ការចរចា​បញ្ចប់​ជម្លោះ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​កំពុង​ធ្វើឡើង​នៅ​ទីក្រុង​អូ​ស្លូ​របស់​ន័​រ​វែ​ស ប៉ុន្តែ​អាមេរិក​ថា​ត្រូវតែ​ផ្តោតលើ​ការដកតំណែង​ម៉ា​ឌូ​រ៉ូ​

678
ចែករម្លែក

​ប្រភពព័ត៌មាន​នានា​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​ឧសភា​ថា ការចរចា​រវាង​រដ្ឋា​ភិ​បាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​និង​ក្រុមប្រឆាំង​អំពី​ការបញ្ចប់​វិបត្ដិ​រាប់​ខែ​កំពុងដំណើរការ​នៅ​ន័​រ​វែ​ស ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ទទូចថា ធាតុ​តែមួយគត់​សម្រាប់​ការពិភាក្សា​នេះ​គឺ​គួរតែ​ជាការ​ដកតំណែង​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​។​

​មេដឹកនាំ​បក្សប្រឆាំង​គាំទ្រ​ដោយ​អាមេរិក លោក ហ្វ័​ន ក្វា​យ​ដូ ដែលមាន​ជាង ៥០ ប្រទេស​ទទួលស្គាល់​គាត់​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន បាន​ដឹកនាំ​ការជំរុញឱ្យ​ទម្លាក់​មេដឹកនាំ​ឆ្វេងនិយម​លោក​ម៉ា​ឌូ​រ៉ូ ដែលជា​អ្នកដឹកនាំ​សេដ្ឋកិច្ចជាតិ​ឱ្យដាំ​ក្បាល​ចុះ​។​

​ប៉ុន្តែ​ក្រុមប្រឆាំង​បាន​យល់ព្រម​ចូលមក​តុ​ចរចា​ក្រោម​ការឧបត្ថម្ភ​របស់​ន័​រ​វែ​ស​បន្ទាប់ពី​ការបះបោរ​កងទ័ព​និង​ការតវ៉ា​នៅតាម​ដងផ្លូវ ដែល​លោក​ក្វា​យ​ដូ​សង្ឃឹមថានឹង​ទទួលជោគជ័យ តែ​បែរជា​បរាជ័យ​កាលពី​ខែ​មុន​។​

​ក្រុម​អ្នកការទូត​ន័​រវេ​សបាន​និយាយថា​ភាគី​ទាំងពីរ​ជួបគ្នា​នៅ​សប្តាហ៍​នេះ​នៅក្នុង​ប្រទេស​ន័​រវេ​ស​នៅក្នុង​កិច្ចប្រជុំ​ជួប​ទប់​មុខ​គ្នា​ជា​លើកដំបូង​របស់​ពួកគេ​ចាប់តាំងពី​ក្វា​យ​ដូ​ប្រកាស​ដណ្តើម​អំណាច​កាលពី​ខែមករា ដោយ​មិន​ប្រាប់​ឱ្យដឹងពី​កាលបរិច្ឆេទ​ឬ​ទីកន្លែង​ប្រជុំ​នោះទេ​។​

​ប្រភព​ជិតស្និទ្ធ​នឹង​ដំណើរការ​នេះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា កិច្ចចរចា​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​អូ​ស្លូ​។ ក្រសួងការបរទេស​ន័​រ​វែ​សបាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​។​

​លោក​ម៉ា​ឌូ​រ៉ូ ខណៈ​ពណ៌នា​ថា​គណបក្សប្រឆាំង​ថា​ជា “​ពួក​ជ្រុលនិយម​” និង​ធ្វើការ​ក្នុងនាម​ជា​សហរដ្ឋអាមេរិក បាន​សន្យាថា​នឹងធ្វើ​កិច្ចប្រឹងប្រែង​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​។​

​លោក​ម៉ា​ឌូ​រ៉ូ​បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ចន្ទ​ថា “​យើង​នឹង​បង្ហាញ​នូវ​ជំនឿ​ដ៏​ល្អ​បំផុត​របស់​យើង​…​ដើម្បី​អាច​រកឃើញ​ដំណោះស្រាយ​ដោយ​សន្តិវិធី​និង​តាមបែប​ប្រជាធិបតេយ្យ ដោយ​ផ្អែកលើ​វេទិកា​ដែល​ភាគី​នានា​បាន​ឯកភាព ដើម្បី​ជួយ​ដោះស្រាយ​ជម្លោះ​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​”៕ ដោយ៖ កញ្ញាដាលីស

តំណាង​របស់លោក​ក្វា​យ​ដូ (​ឆ្វេង​) និង លោក​ម៉ា​ឌូ​រ៉ូ​ជួបគ្នា​នៅ​ទីក្រុង​អូ​ស្លូ