ការចិញ្ចឹម​ទាយ​កពង​លក់បាន​ធ្វើឱ្យ​គ្រួសារ​កសិករ​មាន​ជីវភាព​ធូរធារ​

1312

(​កំពត​)៖ ជាមួយនឹង​មុខរបរ​ចិញ្ចឹម​ទាយ​កពង​លក់បាន​ធ្វើឱ្យ​គ្រួសារ​កសិករ មាន​ជីវភាព​ធូរធារ និង​រីកចម្រើន​ជា​លំដាប់​។​

​ក្នុង​វ័យ​៦១​ឆ្នាំ លោក​ម៉ាន់ ម៉ុ​ន កសិករ​រស់នៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្តកំពត​បាន​រៀបរាប់ថា ក្រៅពី​ធ្វើស្រែ​គាត់​បាន​ចាប់យក​ការចិញ្ចឹម​ទា ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ អស់​រយៈពេល​ជាង ១០​ឆ្នាំ​មកហើយ​។ ចំណូល​ដែល​បានមកពី​របរ​នេះ ធ្វើឱ្យ​គ្រួសារ​លោក​អាច​ទប់ទល់​រាល់​ការចំណាយ​សំខាន់ៗ មួយផ្នែកធំ ពិសេស​សម្រាប់​ការសិក្សា​របស់​កូន​បួន​នាក់ ដែល​រហូតមក​ដល់ពេលនេះ ពួកគេ​បានបញ្ចប់ និង​មាន​ការងារ​ធ្វើ​គ្រប់ៗ​គ្នា​ហើយ​។ បើ​មិនមាន​មុខរបរ​ចិញ្ចឹម​ទា​ទេ ប្រហែលជា​ការរៀនសូត្រ​របស់​ពួកគេ​ពុំបាន​ចប់​ចុង​ចប់​ដើមឡើយ​។

​កសិករ​រូបនេះ​បាន​រៀបរាប់​ពី​ដំណើរ នៃ​ការចិញ្ចឹម​ទា​ថា​ទា​ដែល​គាត់​ចិញ្ចឹម គឺ​បាន​ទៅ​ទិញ​មកពី​ស្រុក​កោះអណ្តែត ខេត្តតាកែវ ដោយ​ជ្រើស​យកតែ​មេ​ទា​ចាប់ផ្តើម​ពង​ក្នុង​មួយ​ក្បាល​តម្លៃ ១៥.០០០​រៀល​។ គម្រប់​មួយឆ្នាំ ពោលគឺ​រៀងរាល់​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ ទា​ទាំងនោះ​ចាំបាច់​ត្រូវតែ​លក់​ចេញ​ទាំងអស់ រួច​ចាប់ផ្តើម​ទិញ​សាជាថ្មី ព្រោះ​ដល់​ដំណាក់កាល​ថមថយ​គុណភាព​។

​កសិករ​ម៉ាន់ ម៉ុ​ន បាន​បន្តថា​ពីមុន​មានការ​លំបាក​តាំងពី​រែក​ទឹក រក​ចំណី ហើយ​ប្រឈម​នឹង​ការ​ងាប់ ព្រោះតែ​ជំងឺ​ផ្សេងៗ​ទៀតផង​។ ប៉ុន្តែ​មកដល់​សព្វថ្ងៃនេះ​ការផ្តល់​ទឹក គឺ​ប្រើ​ម៉ូ​ទ័​រ​បូម និង​ចំណី​ត្រូវគេ​ដឹក​ដាក់​ដល់​កន្លែង​តែម្តង​។ ម្យ៉ាងទៀត បន្ទាប់ពី​មានការ​ចុះ​បង្ហាត់បង្រៀន​ដោយ​មន្ត្រី​ជំនាញ គាត់​ចេះ​ពី​វិធី​ថែម​ទាំ​បន្ថែម និង​អាច​ចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​ជំងឺ​ដោយ​ខ្លួនឯង​ទៀតផង​។

​បច្ចុប្បន្ន គាត់​ចិញ្ចឹម​ពីរ​កន្លែង​មាន​ទា​ជាង​៥.០០០​ក្បាល ដោយ​ត្រូវដាក់​ចំណី​មួយថ្ងៃ​ពីរដង​អស់​ចំនួន​២៣​បាវ​។ ឯ​ផល​ដែល​ទទួល​វិញ ក្នុង​មួយ​ព្រឹកៗ អាច​រើស​ពង​បាន​ប្រមាណ​ជាង​៤.០០០​គ្រាប់​។

​អ្នក​ចិញ្ចឹម​ទា​ដដែល​នេះ បាន​ប្រាប់​អំពី​តម្លៃ​ពង​ទា​ថា ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ តម្លៃ​ពង​ទា​បាន​កើនឡើង​បន្តិច ដោយ​លើក​ដុំ​ឱ្យគេ​ក្នុង​១០០​គ្រាប់​បាន​៤៦.០០០​រៀល​។ ដោយ​គួបផ្សំ​ជាមួយ​របរ​ធ្វើស្រែ ការចិញ្ចឹម​ទាយ​កពង​លក់​នេះ បានធ្វើឱ្យ​គ្រួសារ​គាត់​មាន​ភាព​ធូរធារ និង​ជួយ​ពង្រីក​ដើមទុន​រកស៊ី​របស់​កូនៗ នៅក្នុង​ផ្សារ​ផងដែរ​។​

​លោក​ហែម ហ៊ុយ ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​ឈូក បាន​រៀបរាប់ថា នៅ​ទូទាំង​ស្រុក​ឈូក​មាន​កសិករ​៥៦​គ្រួសារ នៃ​ឃុំ​ចំនួន​ប្រាំ​ក្នុងចំណោម​១៥​ឃុំ បាន​ចិញ្ចឹម​ទាយក​ពង​លក់​។ ទំហំ​នៃ​ការចិញ្ចឹម​ក្នុង​គ្រួសារ​នីមួយៗ មិន​ដល់​ខ្ទង់​រាប់ម៉ឺន​ក្បាល ដូច​អ្នក​នៅ​ខេត្តតាកែវ​ពិតមែន តែ​តាមរយៈ​មុខរបរ​បន្ថែម​នេះ បានធ្វើឱ្យ​ជីវភាព​ពួកគាត់​ប្រែប្រួល រីកចម្រើន​ជា​លំដាប់​។

​លោក​ប្រធាន​កា​រិ​ល័យ​បាន​បញ្ជាក់ថា ទោះបី​មិនបាន​ជួយ​អ្វី​ជា​ដុំកំភួន​ដល់​ពួកគាត់​ក្តី តែ​មន្ត្រី​ជំនាញ​តែង​ចុះជួយ​ណែនាំ​បន្ថែម​នូវ​វិធី​ចាក់​ថ្នាំ​បង្ការ​ជំងឺ សម្អាត​បរិស្ថាន ព្រមទាំង​ក្រើនរំលឹក​ពី​ការធ្វើ​អនាម័យ​ក្នុង និង​ក្បែរ​បរិវេណ​ចិញ្ចឹមសត្វ​ស្លាប​នេះ​ជាប្រចាំ​ផងដែរ​៕L ដោយ​៖ បូកគោ​