ការចាកចេញ​របស់​ម៉ា​តទី​ស បន្សល់ទុក​សុទ្ធតែ​«​មនុស្ស​បាទ​ទាន​»​នៅ​ជុំវិញ​ត្រាំ​

1305
ចែករម្លែក

​ការលាឈប់​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អាមេរិក នៅ​មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ដល​ពលទាហាន​អាមេរិក​ចេញពី​ស៊ី​រី ជា​ផលវិបាក​នៃ​ទង្វើ​របស់​​លោក​ត្រាំ​និង​ជា​អ្វីដែល​បានកើត​មាន​ត​គ្នា​ជា​ហូរហែ តែ​ការចាកចេញ​លើក​នេះ​អាចជា​ការប្រកាសអាសន្ន​និង​អាចធ្វើអោយ​គោលនយោបាយ​ការបរទេស​អាមេរិក​កាន់​​តែ​ខុស​ប្រក្រតី​។​

​បញ្ជី​នៃ​អតីតមន្ត្រី​របស់​ត្រាំ​ត្រូវបាន​រាយ​មួយ​ជួរ​វែង និង​រួមមាន​ឈ្មោះ​ខ្លះ​ដែល​ត្រូវ​ចងចាំ​។​ឈ្មោះ​ដែល​ត្រូវ​រាយ​បញ្ចូល​ក្នុង​តារាង​នៅ​ខែកុម្ភៈ​ខាងមុខ​ដ៏​សំខាន់​និង​ជា​អ្នក​​ចាកចេញ​សម​ហេតុផល​បំផុត​មួយ នោះ​គឺ ជី​ម ម៉ា​តទី​ស​។​

​ប្រមុខ​មន្ទីរ​បញ្ច​កោណ​រូបនេះ​បានប្រកាស​សុំ​លាឈប់​នាពេលខាងមុខ​នៅក្នុង​លិខិត​២​ទំព័រ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​ធ្នូ នៅ​មួយថ្ងៃ​ក្រោយ​លោក​ត្រាំ​ប្រកាស​ដក​​ទាហាន​អាមេរិក​ចេញពី​ស៊ី​រី​ភ្លាមៗ​។​លិខិត​នេះ​វាយប្រហារ​២​យ៉ាង មួយ​វា​បង្ហាញ​ការមិន​សរសើរ​ត្រាំ និង​ទី​២​វា​បង្ហាញ​ច្បាស់​ថា ម៉ា​តទី​ស​លាលែង​ដោយសារ​ទស្សនៈ​​របស់លោក​អំពី​គោលនយោបាយ​ការបរទេស​និង​ការពារជាតិ​មិនត្រូវ​គ្នា​ជាមួយ​គំនិត​របស់​ចៅហ្វាយ​ខ្លួន​។​

​តាមពិត​លោក​ម៉ា​តទី​ស​ជា​មា​ជិ​ក​គណៈរដ្ឋមន្ត្រី​តែ​ម្នាក់​គត់​ដែល​ប្រឆាំង​ជា​ចំហ​និង​ជាប្រចាំ​ទៅនឹង​ការលើក​អួត​សរសើរ​លោក​ប្រធានាធិបតី​ត្រាំ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កន្លងមក​ដែលមាន​ទំនោរ​ទៅរក​អត្តា​ធិបតេយ្យ​(​រដ្ឋាភិបាល​ដឹកនាំ​ដោយ​មនុស្ស​ម្នាក់​ឬ​មនុស្ស​មួយក្រុម​តូច​)​ជាង​ប្រជាធិបតេយ្យ​។​លោក​ក៏ដូចជា​គ្រប់គ្នា​ដែល​បំរើ​ប្រ​ធា​​នា​ធិបតី​នេះ​ដឹង​អំពី​គោលនយោបាយ​ដែល​គេ​ស្អប់​ច្រើនតែ​កំពុង​ត្រូវអនុវត្ត​ដោយ​រដ្ឋាភិបាល​អាមេរិក ឧទាហរណ៍ ការ​បំបែក​កូន​អន្តោប្រវេសន៍​ចេញពី​ឪពុកម្តាយ​របស់​​គេ​ដោយ​អមនុស្សធម៌​និង​បំរាម​លើ​ការធ្វើដំណើរ​ជាដើម​។​

