ការចងចាំ​នៅតែមាន តម្រូវការ​នៃ​យុត្តិធម៌​នៅតែ​បន្ត​ចំពោះ​របប​ខ្មែរក្រហម​

706
ចែករម្លែក

ដោយ​: អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញ​:
កន្លងផុតទៅ​អស់​រយៈពេល​៤០​ឆ្នាំ បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ ប្រទេស​កម្ពុជា​បាន​ខិតខំ​អភិវឌ្ឍន៍​ខ្លួន​យ៉ាង​សន្សឹមៗ​តាមរយៈ​ការផ្សារភ្ជាប់​ពី​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ និង​ពេលវេលា​បច្ចុប្បន្ន​សម្រាប់​ដំណើរ​ការកសាង​ប្រទេស​នាពេល​អនាគតកាល​។​

​ទោះបីជា​សព្វថ្ងៃ​ប្រទេស​កម្ពុជា​ទទួលបាន​សន្តិ​ភាព​ពេញលេញ​មួយ​ពីរ​បប​ខ្មែរក្រហម​យ៉ាងណាក៏ដោយ ក៏​ប្រទេស​នេះ​នៅតែមាន​ភារកិច្ច​ដោះស្រាយ​វិបត្តិ​អតីតកាល​របស់ខ្លួន​ដែល​នៅ​សេសសល់​។ អំឡុង​របប​ខ្មែរក្រហម ប្រជាជន​កម្ពុជា​បាន​ស៊ូទ្រាំ​ចំពោះ​ការរំលោភបំពាន​សិ​ទិ្ធ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​រួមមាន ការធ្វើ​ទារុណកម្ម ការបង្ខំ​ឲ្យ​ធ្វើការ​ងារ​លើស​កម្លាំង ការអត់ឃ្លាន និង​ជំងឺ ដែលជា​មូលហេតុ​បណ្តាល​ឲ្យ​ប្រជាជន​ស្លូតត្រង់​ប្រមាណ​ពីរលាន​នាក់ បាន​បាត់​បង់ជីវិត​យ៉ាង​អយុត្តិធម៌ ខណៈពេលដែល​ប្រជាជន​ប្រមាណ​៥​លាន​នាក់​ទៀត បាន​បន្ត​រស់រានមានជីវិត​យ៉ាង​សោកសង្រេង​។ រហូតដល់​បច្ចុប្បន្ននេះ ប្រជាជន​ដែល​នៅ​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​ជាច្រើន នៅតែ​បន្ត​ទទួលរង​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​ពីបទ​ពិសោធន៍​អតីតកាល​ដែល​បាន​បង្កឡើង​នៅក្នុង​ខ្មែរក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។

​ឥទ្ធិពល​នៃ​របប​ខ្មែរក្រហម ក៏បាន​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ជាច្រើន​មាន​សេចក្តីក្លាហាន​តស៊ូ​និង​ចូលរួម​ជាមួយ​តុលាការ​ខ្មែរក្រហម​ដើម្បី​ស្វែងរក​យុត្តិធម៌​។ អំឡុង​ឆ្នាំ​២០០៧ មាន​ប្រជាជន​កម្ពុជា​ប្រមាណ​១.