ការចុះ​ត្រួតពិនិត្យ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ក្រុង​តា​ខ្មៅ

225
ចែករម្លែក

ដោយ​:​មូល​សម្បត្តិ​​/ភ្នំពេញ ៖ ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការនិង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​ក្រសួង​ចុះ​ពិនិត្យ​​វឌ្ឍនភាព​នៃ​ការសាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ស្ថានីយ​បូមទឹក​កខ្វក់ កា​រត​បណ្ដាញ​លូ និង​ការស្ដារ​ប្រព​ន្ធ័​បង្ហូរ​ទឹកស្អុយ នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​ការស្ថាបនា​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ ស្ថានីយ​បូមទឹក កា​រត​បណ្ដាញ​លូ​ពី​ផ្ទះ​ប្រជាពលរដ្ឋ និង​ការស្ដារ​ស្ទឹង​នេះ គឺធ្វើឡើង​ក្រោម​គម្រោង​កម្ចី​ឥណទាន​សម្បទាន​របស់​ធនាគារ​នីហរ័ណ អាហរ័ណ​កូរ៉េ នូវ​ទឹកប្រាក់​ប្រមាណ​៦៤​លាន​ដុល្លារ​អាម៉េរិក ក្នុង​គោល​បំណង​ដើម​រក្សាបាន​នូវ​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ អនាម័យ​ល្អ បរិស្ថាន​ស្រស់បំព្រង ការពារ​ទឹកជំនន់ និង​ការទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជា​វិនិយោគិន​ជាតិ និង​អន្តរជាតិ​។​

​សូមបញ្ជាក់ថា​៖ អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នេះ​មាន​សមត្ថភាព​ចម្រោះ​ទឹក​កខ្វក់​បាន​ចំណុះ​៧៦០០​ម​៣/​ថ្ងៃ។ ​ចំណែកឯ​ស្ថានីយ​បូមទឹក​កខ្វក់​ទាំង​១០​ទីតាំង​មាន​សមត្ថភាព​បូម​បាន​២៩៩៥២​ម៉ែត្រត្រីគុណ​/​ថ្ងៃ​។

​លោក​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ប្រចាំឆ្នាំ ប្រកប​ដោយ​ស្ថិរភាព និង​រឹងមាំ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ដែលជា​កត្តា​ជំរុញ​ឱ្យ​តម្រូវការ​ប្រើប្រាស់​ទឹក ក៏​ដូច​សម្ភារ​ផ្សេងៗ​មានការ​កើនឡើង ព្រមទាំង​ធ្វើឱ្យមាន​ការហូរចូល​នូវ​វិនិយោគ​ចម្រុះ​ រួមមាន​៖ ការសាងសង់​អគារ ខុន​ដូ រមណីយដ្ឋាន និង​អគារ​ពាណិជ្ជកម្ម ព្រមទាំង​រោងចក្រ​កាត់ដេរ​ជាច្រើន នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដែល​ធ្វើឱ្យ​បរិមាណ​ទឹក​កខ្វក់​មាន​ការកើនឡើង​ក្នុង​មួយឆ្នាំៗ​៕B/Ha