ការចរចា​កិច្ចសន្យា​ថ្មី​របស់ ម៉ា​គូស រ៉ា​ហ្វ​ដ ជាប់គាំង

328
ចែករម្លែក

ម៉ា​គូស រ៉ា​ហ្វ​ដ (Marcus Rashford) បាន​ជាប់គាំង​ជុំវិញ​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លឹប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ខណៈពេល​ការងារ​កសាង​ក្រុម​ឡើងវិញ​របស់ លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) កាន់តែ​លេច​រូបរាង​ច្បាស់​ទៅៗ​។

​រ៉ា​ហ្វ​ដ ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ក្លឹប Barcelona នៅមុន​ពេល យូ​ណាយ​ធី​ត​ខ្ទាត​ចេញពី​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក ដោយ​ប្រកួត​ចាញ់​ក្រុម Barcelona ៣-០ ដែល​បង្ហាញ​គម្លាត​កម្រិត​លេង​រវាង​ក្រុម​ទាំងពីរ​កាន់តែខ្លាំង​មែនទែន​។

​យូ​ណាយ​ធី​ត​មានការ​ខកចិត្ត​ខ្លាំង ប៉ុន្តែ​បាន​អះអាងថា រ៉ា​ហ្វ​ដ មិនមែន​សម្រាប់ លក់​ទេ​។

​គេ​ជឿថា ចំណាប់អារម្មណ៍​របស់ Barcelona គឺ​ច្បាស់​ណាស់ បើទោះបីជា​ក្លឹប​យក្ស អេ​ស្ប៉ា​ញ​នេះ​ដឹង​ច្បាស់​ថា វា​នឹងមាន​ការលំបាក​ក្នុងការ​អូសទាញ​កីឡាករ​វ័យ​២១​ឆ្នាំ រូបនេះ​ពី​ពហុកីឡាដ្ឋាន Old Trafford ក៏ដោយ​។

​កិច្ចសន្យា​របស់ រ៉ា​ហ្វ​ដ នឹង​ចប់​នៅ​ដំណាច់​រដូវ​កាល​ក្រោយ ប៉ុន្តែ​យូ​ណាយ​ធី​ត​មាន ជម្រើស​ពន្យារ​បន្ថែម​១២​ខែ​ទៀត​។ ការចរចា​ដំបូង​ត្រូវបាន​គេ​អះអាងថា មាន​លក្ខណៈ វិជ្ជមាន ហើយ​គេ​ជឿថា ក្លឹប​នេះ​មាន​អារម្មណ៍​សប្បាយចិត្ត ជុំវិញ​ស្ថានភាព​នេះ​។

​ទោះបីជា​យ៉ាងណា តំណាង​របស់ រ៉ា​ហ្វ​ដ មិនទាន់​ប្រញាប់ប្រញាល់​ប្តូរផ្តាច់​អនាគត នៅឡើយ​ទេ នៅពេល​ពួកគេ​ស្ថិតក្នុង​ជំហរ​តថ្លៃ​ស្វិតស្វាញ ហើយ​ជឿថា ពួកគេ​អាច នឹង​ជ្រើសរើស​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​កំពូល​នៅ​អឺរ៉ុប​។

​ពួកគេ​កំពុង​ព្យាយាម​ស្វែងរក​ប្រាក់​ឈ្នួល​២០០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​និង​ការ​ធានាថា រ៉ា​ហ្វ​ដ នឹង​នៅ​រក្សា​តួនាទី​សំខាន់​ក្នុង​ក្រុម​ជម្រើស​ដំបូង បន្ទាប់ពី​វ៉ា​ដាច់​ខ្សែ ប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​កា​គុ (Romelu Lukaku) ក្នុងឋានៈ​ជា​ខ្សែប្រយុទ្ធ​ជម្រើស​ទី​១​របស់ យូ​ណាយ​ធី​ត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