ការចំណាយ​ច្រើន​សម្បើម​លើ​សព្វាវុធ​គ្រោះថ្នាក់​អាច​បង្ក​ឱ្យ​ផ្ទុះ​សង្គ្រាមលោកលើកទី​៣

906
ចែករម្លែក
រុស្ស៊ី​ចិន​និង​អាម៉េរិក​កំពុង​ចំណាយ​យ៉ាងច្រើន​លើ​ការផលិត​សព្វាវុធ​លឿន​ជាង​សំឡេង

​ការសិក្សា​ស្រាវជ្រាវ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ IHS Markit របស់​អង់គ្លេស ដែល​ចុះផ្សាយ​ដោយ​កាសែត Jane’s បានបង្ហាញ​ពី​ការ​បូកសរុប​ទឹកប្រាក់​ដ៏​ច្រើន​សម្បើម​ដែល​ត្រូវបាន​ចំណាយ​ដោយ​ប្រទេស​រុស្ស៊ី​ចិន​និង​សហរដ្ឋ​អាម៉េរិក​លើ​សព្វាវុធ​លឿន​ជាង​សំឡេង ដោយ​សហរដ្ឋ​អាម៉េរិក​នៅតែ​ដើរ​ក្រោយ​គេ បើទោះបី​បាន​ចំណាយ​ប្រាក់​ស្មើនឹង​ប្រទេស​រុស្ស៊ី​និង​ចិន​បូក​បញ្ចូល​គ្នា​ក៏ដោយ​។

​ការសិក្សា​នេះ​បាន​បង្ហាញថា តុល្យភាព​នៃ​អំណាច​កំពុង​ខូច​ទ្រង់ទ្រាយ ព្រោះ​អាវុធ​នុយក្លេអ៊ែរ​កំពុង​តែ “​ធ្លាក់ចុះ​” ខណៈ​អាវុធ​ទូទៅ​ធម្មតា​រួមទាំង មី​ស៊ី​ល​លឿន​ជាង​សំឡេង​កាន់​តែមាន​ឥទ្ធិពល​។ លោក រ៉ា​ហ៊ុល អ៊ូ​ដូ​ស៊ី អ្នកវិភាគ​នៅ​កាសែត​ប្រចាំថ្ងៃ​របស់​អាម៉េរិក Jane’s បាន​បកស្រាយ​ថា “​ខណៈ​សព្វាវុធ​លឿន​ជាង​សំឡេង​អាច​ហោះ​ក្នុង​ល្បឿន​លឿន​សម្បើម​និង​សព្វាវុធ​ខ្លះ​អាច​បញ្ជា​កាច់​ទិស​បាន ពួកវា​ងាយ​នឹង​ធ្វើឱ្យ​អន្តរាយ​ដល់​តុល្យភាព​នៃ​បច្ចេកវិជ្ជា​ការពារជាតិ ព្រោះ​គេ​មិនដឹងថា​ជា​អាវុធ​នុយក្លេអ៊ែរ​ឬ​អាវុធ​ធម្មតា​នោះទេ​។​

​លោក​រ៉ា​ហ៊ុល​និយាយថា “​ដោយ​អាច​វាយប្រហារ​ចេញពី​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​ក្នុង​រយៈពេល​មួយ​ម៉ោង មានន័យថា អាវុធ​ទាំងនេះ​ប៉ះពាល់​ដល់​ទស្សនទាន​នៃ​ស្ថិរ​ភាពជា​យុទ្ធសាស្ត្រ​និង​ការកើនឡើង​នូវ​ហានិភ័យ​វិបត្តិ​បន្ថែមទៀត​ជុំវិញ​ភាពមិនច្បាស់លាស់​នៃ​ប្រភេទ​ក្បាល​គ្រាប់​ដែល​បាញ់​ចេញមក​”​។​