៧៥០​នាក់ (​យោងតាម​តួរ​លេខ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​) បានដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​ខ្មែរក្រហម ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​ខ្លួនឯង សាច់ញាតិ​ដែល​បាន​បាត់​បង់ជីវិត និង​សង្គម​ទាំងមូល​ដែល​ទទួលរង​ខ្ទេចខ្ទាំ ខណៈពេលដែល​ជនរងគ្រោះ​ជាច្រើន​នាក់​ទៀត​ស្ទាក់ស្ទើរ​មិនដឹងថា​តើ​គួរតែ​ដោះស្រាយ​វិបត្តិ​របស់ខ្លួន​ដោយ​របៀប​ណា​។​

​អំឡុងពេល​ជាង​១០​ឆ្នាំ​នៃ​ដំណើរការ​របស់​តុលាការ​ខ្មែរក្រហម ប្រជាជន​កម្ពុជា​បាន​អត់ធ្មត់​យ៉ាង​ស្ងៀមស្ងាត់​និង​រង់ចាំ​ស្តាប់​ចំពោះ​ការសម្រេចចិត្ត​ពី​តុលាការ​ខ្មែរក្រហម​ក្នុងការ​កាត់ទោស​មេដឹកនាំ​នៃ​របប​ខ្មែរក្រហម​។ ទន្ទឹម​អំឡុងពេល​នៃ​ការរង់ចាំ ជនរងគ្រោះ​និង​ដើម​បណ្តឹងរដ្ឋប្បវេណី​មួយចំនួន ក៏បាន​បាត់បង់​ជីវិត​មុនពេល​ទទួលបាន​យុត្តិធម៌​ដោយសារតែ​ភាព​ចាស់ជរា និង​ជំងឺ​។

​របប​ខ្មែរក្រហម បាន​បន្សល់ទុក​នូវ​ការចងចាំ​ដ៏​សោះកក្រោះ​មួយ​ដែល​មិនអាច​លុបបំបាត់​ចេញពី​វិញ្ញាណ ឬ​អារម្មណ៍​បាន ដែល​ការចងចាំ​ទាំងអស់នេះ​ជួនកាល គឺជា​កម្លាំងចិត្ត និង​សាក្សី​ដ៏​សំខាន់បំផុត​ដើម្បី​ស្រាយ​បំភ្លឺ​អំពី​ទង្វើ​ដ៏​ឃោរឃៅ​ដែល​មេដឹកនាំ​ខ្មែរក្រហម​បាន​ប្រព្រឹត្ត​ចំពោះ​ប្រជាជន​កម្ពុជា​នៅក្រោម​ការដឹកនាំ​របស់​ខ្លួន​។ ដើម​បណ្តឹងរដ្ឋប្បវេណី និង​ជនរងគ្រោះ ដែល​កំពុងតែ​រស់នៅក្នុង​ខេត្តព្រៃវែង បាន​រៀបរាប់​អំពី​យុត្តិធម៌​ដែល​ខ្លួន​ទទួលបាន​ពី​តុលាការ​ខ្មែរក្រហម​ដូចខាងក្រោម ៖
​សែម សុ​ភី ភេទ​ស្រី សព្វថ្ងៃ​មាន​អាយុ​៥៧​ឆ្នាំ រស់នៅ​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង បាន​រៀបរាប់ថា ៖
គ្រប់​វិនាទី​នៅក្នុង​របប​ខ្មែរក្រហម គឺជា​ពេលវេលា​ដ៏​រន្ធត់​ដែល​ដក់​ជាប់​នៅក្នុង​បេះដូង​របស់ខ្ញុំ​ជានិច្ច និង​មិនអាច​លុបចេញ​បានឡើយ​។ ព្រឹត្តិការណ៍​ទាំងអស់​ដែល​បាន​កើតឡើង​នាពេលនោះ ហាក់បីដូចជា​ទើបតែ​កើតឡើង​ពី​ម្សិលមិញ​សម្រាប់​ខ្ញុំ​។ ការចងចាំ​អំពី​របប​ខ្មែរក្រហម បានធ្វើ​បាប​ផ្លូវចិត្ត​របស់ខ្ញុំ ដែល​កាន់តែ​ធ្វើ​ឲ្យ​ខ្ញុំ​ទទួលរង​ភាព​សោកសង្រេង​បន្ថែមទៀត​។​

