ការចងចាំ​អំពី​របប​ខ្មែរក្រហម បង្ហាញ​អំពី​ភាពរឹងមាំ​របស់​ប្រជាជន​កម្ពុជា​

876
ចែករម្លែក

​ដោយ​៖ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ពេលវេលា​ចេះតែធ្វើ​ដំណើរ​ទៅមុខ​មិន​ឈប់ឈរ​កន្លង​អស់​រយៈពេល​ជាង​៤០​ឆ្នាំ បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ ប៉ុន្តែ​ការចងចាំ សេចក្តី​នឹករឭក​នៅតែមាន​ជា​ដរាប​ចំពោះ​ទំហំ​នៃ​ការបាត់បង់ ការប្រឈមមុខ​នឹង​ស្ថានភាព​ដ៏​សែន​គ្រោតគ្រាត និង​សេចក្តី​ឈឺចាប់​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​បង្កឡើង​ដោយ​ក្រុម​កុ​ម្មុយ​នី​ស​ខ្មែរក្រហម​ក្នុងអំឡុងពេល​នៃ​សតវត្សរ៍​ទី​២០​។ ទោះបីជា​រឿងរ៉ាវ​ទាំងឡាយ​ដែល​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម​ស្ថិតក្នុង​រូបភាព​សាហាវព្រៃផ្សៃ ជួន​ពេលខ្លះ​ស្ទើរតែ​មិនអាច​ទទួលយកបាន​នូវ​ហេតុការណ៍​ដ៏​សែន​រន្ធត់​ទាំងនោះ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា ការ​រំឭក​អំពី​រឿងរ៉ាវ​ទាំងអស់នេះ​សារ​ឡើងវិញ​ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ថែមទាំង​ទទួលបាន​ការគាំទ្រ​ឲ្យ​មានការ​បង្កើតឡើង​នូវ​សកម្មភាព​ផ្សេងៗ​ទៀត​យ៉ាង​ផុសផុល​ដល់​ការលើកកម្ពស់ និង​ជំរុញ​ឲ្យ​មានការ​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។

ការ​ប្រារព្ធ​ទិវា​ចងចាំ ២០ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​បឹង​ជើងឯក

​ជា​រៀងរាល់ឆ្នាំ​នា​ថ្ងៃទី​២០ ឧសភា នៅក្នុង​ប្រទេស​កម្ពុជា គឺជា​ថ្ងៃមួយ​ដែល​រដ្ឋាភិបាល​កម្ពុជា បានជ្រើសរើស​ប្រារព្ធ​ទិវា​នៃ​ការចងចាំ ដែល​ត្រូវបាន​ធ្វើឡើង​នៅតាម​បូជនីយដ្ឋាន​នានា​ដូចជា អតីត​ទីតាំង​សម្លាប់ រណ្តៅ​សាកសព និង​អតីត​មន្ទីរ​សន្តិសុខរ​បស់​ខ្មែរក្រហម ក្នុង​គោលបំណង​រំឭក​ដល់​ទុក្ខវេទនា ការឈឺចាប់ ការកាប់សម្លាប់ ភាពអយុត្តិធម៌ ថែមទាំង​ជា​ឱកាស​នៃ​ការប្រមូលផ្តុំ​នូវ​សំឡេង​មួយ ដើម្បី​លាតត្រដាង​ពី​អំពើ​ឃោរឃៅ​របស់​ខ្មែរក្រហម ដែល​បាន​ប្រព្រឹត្ត​មកលើ​ប្រជាជន​កម្ពុជា​។ រួមជាមួយ​គ្នា​នោះដែរ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចូលរួម​លើកកម្ពស់​ថែរក្សា​ការចងចាំ ការផ្សះផ្សា និង​ការស្វែងរក​យុត្តិធម៌ ដោយ​ទាមទារ​ឲ្យ​ចាប់​ផ្តើមធ្វើ​កិច្ចការងារ​របស់ខ្លួន​នៅតាម​ថ្នាក់មូលដ្ឋាន ព្រោះ​ឧក្រិដ្ឋកម្ម​ទាំងឡាយ​ដែល​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម​ដែល​ភាគច្រើន​បាន​បង្កឡើង​នៅក្នុង​ថ្នាក់មូលដ្ឋាន​។ ដូច​ច្នេះ​ហើយ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​បង្កើត​ឲ្យ​មាននូវ​មជ្ឈមណ្ឌល​ចំនួន​៣​កន្លែង​ផ្សេងៗ​គ្នា ស្ថិតនៅលើ​ទីតាំង​សំខាន់ៗ ដែល​ធ្លាប់បាន​មើលរំលង​ទៅលើ​កិច្ចការងារ​ដែល​អាច​ចូលរួមចំណែក​មួយ​យ៉ាងសកម្ម​ដល់​ការចងចាំ ផ្សះផ្សា និង​ការស្វែងរក​យុត្តិធម៌​សម្រាប់​ប្រជាជន​កម្ពុជា​។

ការ​ប្រារព្ធ​ទិវា​ចងចាំ ២០ ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​បឹង​ជើងឯក

​ទី​១) មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ៖ ស្ថិតនៅ​ក្នុងភូមិ​ជនបទ​ដាច់ស្រយាល​តូច​មួយ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ដែល​បានជ្រើសរើស​យក​អតីត​ទីបញ្ជាការ​របស់​តា​ម៉ុក នៅលើ​ខ្នងភ្នំ​ដងរែក​មក​ធ្វើជា​ការិយាល័យ​ធ្វើ​កិច្ចការងារ​របស់ខ្លួន​។ អន្លង់វែង​គឺជា​ទីកន្លែង​ដំបូង​ដែល​ត្រូវបាន​កាន់កាប់​ដោយ​ខ្មែរក្រហម និង​ជាទី​បញ្ជាការ​ចុងក្រោយ​របស់​ខ្មែរក្រហម​មុនពេល​ប្រគល់​ខ្លួន​ដល់​រដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ឆ្នាំ​១៩៩៩ ។ ដូច្នេះ ប្រវត្តិសាស្ត្រ​អន្លង់វែង ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ប្រវត្តិសាស្ត្រ​នៃ​ចលនា​ក្រហម​គួរ​ឲ្យ​កត់សម្គាល់​។ គោលបំណង​របស់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង គឺ​ចូលរួម​ថែរក្សា និង​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​នៅក្នុង​ស្រុក​អន្លង់វែង តាមរយៈ​ការរៀបចំ​ឲ្យ​មានដំណើរ​ទស្ស​កិច្ច​សិក្សា​ស្តីពី​សន្តិភាព និង​ការផ្សះផ្សា​នៅក្នុង​តំបន់​នោះ​។ ដោយសារ​តំបន់​អន្លង់វែង គឺជា​តំបន់​ដែល​ធ្លាប់តែ​មានការ​ប្រយុទ្ធ​គ្នា អំពើហិង្សា ការឈឺចាប់ និង​គ្រប់គ្រង​ដោយ​អតីត​យោធា​ខ្មែរក្រហម ទើប​ធ្វើ​ឲ្យ​ប្រជាជនមាន​ទស្សន​យល់ឃើញ​ផ្សេងៗ​គ្នា​លើ​ប្រវត្តិសាស្ត្រ​ក្នុង​តំបន់​នេះ និង​ធ្វើ​ឲ្យ​មាន​គម្លាត​គ្នា​កាន់តែ​ឆ្ងាយ​រវាង​អតីត​ខ្មែរក្រហម និង​ជនរងគ្រោះ​ពី​របប​នេះ​។

រូប​ឈរ​ខាងមុខ បណ្ឌិត លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង ធ្វើ​បទ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ​តំបន់​អន្លង់វែង​ដល់​និស្សិត​ស្ម័គ្រចិត្ត​

