឹមថានឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​មូលដ្ឋាន​របស់គាត់ គាត់​បានធ្វើ​ការអះអាង​ដោយ​គ្មាន​មូលដ្ឋាន​អំពី​ការ​ក្លែងបន្លំ​សន្លឹកឆ្នោត​នៅតាម​សង្កាត់​អារ៉ាប់ និង បើក​ការវាយប្រហារ​ពាក្យសម្តី​ជា​បន្តបន្ទាប់​ទៅលើ​ជនជាតិភាគតិច​អារ៉ាប់​នៅ​អ៊ីស្រាអែល​។​

​ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​ហាក់​ជះ​ភ្លើង​ដាក់​គាត់​វិញ ខណៈ​ចំនួន​អ្នក​ចេញទៅ​បោះឆ្នោត​បាន​កើនឡើង​ខ្ពស់​នៅតាម​ទីក្រុង​សម្បូរ​ពួក​អារ៉ាប់ និង បាន​ជួយ​បដិសេធ​លោក​ណេ​តាន់​យ៉ា​ហ៊ូ​នូវ​សំឡេង​ភាគច្រើន​ក្នុង​សភា​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ី​ស្រា​អ៊ែ​ល​បានឱ្យដឹងថា សម្ព័ន្ធ​គណបក្ស​បញ្ជី​រួម​អារ៉ាប់ គ្រោង​នឹង​ក្លាយជា​ប្លុក​គណបក្ស​ធំ​បំផុត​ទី​៣ នៅក្នុង​សភា ជាមួយ​អាសនៈ​ចំនួន ១៣​។​

​លោ​កណេ​តាន់​យ៉ា​ហ៊ូបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​នៅ​ទីក្រុង​ហ្ស៊េ​រុយ​សា​ឡិ​ម​ថា “​មាន​ជម្រើស​តែ​ពីរ​ប៉ុណ្ណោះ គឺ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ខ្ញុំ ឬ រដ្ឋាភិបាល​គ្រោះថ្នាក់​ដឹកនាំ​ដោយ​បណ្តា​គណបក្ស​អារ៉ាប់​”​។

​លោក​និយាយទៀតថា “​ក្នុង​គ្រា​លំបាក​មិន​ធ្លាប់​ជួប​បែបនេះ នៅពេល​យើង​កំពុង​ប្រឈម​នឹង​សន្តិសុខ​ដ៏​សម្បើម និង ការ​ប្រឈម​ខាង​នយោបាយ វា​មិនអាច​ត្រូវមាន​រដ្ឋាភិបាល ដែល​ពឹង​ផ្អែកលើ​ក្រុម​គណបក្ស​អារ៉ាប់​ដែល​ប្រឆាំង​ជនជាតិ​ជ្វី​ហ្វ​នោះទេ​”​។

​ថ្លែង​ទៅ​អ្នកគាំទ្រ​ក្នុង​ទីក្រុង​តែ​ល​អាល់​វីវ លោក​ហ្គា​ន់​បាន​អំពាវនាវ “​ឱ្យមាន​រដ្ឋាភិបាល​រួបរួម​ដ៏​ធំ​ទូលាយ​មួយ​” ប៉ុន្តែ​បាន​ក្រើន​រំលឹកថា គាត់​កំពុង​អ៊ុត​មើល​លទ្ធផល​ផ្តាច់ព្រ័ត្រ​សិន​។

​អតីត​មេទ័ព​កំពូល​អ៊ីស្រាអែល​រូបនេះ​និយាយថា “​យើង​នឹងធ្វើ​ចំណាត់ការ​ដើម្បី​បង្កើត​រដ្ឋាភិបាល​រួបរួម​ដ៏​ធំ​មួយ ដែល​នឹង​បង្ហាញ​ពី​ឆន្ទៈ​របស់​ប្រជាជន​”៕ ដោយ៖ កញ្ញាដាលីស

លោ​កណេ​តាន់​យ៉ា​ហ៊ូ​ប្រឈម​ការចោទប្រកាន់​ពីបទ​ពុករលួយ ប្រសិនបើ​អស់អំណាច