​នៅក្នុង​របប​ខ្មែរក្រហម ខ្ញុំ​គឺជា​ក្មេងស្រី​ជំទង់​ម្នាក់​ដែលមាន​អាយុ​ត្រឹមតែ​១៤ ប៉ុណ្ណោះ និង​មាន​តួនាទី​ជា​គ្រូបង្រៀន​ដល់​ក្មេងៗ​។ បន្ទាប់ពី​ឪពុក​របស់ខ្ញុំ ត្រូវបាន​ខ្មែរក្រហម​ចាប់​យកទៅ ខ្ញុំ​ត្រូវបាន​អង្គការ​ឲ្យ​ឈប់​បង្រៀន និង​ប្តូរ​ឲ្យ​ទៅធ្វើ​ការ​នៅក្នុង​កងចល័ត​វិញ​។ ការងារ​ក្នុង​កងចល័ត​ពិតជា​លំបាក​ខ្លាំងណាស់ ហើយ​ខ្ញុំ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ហួសកម្លាំង​ជាប្រចាំ ដូចជា លើក​ទំនប់ ជីក​ប្រឡាយ ដោយ​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់​ឡើយ​។ ក្រោយមកទៀត​បងប្រុស​របស់ខ្ញុំ ត្រូវបាន​ខ្មែរក្រហម​ចាប់​យកទៅ​នៅ​ចុងឆ្នាំ​១៩៧៦ និង​មិនដែល​ឃើញ​គាត់​ត្រឡប់មកវិញ​ឡើយ​។
​នៅពេលដែល​កងទ័ព​វៀតណាម​បាន​ផ្តួលរំលំ​របប​ខ្មែរក្រហម ខ្ញុំ​ក៏​មិនដែល​ធ្លាប់​គិតថា​ចង់​សងសឹក​ដែរ ព្រោះ​ខ្ញុំ​ដឹងថា វា​គឺជា​រឿង​មិនល្អ និង​មិនអាច​ទៅរួច​ឡើយ​ចំពោះ​ការសង​សឹក​។ ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​រឿងរ៉ាវ​ដែល​បានកើត​ឡើង និង​ហេតុការណ៍​ទាំងឡាយ​ដែល​ខ្ញុំ​បានដឹង​នៅក្នុង​របប​ខ្មែរក្រហម ប្រាប់​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​ព្រោះ​ខ្ញុំ​គិតថា នេះ​គឺជា​វិធីសាស្ត្រ​មួយ​ដ៏​ល្អ​ក្នុងការ​សងសឹក​មេដឹកនាំ​ខ្មែរក្រហម​។

​ចំពោះ​ខ្ញុំ ពាក្យ​ថា​យុត្តិធម៌​មាន​អត្ថន័យ​ជ្រាលជ្រៅ​ណាស់ គឺ​ដើម្បី​ទទួលបាន​យុត្តិធម៌ មិនមែន​ត្រឹមតែ​ជាការ​សន្យាថា​នឹង​ស្វែងរក​យុត្តិធម៌​ឲ្យ​នោះទេ ប៉ុន្តែ​ត្រូវ​ផលិត​ឲ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្តែង​ដូច​ទៅនឹង​តុលាការ​ខ្មែរក្រហម ដែល​បាន​កាត់ក្តី​មេដឹកនាំ​ខ្មែរក្រហម​ពិតប្រាកដ​មែន​។
​បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ ខ្ញុំ​បានដាក់​ពាក្យបណ្តឹង​ដើម្បី​ស្វែងរក​យុ​ត្តិ​ធ​ជូន​ដល់​ឪពុក និង​បងប្រុស​របស់ខ្ញុំ​ដែល​ត្រូវបាន​ខ្មែរក្រហម​ចាប់​យកទៅ ប៉ុន្តែ​ខ្ញុំ​គ្មាន​ក្តី​រំពឹងទុក​ទាល់តែសោះ​ថា​នឹង​ទទួលបាន​លទ្ធផល​មក​វិញ​ឡើយ​។ បន្ទាប់ពី​ដាក់ពាក្យ​បណ្តឹង​ទៅកាន់​តុលាការ​ខ្មែរក្រហម ខ្ញុំ​តែងតែ​ទន្ទឹងរង់ចាំ​មើល ដោយបាន​តាមដាន​អំពី​សវនាការ​នៃ​សាលាក្តី​ខ្មែរក្រហម​តាមរយៈ​ការ​ស្តាប់​វិទ្យុ និង​ទូរទស្សន៍​។ លទ្ធផល​ចុងក្រោយ​នៃ​ការកាត់ក្តី​របស់​តុលាការ​ខ្មែរក្រហម បានផ្តល់​យុត្តិធម៌​ដល់​ខ្ញុំ​ពិតប្រាកដ​មែន ទោះបីជា​ខ្ញុំ​មិនទាន់​បានទទួល​យុត្តិធម៌​យ៉ាង​ពេញលេញ​មួយ​ក៏ដោយ​។

