ការចិញ្ចឹម​មាន់​តាម​ល​ក្ខ​ណៈ​បច្ចេកទេស​ត្រឹមត្រូវ ជួយ​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​បានល្អ​ប្រសើរ​

705
ចែករម្លែក

​ដោយ:​សុផល/​ភ្នំពេញ ៖ ​វិស័យ​ចិញ្ចឹមសត្វ​បំពេញ​តួនាទី​យ៉ាងសំខាន់ ក្នុង​សេដ្ឋកិច្ច​តំបន់​ជនបទ ព្រោះ​វា​ជា​ប្រភព​ចំណូល​ផង​និង​ប្រភព​សម្រាប់​ផ្តល់​អាហារ​ហូបចុក​ផង​។​សត្វ​ក៏​ជា​ទ្រព្យសម្បត្តិ​សំខាន់បំផុត​របស់​ប្រជាពលរដ្ឋ​ជិត ៧០% ក្នុងចំណោម​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​ទីជនបទ ដែលជា​រឿយៗ សត្វ​ត្រូវបាន​ប្រើប្រាស់​ដោយ​ប្រជាពលរដ្ឋ រស់​នៅតាម​តំបន់​ជនបទ ជា​សំណាញ់​សុវត្ថិភាព នៅពេលដែល​ពួកគេ​ជួបប្រទះ​នឹង​ទុក្ខលំបាក​។​

​ដោយសារ​សក្តានុពល​នៃ​វិស័យនេះ និង​ដោយសារ​កំណើន​តម្រូវការ​ក្នុងប្រទេស​នេះ​ផង វិស័យនេះ​បាន​បំពេញ​តួនាទី​កាន់តែ​សំខាន់ សម្រាប់​សេដ្ឋកិច្ចជាតិ​ទាំងមូល ហើយ​វិស័យនេះ​បាន​ក្លាយជា​អាទិភាព​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី III ដែល​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការចិញ្ចឹម​សត្វ រួម​នឹង​វារីវប្បកម្ម (​ជ្រុង​ទី ២ នៃ​ចតុកោណ​ទី ១ សម្រាប់​វិស័យ​កសិកម្ម​)​។

​ក្នុងពេល​ចុះ​ពិនិត្យមើល​គម្រោង​របស់​ខ្លួន​នៅ​ខេត្តព្រៃវែង​និង​ស្វាយរៀង​កាលពីដើម សប្តាហ៍​នេះ លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក George Edgar បាន​មានប្រសាសន៍ថា​៖ ដោយសារ​មើលឃើញ​វិស័យនេះ​មាន​សារៈសំខាន់ សហភាព​អឺរ៉ុប បាន​ជួយ​លើ​វិស័យនេះ ក្នុង​គោលបំណង​ជំរុញ​លើកកម្ពស់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព រួម​នឹង​ការលើកកម្ពស់​វិស័យ​ចិញ្ចឹមសត្វ និង​វារីវប្បកម្ម ក៏ដូចជា បង្កើន​ផលិតភាព ទំនើបកម្ម និង​ពាណិជ្ជ​ភា​វូ​នីយកម្ម​កសិផល​ផងដែរ​។ ការវិនិយោគ​របស់​ស​ហ​ភាព​អឺរ៉ុប​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ក៏​ផ្តោត​ការយកចិត្តទុកដាក់​លើ​ក​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងារ​រងគ្រោះ​ផងដែរ​។

​ពេទ្យសត្វ​ឆ្នើម គឺជា​គម្រោង​មួយ ក្នុងចំណោម​គម្រោង​ជាច្រើន​របស់​សហភាព​អឺរ៉ុប ក្នុង​វិស័យ​ចិញ្ចឹមសត្វ អនុវត្ត​ដោយ​អង្គការ​ពេទ្យសត្វ​គ្មាន​ព្រំដែន (AVSF) ក្នុង​ខេត្ត​ចំនួន ៦ នៃ​ប្រទេស​កម្ពុជា ក្នុងនោះ​មាន​ខេត្តស្វាយរៀង​មួយ​ផងដែរ​។ ភូមិ​ត្រោក មាន​ប្រជាពលរដ្ឋ​រស់នៅ ២១៥ គ្រួសារ​។ ភូមិ​នេះ ស្ថិតនៅ​ចម្ងាយ ១៥ គីឡូម៉ែត្រ​ភាគ​ខាងលិច​នៃ​ខេត្តស្វាយរៀង ជា​តំបន់​ដែល​ប្រជាពលរដ្ឋ​រស់នៅ​រាយប៉ាយ​ឆ្ងាយៗ​ពីគ្នា ហើយ​សហគមន៍​នៅក្នុង​ឃុំ​នេះ ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ធនធានធម្មជាតិ​ក្នុង​តំបន់​នេះ ដូចជា ការប្រមូល​ជ័រទឹក ការនេសាទ និង​ការ​ធ្វើស្រែ​ខ្នាតតូច​ពឹង​លើទឹក​ភ្លៀង ដើម្បី​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពួកគេ​។

​គម្រោង​នេះ មាន​គោលបំណង​កសាង និង​ពង្រឹង​ជំនាញ ចំណេះដឹង និង​សមត្ថភាព​គ្រប់គ្រង​របស់​ភ្នាក់ងារ​របស់​សុខភាព​សត្វ​ភូមិ និង​ផ្សព្វផ្សាយ​ពី​សេវា​បសុព្យាបាល ដែល​ផ្តល់​ដោយ​ភ្នាក់ងារ​ទាំងនេះ​ក្នុង​សហគមន៍ និង​បង្កើន​លទ្ធភាព​រកប្រាក់​ចំណូល​របស់​ភ្នាក់ងារ​ទាំងនេះ​។ គម្រោង​នេះ ផ្តោត​ការយកចិត្តទុកដាក់ មិន​ត្រឹមតែ​លើ​បច្ចេកទេស​ថែទាំ​សុខភាព​សត្វ​ប៉ុណ្ណោះ​ទេ ថែមទាំង​លើ​ជំនាញ និង​ដំណើរការ​អាជីវកម្មរ​បស់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ដើម្បីឱ្យ​ភ្នាក់ងារ​ទាំងនេះ អាចឆ្លើយតប​ចំពោះ​តម្រូវការ​របស់​សហគម​ន៍​ចិញ្ចឹមសត្វ​ផងដែរ​។​

​គម្រោង​នេះ ប្រើប្រាស់​វិធីសាស្ត្រ​ចម្រុះ ដែល​ក្នុងនោះ​តួអង្គ​ពាក់ព័ន្ធ​ផ្សេងៗ ដូចជា អង្គការ​សង្គម​ស៊ីវិល ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ សហគមន៍​ចិញ្ចឹមសត្វ ក្រុមហ៊ុន​ឯកជន​/​ឈ្មួញ អាជ្ញាធរ​មូលដ្ឋាន មានឱកាស​ជួបជុំគ្នា ដើម្បី​ចែករំលែក​បទពិសោធន៍ និង​ចងក្រង​ជា​បណ្តាញ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី​សេវា​សុខភាព​សត្វ និង​ផលិតផល​បសុសត្វ ដែលជា​កត្តារួម​ចំណែក​ដល់​ការសម្រេច​គោលនយោបាយ​ជាតិ ស្តីពី​ការអភិវឌ្ឍ​វិស័យ​ចិញ្ចឹមសត្វ និង​ទីផ្សារ​សត្វ​។ គម្រោង​នេះ ក៏​ពង្រឹង​ជំនាញ​បច្ចេកទេស និង​ជំនាញ​អាជីវកម្ម ព្រមទាំង​កិច្ចសហប្រតិបត្តិការ​រ​បស់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ដែលនាំឱ្យ​មានការ​រក​ចំណូល​កាន់តែច្រើន​បន្ថែម​ទៀតផង​ដែរ​។

​លោកស្រី មុំ ផែន វ័យ៣៩ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ត្រោក ក្នុង​ខេត្តស្វាយរៀង​។ គាត់​មានកូន​ពីរ​នាក់​។ មុនពេល​គម្រោង​ចាប់ផ្តើម គាត់​មាន​មេមាន់ ៦ ក្បាល មាន់​ឈ្មោល១ក្បាល ​និង​កូន​មាន់៣០ក្បាល ហើយ​គាត់​ចិញ្ចឹម​មាន់​ឱ្យ​ដើររក​ស៊ី​ចំណី​ពាសវាល​ពាសកាល (​ពុំមាន​ទ្រុងមាន់ ហើយ​មាន់​ត្រូវ​ដើររក​ស៊ី​ចំណី​ដោយ​ខ្លួនឯង​) និង​ពុំមាន​ការចាក់​វ៉ាក់សាំង ឬ​ការដាក់​ថ្នាំ​ទម្លាក់​ព្រូន​នោះឡើយ​។ មាន់​របស់គាត់ ជួបនឹង​ករណី​ផ្ទុះ​ជំងឺ​ពីរដង​ក្នុង​មួយឆ្នាំ​។ មានន័យថា គាត់​ត្រូវ​បាត់បង់​មាន់​ទាំងអស់ ១០០ ភាគរយ​តែម្តង​។ គាត់​មិនដែល​បាន​លក់​មាន់​របស់គាត់ ដើម្បី​បាន​ប្រាក់ចំណូល​វិញ​នោះឡើយ​។ តាមរយៈ​គម្រោង​នេះ គាត់​បានទទួល​ការបណ្តុះ​បណ្តាល​បច្ចេកទេស និង​ការណែនាំ​ពី​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ និង​បានទទួល​សម្ភារៈ​មួយចំនួន សម្រាប់​សង់​ទ្រុងមាន់ និង​បានទទួល​កូន​មាន់​ផងដែរ​។

