ការចិញ្ចឹម​ជ្រូក​តាម​ផ្ទះ​

293

ទិសដៅ​នៃ​ការចិញ្ចឹម​តាម​ផ្ទះ​
– ដើម្បី​ប្រើប្រាស់​ឲ្យ​អស់​នូវ​សំណល់​ពី​ផ្ទះបាយ និង​សំណល់​ពួក​រុក្ខជាតិ ។​
– ការយក​ជីលា​មក និង​ទឹកនោម​វា​ប្រើ​
– ដាច់ខាត​មិន​យក​អ្វីដែល​មនុស្ស​ស៊ី​បាន​ទៅ​ឲ្យ​ជ្រូក​ស៊ី​ទេ ព្រោះ​បើ​ធ្វើ​របៀបនេះ​ការចិញ្ចឹម នឹង​គ្មាន​ចំណេញ​ឡើយ ។​

​ការជ្រើសរើស​ពូជ​
– ការចិញ្ចឹម​ដែល​ប្រើប្រាស់​ពេល​ភ្ជុំ ត្រូវ​រក​ពូជ​ខ្លាញ់​ច្រើន ។​
– ការចិញ្ចឹម​ដែល​ប្រើប្រាស់​ក្រៅ​ថ្ងៃ​ភ្ជុំ ត្រូវ​រក​ពូជ​សាច់​ច្រើន ។​
– បើ​ប្រុង​ចិញ្ចឹម​មេត្រូ​វ​រើស​ដោះ​ពី ១២​ឡើង បើ​យក​សាច់​ត្រូវ​ចិញ្ចឹម​ឈ្មោល ។​

​សុខភាព​កូន​
– រើស​កូន​ថ្លោស ដល់​អាយុ​ផ្ដាច់ដោះ​ចេះ​ស៊ី​ស្រួលបួល ហើយ​ជា​ប្រភេទ​ល្មោភស៊ី​ផង ទើប​ឆាប់​ធំ ។​
– ជៀសវាង​កុំ​យក​កូនជ្រូក​សំគម បាក់​ទឹកដោះ​មក​ចិញ្ចឹម ។​
– កុំ​យក​កូនជ្រូក​ទុយមុយ ស្លេក​ចុង​ច្រមុះ ព្រោះ​ជា​ពូជ​ឈឺ ។​

​ទ្រុង​
– ប្រើ​ប្រភេទ​ឈើ​អារ ឬ​ឈើមូល ត្រូវ​ដំ​សំបក​ចេញ ព្រោះ​ក្រែង​ជា​ជំរក​ខ្ទួយ ។​
– ប្រើ​ក្ដារក្រាល​ទុក​ប្រហោង​ប៉ុន​ម្រាមដៃ ហើយ​កន្លែង​ជុះ ទុក​ប្រហោង​៣​ធ្នាប់ ។​

– ឈើ​បាំង​ទ្រុង​ត្រូវ​កុំ​ឲ្យ​រន្ធ​ធំ ដែល​ជ្រូក​លូក​ច្រមុះ​ចូល​បាន ព្រោះ​នាំ​ឲ្យ​វា​គាស់​ទ្រុង​បាន​ងាយ ។​
– សង់​ខ្ពស់​ផុង​ពី​ដី ប្រក់​ជិត មាន​ពន្លឺ​ចាំង​ចូល មាន​ខ្យល់​បក់​កាត់ ទើប​ជ្រូក​ពុំ​សូវ​ឈឺ ។ ទ្រុង​ជ្រូក​១​ក្បាល​យក ទទឹង ០.៨០ ម៉ែត្រ បណ្ដោយ​២​ម៉ែត្រ បណ្ដោយ​២​ម៉ែត្រ បើ​ជ្រូក​២​ក្បាល យក ១.៣០ ម​/ ២​ម ។​
– ទ្រុង​ចង្អៀត​ដើម្បី​កុំ​ឲ្យ​វា​ធ្វើ​ចលនា​ពេក នាំ​ឲ្យ​អស់កំលាំង ដែល​ធ្វើ​ឲ្យ​វា​ឡើង​ទំងន់​យឺត ។​
– សំអាត​ជានិច្ច កុំ​ឲ្យ​វា​ដេក​កិន​បែក​លាមក​ប្រឡាក់​ពេញ​ខ្លួន ។​