​បន្ថែម​ពីលើ​យុត្តិធម៌​ដែល​ទទួលបាន​ពី​ការកាត់ក្តី​មេដឹកនាំ​ខ្មែរក្រហម​ពី​តុលាការ​ខ្មែរក្រហម ខ្ញុំ​ក៏​សូម​សំណូមពរ​ឲ្យ​មាន​សំណង​បន្ថែម​ជា​សមូហភាព ដូចជា ការអភិវឌ្ឍន៍​សហគម​ន៍​ដែល​ខ្ញុំ​កំពុងតែ​រស់នៅ​បន្ថែមទៀត​ដើម្បី​ឲ្យ​ទទួលបាន​ការរស់នៅ​មួយ ដែលមាន​លក្ខណៈ​ប្រសើរ ដែលជា​ផ្នែក​មួយ​អាចជួយ​ដោះស្រាយ​ដល់​បញ្ហា​ផ្លូវចិត្ត​ដែល​បាន​ទទួលរង​ខ្ទេចខ្ទី​ដោយសារតែ​បទពិសោធន៍​អតីតកាល​ដ៏​គ្រោតគ្រាត​ទាំងអស់នោះ​។

១) មិត្ត ផល្លា ភេទ​ស្រី អាយុ​៥៣ ឆ្នាំ រស់នៅ​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង​បាន​និយាយថា «​ខ្ញុំ​មិន​ធ្លាប់បាន​រំពឹងទុក​ថា ខ្ញុំ​អាច​ទទួលបាន​យុត្តិធម៌​ពី​ទង្វើ​ដែល​មេដឹកនាំ​ខ្មែរក្រហម​បាន​បង្កឡើង​ចំពោះ​ខ្ញុំ​ដូច​សព្វថ្ងៃ​នោះទេ​»​។ ខ្ញុំ​គឺជា​ដើម​បណ្តឹងរដ្ឋប្បវេណី​ដែល​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​ខ្មែរក្រហម​កាលពី​រយៈពេល​១០​ឆ្នាំមុន ព្រោះ​ខ្ញុំ​មានការ​ឈឺចាប់​ជាខ្លាំង​ចំពោះ​ការបាត់បង់​ឪពុក និង​ទារុណកម្ម​ដែល​ខ្មែរក្រហម​បានធ្វើ​មកលើ​ក្រុមគ្រួសារ​របស់គាត់ និង​ប្រជាជន​ផ្សេងៗ​ទៀត​។
«​ខ្ញុំ​ពិតជា​ចង់ទៅ​មើល​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​នៅក្នុង​តុលាការ​ខ្មែរក្រហម​ណាស់ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ដែល​ខ្ញុំ​មិន​ធ្លាប់បាន​ទៅ​ចូលរួម​»​។ ជំនួស​ឲ្យ​ការចូលរួម​ក្នុង​តុលាការ​ខ្មែរក្រហម​ផ្ទាល់ ខ្ញុំ​បាន​តាមដាន​ដំណើរការ​នៃ​ការកាត់ក្តី​មេដឹកនាំ​ខ្មែរក្រហម​តាមរយៈ​ទូរទស្សន៍​តែប៉ុណ្ណោះ ហើយ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​តុលាការ​ខ្មែរក្រហម​បាន​ជួយ​រក​យុត្តិធម៌​ឲ្យ​ឪពុក និង​ក្រុមគ្រួសារ​របស់ខ្ញុំ​។ សម្រាប់​ខ្ញុំ ការកាត់ក្តី​មេដឹកនាំ​ខ្មែរក្រហម​ដាក់គុក​មួយ​ជីវិត​គឺជា​យុត្តិធម៌​មួយ​ដែល​ខ្ញុំ​ទទួលបាន​ត្រឹមតែ​មួយផ្នែក​ប៉ុណ្ណោះ​។ ខ្ញុំ​ចង់បាន​សំណង​ជា​សមូហភាព​បន្ថែមទៀត ដូចជា ផ្លូវថ្នល់ សាលារៀន និង​មន្ទីរពេទ្យ ដែល​ខ្មែរក្រហម​ធ្លាប់បាន​បំផ្លិច​បំផ្លាញចោល​។ សម្រាប់​ខ្ញុំ ពាក្យ​ថា​យុត្តិធម៌ គឺ​សំដៅ​ដល់​អ្វីៗ​ដែល​តុលាការ​ខ្មែរក្រហម​បានផ្តល់​ឲ្យ​ដោយ​កាត់ទោស​ទៅលើ​មេដឹកនាំ​ខ្មែរក្រហម​ទាំងអស់នោះ​។ ខ្ញុំ​ធ្លាប់មាន​កំហឹង​នៅក្នុង​ចិត្ត​យ៉ាងខ្លាំង ជួន​ពេលខ្លះ​ខ្ញុំ​ក៏​ចង់​សងសឹក​ចំពោះ​អ្នក​ដែល​បានសម្លាប់​ឪពុក​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិនអាច​ធ្វើ​បានឡើយ​។ វត្តមាន​របស់​តុលាការ​ខ្មែរក្រហម​គឺជា​អ្វីដែល​ខ្ញុំ​មិន​ធ្លាប់បាន​រំពឹងទុក​ទាល់តែសោះ ព្រោះ​បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ ខ្ញុំ និង​ប្រជាជន​ដ៏ទៃទៀត​ខិតខំ​ស្វះស្វែង​ធ្វើយ៉ាងណា​បន្តជីវិត​ទៅមុខ​ទៀត​។
អំឡុងពេល​នៃ​របប​ខ្មែរក្រហម ខ្ញុំ​មាន​អាយុ​ត្រឹមតែ​១២​ឆ្នាំ និង​ធ្វើ​ការងារ​នៅក្នុង​កងកុមារ​ផលិត​ជី ហើយ​ជួន​ពេលខ្លះ អង្គការ​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​ជីក​ប្រឡាយ​ដែរ​។ នៅក្នុង​ឆ្នាំ​១៩៧៥ ក្រុមគ្រួសា​របស់ខ្ញុំ​បាន​បែកខ្ញែក​គ្នា​ដោយសារតែ​ខ្មែរក្រហម​បាន​បំបែក​ឲ្យ​ទៅ​រស់នៅ​កន្លែង​ផ្សេងៗ​ពីគ្នា​។ ជា​អកុសល ឪពុក​របស់ ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​អាករ​សម្លាប់​នៅ​ខណៈពេលដែល​គាត់​ដើរ​ស្វែងរក​អាហារ​ឲ្យ​សមាជិក​ក្រុមគ្រួសារ​។ ខ្ញុំ​និង​ក្រុមគ្រួសារ បាន​វិល​ត្រឡប់មក​រស់នៅ​ផ្ទះ​កំណើត​របស់ខ្លួន​វិញ ប៉ុន្តែ​ផ្ទះសម្បែង​របស់ខ្ញុំ​ត្រូវបាន​បំផ្លាញចោល​ខ្ទេចខ្ទី​ដែល​ស្ថិតក្នុង​សភាព​មួយ​មិនអាច​រស់នៅ​បានឡើយ​។ នាពេលនោះ សមាជិកគ្រួសារ​ម្នាក់ៗ​មាន​តួនាទី​ផ្សេងៗ​គ្នា គឺ​អ្នកខ្លះ​ដើរ​ស្វែងរក​ចំណីអាហារ និង​អ្នកខ្លះ​ស្វែងរក​ជម្រក​។ ប្រជាជន​ដ៏ទៃទៀត​ក៏​មិន​ខុសប្លែក​ពី​ក្រុមគ្រួសារ​របស់ខ្ញុំ​ដែរ​។

២) ឈួន រី ភេទ​ស្រី អាយុ​៦៤​ឆ្នាំ រស់នៅក្នុង​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​បាន​រៀបរាប់ថា​៖
