ការចុះឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​លើក​ទី​១​ចាប់ផ្តើម​នៅ​ថៃ ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​២០១៤

638
ចែករម្លែក

​បេក្ខជន​នៅក្នុង​ការបោះឆ្នោត​ទូ​ទៅជា​លើកដំបូង​របស់​ថៃ​ចាប់តាំងពី​ពួកយោធា​ដណ្តើម​អំណាច​ក្នុង​ឆ្នាំ ២០១៤ បានចាប់ផ្តើម​ចុះឈ្មោះ​បោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​ទី​៤​កុម្ភៈ​ខណៈ​ពួក​អ្នកគាំទ្រ​បាន​គ្រវី​បដា​និង​ស្រែក​ពាក្យស្លោក​នៅក្នុង​សកម្មភាព​នយោបាយ ដែល​រហូតមក​ដល់ពេល​ថ្មីៗ​នេះ​គឺជា​រឿង​ខុសច្បាប់​។​

​បេក្ខជន​រាប់រយ​នាក់​មកពី​គណបក្ស​ជាច្រើន​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្នុង​ពហុកីឡាដ្ឋាន​មួយ​ដើម្បី​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​បោះឆ្នោត​ជា​ផ្លូវការ និង​ចាប់ឆ្នោត​យក​លេខ​រៀង ដែល​នឹងដាក់​នៅ​ទន្ទឹម​ឈ្មោះ​របស់​ពួកគេ​នៅលើ​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ថ្ងៃទី ២៤ ខែមីនា​។​

​ការ​សាទរ​ចំពោះ​ការវិលត្រឡប់​ទៅរក​លទ្ធិប្រជាធិបតេយ្យ​វិញ​គឺមាន​ខ្ពស់ តែ​គេ​ដឹង​ច្បាស់​ថា​ច្បាប់បោះឆ្នោត​ថ្មី​នឹង​រឹតត្បិត​ក្បាលម៉ាស៊ីន​នយោបាយ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ដែល​បានឈ្នះ​រាល់​ការបោះឆ្នោតជាតិ​យ៉ាង​ងាយស្រួល​ចាប់តាំងពី​ឆ្នាំ ២០០១ មក​។​

​គូប្រជែង​ធំ​របស់​គណបក្ស​ភឿ​ថៃ​ដែលមាន​ទំនាក់ទំនង​ជាមួយ​លោក​ថាក់ស៊ីន​ត្រូវគេ​រំពឹងថា​នឹង​ជា​គណបក្ស​ផា​ឡាង​ប្រា​ឆា​រ៉ាត់ ដែល​គេ​ចាត់ទុក​យ៉ាង​ទូលំទូលាយ​ថា​ជា​បក្ស​តំណាង​សម្រាប់​ពួកយោធា​។​

​លោក​ស៊ុន​ធី​រ៉ាត់ ស៊ុន​ធី​ជី​រ៉ា​វង់ អគ្គលេខាធិការ​បក្ស​ផា​ឡាង​ប្រា​ឆា​រ៉ាត់ បាន​និយាយថា “​ពិតណាស់ យើង​នឹង​ស្ថិតនៅ​ក្នុងចំណោម​គណបក្ស​ដែល​ទទួលបាន​សំឡេង​ភាគច្រើន​”​។​

​បន្ទាប់ពី​ការបោះឆ្នោត​នេះ បក្ស​ផា​ឡាង​ប្រា​ឆា​រ៉ាត់​ត្រូវគេ​រំពឹងថា​នឹង​តែងតាំង​ប្រមុខ​រដ្ឋាភិបាលយោធា​បច្ចុប្បន្ន​គឺ​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​ធ្វើជា​នាយករដ្ឋមន្ត្រី​បន្ទាប់​។ លោក​ប្រា​យុទ្ធ ដែលជា​បេក្ខជន​ម្នាក់​ក្នុងចំណោម​បេក្ខជន​បីនាក់​ដែល​គណបក្ស​បានស្នើ​ឡើង​នោះ គឺជា​មេបញ្ជាការ​កងទ័ព នៅពេល​គាត់​ដឹកនាំ​រដ្ឋប្រហារ​ឆ្នាំ ២០១៤ ដែល​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់ឆ្នោត បង្កើតឡើង​ដោយ​ប្អូនស្រី​របស់លោក​ថាក់ស៊ីន គឺ​លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​៕ ដោយ៖ កញ្ញាដាលីស

មេបក្ស​ប្រជាធិបតេយ្យ អាប់​ភី​ស៊ីត វ៉េ​ចា​ជីវ៉ា កំពុង​ត្រូវបាន​ស្វាគមន៍​ដោយ​អ្នកគាំទ្រ​កាលពី​ថ្ងៃ​ចន្ទ