កិច្ចការ​របស់​យើង​គឺ​ត្រូវខិតខំ​ពន្យល់​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ពី​របប​ខ្មែរក្រហម ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្សះផ្សា​និង​ការព្យាបាល​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់ ទប់ស្កាត់​អំពើ​ឃោរឃៅ​បែបនេះ​កុំ​ឲ្យ​កើតឡើង​ម្តងទៀត​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅលើ​ពិភពលោក​។ មិនតែប៉ុណ្ណោះ យើង​ថែមទាំង​បានរៀបចំ​ចងក្រង​ឯកសារ​អំពី​រឿងរ៉ាវ​របស់​សមាជិក​ក្រុមខ្មែរក្រហម​និង​ជនរងគ្រោះ​ក្នុង​តំបន់​ដោយមាន​គោលបំណង​អភិរក្ស​ប្រវត្តិសាស្ត្រ​នៃ​របប​ខ្មែរក្រហម និង​ជំរុញ​កិច្ចពិភាក្សា​រវាង​ជនដៃដល់​ខ្មែរក្រហម និង​ជនរងគ្រោះ​ពី​អំពើ​ប្រល័យពូជសាសន៍​។

​ទី​២) មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​បូព៌ា ៖ មាន​ទីតាំង​ស្ថិតនៅក្នុង​សាលា​គរុកោសល្យ​ភូមិភាគ​ព្រៃវែង ដែល​ស្ថិតនៅក្នុង​ភូមិភាគ​បូព៌ា​នៃ​ប្រទេស​កម្ពុជា​ក្នុង​កម្ពុជា​ប្រជាធិបតេយ្យ ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។ នៅក្នុង​របប​ខ្មែរក្រហម ភូមិភាគ​បូព៌ា​គឺជា​តំបន់​មួយ​ដែល​ត្រូវបាន​ខ្មែរក្រហម​កាន់កាប់​មុនដំបូង​គេ​បង្អស់ ហើយក៏​ជាទី​តាំង​មួយ​ដែល​របប​ខ្មែរក្រហម​ត្រូវបាន​ផ្តួល​រលំ​មុនគេ​ដែរ​។ នៅក្នុង​រយៈពេល ៣ ឆ្នាំ​៨​ខែ ២០​ថ្ងៃ នៃ​ក្នុង​របប​ខ្មែរក្រហម​គឺ​នៅក្នុង​ឆ្នាំ​១៩៧៨ ប្រជាជន​ក្នុង​តំបន់​នេះ​បានទទួល​រង​នូវ​ការសម្លាប់​យ៉ាង​ឃោរឃៅ​បំផុត ដោយសារតែ​តំបន់​នេះ​មានការ​បះបោរ​។ ប្រជាជន កម្មាភិបាល និង​យោធា​នៅក្នុង​តំបន់​នេះ​ក៏​ទទួលរង​ការធ្វើ​បន្សុទ្ធកម្ម​ឡើងវិញ ថែមទាំង​មានការ​រៀបចំ​ឲ្យ​មាន​អ្នកដឹកនាំ​ថ្មី ដើម្បី​ទប់ទល់​នឹង​អ្នកបះបោរ​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​បក្ស​ក​ម្មុយ​នី​ស្ត​ខ្មែរក្រហម​។ ប្រជាជន​ត្រូវ​ជម្លៀសចេញ​ទៅកាន់​ភូមិភាគ​ពាយ័ព្យ និង​ភូមិភាគ​ផ្សេងៗ​ទៀត ហើយ​បន្ទាប់មក​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់ធ្ងរ និង​កាប់សម្លាប់​នៅតាម​តំបន់​ទាំងនោះ​។