​ខ្ញុំ​ទទួលបាន​យុត្តិធម៌​ហើយ​បន្ទាប់ពី​តុលាការ​ខ្មែរក្រហម​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ដាក់​ក្នុង​គុក​អស់​មួយជីវិត​។ ខ្ញុំ​បាន​ធូរស្បើយ​នៅក្នុង​ចិត្តច្រើន​ជាង​មុន​បើ​ប្រៀបធៀប​ជាមួយនឹង​រយៈពេល​១០​ឆ្នាំមុន​ដែល​ខ្ញុំ​តែងតែ​យំ​នៅពេលដែល​ខ្ញុំ​និយាយ​រៀបរាប់​ពី​រឿងរ៉ាវ​ជីវិត​ខ្ញុំ និង​ក្រុមគ្រួសារ​នៅក្នុង​របប​ខ្មែរក្រហម​ប្រាប់​ទៅ​នរណាម្នាក់​។ ខ្ញុំ​ពិតជា​ចង់ទៅ​ស្តាប់​ការកាត់ទោស​ផ្ទាល់​នៅ​តុលាការ​ខ្មែរក្រហម​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​ធ្លាប់​បានទទួល​ឪ​កាស​នេះ​ទេ​។ ទោះបីជា​យ៉ាងណា ខ្ញុំ​បាន​តាមដាន​ការកាត់ក្តី​របស់​តុលាការ​ខ្មែរក្រហម​តាមរយៈ​ទូរទស្សន៍ ហើយក៏​បានធ្វើ​ឲ្យ​ខ្ញុំ​ដឹងថា​តើន​រណា​ល្អ និង​នរណា​អាក្រក់​។
​នៅក្នុង​របប​ខ្មែរក្រហម ខ្ញុំ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើ​ការងារ​លើស​កម្លាំង និង​មិន​ទទួលបាន​អាហារ​បរិភោគ​គ្រប់គ្រាន់​នោះទេ​។ នា​រាត្រី​មួយ ខ្ញុំ​ពិតជា​ភ័យ​តក់ស្លុត​យ៉ាងខ្លាំង​នៅពេលដែល​ខ្ញុំ​ឮសូរ​សម្លេង​មនុស្ស​ស្រែកថា “​អូយៗ​” ពេលដែល​ត្រូវ​វាយ​សម្លាប់​។ ជីវិត​ខ្ញុំ​ស្ទើរតែ​បាត់បង់ ហើយ​ខ្ញុំ​មិន​ធ្លាប់មាន​សង្ឃឹមថា​មានជីវិត​រស់នៅ​ដល់​សព្វថ្ងៃនេះ​ទេ​បន្ទាប់ពី​ត្រូវបាន​ខ្មែរក្រហម​បញ្ជា​ឲ្យ​ជីករណ្តៅ​កប់​ខ្លួនឯង​នោះ​។ ប៉ុន្តែ​សំណាងល្អ កងទ័ព​វៀតណាម​បាន​វាយ​ចូលមក​រំដោះ​ទាន់ពេលវេលា​។ សាច់ញាតិ​របស់ខ្ញុំ​ចំនួន​៥​នាក់​បាន​បាត់​បង់ជីវិត ដែល​ក្នុងនោះ​ប្អួ​ន​ប្រុស​របស់ខ្ញុំ​ម្នាក់​ដែល​ត្រូវបាន​ខ្មែរក្រហម​បង្ខំ​ឲ្យ​ធ្វើជា​កងទ័ព​មិនដែល​ឃើញ​ត្រឡប់មកផ្ទះ​វិញ​នោះទេ​។ រឿងរ៉ាវ​នៅពេលនោះ​គឺ​ពិតជា​ល្វីង​ជូរចត់​រក​អ្វី​ប្រៀបផ្ទឹម​មិនបាន​ឡើយ​។​

៣) ឌិន អ៊ា​ន ភេទ​ស្រី អាយុ​៧៥​ឆ្នាំ រស់នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​និយាយថា​៖