​ឧទាហរណ៍​ជាក់ស្តែង មី​ស៊ី​ល Skyfall របស់​រុស្ស៊ី ដែល​ផ្ទុះ​ខុស​បច្ចេកទេស​អំឡុងពេល​សាកល្បង​កាលពី​ដើមខែ​នេះ​ដោយ​បញ្ចេញ​នូវ​សារធាតុ​វិទ្យុសកម្ម​ផង​នោះ គឺជា​មី​ស៊ី​ល​លឿន​ជាង​សំឡេង​អាច​ដឹក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ផង​និង​ក្បាល​គ្រាប់​ធម្មតា​ផង​។​

​ការវិភាគ​នេះ​ព្រមាន​ថា មហាអំណាច​ទាំងបី​កំពុង​វិនិយោគ​យ៉ាងខ្លាំង​ក្លា​ទៅលើ​សព្វាវុធ​លឿន​ជាង​សំឡេង​។​

​រហូតមកទល់​ពេលនេះ កាសែត Jane’s បាន​ប៉ាន់ប្រមាណ​ថា សហរដ្ឋ​អាម៉េរិក​បាន​ចំណាយ​ប្រា​ក់ជាង ៣,៣ ពាន់​លាន​ដុល្លារ​សម្រាប់​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​បច្ចេកវិជ្ជា​និង​សព្វាវុធ​លឿង​ជាង​សំឡេង ជាមួយ​សំណើ​ថវិកា​បន្ថែមទៀត​នៅ​ឆ្នាំ ២០២០ គឺមាន​ចំនួន ២,៦ ពាន់​លាន​ដុល្លារ​។​

​រុស្ស៊ី​តាម​ដឹងបាន​ចំណាយ​ថវិកា​ជាង ១,១ ពាន់​លាន​ដុល្លារ​សម្រាប់​គ្របដណ្តប់​លើ​កម្មវិធី​មី​ស៊ី​ល Avangard, 3M22 Tsirkon និង Kinzhal ។​

​ទោះយ៉ាងណា ការចំណាយ​របស់​រុស្ស៊ី​ទៅលើ​សព្វាវុធ​លឿន​ជាង​សំឡេង​មិន​រំពឹង​កើនឡើង​ខ្លាំង​នោះទេ​ព្រោះ​មី​ស៊ី​ល​ឆ្លង​ទ្វីប​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ Kinzhal ដែល​មូ​ស្គូ​អះអាងថា​អាច​ហោះ​បាន​ចម្ងាយ ១.៩៣១ គីឡូម៉ែត្រ​នោះ បានដាក់​ឱ្យប្រើ​ការ​រួចទៅហើយ ខណៈដែល​មី​ស៊ី​ល Tsirkon និង Avangard កំពុង​ជិត​ដាក់ឱ្យ​ប្រើ​ដែរ​។​

​ទន្ទឹមនឹងនេះ​មូលនិធិ​របស់​ចិន​សម្រាប់​សព្វាវុធ​លឿន​ជាង​សំឡេង​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​ច្រើនជាង​រុស្ស៊ី គឺ​ជាង ១,៥ ពាន់​លាន​ដុល្លារ ដែល​ចំណាយ​ទៅលើ​កម្មវិធី​អាវុធ DF-ZF និង Starry Sky-2 ។​

DF-ZF ដែលជា​យានអវកាស​ប​ញ្ជា​ទិស​លឿន​ជាង​សំឡេង​មាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ត្រូវបាន​គេ​រំពឹងថា​នឹង​ដំណើរការ​នៅ​ឆ្នាំក្រោយ ខណៈដែល Starry Sky ដែលជា​យន្តហោះ​ប្រតិកម្ម​អាច​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​ដល់​ទៅ ៦ ដង នឹងត្រូវ​ដាក់ឱ្យ​ប្រើ​នៅ​ឆ្នាំ ២០២៥​។​

