ការចិញ្ចឹម​ត្រី​សមុទ្រ​កំពុង​កាក់កប​សម្រាប់​អ្នក​សហគមន៍​ត្រពាំងរ​ពៅ​ព្រែក​ក្រែង​

1773
ចែករម្លែក

ដោយ​: បូកគោ / កំពត​: អ្នក​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​-​ព្រែក​ក្រែង​ស្ថិតក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​កាន់​តែមាន​ចំណាប់អារម្មណ៍​លើ​ការចិញ្ចឹម​ត្រី​សមុទ្រ ព្រោះ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​គាប់ប្រសើរ​។​

​កសិករ​ឈ្មោះ​រី​ម មី អាយុ ៥៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត បាន​រៀបរាប់ថា​គាត់​ចាប់ផ្តើម​ចិញ្ចឹម​ត្រី​សមុទ្រ​តាំងពី​ឆ្នាំ​២០១១ ប៉ុន្តែ​កាលនោះ​គឺ​បង្កើតជា​បែរ​នៅក្នុង​ព្រែក​ប៉ុណ្ណោះ​។ ក្រោយពី​មាន​សហគមន៍ គាត់​ក៏​ផ្លាស់​ទីតាំង​មក​ក្នុង​សមុទ្រ​ជាមួយ​បងប្អូន​ជា​សមាជិក​សហគមន៍​វិញ​ដោយ​ចែកវេន​យាម​ប្រចាំថ្ងៃ​។ ការចិញ្ចឹម​ក្នុង​សមុទ្រ​ត្រី​លូតលាស់​បាន​ឆាប់រហ័ស និង​មានគុណ​ភាពល្អប្រសើរ​ជាង​។ កសិករ​ដដែល​បានបញ្ជាក់​ឱ្យដឹងថា​សម្រាប់​គាត់​ចិញ្ចឹម​តែ​ពីរ​ប្រភេទ​ទេ គឺ​ត្រី​ស្ពង់ និង​ត្រី​តុកកែ ខណៈដែល​អ្នកខ្លះ​គេ​មាន​រហូតដល់​ត្រីអាំង​កឺ​យ និង​ត្រី​ផ្ទុក​សមុទ្រ​ទៀត​។ ពូជ​ត្រី​ស្ពង់​ត្រូវ​ទិញ​ពី​ខេត្ត​ព្រះសីហនុ​ដោយ​តម្លៃ​មួយ​ក្បាល​ពី​១.០០០​រៀល ទៅ​១.២០០​រៀល ឯ​កូន​ត្រី​តុកកែ​គឺ​ប្រមូល​ទិញ​ពី​អ្នកនេសាទ​ក្នុងភូមិ​ចាប់​ពីមួយ​ក្បាល​២៥០​រៀល ទៅ​២.០០០​រៀល​។ កសិករ​រី​ម មី​បាន​បន្តថា​ពី​ពេល​ព្រលែង​កូន​រហូត​រយៈ​៧​ខែ ឬ​៧​ខែ​កន្លះ ត្រី​កើន​ទម្ងន់​មួយ​ក្បាល​ពី​០,៧០​គីឡូក្រាម​ទៅមួយ​គីឡូក្រាម​ទើប​ចាប់ផ្តើម​ប្រមូល​ផល​ព្រោះ​ពេញ​ខ្នាត​នៃ​តម្រូវការ​ទីផ្សារ​។ តម្លៃប្រែប្រួល​តាម​រដូវ​កាល គឺ​ត្រី​តុកកែ​លក់​ឱ្យ​ឈ្មួញ​ក្នុង​មួយ​គីឡូក្រាម​ពី​១១​ដុល្លារ ទៅ​១៣​ដុល្លារ​។ ចំណែក​ត្រី​ស្ពង់​មួយ​គីឡូក្រាម​ពី​៥​ដុល្លារ ទៅ​៦​ដុល្លារ​។

​អ្នក​ចិញ្ចឹម​ត្រី​រូបនេះ​បានបញ្ជាក់​ថា​គាត់​ធ្វើ​រួមគ្នា​ពីរ​នាក់​មាន​ចំនួន​ប្រាំបួន​បែរ​ដោយ​ក្នុង​មួយឆ្នាំ​អាច​ទទួល​ប្រាក់ចំណូល​ប្រហែល​៥.០០០​ដុល្លារ​ដែរ បន្ទាប់ពី​ទូទាត់​ចំណាយ​រួចរាល់​។ ប៉ុន្តែ​ឆ្នាំ​ដំបូង​អាច​សល់​បាន​ប្រហែល​២.០០០​ដុល្លារ ទៅ​៣.០០០ ដុល្លារ​ប៉ុណ្ណោះ​ព្រោះ​ចំណាយ​លើ​ការទិញ​ឧបករណ៍​ផ្សេងៗ​។​