យក​អាចម៍ និង​ទឹកនោម​
– អាចម៍​និង​ទឹកនោម​អាចធ្វើ​ជា​ជី​ដាក់​ដំណាំ​បាន ។ បើសិនណា​ជា​យើង​មិន​យក​ជី​ពី​ជ្រូក​ប្រើ​នោះ យើង​ត្រូវ​បាត់បង់​ធំ​ណាស់ ។ ជី​ពី​ជ្រូក ១​ក្បាល ឬ ២​ក្បាល តំលៃ​ប៉ុណ្ណា​នោះ យើង​ពុំ​អាច​ដឹងបាន​មុន​ទេ ។ លុះត្រាតែ​ដល់ពេល​ប្រើ​លើ​ដំណាំ ហើយ​ដំណាំ​នោះ​ឲ្យ​ផល​ល្អ​លើស​ផ្នែក​ដែល​មិន​ដាក់ គឺ​ភាពខុសគ្នា​នេះ​ជា​តំលៃ​របស់​ជី ។​

– យក​ចំបើង ឬ​សំរាម​ដាក់​ត្រង​ចំ​ទី​ដែល​វា​ធ្លាប់​ជុះនោម​ពីលើ និង​ឧស្សាហ៍​ប្រមូល​ទាំង​អាចម៍​ទាំង​សំរាម ដែល​ជប់​ទឹកនោម​រៀងរាល់ ថ្ងៃ ។ ព្រោះ​បើ​ទុកចោល​យូរ ត្រូវមាន់​កកាយ​ខ្ចាត់ខ្ចាយ​អស់ ។​


​របៀប​ឲ្យ​ចំណី​
​គ្រា​ដំបូង​ដែល​ទើប​យកមក ទោះ​វា​ស៊ី​ខ្លាំង​ក្ដី ក៏ត្រូវ​ឲ្យ​ថែម​នូវ​ទឹកបាយ ឬ​បបរ​លាយ​ស្ករ​តិចៗ ១​ថ្ងៃ ៣​ដង​សិន ក្នុង​រយៈពេល​១​ខែ សំរាប់​ជា​ជំនួយ​ដើម្បី​កុំ​ឲ្យ​វា​បាក់ ។ ព្រោះ​កូនជ្រូក​ពេលដែល​យកចេញ​ពី​មេ​ភ្លាម​ច្រើន​មាន​បញ្ហា​នេះឯង ដោយ​កាល​នៅ​ជាមួយ​មេ ទោះ​ស៊ី​ច្រើនក្ដី​ក៏​វា​នៅបាន​បៅដោះ​ខ្លះទៀត​ដែរ ។ កាលណា​វា​ស៊ី​ពេញបន្ទុក​ហើយ ត្រូវ​ឲ្យ​ចំណី​តាម​កម្មវិធី​ទៀងទាត់ និង​ញឹក ។ គឺ​កុំ​ឲ្យ​វា​ឃ្លាន​ទាន់​ដោយហេតុថា ការដែល​យើង​ចិញ្ចឹម​គឺ​ចង់បាន​សាច់​ច្រើន ។ បើ​ទុក​ឲ្យ​វា​ឃ្លាន​ខ្លាញ់​របស់​វា​នឹង​ស្រក​ភ្លាម ដើម្បី​ទៅ​ទ្រ​ទង់​កំលាំង​វា ឯ​សាច់ឈាម​ក៏​ទ្រឹង​មិន​លូតលាស់​រហ័ស​ដែរ ។ ដូច្នោះ​ការដែល​ទុក​ឲ្យ​វា​ឃ្លាន ការចិញ្ចឹម​នឹង​អូសបន្លាយ​ពេល វែង​ក្រ​បាន​បញ្ចេញ ។​


– ម៉ោង​៦​កន្លះ​ព្រឹក ឬ​គ្រាន់តែ​ភ្លឺ​ច្បាស់​ត្រូវ​ឲ្យ​អាហារ​ទឹក គឺ​យក​ទឹក​លាងចាន​ពី​ល្ងាច លាយ​កន្ទក់់ ១​ទូកដៃ ទៅ​១​ត្រឡោក តាម​ជ្រូក​តូច ឬ​ធំ ។ ចំនួន​ទឹក​លាងចាន​កំណត់​យកតាម​បរិមាណ​ដែល​ជ្រូក​ស៊ី​អស់ គឺ​បើ​វា​នៅ​តូច ស៊ី​តិច​ត្រូវ​បំបែក​កាក​ខ្លះ​ឲ្យ​ទៅ​មាន់​ទា ឯ​ទឹក​១​ចំណែក​ឲ្យ​ជ្រូក ។​
– ម៉ោង ១០​កន្លះ ឲ្យ​អាហារ​កាក គឺ​បុក​ដើម​ចេក​លាយ​កន្ទក់​ដាក់​អំបិល​តិចៗ កុំ​លាយ​ទឹក​ទើប​វា​ស៊ី​ល្អ ចាំ​ស៊ី​រួច​ស៊ឹម​ចាក់ទឹក​ដាក់​ស្នូក​ឲ្យ វា ។​
– ម៉ោង ១៤ គឺ​២​រសៀល ជះ​ទឹក​ងូត​វា នឹង​សំអាត​ទ្រុង ។ ឲ្យ​ទងដំឡូង​ជ្វា ឬ​ត្រកួន ឬ​ដៃ​ឃ្លោក​មិនបានការ ៤-៥​ទង ក្នុង​ជ្រូក​១​ក្បាល ឬ​ឲ្យ​ត្រួយ​ដំឡូង​មី ។ កាលបើ​ស៊ី​ពួក​ត្រួយ​បៃតង​អស់ យើង​ដាក់​អាហារ​ទឹក​ដូច​កាលពី​ព្រលឹម​ទៀត គឺ​ប្រើ​ទឹក​លាងចាន​លាង​ពីថ្ងៃ​ត្រង់ ។​
– ម៉ោង​១៧ ឲ្យ​អាហារ​កាក​ដូច​កាលពី​ម៉ោង​១០​កន្លះ​ម្ដងទៀត ។ ជៀសវាង​ការ​ឲ្យ​ចំណី​មិន​ស្មើ​ខាង​ចំងាញ់ គឺ​ជួនកាល​សល់​សម្ល​កន្លះ ឆ្នាំង​ដាក់​ឲ្យ​ជ្រូក​ទាំងអស់ លុះ​វា​ធ្លាប់មាត់​ស៊ី​ឆ្ងាញ់​ទៅហើយ​តែ​ពេល​គ្មាន​សម្ល វា​ស៊ី​មិនកើត យើង​ថា​វា​ស៊ី​រើស ។​