​ការបង្កើតឡើង​នូវ​មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​បូព៌ា គឺ​ដើម្បី​ថែរក្សា​ការចងចាំ និង​ស្វែងយល់​អំពី​បទពិសោធន៍​របស់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម ថែមទាំង​ផ្តល់ជូន​នូវ​ភាពងាយស្រួល​ចំពោះ​ការប្រើប្រាស់​ឯកសារ​ទាំង​ឡាយ​ដល់​សាធារណៈជន​។ មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​បូព៌ា ក៏បាន​ចូលរួមចំណែក​លើកកម្ពស់​ដល់​ការផ្សះផ្សា​ដោយ​បង្កើត​ឲ្យ​មានការ​ពិភាក្សា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដល់​ក្មេងៗ​ជំនាន់​ក្រោយ និង​បង្កើន​ឲ្យ​មានការ​យល់ដឹង​ជា​សាធារណៈ​អំពី​អំពើ​ប្រល័យពូជសាសន៍ និង​បទពិសោធន៍​របស់​ជន​រងគ្រោះ​ដែរ​។

ក្រុមការងារ​មជ្ឈមណ្ឌល​ផ្សះផ្សា​វាលវែង​ចុះ​ជួប និង​ធ្វើ​ការងារ​ជា​ប្រជាជន​នៅតាម​ភូមិ​

​ទី​៣) មជ្ឈមណ្ឌល​ផ្សះផ្សា​វាល​វែ​ល ៖ មាន​ទីតាំង​ស្ថិតនៅ​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ ភូមិភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​។ គោល​គំនិត​សំខាន់​នៃ​ការបង្កើត​មជ្ឈមណ្ឌល​ផ្សះផ្សា​នៅតាម​តំបន់​ដាច់ស្រយាល​នេះ ព្រោះ​ដោយសារតែ​តំបន់​នេះ​ត្រូវបាន​មើលរំលង​អស់​រយៈពេល​យូរណាស់​មកហើយ​។ តំបន់​វាលវែង គឺជា​តំបន់​មួយ​ដែល​ភាគច្រើន​គឺជា​កន្លែង​រស់នៅ​របស់​អតីត​កម្មាភិបាល​ខ្មែរក្រហម​ចាប់តាំងពី​អំឡុងពេល​នៃ​របប​ខ្មែរក្រហម​រហូតមកដល់​សព្វថ្ងៃនេះ​។ ដូច​ច្នេះ តម្រូវការ​នៃ​ការផ្សះផ្សា និង​ការធ្វើ​កិច្ចការ​ស្រាវជ្រាវ ត្រូវតែមាន​ជា​ចាំបាច់​ដើម្បី​ការពារ​ការកើតមាន​ឡើង​នៃ​ជម្លោះ​ក្នុង​តំបន់ ថែមទាំង​លើកទឹកចិត្ត​ឲ្យ​ចូលរួម​ផ្សះផ្សា​រវាង​អតីត​កម្មាភិបាល​ខ្មែរក្រហម ជនរងគ្រោះ និង​ក្មេងៗ​ជំនាន់​ក្រោយ តាមរយៈ​ការអប់រំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។

