ការចំណាយ​លើ​វិស័យ​កសិកម្ម​បាន​កើន​ពី​៣៨​លាន​ដល់​១០៨​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧

260

(​ភ្នំពេញ​)៖​លោក​វ​ង្សី វិស្សុត​រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​បញ្ជាក់ប្រាប់​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​​កសិកម្ម​និង​ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ​ថា​ ​រាជរដ្ឋាភិបាល​បាន​បង្កើន​ការចំណាយ​យ៉ាងច្រើន​ដល់​វិស័យ​កសិកម្ម​នា​បណ្តា​ឆ្នាំកន្លងមក​នេះ​គឺ​​កញ្ចប់​ថវិកា​របស់​ក្រសួងកសិកម្ម​បាន​កើនឡើង​ពី​ប្រមាណ​៣៨​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣​ដល់​ប្រមាណ​១០៨​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​ឬ​​ស្មើនឹង​០,៤៩%​នៃ​ផសស​ដែល​តួលេខ​នេះ​គឺ​ប្រហាក់ប្រហែលគ្នា​នឹង​ប្រទេស​ក្នុង​តំបន់​ហើយ (​វៀតណាម ០,២៤ នៃ ផសស​និង​ចិន​០,៦១​នៃ​ផសស​)​។​

​នៅ​ថ្ងៃទី​០៤​ខែកក្កដា​ឆ្នាំ​២០១៧​កន្លងទៅនេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានរៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ក្រោម​ប្រធានបទ​«​គន្លង​​ថ្មី​នៃ​កំណើន​វិស័យ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា​» ​ក្រោម​អធិបតីភាព​លោក​វ​ង្សី​វិស្សុត រដ្ឋលេខាធិការ​នៃ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​​និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ព្រមទាំង​មាន​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ រួមមានៈ​ធនាគារពិភពលោក​WB, ធនាគារ​ADB អង្គការ​UNDP សហ​ភា​អឺរ៉ុប​EU អង្គការ​AFD IFAD ,JICA និង​UNIDOFAO តំណាង​ស្ថានទូត​ចិន​អូស្ត្រាលី​វិស័យ​ឯកជន​សង្គម​ស៊ីវិល​ស្ថាប័ន​ស្រាវជ្រាវ តំណាង​សហគមន៍​ដំណាំ​ស្រូវ ដំណាំ​ដំឡូង​មី ដំណាំ​ស្វាយ សហគមន៍​ចិញ្ចឹម​ត្រី និង​ចិញ្ចឹម​ជ្រូក​និង​តំណាង​កសិករ​គំរូ​ព្រមទាំង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​របស់​រដ្ឋ​ដែល​កំពុងផ្តល់​ការបណ្តុះ​​បណ្តាល​លើ​ជំនាញ​កសិកម្ម​ផងដែរ​។​

​រដ្ឋា​លេខាធិការ​វ​ង្សី​វិស្សុត​បាន​ថ្លែងថា​រាជរដ្ឋាភិបាល​បាន​បង្កើន​ការចំណាយ​យ៉ាងច្រើន​ដល់​វិស័យ​កសិកម្ម​ពោលគឺ​មិន​ដូចនឹង​ការលើក​​ឡើង​ក្នុង​សារពត៌មាន​ក្នុងពេល​កន្លងមក​ថា​រាជរដ្ឋាភិបាល​បាន​ចាយ​តិចតួច​ក្នុង​វិស័យនេះ​នោះទេ​។​

​លោក​បានលើកឡើង​ផងដែរ​ថា​ថ្វីត្បិតតែ​ចំណែក​របស់​វិស័យ​កសិកម្ម​នៅក្នុង​សេដ្ឋកិច្ចជាតិ​កាន់តែ​រួម​តូច​ជា​លំដាប់​ចាប់តាំងពី​ទសវត្ស​ឆ្នាំ​១៩៩០​មក​ក្តី តែ​វិស័យនេះ​នៅតែមាន​ទំហំ​ដដែល​ហើយ​នៅតែ​ដើរតួនាទី​សំខាន់​ជា​ចន្ទល់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​និង​ការលើកកម្ពស់​ជីវ​​ភាព​និង​កាត់បន្ថយ​ភាពក្រីក្រ​ប្រជាជន​។