​លោកស្រី មុំ ផែន បាន​ឲ្យដឹ​ង​ថា ​បច្ចុប្បន្នេះ ចំនួន​មាន់​របស់គាត់​មានការ​កើនឡើង (​មេមាន់​ចំនួន ៦ ក្បាល មាន់​ឈ្មោល ៣ ក្បាល កូន​មាន់ ២០ ក្បាល និង​មាន់​ចិញ្ចឹម​ដាក់​ចំណី​ឱ្យ​ស៊ី ១៥០ ក្បាល​)​។ អត្រា​ងាប់ និង​ឈឺ​របស់​មាន់ ថយចុះ ៨០ ភាគរយ​។ គាត់​អាច​លក់​មាន់​របស់គាត់ និង​អាច​រក​ចំណូល​បន្ថែម​បាន ២.០០០.០០០ រៀល​។ គាត់​សង្ឃឹមថា នឹង​អាច​បង្កើន​ចំនួន​មាន់ (​មេមាន់ ៥០-៦០ ក្បាល​ដើម្បី​យក​ពង និង​មាន់​ចិញ្ចឹម​ដាក់​ចំណី​ឱ្យ​ស៊ី​ពី ៣០០-៤០០ ក្បាល​) នាពេល​អនាគត ដើម្បី​ទ្រទ្រង់​ចំណូល​គ្រួសារ​របស់​។ គាត់​អាចឱ្យ​កូន​ទៅ​រៀន និង​អាចមាន​អាហារ​ញ៉ាំ​បានល្អ​ប្រសើរ​ជាង​មុន​នៅក្នុង​ផ្ទះ​។ គាត់​ក៏​ជួយផ្តល់​ការបណ្តុះ​បណ្តាល​ក្នុងភូមិ​ផងដែរ មាន​អ្នកភូមិ​ចំនួន​ប្រាំ​នាក់ បានមក​មើល​កន្លែង​ចិញ្ចឹម​មាន់ និង​របៀប​ចិញ្ចឹម​មាន់​របស់គាត់ និង​បាន​យក​បច្ចេកទេស​របស់គាត់​ទៅប្រើ​ប្រាស់​បន្ត​ផងដែរ​។​

​អ្នកស្រី​បានឲ្យដឹង​ទៀតថា នៅ​កន្លែង​របស់គាត់​ឥឡូវនេះ​មាន​ចិញ្ចឹម មាន់ ទា ទាកាប៉ា មាន់​សំលី គ្រួច ត្រី​អណ្តែង ត្រី​ប្រា រួមទាំង​ដាំ​បន្លែ​ផ្សេងៗ​បន្ថែមទៀត ហើយ​ចំពោះ​ចំណូល​នៃ​ការលក់​មាន់​ទា​នេះ គឺអាច​បាន​គ្រប់គ្រាន់​ក្នុងការ​ទូទាត់ ការចំណាយ​ទៅលើ​ម្ហូបអាហារ កូន​រៀនសូត្រ និង​ការចំណាយ​ផ្សេងៗ ហើយ​មាន​សល់​ខ្លះៗ​ដែរ ដែល​អាចជួយ​ឱ្យ​ជីវភាព​គ្រួសារ​របស់គាត់​បានល្អ​ប្រសើរ​ជាង​មុន​ផងដែរ​៕B/

លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក George Edgar ក្នុងពេល​ចុះ​ពិនិត្យមើល​គម្រោង​របស់​ខ្លួន​នៅ​ខេត្តព្រៃវែង​និង​ស្វាយរៀង​កាលពីដើម សប្តាហ៍​នេះ​(​រូប ស​ផល​)