ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា ការនាំចេញ​អង្ករ និង​ដំណាំ​កៅស៊ូ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៧

1115

(​ភ្នំពេញ​)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ផ្សព្វផ្សាយ​នូវ​សភាពការណ៍​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៧ គឺ​រយៈពេល ៦​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែមិថុនា​។ នោះ​គឺ​ដោយសារតែ​ស្ថានភាព​ទឹកភ្លៀង បាន​ធ្លាក់​រាយប៉ាយ​ល្អប្រសើរ ក្នុង​ទូទាំងប្រទេស​នោះ ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា សម្រេចបាន ៥០,៤៨% នៃ​ផែនការ ២.៤៩៦.៧៩០ ហ​.​ត​និង​មាន​វឌ្ឍន​​ភាព​គួរ​ឲ្យ​កត់សម្គាល់ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​។​

​យ៉ាងណាក៏ដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើកឡើងថា នៅតាម​បណ្តា​ខេត្ត​មួយចំនួន​គឺ​ទទួលរង​នូវ​ផលប៉ះពាល់​​ពី​ជំនន់​ទឹកភ្លៀង និង​ការធ្លាក់ចុះ​នៃ​តម្លៃ​កសិផល​ជាដើម​។​

​ជាមួយនឹង​ការលើកឡើង​ដូច្នេះ ក្រសួង ក៏បាន​កត់សម្គាល់ថា ការប្រើប្រាស់​ដោយ​គ្រឿងយន្ត​សម្រាប់​ផលិតកម្ម​កសិកម្ម​គឺមាន​និន្នាការ​​កើនឡើង​៩១,១៧% ធៀប​នឹង​ការប្រើប្រាស់​ដោយ​គោ​-​ក្របី មាន ៨,៨៣%​។​

​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា​ផលិតកម្ម​ដំណាំ​ស្រូវ​រដូវវស្សា គិត​ត្រឹម​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៧ សម្រេចបាន​ផ្ទៃដី​ភ្ជួរ​រាស់ ចំនួន ១.៦៨៩.៨៤៩ ហ​.​ត ក្នុងនោះ ភ្ជួរ​រាស់​ដោយ​គោ​-​ក្របី មាន​ចំនួន ៥៤.២៧៦ ហ​.​ត​និង​ដោយ​គ្រឿងយន្ត​​កសិកម្ម មាន​ចំនួន ១.៦៣៥.៥៧៣ ហ​.​ត លើស​ឆ្នាំមុន ២០៧.៤១៣ ហ​.​ត​។ ផ្ទៃដី​សាប សម្រេចបាន​ចំនួន ១២.៥៤៦ ហ​.​ត លើស​ឆ្នាំមុន ៤.០៥៤ ហ​.​ត​។ រីឯ​ផ្ទៃដី​សន្ទូង និង​ព្រោះ សម្រេចបាន​ចំនួន ១.២៦០.២៨២ ហ​.​ត ស្មើនឹង ៥០,៤៨% នៃ​ផែនការ ២.៤៩៦.៧៩០ ហ​.​ត លើស​ឆ្នាំមុន​ចំនួន ២១៩.៥៥៦ ហ​.​ត​។

​ដោយឡែក រយៈពេល ៦​ខែ ក្នុង​ឆ្នាំ​២០១៧ អង្ករ​កម្ពុជា ត្រូវបាន​នាំចេញ​សរុប​ចំនួន ២៨៨.៥៦២ តោន ទៅកាន់ ៥៦ ប្រទេស​។​បើ​ធៀប​​នឹង​រយៈពេល ៦​ខែ កាលពី​ឆ្នាំ​២០១៦ គឺ​ការនាំចេញ​អង្ករ នៅ​៦​ខែ​ក្នុង​ឆ្នាំ​២០១៧​នេះ បាន​កើនឡើង ៧,៦០%​។ កាលពី ៦​ខែ​ក្នុង​ឆ្នាំ​២០១៦ ការនាំចេញ​អង្ករ មាន​ចំនួន ២៦៨.១៩០ តោន​។ នេះ​បើតាម​របាយការណ៍​ស្តីពី​ការនាំចេញ​អង្ករ​។​