ការ​ឲ្យ​ទឹក​ផឹក និង​ងូតទឹក​
– ក្រោយពេល​ស៊ី ត្រូវ​ចាក់ទឹក​ក្នុង​ស្នូក​ទុក​ឲ្យ​វា​ផឹក​តាម​ត្រូវការ ។​
– ឧស្សាហ៍​ជះ​ទឹក​ងូត នឹង​ឲ្យ​ជោក​សើម​ទ្រុង ព្រោះ​ជ្រូក​ត្រូវការ​ត្រជាក់ បើ​ពេលណា​ក្ដៅ ត្រូវ​ជះ​ទឹក​ងូត​វា​ឲ្យ​ញយ ។​

​ប្រយ័ត្ន​ខ្ទួយ​
– ជ្រូក​ចាញ់​ពិសខ្ទួយ​និង​ក្អែប​ណាស់ គឺ​កាលណា​ក្អែបខាំ ឬ​ខ្ទួយ​ទិច​វា​នឹង​ងាប់ ។ ដូច្នោះ​សូម​ប្រយ័ត្ន​កុំ​ឲ្យ​ដាក់​អ្វី​ជិត​ទ្រុង​ដែល​នាំ​ឲ្យ​មិន ស្រឡះ អាច​ឲ្យ​ខ្ទួយ​ក្អែប​ជ្រក​បាន ។​

​វិធី​ការពារ​
– បើ​ពេទ្យសត្វ​មាន​ថ្នាំ​ចាក់​ការពារ​ជម្ងឺឆ្លង​ក៏​ចាក់​ខ្លះទៅ ។
– ប៉ុន្តែ​អនាម័យ និង​ការ​ឲ្យ​ចំណី ត្រឹមត្រូវ ជាគោលការណ៍​ដែល​ត្រូវ​ប្រកាន់​ខ្ជាប់ខ្ជួន​បំផុត​។
– បើ​ជ្រូក​ឈឺ​គួរតែ​បញ្ចេញ​កុំ​ព្យាបាល ។​


​ទស្សនៈ​ចាស់​យល់ថា ការចិញ្ចឹម​ជ្រូក​ទុកដូចជា​ការ​សន្សំ​ប្រាក់ ប្រហែលជា​ខុស​ច្រើន ។ ជា​ញឹកញាប់​គេ​ពុំ​បានទទួល​ចំណូល​វិញ​ឲ្យ ស្មើនឹង​លុយ​ទិញ​ចំណី​ឲ្យ​ជ្រូក​ទេ ។ បើ​កំណត់​ទិស​ថា ចិញ្ចឹម​ជ្រូក​ហាក់​រវល់​ច្រើនជាង​មាន់​ទា​ឆ្ងាយ​ណាស់ ។ បើសិនណា​ជាការ​ងារ ក្នុង​កសិដ្ឋាន​យើង​មាន​ច្រើន រីឯ​អាហារ​សំណល់​ប្រុង​ឲ្យ​ជ្រូក​អាច​បំបែក​ទៅ​ឲ្យ​ត្រី មាន់​ទា​បាន ក៏​ជាការ​ប្រសើរ​ដែរ ព្រោះ​ត្រី​ទៀត​តែ បាន​ជាង រីឯ​មាន់​ទា យើង​មិន​ជំពាក់​ខ្លាំង​ជាមួយ​វា ៕