ខ្ញុំ​គឺជា​ស្ត្រី​ម៉េ​ម៉ា​យ​ដែល​ចិញ្ចឹម​បីបាច់​កូន​តែម្នាក់ឯង​អស់​រយៈពេល​៤៥​ឆ្នាំ​កន្លងមកហើយ​បន្ទាប់ពី​ប្តី​របស់ខ្ញុំ​បាន​ស្លាប់​នៅពេលដែល​ខ្ញុំ​កំពុងតែ​ពពោះ​កូន​ដែលមាន​ត្រឹម​អាយុ​៧​ខែ​ក្នុង​របប​ខ្មែរក្រហម​។ បន្ទាប់មក សាច់ញាតិ​របស់ខ្ញុំ បាន​ស្លាប់​ជា​បន្តបន្ទាប់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ខ្ញុំ​រស់នៅ​និង​តស៊ូ​អត់ធ្មត់​ដើម្បី​កូន ហើយ​គ្មាន​យប់​ណាមួយ​ដែល​ខ្ញុំ​មិន​យំ​នឹក​អ្នក​រាល់គ្នា​ឡើយ​។ ខ្ញុំ​បាន​ខិតខំ​ធ្វើ​ការងារ​យ៉ាងខ្លាំង​ដើម្បី​រក្សា​ជីវិត​រស់​ទោះបីជា​ខ្ញុំ​ទើបតែ​សម្រាលកូន​មិន​បានយូរ​ប៉ុន្មាន​ក៏ដោយ​។ ភ្នែក​របស់ខ្ញុំ ចាប់ផ្តើម​ស្រវាំង ព្រោះ​ដោយសារតែ​ខ្ញុំ​យំ​ខ្លាំង​ពេលដែល​ខ្ញុំ​ទើបតែ​បង្កើតកូន​បាន​ក្នុង​រយៈពេល​ខ្លី​។ ក្រោយមក នៅពេលដែល​ប្រទេសជាតិ​ទទួលបាន​សន្តិភាព​ឡើងវិញ រឿង​ដែល​ខ្ញុំ​គិតដល់​មុនគេ​នោះ​គឺ​ការ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់ខ្ញុំ​និង​កូន​។ ខ្ញុំ​ស្ទើរតែ​មិន​ជឿថា​នឹងមាន​តុលា​ការនាំយក​មេដឹកនាំ​ខ្មែរក្រហម​មក​កាត់ទោស​ឡើយ​។ ខ្ញុំ​បានសម្រេច​ចិត្ត​ប្តឹងទៅ​តុលាការ ដើម្បី​ឲ្យ​ជួយ​បកស្រាយ​បំភ្លឺ​ឲ្យ​បាន​ច្បាស់​ពីអ្វី​ដែល​បាន​កើតឡើង​នាពេលនោះ​។ ខ្ញុំ​បានធ្វើ​ដំណើរ​ទៅ​តុលាការ​ខ្មែរក្រហម​ដើម្បី​ចូលរួម​ស្តាប់​សវនាការ​កាត់ទោស ហើយ​ខ្ញុំ​ក៏បាន​ទៅ​ទស្សនា​គុក​ទួលស្លែង និង​វាលពិឃាត​ជើងឯក ដែល​ពេលនោះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ជឿជាក់ថា ខ្មែរក្រហម​បានសម្លាប់​ប្រជាជន​របស់ខ្លួន​អស់យ៉ាង​ច្រើន​។ បន្ទាប់មក ខ្ញុំ​កាន់តែ​ចាប់អារម្មណ៍​ចំពោះ​នីតិវិធី​ដំណើរការ​កាត់ក្តី​របស់​តុលាការ​ខ្មែរក្រហម ដែលជា​រឿយៗ​ខ្ញុំ​បាន​មើល​ការកាត់ក្តី​មេដឹកនាំ​ខ្មែរក្រហម​តាម​ទូរទស្សន៍​។ កំហឹង​របស់ខ្ញុំ​ចំពោះ​មេដឹកនាំ​ខ្មែរក្រហម​ទាំងអស់នោះ​នៅតែមាន​។ ទង្វើ​ដ៏​ព្រៃផ្សៃ​របស់​ខ្មែរក្រហម បានធ្វើ​ឲ្យ​ខ្ញុំ​នៅតែ​នឹកឃើញ​ពី​ការបង់​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្ញុំ​ដែល​គ្មាន​ថ្ងៃ​វិលត្រឡប់​មកវិញ​។
