ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​រឿង​ឆ្មាំ​ព្រៃ​នឹង​ផ្តល់​ដំណោះស្រាយ​ថ្មី​

1019
ចែករម្លែក
ឆ្មាំព្រៃ

ដោយៈ​សន ប៊ុន​ស៊ីម​/​ភ្នំពេញៈ​ព្រះសង្ឃ​មួយអង្គ​បានក្លាយ​ទៅជា​ឆ្មាំ​ការពារ​ព្រៃឈើ​របស់​កម្ពុជា និង​បាន​ជំរុញ​ចិត្ត​ដល់​ព្រះសង្ឃ​រាប់លាន​អង្គ​ដទៃទៀត​ទូទាំង​ពិភពលោក​ដែរ​។​ឆ្នាំ​ព្រៃ​គឺជា​ខ្សែភាពយន្ត​ដែលមាន​សុទិដ្ឋិនិយម​។ ការជឿជាក់​លើ​យុវជន​ជំនាន់​ក្រោយ​ដែល​នឹង​យក​គំរូ​តាម​ព្រះ​តេជគុណ គឺជា​ការប្តេជ្ញា និង​ស្មារតី​ជាតិ​ក្នុងការ​អភិរក្ស​វប្បធម៌ និង​ធនធានធម្មជាតិ​របស់​កម្ពុជា​។​


​នៅ​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០១៩​នា​វេលា​ម៉ោង​៣​រសៀល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹង​ធ្វើការ​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​រឿង ឆ្មាំ​ព្រៃ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​
​សូម​គោរព​យាង និមន្ត និង អញ្ជើញ ព្រះសង្ឃ សិស្ស​-​និស្សិត សាស្ត្រាចារ្យ មន្ត្រីការទូត អ្នកសារព័ត៌មាន និង​សាធារណជន យ៉ាង​កក់ក្តៅ​ឲ្យ​ចូលរួម​ក្នុងការ​បញ្ចាំង​ខ្សែភាពយន្ត​នេះ​។ នាយក​ផលិតកម្ម​គឺ លោក ឆាំង យុ និង​ផលិតករ​និង​អ្នក​ថត​ខ្សែភាពយន្ដ​គឺ លោក អ៊ូច មករា នឹងចូលរួម​ជាមួយនឹង​ព្រះ​តេជគុណ ប៊ុន សា​លួត ដែលជា​វីរបុរស​ថែរក្សា​ព្រៃឈើ​កម្ពុជា​មួយអង្គ​ដើម្បី​ពិភាក្សា​និង​ឆ្លើយតប​សំណួរ​របស់​ទស្សនិកជន​បន្ទាប់ពី​ការ​បញ្ចាំង​ខ្សែភាពយន្ត​។ សូម​ចូលរួម​ដោយ​សេរី​។​


​រឿង​ឆ្មាំ​ព្រៃ បង្ហាញ​អំពី​សកម្មភាព​របស់​ព្រះ​តេជគុណ ប៊ុន សា​លួត ក្នុងការ​រៀបចំ​យុទ្ធនា​ការការពារ​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង​ស្រុក​អន្លង់វែង​ពី​ការ​រុករាន​របស់​អ្នក​កាប់បំផ្លាញ​ព្រៃឈើ ព្រានប្រមាញ់​សត្វព្រៃ​និង​សត្វ​រស់នៅក្នុង​ទឹក ក៏ដូចជា​ការរុករក​ធនធាន​រ៉ែ​ខុសច្បាប់​។ ព្រះ​តេជគុណ​បាន​ខិតខំ​តតាំង​នឹង​ការគំរាមកំហែង និង​ការបំភិតបំភ័យ ដោយ​កេណ្ឌ​ព្រះសង្ឃ​ដទៃទៀត ព្រមទាំង​និមន្ត​ចាកចោល​ការរស់នៅ​ក្នុង​វត្ត​អា​រ៉ា​ម​ដោយ​ស្ងប់​សុខ ទៅ​គង់នៅ​ក្នុងព្រៃ​ស្មសាន​។ ព្រះ​តេជគុណ​បដិសេធ​ចំពោះ​ការប្រើ​អាវុធ ឬ​ការ​គំរាម​ក​ហែង​ប្រឆាំងនឹង​អ្នកប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​ទាំងនេះ ដោយ​ពឹង​ផ្អែកលើ​កម្លាំង​បញ្ចុះបញ្ចូល​ដ៏​វិសាមញ្ញ​របស់​ព្រះ​តេជគុណ និង​អាជ្ញាធរ​ក្នុង​តំបន់​។ ដំណឹង​ទាក់ទង​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ព្រះ​តេជគុណ​បាន​លេចឮ​ទៅដល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្រគេន​មុខងារ​ផ្លូវ​ការជូន​ព្រះសង្ឃ​ដ៏​ពិសេស​អង្គ​នេះ​ក្នុងការ​ការពារ​ព្រៃឈើ​ប៉ែក​ខាងជើង​របស់​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រគេន​ព្រះ​តេជគុណ​នូវ​ធនធាន​រដ្ឋាភិបាល​ក្នុងការ​យាមល្បាត​ព្រៃ​នេះ​។