​សម្រាប់​ប្រទេស​កម្ពុជា ការអនុញ្ញាត​ឲ្យ​ទទួលបាន​នូវ​ការស្វែងយល់​អំពី​ប្រទេស​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​បើកចំហ​ចំពោះ​សហគមន៍ជាតិ និង​អន្តរជាតិ​។ ជាក់ស្តែង ប្រទេស​ភី​លី​ពី​ន គឺជា​ប្រទេស​ទី​២ ដែល​បានផ្តល់​ទីតាំង​ធ្វើជា​ជំរំ​ជនភៀសខ្លួន​ដល់​ប្រជាជន​កម្ពុជា​ជាច្រើន​នាក់ មុននឹង​ធ្វើដំណើរ​ទៅ​រស់នៅក្នុង​ប្រទេស​ទី​៣ បន្ទាប់ពី​របប​ខ្មែរក្រហម​បាន​ដួលរលំ បានទទួល​ការសិក្សា​ស្វែងយល់​ជាច្រើន​ពី​ប្រទេស​កម្ពុជា​ទាំង​ផ្នែក​ប្រវត្តិសាស្ត្រ ក៏ដូចជា​វប្បធម៌​ជាដើម​។ ស្ថានទូត​របស់​ប្រទេស​កម្ពុជា​ប្រចាំ​នៅក្នុង​ប្រទេស​ភី​លី​ពី​ន បាន​ខិតខំ​ធ្វើ​កិច្ចការងារ​របស់ខ្លួន​ជាច្រើន​ទាក់ទង​ទៅនឹង​ការផ្សព្វផ្សាយ​អំពី​វប្បធម៌ អរិយធម៌​ដ៏​ត្រចះត្រចង់​របស់​ប្រទេស​កម្ពុជា​កាលពី​យូរអង្វែង​ណាស់​មកហើយ​ទៅកាន់​ប្រជាជន​នៅក្នុង​ប្រទេស​ភី​លី​ពី​ន និង​ជនជាតិ​បរទេស​ជាច្រើន​ទៀត តាមរយៈ​ការដាក់​តាំង​ដាក់តាំង​ពិព័រណ៍ ការរៀបចំ​សម្តែង​សិល្បៈ ការផ្សព្វផ្សាយ​អំពី​ចំណីអាហារ នៅតាម​កម្មវិធី​ជួបជុំ​នានា​។ នៅក្នុង​នោះដែរ ប្រវត្តិសាស្ត្រ​នៃ​របប​ខ្មែរក្រហម ក៏ត្រូវ​បានលើកឡើង​នៅក្នុង​កម្មវិធី​ផ្សេងៗ​ដូចជា​កម្មវិធី​បដិសណ្ឋារកិច្ច​ការទូត​ជាមួយ​បរទេស សិស្ស និង​និស្សិត​ដែរ​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ ស្ថានទូត​របស់​ប្រទេស​កម្ពុជា​ប្រចាំ​នៅក្នុង​ប្រទេស​ភី​លី​ពី​ន មិនមាន​គម្រោង​ប្រារព្ធ​ទិវា​នៃ​ការចងចាំ​នៅ ថ្ងៃទី​២០ ឧសភា ឆ្នាំ​២០១៩ នេះ​ទេ ព្រោះ​ដោយសារ​តែមាន​កិច្ចការ​មមាញឹក​ជាច្រើន​ទាក់ទង​នឹង​កិច្ចការ​បោះឆ្នោត​ថ្មីៗ​នៅក្នុង​ប្រទេស​ភី​លី​ពី​ន​។

​ទោះបីយ៉ាងណា​ការចងចាំ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម នឹង​ជួយ​ប្រជាជន​កម្ពុជា​ឲ្យ​មាន​ភាពរឹងមាំ មានការ​គោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ថែមទាំង​ចូលរួមចំណែក​ក្នុង​ការពារ​ការកើតឡើង​វិញ​រាល់​គ្រប់​ទម្រង់​នៃ​អំពើ​ប្រល័យពូជសាសន៍ នៅក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក​។

​មជ្ឈមណ្ឌល​កម្ពុជា​សង្ឃឹម​ថា គម្រោង​នៃ​ការបង្កើត​មជ្ឈមណ្ឌល​ទាំង​៣ និង​កិច្ចការងារ​ទាំងឡាយ​ដែល​ខ្លួន​បាន​ខិតខំ​ធ្វើ​កន្លងមក និង​បន្តធ្វើ​នាពេល​អនាគត គឺជា​ផ្នែក​មួយ​នៃ​ការចូលរួម​ដល់​ការថែរក្សា​ការចងចាំ ជូន​ចំពោះ​អ្នក​ដែល​បាន​បាត់​បង់ជីវិត និង​ចូលរួម​ចែករំលែក​សេចក្តី​ឈឺចាប់ និង​ទុក្ខ​កង្វល់​របស់​ប្រជាជន​ខ្មែរ ថែមទាំង​ជា​ផ្នែក​មួយ​នៃ​ការថែរក្សា​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា និង​ពិភពលោក​ទាំងមូល​ដែរ​៕ ល​

ក្រុមនិស្សិត​ស្ម័គ្រចិត្ត​សួរ​សំណួរ​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ទៅកាន់ លោក លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​