ការងារ​ដែល​យូ​ដូ នឹងត្រូវ​ធ្វើ​ឲ្យ​បាន នៅ​ឆ្នាំនេះ​

169
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ខេ​មរ​សហព័ន្ធ​យូ​ដូ បានបង្ហាញ​ពី គម្រោង​ការងារ​ជាច្រើន ដែល​នឹងត្រូវ​សម្រេច ក្នុង​ឆ្នាំ​២០១៩​នេះ ឲ្យ​ខាងតែបាន ។ នេះ​បើតាម​ការអះអាង​ពី​លោក ណាំង រ៉ាវុធ ដែលជា​អគ្គលេខាធិការ របស់​សហព័ន្ធ​។​

​ទោះបី​បញ្ជី​កំណត់​ប្រភេទ​កីឡា សម្រាប់​ទៅ​ចូលរួម​ប្រកួត​កីឡា ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ចុង​ឆ្នាំនេះ មិនទាន់​បញ្ចេញ ក៏ពិតមែន តែ​សហព័ន្ធ​មួយ​នេះ មាន​ជំនឿ​ចិត្ត​ថា យូ​ដូ នឹងមាន​ឈ្មោះ ទៅ​ចូលរួម​ជាមិនខាន ព្រោះ​យូ​ដូ ជា​ប្រភេទ​កីឡា ដែលមាន​សក្ដានុពល មួយ​គ្រាន់បើ​ដែរ​។​

​លោក​អគ្គលេខាធិការ បាន​បន្តថា សហព័ន្ធ កំពុងតែ​រៀបចំ ពង្រឹង​គណៈកម្មការ​ប​ច្ចេកទេស ដោយ​រៀបចំ​លក្ខ​ខ័​ណ្ឌ និង​ការប្រឡង​ខ្សែក្រវាត់​ពី ស ដល់​ខ្សែក្រវាត់​ខ្មៅ ឲ្យ​មាន​ស្ដង់ដារ និង​គុណភាព អាច​ទទួលយកបាន ដល់​កីឡាករ​- កីឡាការិនី និង​គ្រូបង្វឹក ដែលមាន​បំណង​តម្លើង​ដាន់ ខ្សែក្រវាត់​របស់ខ្លួន ។​

​ការប្រកួត​កីឡា​យូ​ដូ​កន្លងមក

​ឆ្នាំនេះ សហព័ន្ធ ក៏​នឹង​បើក​វគ្គ​បណ្ដុះបណ្ដាល គ្រូបង្វឹក និង អាជ្ញាកណ្ដាល​ថ្នាក់ជាតិ ឲ្យ​បាន​មួយ​វគ្គ និង​បើក​វគ្គ​បណ្ដុះបណ្ដាល វិធី​សង្គ្រោះ​បឋម ដល់​គ្រូ​យូ​ដូ ដែលជា​សមាជិក របស់​សហព័ន្ធ​ទៀតផង ។​

​នៅ​ខែតុលា ខាងមុខនេះ សហព័ន្ធ ក៏​នឹង​បញ្ជូន​គ្រូបង្វឹក​យូ​ដូ ចំនួន ២ រូប នៅ​វិទ្យាស្ថាន​ជាតិ​កូ​ដូ​កាន់ (KODOKAN Institute) នាទី​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ដោយ​ភាគី​ជប៉ុន ជា​អ្នករ៉ាប់រង​លើ​ការហូបចុក និង​ធ្វើដំណើរ ។ តាមរយៈ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា សហព័ន្ធ ក៏​នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី ទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ជប៉ុន រយៈពេល​វែង​ទៀតផង​។​

​ឆ្នាំនេះ សហព័ន្ធ នឹង​បានទទួល​គ្រូបង្វឹក ជនជាតិ​ជប៉ុន​មួយរូប ដែលមាន​បទពិសោធន៍ ក្នុងការ​ចូលរួម​ប្រកួត ជា​លក្ខណៈ​អន្តរជាតិ ដែល​សហព័ន្ធ បានស្នើ​សុំ តាមរយៈ​អង្គការ JICA កន្លងមក ។​

​យូ​ដូ ជា​ប្រភេទ​កីឡា​ប្រយុទ្ធ លើ​កម្រាល ដែលមាន​តម្លៃ​ថ្លៃ ហើយ​ទាំង​កន្លែង​ហ្វឹកហាត់ ទាំង​កន្លែង​ប្រកួត ត្រូវមាន​ដំបូល ជញ្ជាំង​ត្រឹមត្រូវ កីឡាករ​-​កីឡាការិនី ត្រូវមាន​ឯកសណ្ឋាន​ប្រកួត និង​ហាត់​ក្រាស់ៗ​ទៀតផង ។ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ប្រភេទ​កីឡា​នេះ តែងតែ​ដណ្ដើមបាន​មេដាយ មិនសូវ​លស់​ពេល​ទេ ៕v