​ទោះបីជា​យ៉ាងណា ខ្ញុំ​ពិតជា​ទទួលបាន​យុត្តិធម៌​គ្រប់គ្រាន់​ពី​លទ្ធផល​នៃ​ការកាត់ក្តី​របស់​តុលាការ​ខ្មែរក្រហម​ដែល​ខ្ញុំ​មិន​ធ្លាប់បាន​រំពឹងទុក​ពីមុន​ទាល់តែសោះ ព្រោះ​ការកាត់ក្តី​នេះ អាច​បញ្ជាក់​ច្បាស់​ឲ្យ​ខ្ញុំ​ដឹងថា​នរណា​ជា​អ្នក​បង្កឡើង​នូវ​បញ្ហា​ទាំងអស់នេះ​យ៉ាងពិត​ប្រាកដ​។ សព្វថ្ងៃ ខ្ញុំ​មិន​ចង់បាន​អ្វី​បន្ថែមទៀត​ទេ គឺ​ខ្ញុំ​សុំ​ត្រឹមតែ​សេចក្តីសុខ និង​សន្តិភាព​។ ខ្ញុំ​តែងតែ​និយាយប្រាប់​នូវ​រឿងរ៉ាវ​របស់ខ្ញុំ​ទៅដល់​ក្មេងៗ​ជំនាន់​ក្រោយ ដើម្បី​កុំ​ឲ្យ​ក្មេងៗ​ចូលធ្វើ​នយោបាយ​ខុស​ក្នុង​ពេលអនាគត​។

៤) ហៃ សុខ​ឃៀង ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ រស់នៅ​ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង​បាន​ចែករំលែក​បទពិសោធន៍​របស់គាត់​ថា​៖
​ខ្ញុំ​គាំទ្រ​ជាមួយនឹង​ការកាត់ក្តី​របស់​តុលាការ​ខ្មែរក្រហម​ទៅលើ​មេដឹកនាំ​ខ្មែរក្រហម ព្រោះ​ខ្ញុំ​ចង់​ចូលរួម​ស្វែងរក​យុត្តិធម៌ និង​ថែ​រក្សាទុក​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នេះ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ដើម្បី​ឲ្យ​ចេះ​ថ្លឹងថ្លែង​អំពី​ការគ្រប់គ្រង​ប្រទេស​ពី​សម័យកាល​មួយ​ទៅ​សម័យកាល​មួយ​បន្តទៀត​។ ខ្ញុំ​គិតថា​ប្រសិនបើ​ខ្ញុំ​មានឱកាស​ក្នុងការ​បកស្រាយ ខ្ញុំ​នឹងមិន​ភ័យខ្លាច​ឬ​ស្ទាក់ស្ទើរ​ក្នុងការ​រៀបរាប់​ការពិត​អំពី​រឿងរ៉ាវ​ដែល​ខ្ញុំ​បានដឹង​ដែល​កើតឡើង​នៅក្នុង​របប​ខ្មែរក្រហម​ឡើយ​។ ខ្ញុំ​ធ្លាប់បាន​តាមដាន​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​តាម​ការចាក់ផ្សាយ​នៅក្នុង​ទូរទស្សន៍ ព្រោះ​ខ្ញុំ​គិតថា ការនាំយក​មេដឹកនាំ​ខ្មែរក្រហម​មក​កាត់ទោស​នេះ គឺ​ពិត​ជាមាន​អត្ថប្រយោជន៍​ដល់​ទាំង​ប្រជាជន និង​សង្គម​កម្ពុជា​ទាំងមូល​។
​ចំពោះ​ខ្ញុំ ការស្វែងរក​យុត្តិធម៌​ជូន​ដល់​ប្រជាជន​ខ្មែរ​តាមរយៈ​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម គឺ​បាន​ចូលរួមចំណែក​ក្នុងការ​ការពារ​អំពើ​ប្រល័យពូជសាសន៍​បែបនេះ​កើតឡើង​ម្តងទៀត ដូចជា ការចាញ់បោក​មេដឹកនាំ​ខ្មែរក្រហម និង​ការវិលត្រឡប់​មកកាន់​អំណាច​ឡើងវិញ​ដោយ​ក្រុម​កុ​ម្មុនី​ស ដូចជា ប៉ុល ពត ជាដើម​៕