​មន្ត្រី​យោធា​ជាន់ខ្ពស់​អាម៉េរិក​ឈ្មោះ រ៉ា​យ​អែន ឌី​ម៉ាក​កា​ធី បាន​និយាយ​យោងទៅលើ​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​ក្នុង​ការដក​អាមេរិក​ចេញពី​សន្ធិសញ្ញា INF ដ៏​សំខាន់​ជាមួយ​រុស្ស៊ី យ៉ាង​ដូច្នេះ​ថា “​ទាក់ទង​ទៅនឹង​ចម្ងាយ​មី​ស៊ី​ល​នៅក្នុង​សន្ធិសញ្ញា INF យើង​កំពុង​ពិនិត្យ​មើលថា​តើ​កន្លែង​ណា​ដែល​យើង​អាច​ស្វែងរក​ឱកាស​ដំបូង​គេ​។ ច្បាស់​ណាស់ គឺ​សព្វាវុធ​លឿន​ជាង​សំឡេង ប្រសិនបើ​អ្នក​ចាំបាច់​ត្រូវដាក់​ក្បាល​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​លឿន​ជាង​សំឡេង​នោះ​”​។​

​ថ្លែង​នៅក្នុង​ខែមិថុនា លោក ហ្វ្រែ​ង សេន​ច​ន អនុប្រធាន​ប្រតិបត្តិ​នៅ​ផ្នែក​គ្រប់គ្រង​អគ្គីភ័យ​និង​មី​ស៊ី​ល​របស់​ក្រុមហ៊ុន Lockheed Martin បាន​និយាយថា “​ជាមួយ​សមត្ថភាព​អាវុធ​លឿន​ជាង​សំឡេង​ជា​អាទិភាព​ផ្នែក​សន្តិសុខ​ជាតិ ក្រុមហ៊ុន Lockheed Martin និង​កងទ័ពអាកាស​អា​ម៉េ​រិ​ក​កំពុង​បង្កើនល្បឿន​និង​ដាក់ពង្រាយ​នូវ​ប្រព័ន្ធ​អាវុធ​លឿន​ជាង​សំឡេង​។ ក្រុមហ៊ុន Lockheed Martin មាន​មោទនភាព​ដែល​បាន​ចូលរួម​ជាមួយ​កងទ័ព​អាកាស​អាម៉េរិក​លើ​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​នេះ​”​។​

​របាយការណ៍​កាសែត​ខាងលើ​បាន​និយាយថា ខុសពី​រុស្ស៊ី ចិន​នឹង​រក្សា​ការចំណាយ​ខ្ពស់​លើ​បច្ចេកវិជ្ជា​អាវុធ​លឿន​ជាង​សំឡេង ខណៈ​ចិន​កំពុង​ជិត​សម្រេចបាន​នូវ​កម្មវិធី​សព្វាវុធ​លឿន​ជាង​សំឡេង​របស់ខ្លួន​។​

​លោក​អ៊ូ​ដូ​ស៊ី​បាន​និយាយថា “​បច្ចុប្បន្ននេះ​យើង​មើលឃើញថា​ប្រទេស​រុស្ស៊ី​និង​ចិន​នាំមុខគេ​ក្នុង​ការងារ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ជាមួយ​មូលនិធិ​យ៉ាងច្រើន​សម្បើម ដែល​នេះ​សបញ្ជាក់​ថា​សហរដ្ឋ​អាម៉េរិក​បាន​ដើរ​ពីក្រោយ​ប្រទេស​ទាំងពីរ​។ ទោះយ៉ាងណា នេះ​អាច​ផ្លាស់ប្តូរ​ក្នុង​រយៈពេល​ដ៏​ខ្លី ដោយសារ​អាទិភាព​និង​ការប្តេជ្ញាចិត្ត​របស់​អាម៉េរិក​លើ​កម្មវិធី​សព្វាវុធ​លឿន​ជាង​សំឡេង​”​។​

​កាលពី​សប្តាហ៍​មុន​មាន​សេចក្តីរាយការណ៍​ថា សហរដ្ឋ​អាម៉េរិក​កំពុង​អភិវឌ្ឍ​សព្វាវុធ​លឿន​ជាង​សំឡេង​ចម្ងាយ​ឆ្ងាយ (LRHW) ខណៈដែល​រដ្ឋមន្ត្រី​ការពារជាតិ​លោក ម៉ាក អេ​ស្ពើ បាន​ប្រាប់​ទូរទស្សន៍ Fox News ថា​លោក​រំពឹងថា​ប្រទេស​នេះ​នឹង​ត្រៀម​ដាក់ពង្រាយ​អាវុធ​បែបនេះ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ទៀត​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ express.co.uk

#