​ខ្សែភាពយន្ត​ឆ្មាំ​ព្រៃ​នេះ បង្ហាញ​អំពី​តួនាទី​ដឹកនាំ​ជា​គំរូ​របស់​ព្រះ​តេជគុណ ប៊ុន សា​លួត មិន​ត្រឹមតែ​ក្នុងនាម​ជា​ព្រះសង្ឃ​នៃ​ព្រះពុទ្ធសាសនា​មួយអង្គ​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ជា​បុគ្គល​តំណាង​ឲ្យ​ដីកា​សាសនា​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចការពារ​និង​ថែរក្សា​ភព​ផែន​ធម្មជាតិ​ដ៏​មានតម្លៃ​របស់​យើង​ដែល​ស្ថិតនៅក្រោម​ការគំរាមកំហែង​។​
​រឿង​ឆ្មាំ​ព្រៃ ឆ្លុះបញ្ចាំង​អំពី​ជីវិត​គួរ​ជាទី​កោតស្ញប់ស្ញែង​នៃ​សមាគម​ព្រះសង្ឃ​មួយ ដែល​បាន​ស្ម័គ្រចិត្ត​បំពេញ​តួនាទី​ជា​អ្នកការពារ និង​អ្នកថែរក្សា​លំនៅស្ថាន​ធម្មជាតិ​របស់​យើង​។ សកម្មភាព​នេះ​គឺជា​គំរូ​មួយ ដែល​បច្ចុប្បន្ន​ត្រូវបាន​អនុវត្តតាម នៅឯ​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង​ពិភពលោក​។​


​នៅក្នុង​ខ្សែភាពយន្ត​ឯកសារ​នេះ ព្រះ​តេជគុណ ប៊ុន សា​លួត ពិពណ៌នា​អំពី​មូលហេតុ​ដែល​ព្រះ​តេជគុណ សម្រេចចិត្ត​ក្លាយខ្លួនជា​អ្នកថែរក្សា​ព្រៃឈើ​មួយអង្គ​និង​ថា​តើ​គោលការណ៍​នៃ​ព្រះពុទ្ធសាសនា​គាំពារ​ដល់​ការការពារ​បរិស្ថាន​យ៉ាងដូចម្តេច​។​តំបន់​ដែល​ស្ថិតក្រោម​ការថែរក្សា​រប​ស់​ព្រះ​តេជគុណ​បច្ចុប្បន្ន​បាន​លាតសន្ធឹង​លើ​ក្រឡា​ផ្ទៃ​សរុប​ចំនួន​ប្រមាណ​ជាង ៣​ម៉ឺន​២៥៤ ហិកតា​។​
​តំបន់​ព្រៃ​នេះ​គឺ​ត្រូវបាន​ស្គាល់​ថា​ជា “​ព្រៃ​សង្ឃ​រុក្ខ​វ័ន​” ស្ថិត​ក្នុងស្រុក​អន្លង់វែង ដែលជា​ទីតាំង​កាន់កាប់​ចុងក្រោយ​បំផុត​នៃ​ចលនា​តស៊ូ​របស់​កងទ័ព​ខ្មែរក្រហម និង​អ្នកដឹកនាំ​ខ្មែរក្រហម​ដែល​នៅ​រស់រានមានជីវិត ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រទេស​កម្ពុជា​៕​សរន​