​លោក​ទិ​ត្យ រី​ន ប្រធាន​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​ព្រែក​ក្រែង​បាន​ប្រាប់​ឱ្យដឹងថា​ព្រោះតែ​មើលឃើញ​ពី​ប្រាក់ចំណូល​គួរសម ពេលនេះ​សមាជិក​សហគមន៍​កាន់​តែមាន​ចំណាប់អារម្មណ៍​លើក​ការចិញ្ចឹម​ត្រី​សមុទ្រ គឺ​ប្រភេទ​ត្រី​តុកកែ ត្រី​ស្ពង់ ត្រី​ផ្ទុក​សមុទ្រ និង​ត្រីអាំង​កឺ​យ​។ រហូតមកដល់​ពេលនេះ សមាជិក​សហគមន៍​ចំនួន​៣០​គ្រួសារ​បានមក​ចិញ្ចឹម​ជា​លក្ខណៈ​ប្រមូលផ្តុំ​នៅ​ដែន​សហគមន៍​ក្នុង​សមុទ្រ​។ ដោយឡែក ប្រមាណ​ប្រហែល​៥០​គ្រួសារ​ទៀត​កំពុង​ចិញ្ចឹម​ជា​លក្ខណៈ​ឯកជន​តាម​ដងព្រែក​។ តាម​ការកត់សម្គាល់​ឃើញ​ថា​មួយរយៈ​កន្លងមក​ពួកគាត់​នេសាទ​បណ្តើរ​ចិញ្ចឹម​ត្រី​បណ្តើរ​ព្រោះ​ចិញ្ចឹម​ត្រី​ដូច​ចិញ្ចឹម​ជ្រូក​ដែរ គឺ​ប្រាំ​មួយខែ​ប្រមូល​ផល​ម្តង​។

​ប្រធាន​សហគមន៍​ក៏បាន​បញ្ជាក់​ផងដែរ​ថា សហគមន៍​ទទួល​ប្រយោជន៍​ពី​សមាជិក​ពេល​ប្រមូល​ផល គឺ​ពួកគាត់​បង់​បួន​ម៉ឺន​រៀល​ក្នុង​មួយ​បែរ​។ ថវិកា​ទាំងនេះ សម្រាប់​ប្រើប្រាស់​ពេល​ចុះ​ល្បាត​ទប់ស្កាត់​បទល្មើស​ក្នុង​ដែន​គ្រប់គ្រង ព្រោះ​សហគមន៍​មាន​កាតព្វកិច្ច​អភិរក្ស​ព្រៃកោងកាង ធនធាន​សមុទ្រ​ផ្សេងៗ​ទៀត​។ លើសពីនោះ សហគមន៍​បាន​អភិរក្ស​តំបន់​គ្រែង​ឈាម​ទំហំ​២​ហិកតា ដែល​មកដល់ពេលនេះ អ្នកនេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន និង​កំពុង​ទទួលផល​រៀងរាល់ថ្ងៃ​។

​ពាក់ព័ន្ធ​នឹង​ការងារ​បន្ត​លោក ទិ​ត្យ រី​ន​បាន​រៀបរាប់ថា ក្រៅពី​ការផ្តល់​កន្លែង​ចិញ្ចឹម​ត្រី​រួចហើយ គណៈកម្មការ​នឹង​ព្យាយាម​រក​កន្លែង​ផ្សេង​ដើម្បីឱ្យ​សមាជិក​បានទទួល​ផល​ពី​ដែន​សហគមន៍ ដូចជា បង្កើត​តំបន់​អេកូ​ទេសចរណ៍ តា​រយៈ​ការដឹក​ភ្ញៀវ​ដើរ​កម្សាន្ត​តាម​ព្រៃកោងកាង ក៏ដូចជា​តំបន់​អភិរក្ស​ផ្សេងៗ​ទៀត ពិសេស​ការបណ្តុះ​កូន​កោង​កាង​សម្រាប់​លក់​ជូន​ភ្ញៀវ​។​

​លោ​កស សូ​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត​បាន​មានប្រសាសន៍ថា​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​ព្រែក​ក្រែង​មាន​សកម្មភាព​អភិវឌ្ឍ​ល្អប្រសើរ បន្ទាប់ពី​សហគមន៍​នេសាទ​ត្រពាំង​សង្កែ និង​សហគមន៍​នេសាទ​កំពង់ សាមគ្គី​។ អ្វីដែល​កំពុង​ស្ថិតក្នុង​ភាព​មោទនៈ​នោះ គឹ​ការជំរុញ​ដល់​ប្រជាពលរដ្ឋ​ចាប់យក​ឱកាស​ចិញ្ចឹម​ត្រី សមុទ្រ​ក្រោយ​ទទួលបាន​ការបណ្តុះបណ្តាល​ពី​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ជល​ផល​សហការ​ជាមួយ​អង្គការ​ដៃគូ​មួយចំនួន​។

​លោកនាយ​ខណ្ឌ​បាន​បញ្ជាក់ថា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ការកកើត​បែរ​ចិញ្ចឹម​ត្រី​ទាំង​ក្នុង​សមុទ្រ ទាំង​នៅ​ដងព្រែក​បាន​កើន​ឡើងជា​លំដាប់​ដោយ​មកដល់ពេលនេះ​មាន​ប្រមាណ​៤០០​កន្លែង ខណៈដែល​ឆ្នាំ​២០១០ មាន​ប្រហែល​១០​បែរ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ការចិញ្ចឹម​ត្រី​ក្នុង​ព្រែក​លក្ខខណ្ឌ​មិនសូវ​ប្រសើរ​ដូច​ក្នុង​សមុទ្រ​ទេ ពិសេស​បញ្ហា​អនាម័យ បរិស្ថាន​ជាដើម​។ លោ​កស សូ​រិ​ន​បាន​បញ្ជាក់ថា​ក្នុងនាម​មន្ត្រី​ជំនាញ ពេលនេះ​ខណ្ឌ​រដ្ឋបាល​ជលផល​កំ​ពុង​ព្យាយាម​ស្វែងរក​ដៃគូ​ដើម្បី​គាំទ្រ​បន្ថែមទៀត ពិសេស​បញ្ហា​ថវិកា ព្រោះ​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ​-​ព្រែក​ក្រែង​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការចូលរួម​បង្ក្រាប​បទល្មើស អភិរក្ស​ធ​ធាន​សមុទ្រ និង​ជួយ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​សហគមន៍​ក្នុង​មូលដ្ឋាន​៕ ល​