ការងារ​មាន​មិន​ព្រមធ្វើ បែរ​នាំគ្នា​សំងំ​ជក់​គ្រឿងញៀន សមត្ថកិច្ច​ចាប់ខ្លួនបាន​២​នាក់​

776
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​២​នាក់ ទោះ​ជាមាន​មុខរបរ ការងារ​ធ្វើ​ប្រចាំថ្ងៃ​ហើយក៏​ដោយ យក​ពេលទំនេរ បបួលគ្នា​ទៅសំងំ​សេព​គ្រឿងញៀន កំពុងតែ​បង្ហុយ​ថ្នាំ ប៉ូលិស​ទៅដល់​ល្មម ចាប់ខ្លួនបាន​ទាំង​២​នាក់​តែម្តង កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅក្នុង​បន្ទប់​ជួល ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​ជនសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​ឃាត់ខ្លួន​បាន ទី​១ ឈ្មោះ ទៀង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់នៅ ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។ ទី​២ ឈ្មោះ ហួរ សុ​ផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ ជាង​ជួសជុល​រថយន្ត ស្នាក់នៅ ទីតាំង​ខាងលើ មាន​ស្រុកកំណើត ស្រុក​មុខកំពូល ខេត្តកណ្តាល ។​

​តាម​នគរបាល លោក ប៉ាល់ យុ​ត្ថា នាយប៉ុស្តិ៍ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​កិច្ចសហការ​ណ៍​ល្អ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ហើយ​ក្រោយពី​ពលរដ្ឋ​រាយការណ៍​ជុំវិញ​សភាពការណ៍ ករណី​ខាងលើ ទើប​កម្លាំង​ប៉ុស្តិ៍ ក្រោម​បញ្ជា​ពី​លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ ចុះទៅ​បង្ក្រាប​ចាប់​ជាក់ស្តែង ជនសង្ស័យ​កំពុង​ជក់​បង្ហុយ​គ្រឿងញៀន ឃាត់ខ្លួន​បាន​ទាំង​២​នាក់ ។​

​ក្រោយពី​ចាប់ខ្លួនបាន​ជនសង្ស័យ ត្រូវបាន​នាំទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​បន្ត​តាម​នីតិវិធី​៕ ល​