​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា អង្ករ​កម្ពុជា ដែល​បាន​នាំចេញ​រយៈពេល ៦​ខែ ក្នុង​ឆ្នាំ​២០១៧ គឺ​ប្រទេស​ចិន ឈរ​លំដាប់​ទី​១ ( ៩៤.៧២០ តោន ) ប្រទេស​បារាំង ឈរ​លំដាប់​ទី​២ ( ៣៧.៣២១ តោន ) ប្រទេស​ប៉ូឡូញ ឈរ​លំដាប់​ទី​៣ ប្រទេស​អង់គ្លេស​ឈរ​លំដាប់​ទី​៤ ( ២១.២៦៩ តោន ) ប្រទេស នី​ដឺ​ឡែ​ន ឈរ​លំដាប់​ទី​៥ ( ១៤.៨៩៤ តោន ) ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ឈរ​លំដាប់​ទី​៦ ( ១១.៤៣២ តោន ) ប្រទេស​ឆេ​ក ឈរ​លំដាប់​ទី​៧ ( ៩.៩០៧ តោន ) ប្រទេស កា​បុ​ង ឈរ​លំដាប់​ទី​៨ ( ៨.៨៨២ តោន ) ប្រទេស​ម៉ាឡេស៊ី ឈរ​លំដាប់​ទី​៩ ( ៨.១៣០ តោន​) និង​ប្រទេស​អ៊ីតាលី ឈរ​លំដាប់​ទី​១០ ( ៧.០៩៩ តោន )​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ប្រកាសថា បច្ចុប្បន្ន ការនាំចេញ​អង្ករ មាន​ចំនួន ៧២ ក្រុមហ៊ុន​។​

​ដោយឡែក ក្នុង​ខែមិថុនា ឆ្នាំ​២០១៧ ក្រសួងកសិកម្ម បានប្រកាសថា ការនាំ​អង្ករ​ចេញ តាមរយៈ​ច្រកចេញ​-​ចូល​តែមួយ​គឺមាន​បរិមាណ​​សរុប ចំនួន ៣០.៩២៥​តោន ដែលមាន​ការថយចុះ​ចំនួន ២.៩៣៧ តោន ( ៩,៥០% ) ធៀប​នឹង​បរិមាណ​នាំចេញ​អង្ករ ក្នុង​ខែមិថុនា ឆ្នាំ​២០១៦​។​

​ជាមួយគ្នា​នោះ ក្រសួងកសិកម្ម ក៏បាន​ប្រកាសថា ក្នុង​ការងារ​អាជីវក​ម្ម និង​ផលិតកម្ម​កៅស៊ូ នៅ​រយៈពេល ៦​ខែ ក្នុង​ឆ្នាំ​២០១៧ គិតពី​ខែមករា ដល់​ខែមិថុនា ផ្ទៃដី​អាជីវកម្ម​កៅស៊ូ មាន​ចំនួន​សរុប ១៧២.៦៨៤ ហិកតា ក្នុងនោះ ផ្ទៃដី​ចម្ការកៅស៊ូ សរុប ៤៣៣.៨២៧ ហ​.​ត​។ រីឯ​ផលិត​អនុវត្តបាន​ប្រចាំខែ មាន​ចំនួន ៩២.៣៧៩ តោន និង​បញ្ចេញ​លក់ ប្រចាំខែ មាន​ចំនួន ៦៥.៥៥៦ តោន​។

