ការងារ​ជាង​ស្មិត​អាចជួយ​ខ្ញុំ​ឲ្យ​រួច​ផុតពី​សេចក្តីស្លាប់​

287
ចែករម្លែក
-​សូ សន កំពុងផ្តល់​បទសម្ភាសន៍​ដល់ ដា​រ៉ា​រដ្ឋ មេត្តា បុគ្គលិក​ទស្សនាវដ្ដី​ស្វែងរក​ការពិត​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅ​សាលាឃុំ​ពងទឹក ស្ថិតនៅក្នុង​ស្រុក​រំដួល ខេត្តស្វាយរៀង នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០​។​
(​ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​ដា​រ៉ា​រដ្ឋ មេត្តា មជ្ឈមណ្ឌលឯកសារកម្ពុជា/ភ្នំពេញៈ​ខ្ញុំ​ឈ្មោះ នូ សន ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ​។ ខ្ញុំ​រស់នៅ​ភូមិ​ព្រៃ​ស្រគុំ ឃុំ​ពងទឹក ស្រុក​រំដួល ខេត្តស្វាយរៀង​។ ខ្ញុំ​បាន​រៀនសូត្រ​ត្រឹម​ថ្នាក់​ទី​៨ នៅ​សាលាបឋមសិក្សា​ពងទឹក​។ បន្ទាប់មក ខ្ញុំ​បាន​ឈប់រៀន ហើយ​បួស​ជា​ព្រះសង្ឃ​នៅ​វត្ត​ទួល​តាកែវ ស្ថិតនៅ​ក្នុងភូមិ​របស់​ខ្ញុំ​។ ក្នុងអំឡុង​ពេលដែល​ខ្ញុំ​បួស​ជា​ព្រះសង្ឃ ខ្ញុំ​បាន​ឆ្លៀត​បង្រៀនអក្សរ​ដល់​សិស្ស​ក្មេងៗ​ឲ្យ​ចេះ​អាន និង​ចេះ​សរសេរ​។ ខ្ញុំ​បាន​បួស និង​បង្រៀន​សិស្ស​នៅ​សាលា​វត្ត​ទួល​តាកែវ​បាន​រយៈពេល​បួន​ឆ្នាំ រហូតដល់​កើតមាន​រដ្ឋប្រហារ​នៅ​ឆ្នាំ​១៩៧០ ទើប​ខ្ញុំ​សឹក​។ ក្រោយមក​ខ្ញុំ​បាន​ចូលរៀន​ខាង​ផ្នែក​ជាង​ស្មិត​ជាមួយ​តា ឯម ជិត នៅ​រោង​ជាង​តូច​មួយ នៅក្នុង​ភូមិ​។​

ដង​ដាវ និង​ដងកាំបិត​ខ្វែវ ធ្វើ​ពី​ឈើ​ក្រញូង លម្អ​ដោយ​ក្បាច់រចនា​ធ្វើ​អំពី​ស្ពាន​ស្រោប​ពីលើ​។​
(​ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ប្រជាជន​នៅក្នុង​ភូមិ​ឃុំ​របស់ខ្ញុំ​បាន​ស្គា​ល់តា ឯម ជិត យ៉ាងច្បាស់​ព្រោះ​គាត់​មានចំណេះ​វិជ្ជា​ខាង​ជាង​ស្មិត​តាំងពី​សម័យមុន​។ គាត់​ចេះ​ធ្វើ​ឧបករណ៍ប្រើប្រាស់​ជាច្រើន​ប្រភេទ​ពី​លោហធាតុ សម្រាប់​ប្រជាជន​ប្រើប្រាស់​ប្រចាំថ្ងៃ និង​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​។ គាត់​ធ្វើ​ឧបករណ៍​ពី​លោហធាតុ​ទាំងនោះ​បាន​ស្អាត មានគុណ​ភាព និង​ប្រើប្រាស់​បានយូរ​អង្វែង​។​