​តែ​មិន​ដូច​អ្នកដទៃ​ផ្សេង​ទេ ម៉ា​តទី​ស យ៉ាងហោចណាស់​បាន​ព្យាយាម​បន្ធូរបន្ថយ​ឬ​បញ្ចៀស​អ្វីដែល​លោក​គិតការ​ណែនាំ​ដ៏​អាក្រក់​របស់​ត្រាំ​។ ភ្លាម​ក្រោយ​ការជាប់ឆ្នោត​​តែ​មិនទាន់​ស្បថ​ចូលកាន់​តំណែង​ ​លោក​ម៉ា​តទី​សបាន​ខ្វែងគំនិត​ជា​សាធារណៈ​ទៅនឹង​ការសន្យា​របស់​ត្រាំ​ដើម្បី​នាំ​ត្រឡប់​ការធ្វើ​ទារុណកម្ម​សំរាប់​ជា​ឧបករណ៍​សួរ​ច​​ម្លើ​យ​។​ម៉ា​តទី​ស ទោះជា​មិន​ពេញចិត្ត​អំពី​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់ តែ​ចង់អោយ​បន្ត​អនុវត្ត​វា​។​លោក​ក៏​មិនសូវមាន​ជំនឿ​ចិត្ត​អំពី​ការជំរុញ​ការចរចា​ស្តីពី​ការលុបបំបាត់​​នុយគ្លេអ៊ែរ​របស់​ត្រាំ​ជាមួយ​កូរ៉េខាងជើង​ក្រោយ​ការ​ឱប​គ្នា​ដ៏​ឆ្គង​រវាង​ប្រធានាធិបតី​អាមេរិក​និង​មេដឹកនាំ​ផ្តាច់ការ​កូរ៉េខាងជើង​។​

​លោក​ក៏​មិន​យល់ស្រប​នឹង​បំណង​របស់​ត្រាំ​ក្នុង​ការដក​ទាហាន​អាមេរិក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ស៊ី​រី ហើយ​បទបញ្ជា​អោយ​ដក​ទាហាន​អាមេរិក​ចេញពី​ស៊ី​រី​កាលពី​ថ្ងៃ​​អង្គារ​ទំនងជា​សរសៃ​បំបើង​ចុងក្រោយ​ដែល​បំបាក់​ឆ្អឹង​អូដ​(​ការអត់ធ្មត់​ចុងក្រោយ​)​។​

​ចុងក្រោយ​និង​សំខាន់ ម៉ា​តទី​សបាន​ប៉ះទង្គិច​ជាមួយ​ត្រាំ​អំពី​សម្ពន្ធភាព​កាត់​អា​ត្ល​ង់​ទិ​ក​។​ក្នុងអំឡុង​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី ត្រាំ​ធ្លាប់​ហៅ​អង្គការ​ណា​តូ​ថា​«​ហួស​​សម័យ​ប្រើការ​បាន​» ។​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​៤​ដែល​អាជីព​របស់លោក​រួមមាន​ការដឹកនាំ​បញ្ជាការ​អង្គការ​ណា​តូ យល់ថា​សម្ពន្ធភាព​យោធា​នេះ​សំខាន់​ស្លាប់​រស់​និង​បាន​​បញ្ជូន​ការគាំទ្រ​របស់លោក​ចំពោះ​ណា​តូ​ទៅកាន់​សម្ពន្ធមិត្ត​។​

​ត្រាំ​មិន​ជឿ​លើ​សម្ពន្ធភាព​ឋិតថេរ​ទេ មិន​ជឿ​លើ​តំលៃ​រួមគ្នា​ឬ​សារសំខាន់​នៃ​ប្រវត្តិសាស្ត្រ​ទេ​។​សំរាប់​លោក អ្វីៗ​ចេញពី​ការជួញដូរ​សុទ្ធ អ្វីៗ​ចេញ​ជា​លុយ​។​គំនិត​នេះ​មិនត្រូវ​​គ្នា​នឹង​ទស្សនៈ​ពិភពលោក​របស់​ម៉ា​តទី​ស​ទេ​ដែល​អោយ​សារសំខាន់​លើ​ភាពជា​ដៃគូ​ឋិតថេរ​និង​តម្លៃ​រួម ដែលជា​គោលជំហរ​ជា​ប្រពៃណី​របស់​ប្រធានាធិបតី​អាមេរិក​មុនៗ​។​