​របាយការណ៍​បង្ហាញថា សព្វថ្ងៃនេះ ចម្ការកៅស៊ូ​កសិឧស្សាហកម្ម​រដ្ឋ មាន​១ គឺ​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា ដែលមាន​ផ្ទៃដី​អាជីវកម្ម ៥៨៣ ហ​.​ត ផ្ទៃដី​ចម្ការកៅស៊ូ​សរុប ៧៧៦ ហ​.​ត ផលិតផល​អនុវត្តបាន​ប្រចាំខែ ២២៤ តោន និង​បញ្ចេញ​លក់​ប្រចាំខែ ១៥០ តោន​។​ចំណែក​ចម្ការកៅស៊ូ​កសិឧស្សាហកម្ម​ឯកជន ត្រូវបាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើកឡើងថា មាន​ចំនួន ៩ ក្រុមហ៊ុន រួមមាន​៖ ១-​ក្រុមហ៊ុន សុ​ភក្តិ​នី​កា អ៊ិន​វេស​មេន គ្រុប ២-​ក្រុមហ៊ុន ស្វី​ហ្វ​រ៉ាប់​ប៊ើ លី​មី​ធី​ត ( រតនគិរី ) ៣-​ក្រុមហ៊ុន ចម្ការកៅស៊ូ​តា​ប៉ាវ ៤-​ក្រុមហ៊ុន ឡុង ស្រេង ៥-​ក្រុមហ៊ុន ចម្ការកៅស៊ូ​មេមត់ ខូ​អិ​ល​ធី​ឌី ៦-​ក្រុមហ៊ុន ស្វី​ហ្វ​រី​សសស៍ ( ស្នួល ) ៧-​ក្រុមហ៊ុន អាន​ម៉ា​ឌី គ្រុប ( ពាម​ជាំ​ង រមាសហែក ) ៨-​ក្រុមហ៊ុន អាន​ម៉ា​ឌី គ្រុប ( ចម្ការអណ្តូង ) និង​៩-​ក្រុមហ៊ុន​ក្រែក ( ខេ​ម​បូ​ឌា ) ខូ​អិ​ល ធី​ឌី​។ ក្រុមហ៊ុន​ឯកជន​ទាំង ៩​នេះ មាន​ផ្ទៃដី​អាជីវកម្ម​កៅស៊ូ សរុប ៣២.១០១ ហ​.​ត ផ្ទៃដី​ចម្ការកៅស៊ូ​សរុប ៥២.៨៥១ ហ​.​ត ផលិតផល​អនុវត្តបាន​ប្រចាំខែ ៣៦.៨៥៥ តោន និង​បញ្ចេញ​លក់​ប្រចាំខែ មាន​ចួន ១១.៥០៦ តោន​។​

​ក្រៅពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ប្រកាសថា ក្រុមហ៊ុន​វិនិយោគ​លើដី​សម្បទាន​សេដ្ឋកិច្ច​មាន​ផ្ទៃ​ដី​អាជីវកម្ម​កៅស៊ូ ចំនួន ៤៤.៦០០ ហ​.​ត ផ្ទៃដី​ចម្ការកៅស៊ូ​សរុប ២២៥.៩០០ ហ​.​ត ផលិតផល​អនុវត្តបាន ១១.៨០០ តោន និង​បញ្ចេញ​លក់​ប្រចាំខែ ១១.៣០០ តោន​។ ដោយឡែក ក្រុមហ៊ុន ចម្ការកៅស៊ូ​គ្រួសារ មាន​ផ្ទៃដី​អាជីវកម្ម​សរុប ៩៥.៤០០ ហ​.​ត ផ្ទៃដី​ចម្ការកៅស៊ូ​សរុប ១៥៤.៣០០ ហ​.​ត ផលិតផល​អនុវត្តបាន​ប្រចាំខែ មាន​ចំនួន ៣២.២០០ តោន និង​បញ្ចេញ​លក់​ប្រចាំខែ មាន​ចំនួន ៣១.៦០០ តោន​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​កត់សម្គាល់ថា សម្រាប់​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៧ នេះ តម្លៃ​កៅស៊ូ​ជា​មធ្យម ១.៤៥០ ដុល្លារ​អាមេរិក ក្នុង ១​តោន​។ ដូច្នេះ​សរុប​រយៈពេល ៦​ខែ ក្នុង​ឆ្នាំ​២០១៧ ផលិតកម្ម​កៅស៊ូ រាប់ទាំង​ចម្ការ​រដ្ឋ ចម្ការ​ក្រុមហ៊ុន​ឯកជន ក្រុមហ៊ុន​វិនិយោគ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច និង​ក្រុមហ៊ុនចម្ការកៅស៊ូ​គ្រួសារ ដែល​បាន​បញ្ចេញ​លក់ សរុប​ចំនួន ៦៥.៥៥៦ តោន គឺ​ទទួលបាន​ចំណូល​សរុប ៩៥.០៥៦.២០០ ដុល្លារ​អាមេរិក​៕