ការងារ​ជួយ​សង្គ្រោះ​កំពុង​ធ្វើ​ឡើង​ក្រោយ​រញ្ជួយ​ដី​សម្លាប់​មនុស្ស​១២​នាក់​នៅ​ចិន​

474
ចែករម្លែក

ការងារ​ជួយ​សង្គ្រោះ​កំពុង​ធ្វើ​ឡើង​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​មិថុនា បន្ទាប់​ពី​រញ្ជួយ​ដី​ល្មម​មួយ​វាយប្រហារ​ចិន​ភាគ​និរតី ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​១២​នាក់​និង​១៣៤​នាក់​​រងរបួស​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​បាន​រាយការណ៍​ថា រញ្ជួយ​ដី​កម្លាំង​៦​រិ​ច្ឆ​ទ័របាន​វាយប្រហា​រខេត្ត​ស៊ីឈ័ន​របស់​ចិនកាល​ពី​ថ្ងៃ​ចន្ទ​ទី​១៧​មិថុនា ។​មាន​រញ្ជួយ​តិចៗ​តាម​ក្រោយ​យ៉ាងតិច​ចំនួន​៤ ដោយ​ធំជាងគេ​មាន​កម្លាំង​៥,១​រិ​ច្ឆ​ទ័​រ រហូតដល់​ព្រឹក​ថ្ងៃ​អង្គារ​។​

​អ្នក​ជួយ​សង្គ្រោះ​បាន​រួសរាន់​ទៅកាន់​តំបន់​រងគ្រោះ​ទាំង​ភ្លៀង​នៅ​ជិត​ស្នូល​រញ្ជួយ​ដី នៅ​ក្រៅ​ក្រុង​យី​ប៊ីន​។​រញ្ជួយ​ដី​បាន​កើត​ឡើង​នៅ​ម៉ោង​ប្រមាណ​១០:៥៥​យប់​នៅ​ជំរៅ​១៦​គី​ឡូ​​ម៉ែត្រ​។​

​ផ្នែក​អង្កេត​ភូមិសាស្ត្រ​អាម៉េរិក​បាន​សង្កេតឃើញ​រញ្ជួយ​នេះ​មាន​កម្លាំង​៥,៨​រិ​ច្ឆ​ទ័​រ​។​

​សណ្ឋាគារ​មួយ​នៅ​ជិត​ស្នូល​រញ្ជួយ​បានរ​លំបាក់ តែ​គេ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​មាន​អ្នកស្លាប់​ឬ​រងរបួស​ដែរ​ឬ​អត់​ទេ​។​ស្នាម​ប្រេះ​ក៏​មាន​នៅ​លើ​ផ្លូវ​ហាយវ៉េ​ជាច្រើន​ផងដែរ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​បាន​រាយការណ៍​បន្ថែ​ម​ថា អ្នក​ពន្លត់​អគ្គិភ័យ​ជាង​៣០០​នាក់​ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែង​កើតហេតុ​ហើយ​បុគ្គលិក​ជួយសង្គ្រោះ​បាន​បញ្ជូន​​ជម្រក​តង់​៥.០០០ គ្រែ​បត់​១០.០០០ និង​គ្រឿង​ផ្គត់ផ្គង់​គ្រាអាសន្ន​ជាច្រើន​ទៀត​។​

​សូមបញ្ជាក់​ថា រញ្ជួយ​ដី​តែង​កើតមាន​នៅ​ស៊ី​ឈ័ន កន្លែង​ដែល​រញ្ជួយ​កម្លាំង​៧,៩​រិ​ច្ឆ​ទ័រមួយ​បានសម្លាប់ឬ​ធ្វើអោយ​បាត់​ខ្លួន​មនុស្ស​៨៧.០០០​នាក់​កាលពី​ឆ្នាំ​២០០៨៕​ប្រែ​សម្រួល​៖​វាសនា​

បុគ្គលិក​ជួយសង្គ្រោះ ស្វែងរក​មនុស្ស​នៅ​ជាប់​ក្រោម​គំនរ​បាក់បែក​នៃ​អាគារ​ក្រោយ​រញ្ជួយ​ដី​នៅ​ក្រុង យី​ប៊ីន ខេត្ត​ក្រុង​ស៊ី​ឈ័ន​