​ខ្ញុំ​បាន​គិតថា នៅពេល​ខ្ញុំ​រៀន​ជាង​ស្មិត​ចេះ​នឹង​អាច​ប្រកប​របរ​ចិញ្ចឹម​ខ្លួន និង​ប្រពន្ធ​កូន​បាន​។ នៅពេល​ខ្ញុំ​ចូលរៀន​ដំបូង ខ្ញុំ​រៀន​ដំ​ដែក​ធ្វើ​កាំបិត និង កណ្ដៀវ ដែលជា​ឧបករណ៍​ងាយស្រួល​ធ្វើ​។ ក្រោយមក ខ្ញុំ​បាន​រៀន​ធ្វើ​ពូថៅ ចប ផាល​នង្គ័ល ទៀត​។ ប្រជាជន​ដែលមាន​វ័យ​ចំណាស់​រស់នៅ​ក្នុងភូមិរ​បស់​ខ្ញុំ​មួយចំនួន​នៅក្នុង​សម័យ​នោះ​ស្រឡាញ់​ឧបករណ៍ប្រើប្រាស់​ដែល​ធ្វើ​ពី​លោហធាតុ​ដូចជា ពូថៅ កាំបិតផ្គាក់ ខ្វែវ និង​កាំបិតបន្ទោះ​ណាស់ ដោយមាន​ឆ្លាក់ និង​រចនា​ដង​ឈើ​បន្ថែមទៀត​។ ចាស់ៗ​ទាំង​នោះបាន​ថែរក្សា និង​ទុកដាក់​ឧបករណ៍ប្រើប្រាស់​ទាំងនោះ​យ៉ាង​គត់មត់​ដូច​ទៅនឹង​របស់របរ​មាន​តម្លៃ​របស់គាត់​ដូច្នេះ​ដែរ​។​ចាស់ៗ​ទាំងនោះ​ក៏​មិន​ងាយ​នឹង​ឲ្យ​ឧបករណ៍ប្រើប្រាស់​របស់​គាត់​ទាំងនោះ​ទៅ​អ្នកផ្សេង​ខ្ចី​ដែរ លុះត្រាតែ​ស្គាល់​អ្នក​ខ្ចី​នោះ​ច្បាស់លាស់​។


​ដោយសារ​ខ្ញុំ​ពេញ​រៀន​ចិត្ត​មុខវិជ្ជា​ជាង​ស្មិត ទើប​ខ្ញុំ​រៀន​ឆាប់​ចេះ រហូត​ខ្ញុំ​អាចធ្វើ​ឧបករណ៍​ផ្សេងៗ​សម្រាប់​អ្នកភូមិ​ប្រើប្រាស់​បាន​។ ឧបករណ៍​ដែល​ខ្ញុំ​ធ្វើបាន​ស្អាត​ជាងគេ និង​ងាយស្រួល​ធ្វើ​ជាងគេ​គឺ​កណ្តៀវ​។​ខ្ញុំ​បានធ្វើ​ជាជាង​ស្មិត​នៅក្នុង​ភូមិ​រហូតដល់​ឆ្នាំ​១៩៧៥​។ នៅ​ឆ្នាំ​១៩៧៦ ភូមិ​របស់ខ្ញុំ​និង​ភូមិ​ចំនួន​បី​ទៀត​គឺ ភូមិ​ទួល​តាកែវ​, ភូមិ​អណ្ដូង​ក្រសាំង និង​ភូមិ​ទួល​តា​យួន ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​វៀតណាម​ត្រូវបាន​ខ្មែរក្រហម​ជម្លៀសចេញ ព្រោះ​ខ្មែរក្រហម​សង្ស័យថា​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​ទាំំ​ង​នេះ​ឃុបឃិត​ជាមួយ​វៀតណាម​។ ចំណែក​ប្រជាជន​ក្នុងភូមិ​ចំនួន​៥​ទៀត​មិន​ត្រូវបាន​ខ្មែរក្រហម​សង្ស័យ​ឡើយ គឺ​ខ្មែរក្រហម​បានអនុញ្ញាត​ឲ្យ​ប្រជាជន​ទាំងនោះ​រស់នៅក្នុង​ភូមិ​នោះ​ដដែល រួមមាន ៖ ភូមិ​ត្រពាំង​ផ្អាវ​, ភូមិ​បុស​តូច​, ភូមិ​សេក​យំ​, ភូមិ​ព្រៃ​តា​យ័ន្ត និង​ភូមិ​ត្រពាំង​ថ្កូវ​។

វត្ត​ទួល​តាកែវ ស្ថិតនៅក្នុង​ស្រុក​រំដួល ខេត្តស្វាយរៀង​។​
(​ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ខ្ញុំ​និង​ប្រជាជន​នៅក្នុង​ភូមិ​ដែល​ខ្មែរក្រហម​សង្ស័យ ត្រូវបាន​ជម្លៀស​ឲ្យ​ទៅ​រស់នៅ​ឃុំ​ជ្រុង​ពពេល ដែលមាន​ចម្ងាយ​ប្រមាណ​ជាង​១៥​គីឡូម៉ែត្រ​ពី​ភូមិ​ចាស់​ដែល​ខ្ញុំ​ធ្លាប់​រស់នៅ​។ មួយឆ្នាំ​ក្រោយមក គឺ​នៅក្នុង​ឆ្នាំ​១៩៧៧ ខ្ញុំ​ត្រូវបាន​ជម្លៀស​បន្ត​ឲ្យ​ទៅ​រស់នៅ ឃុំ​ជី​ផុ​ច ស្ថិតនៅក្នុង​ស្រុក​មេសាង ខេត្តព្រៃវែង វិញ​។ ខ្ញុំ​បាន​ទៅដល់​ស្រុក​មេសាង ខេត្តព្រៃវែង​ចំពេល​រដូវ​ប្រមូល​ផល និង​មាន​ស្រូវ​ទុំ​ពណ៌​មាស​ពាសពេញ​វាលស្រែ​។​
បន្ទាប់ពី​ខ្ញុំ​បាន​ទៅដល់​ឃុំ​ជី​ផុ​ច​បាន​មួយរយៈ មេភូមិ​បាន​សួររក​អ្នក​ដែល​ចេះ​ធ្វើ​កណ្ដៀវ​។ ដោយសារ​ខ្ញុំ​មិន​ចង់​ឲ្យ​មេភូមិ​ដឹង​ពី​ប្រវត្តិ​របស់ខ្ញុំ និង​មិន​ចង់​ធ្វើ​កិច្ចការ​នេះ ទើប​ខ្ញុំ​ឆ្លើយ​កុហក់​។ ប៉ុន្តែ​ក្នុងចំណោម​ប្រជាជន​ដែល​ខ្មែរក្រហម​ជម្លៀស​ទៅជា​មួយ​ខ្ញុំ និង​ប្រជាជន​ដែល​ធ្លាប់​រស់នៅ​ជិត​ភូមិ​របស់ខ្ញុំ​បាន​ប្រាប់​មេភូមិ​តាម​ត្រង់​ថា ខ្ញុំ​ចេះ​ធ្វើ​កណ្តៀវ និង​ធ្លាប់​បង្រៀន​ក្មេងៗ​នៅ​សាលា​វត្ត​។ ទោះបីយ៉ាងណា មេភូមិ​ដែល​បាន​សួរ​ខ្ញុំ​មិនបាន​យកទោស​ពៃរ៍​ខ្ញុំ​ឡើយ​។ ចាប់តាំងពី​ពេលនោះ​មក មេភូមិ​ក៏បាន​ចាត់តាំង​ឲ្យ​ខ្ញុំ​ធ្វើការ​នៅក្នុង​ក្រុម​ជាង​ធ្វើ​កណ្ដៀវ​។ កង​ធ្វើ​កណ្តៀវ​នេះ​ត្រូវបាន​បែងចែក​ជា​បី គឺ​ក្រុម​ជាង​ធ្វើ​ណ្តៀ​វ ក្រុម​រក​ធ្យូង និង​ក្រុម​រក​ដែក​។ ដោយសារ​ពិបាក​ធ្យូង​រក ក្រុម​របស់ខ្ញុំ​ត្រូវ​កាប់ និង​ដុត​ដើម​ផ្ចឹក​ធំៗ​ដែលមាន​ខ្លឹម​ដើម្បី​យក​ធ្យូង​ល្អៗ​យក​ប្រើប្រាស់​នៅ​ឡដែក​។ ចំណែក​ដែក​វិញ​មិន​ពិបាក​រក​ទេ ព្រោះ​ក្រុម​របស់ខ្ញុំ​អាច​យក​បំណែក​អំបែង​គ្រាប់​បេយក​មក​ធ្វើជា​ឧបករណ៍ប្រើប្រាស់​បាន​។


​មាន​មិត្ត​នារីៗ​នៅក្នុង​ភូមិ​តែងតែ​មក​ពឹងពាក់​ខ្ញុំ​ឲ្យ​ជួយ នៅពេល​កណ្តៀវ​របស់​មិត្ត​នារី​ទាំងនោះ​ច្រូត​លែង​មុត​។ ខ្ញុំ​សង្កេតឃើញថា​កណ្ដៀវ​រប​ស់​មិត្ត​នារីៗ​ទាំងនោះ​ច្រូត​មិន​មុត ដោយសារ​ផ្លែ​កណ្តៀវ​ធ្វើ​ពី​ដែក​ទន់ និង​ចិត​មុខ​មិនបាន​ស្រួច ដូច្នេះ​នៅពេល​ច្រូតស្រូវ​យូរ​នឹង​ឆាប់​រឹល​។ ដោយសារ​ខ្ញុំ​ធ្វើ​កណ្ដៀវ​បាន​ស្អាត និង​មុត ទើប​ប្រធាន​ក្រុម​ស្រឡាញ់ និង​ពេញចិត្ត​ខ្ញុំ​។ ដូច្នេះ ខ្ញុំ​ទទួលបាន​របប​អាហារ​ច្រើនជាង​ប្រជាជន​ជម្លៀស​ផ្សេងទៀត ព្រោះ​ក្រៅពី​ធ្វើ កណ្ដៀវ ខ្ញុំ​អាច​បានធ្វើ​កាំបិត ចប និង​ឧបករណ៍​ផ្សេងៗ​ទៀត​សម្រាប់​ប្រជាជន​នៅក្នុង​សហករណ៍​ប្រើប្រាស់​។ ទោះបី​យ៉ាង ការងារ​ជាង​ស្មិត គឺ​ខ្ញុំ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ដើម្បី​ដំ​ដែក និង​ត្រូវ​កម្តៅ​ជាប្រចាំ​។ ខ្ញុំ​មិនដែល​គិតថា​មុខរបរ​នេះ​អាចជួយ​ឲ្យ​ខ្ញុំ​អាច​រួច​ផុតពី​សេចក្ដីស្លាប់ និង​បាន​ហូប​គ្រប់គ្រាន់​ឡើយ​។​

-​សាលាបឋមសិក្សា​តាកែវ ស្ថិតនៅក្នុង​ស្រុក​រំដួល ខេត្តស្វាយរៀង​។​
(​ប្រភព​រូបថត​៖ បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​នៅក្នុង​ឆ្នាំ​១៩៧៨ ខ្មែរក្រហម​បានរៀបចំ​ជម្លៀស​ប្រជាជន​ជាច្រើន​គ្រួសារ​ដែល​រស់នៅក្នុង​ឃុំ​ជី​ផុ​ច ស្រុក​មេសាង ខេត្តព្រៃវែង ឲ្យ​ទៅកាន់​ខេត្តពោធិ៍សាត់​។ នៅ​ថ្ងៃ​ចេញដំណើរ មេភូមិ​បានរៀបចំ​អាហារ​ជាច្រើន​សម្រាប់​ប្រជាជន​ហូប​តាមផ្លូវ​។ មេភូមិ​បាន​កាប់​គោ និង​ជ្រូក​ធ្វើ​ម្ហូប ហើយ​បាន​និយាយថា នៅពេល​ទៅដល់​ពោធិ៍សាត់​បងប្អូន​នឹងមាន​អាហារ​ហូប​ច្រើន​ជាងនេះទៀត​។ ប្រជាជន​ជម្លៀស​បានធ្វើ​ដំណើរ​ទៅដល់​អ្នក​លឿង និង​ឈប់​រង់ចាំ​កប៉ាល់ទឹក​មក​ដឹកជញ្ជូន​បន្តទៅ​កាន់​ខេត្តពោធិ៍សាត់​។ ប៉ុន្តែ​នៅពេល​មេក្រុម​របស់ខ្ញុំ​មិនបាន​កត់​ឈ្មោះ​ខ្ញុំ និង​គ្រួសារ​ឲ្យ​ទៅ​ខេត្តពោធិ៍សាត់​ជាមួយ​ប្រជាជន​ជម្លៀស​ទាំង​នោះទេ​។ ដូច្នេះ​ខ្ញុំ​ក៏បាន​សុំ​មេក្រុម​ឲ្យ​បញ្ជូន​ឈ្មោះ​ខ្ញុំ និង​គ្រួសារ​ទៅ​ដែរ ដោយ​ខ្ញុំ​បាន​ប្រាប់ថា​ខ្ញុំ​ចង់ទៅ​ជុំ​ជាមួយ​អ្នកភូមិ​ខ្ញុំ ព្រោះ​យើង​មកពី​ភូមិ​ជាមួយគ្នា​។ មេក្រុម​ដែល​បាន​ស្គាល់​ខ្ញុំ​បាន​លួចខ្សឹប​ប្រាប់​ខ្ញុំ​ថា «​អ្នក​ទាំងនោះ​នឹងត្រូវ​បាន​យកទៅ​សម្លាប់ ដូច្នេះ​សូម​មិត្ត​កុំទៅ​»​។ ខ្ញុំ​នៅតែ​មិន​ជឿ​ពាក្យសម្ដី​របស់​មេក្រុម​។ មេក្រុម​បាន​ចាត់តាំង​ឲ្យ​ខ្ញុំ​នៅ​ធ្វើ​កណ្ដៀវ នៅ​ឃុំ​ជី​ផុ​ច រហូតដល់​កងទ័ព​វៀតណាម​ចូលមក​រំដោះ នៅក្នុង​ឆ្នាំ​១៩៧៩ ទើប​ខ្ញុំ​វិល​ត្រឡប់មក​រស់នៅ​ស្រុក​រំដួល​វិញ​។


​នៅ​ឆ្នាំ​១៩៨៧ ខ្ញុំ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​អនុ​ឃុំ​ពងទឹក ហើយ​ឆ្លៀតពេល​ខ្ញុំ​ទំនេរ​ខ្ញុំ​បាន​ប្រកបមុខរបរ​ធ្វើ​កាំបិត និង​កណ្ដៀវ​។ ក្នុង​មួយថ្ងៃ​ខ្ញុំ​អាចធ្វើ​កណ្ដៀវ​បាន​ប្រមាណ​១០០ សម្រាប់​អ្នកភូមិ​ដែល​ទិញ​យកទៅលក់​បន្ត​នៅតាម​ភូមិ​ស្រុក​ផ្សេង​។ មុខរបរ​ធ្វើ កាំបិត និង កណ្ដៀវ របស់ខ្ញុំ​អាច​រកប្រាក់​ចិញ្ចឹម​គ្រួសារ ប៉ុន្តែ​ក៏​ហត់នឿយ​ខ្លាំង​ដែរ​។ ក្រោយមក​ខ្ញុំ​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​ឃុំ រហូតដល់​ខ្ញុំ​ត្រូវ​ចូល​និវត្ត​នៅ​ឆ្នាំ​២០១៧៕SRN