ការឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នឹង​ចាប់ផ្តើម​ប់​ពី​ថ្ងៃទី​១០-២៣ កុម្ភៈ​

153

(​ភ្នំពេញ​) ៖ នៅ​ថ្ងៃទី​៧ ខែកុម្ភៈ​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) ចេញ​សេចក្តីប្រកាស​ព័ត៌មាន​អំពី​ផ្តល់​ការ​ផ្សព្វ​​ផ្សាយ​ស្មើភាព​គ្នា លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋ ជូន​គណបក្សនយោបាយ​។​

​តាមរយៈ​សេចក្ដីប្រកាស​ព័​ត៌​មា​នេះ គ​.​ជ​.​ប​បាន​បញ្ជាក់ថា ការឃោសនាបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្ត​ទៅក្នុង​រយៈ ពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ ដើម្បីឱ្យ​ដំណើរការ​ឃោសនា​នេះ​ប្រព្រឹត្ត​ទៅដោយ​​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានរៀបចំ​កម្មវិធី ស្មើភាព និង​សមធម៌ សម្រាប់​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ហើយ​កម្មវិធី​នេះ​ត្រូវ​កំណត់​ដូចខាងក្រោម ៖

-​កម្មវិធី​ពិភាក្សា​តុមូល​តាម​ប្រធានបទ រវាង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ឬ​តំណាង​គណបក្សនយោបាយ​អំពី​កម្មវិធី​នយោបាយ​របស់ខ្លួន ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ កម្មវិធី​នេះ​នឹង​ចាក់ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា (​ទ​ទក​) វេលា​ម៉ោង ១៣:៣០​នាទី ដល់ ១៤:៣០​នាទី និង​ផ្សាយ​ឡើងវិញ​នៅវេលា​ម៉ោង ២១:១៥​នាទី ដល់ ២២:១៥​នាទី ពីថ្ងៃ​ទី​១០ ដល់​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨​។​

-​កម្មវិធី​ចាក់ផ្សាយ​ស្ប៉ត​របស់​គណបក្សនយោបាយ​តាម​វិទ្យុ និង​ទូរទស្សន៍​រដ្ឋ​។​

-​ការបោះពុម្ពផ្សាយ​អត្ថបទ​ឃោសនា​អំពី​គោលនយោបាយ និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​នយោបាយ​ឬ​ប្រសាសន៍​ដើម​ទាំងស្រុង​​របស់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​លើ​ព្រឹត្តិបត្រ​គោលនយោបាយ ដែល​បាន​បោះពុម្ពផ្សាយ​ដោយ គ​.​ជ​.​ប ចំនួន ២ (​ពីរ​) លេខ ដោយ ១ (​មួយ​) លេខ មាន ២ ទំព័រ ដូចគ្នា ។​

​លើសពីនេះ គ​.​ជ​.​ប បានសម្រេច​បង្កើត​គណៈ​កម្ម​ការសម្របសម្រួល ដើម្បី​ជួបពិភាក្សា​ជាមួយ​ប្រព័ន្ធ ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ និង​ឯកជន និង​ភាគី​ពាក់ព័ន្ធ ពន្យល់​ណែនាំ​អំពី​បទបញ្ជា​និង​នីតិវិធី ក្រមសីលធម៌ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ដំណើរការ​បោះឆ្នោត និង​គោលការណ៍​ណែនាំ​អំពី ការឃោសនាបោះឆ្នោត​រប​ស់ គ​.​ជ​.​ប ។ ទន្ទឹមនឹងនេះ គ​.​ជ​.​ប ក៏​បានចេញ​គោលការណ៍​មួយចំនួន​ដល់​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ឯកជន​សម្រាប់​អនុវត្ត ក្នុងពេល​ឃោសនាបោះឆ្នោត ដោយ​ផ្តល់ឱ្យ​ម៉ោង​ផ្សព្វផ្សាយ​ឬ​លក់​ម៉ោង​ឱ្យ​គណបក្សនយោបាយ​ត្រូវ​ឈរ​​លើ គោលការណ៍​ស្មើភាព ។ គោលការណ៍​នោះ​មាន​ជាអាទិ៍ៈ ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ឯកជន ដែលមាន​បំណង លក់​ឬ​ជួល​ម៉ោង​ផ្សព្វ​​ផ្សាយ​ឱ្យ​គណបក្សនយោបាយ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​កម្មវិធី​គោលនយោបាយ ៖

-​ត្រូវ​ប្រកាស​ជា​សាធារណៈ អំពី​ម៉ោង​សម្រាប់​ជួល និង​តម្លៃ ទៅគ្រប់​គណបក្សនយោបាយ និង​ត្រូវ​ផ្តល់ព័ត៌មាន​មក គ​.​ជ​.​ប ។​

-​ការលក់ ឬ​ជួល​ម៉ោង​ឱ្យ​គណបក្សនយោបាយ ត្រូវ​ផ្អែក​តាម​គោលការណ៍​ស្មើភាព តម្លាភាព និង​ហាម​ដាច់ខាត​ចំពោះ​ការលក់ ឬ​ជួល​ម៉ោង​ផ្សាយ​ឱ្យ​គណបក្សនយោបាយ​ណាមួយ​ផ្តាច់មុខ​៕​ដោយ​៖​វិបុល​/sn