​អ្វីដែល​នាំអោយ​លោក​ម៉ា​តទី​ស​ចាកចេញ​ដោយ​សម​ហេតុផល​គឺថា​លោក​ជាទី​ប្រឹក្សា​មាន​ឥទ្ធិពល​ចុងក្រោយ​គេ​នៅក្នុង​គណៈរដ្ឋមន្ត្រី​រប​ស់​ត្រាំ ដែល​ទស្សនៈ​របស់លោក​​អំពី​ពិភពលោក​និង​តួនាទី​អាមេរិក​នៅ ត្រូវ​គ្នា​នឹង​ទស្សនៈ​នៃ​ដៃគូ​សំខាន់ៗ​របស់​អាមេរិក​នៅ​អឺរ៉ុប​។​ហេតុនេះហើយ​បានជា​ពួក​មេដឹកនាំ​និង​អ្នកការទូត​អឺរ៉ុប​គិតថា​លោក​​ម៉ា​តទី​ស ដែល​បាត់បង់​ឥទ្ធិពល​មួយរយៈ​មកហើយ​ជា​កំពែង​ចុងក្រោយ​ទល់នឹង​ប្រធានាធិបតី​ខុស​ប្រក្រតី​និង​មិនមាន​ការទទួលខុសត្រូវ​ម្នាក់​។​ខណៈ​សម្ពន្ធមិត្ត​របស់​ខ្លួន​​នឹង​ចាកចេញ ទាំង​អឺរ៉ុប​និង​ណា​តូ​គួរ​គិតគូរ​ខ្លួនឯង​។​ពិភពលោក​ពិតជា​គ្រោះថ្នាក់​មែន​។​

​ពេល​ម៉ា​តទី​ស​ចាក​ចេញពី​តំណែង​នៅ​ចុងខែ​កុម្ភៈ លោក​ត្រាំ​នឹង​ប្រាកដជា​នៅសល់​ជុំជិត​តែម​នុស្ស​«​បាទ​ទាន​»​ដែល​ប្រជុំ​ដោយ​មនុស្ស​គំនិត​តែមួយ​និង​តែងតែ​និយាយ​​អំពី​អ្វីដែល​ចៅហ្វាយ​របស់ខ្លួន​ចង់​ស្តាប់​។​វា​ជា​ទិដ្ឋភាព​គួរអោយ​បារម្ភ​មួយ​សំរាប់​ពិភពលោក ជាពិសេស​នៅពេល​ប្រធានាធិបតី​រូបនេះ​នៅ​មិនទាន់​ឡើងដល់​កំរិត​ដែល​គេ​​អាច​ទទួលយកបាន​ពាក់កណ្តាល​នៅឡើយ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​គ្មាន​ត្រា​ប្រណី​ចុងក្រោយ​របស់លោក​ក្នុងការ​គាំទ្រ​ក្រុម​មេ​ដឹ​នាំ​អា​រ៉ា​ប៊ី​សា​អូឌីត​បន្ទាប់ពី​ហេតុការណ៍​ធ្វើឃាត​អ្នកកាសែត​ខា​សូ​ហ្គី ត្រាំ​បានប្រកាស​​ថា​«​អាមេរិក​ជា​អាទិភាព​! ពិភពលោក​ជា​កន្លែង​គ្រោះថ្នាក់​ណាស់​មួយ​!»​។​វា​ស្តាប់ទៅ​ហាក់ដូចជា​បំផ្លើស​និង​ប្រកាសអាសន្ន​បន្តិច​តែ​ការចាកចេញ​របស់​ម៉ា​តទី​សពិត​​ជា​អាច​បញ្ជាក់​សម្តី​របស់​ត្រាំ​តាមរបៀប​ដែល​យើង​មិនដែល​ទាំង​ស្រមៃ​ដល់​៕​ប្រែ​សម្រួល​ដោយ​:​វាសនា​

#