​ក៏ប៉ុន្តែ​ស្ថានភាព​វិស័យ​កសិកម្ម​របស់​កម្ពុជា​កាន់​តែមាន​ការវិវត្ត​ន៍​ស្មុគស្មាញ​ឡើងៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ហើយ​កំពុង​បាន​ក្លាយជា​បញ្ហា​ក៏​ក្តៅគគុក​មួយ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការធ្លាក់​ចុះថ្លៃ​កសិក​ផល​ដែលជា​និន្នាការ​ទីផ្សារ​អន្តរជាតិ ក្នុងខណៈដែល​ថ្លៃ​ម្ហូបអាហារ ដូច សាច់ជ្រូក សាច់គោ និង​ធាតុ​ចូល​ផលិតកម្ម ដូចជា ពូជ ជី​ជាដើម​មាន​និន្នាការ​កើនឡើង​នៅក្នុង​ប្រទេស​ទៅវិញ​។​តាមពិត​បញ្ហា​នេះ ផ្តើមចេញពី​គម្លាត​ដ៏​ធំ​មួយ​រវាង​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ជារួម​និង​ក្នុង​វិស័យ​កសិកម្ម​ដោយឡែក​ជាមួយនឹង​ការគិត​​គូរ​របស់​យើង​ដែល​ធ្លាប់តែ​គិតថា​ធ្វើ​កសិកម្ម​ដើម្បី​តែ​ចិញ្ចឹម​ខ្លួនឯង​។​ដូចនេះ​ទាមទារ​ឱ្យមាន​ការ​គូរ​ឡើងវិញ​អំពី​ក្របខណ្ឌ​យុទ្ធសាស្ត្រ​រយៈពេល​វែង​រួមទាំង​ការរៀបចំ​អន្តរាគមន៍​ផ្ទាល់​របស់​រដ្ឋ​ហើយ​ជៀសវាង​ការគិតគូរ​តែ​ទៅលើ​វិធានការ​រយៈពេល​ខ្លី​និង​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​មិន​គ្រប់​ជ្រុងជ្រោយ គឺ​ដោះស្រាយ​បញ្ហា​មិន​ដល់​ឬ​សគល់​របស់​វា ឬ​ដោះ​តែ​កន្ទុយ​បញ្ហា​។​

​បន្ទាប់​ពីបទ​បង្ហាញ​របស់​តំណាង​ក្រសួងកសិកម្ម និង​ធនាគារពិភពលោក​ព្រមទាំង​មតិ​ចូលរួម​ពិភាក្សា​របស់​អ្នក​សេដ្ឋវិទូ​អ្នកស្រាវជ្រាវ​និង​តំណាង​វិស័យ​ឯកជន​ក្នុង​វិស័យ​កសិកម្ម​យ៉ាង​ផុលផុស​រួចមក​ ​អង្គប្រជុំ​នៃ​កិច្ច​ពិគ្រោះ​យោបល់​នេះ​បានកំណត់​នូវ​យុទ្ធសាស្ត្រ​ចំនួន​០៣​ផ្នែក​ដែល​អាច​ធ្វើជា​ធាតុ​ចូល​សម្រាប់​ការពិភាក្សា​និង​ការរៀបចំ​គោលនយោបាយ​រយៈពេល​វែង​ដោយ​ក្នុងនោះ​(​ទី​១).​វិស័យ​កសិកម្ម​​នឹង​នៅតែ​ដើរតួនាទី​សំខាន់​ជា​ជ​ន្ទ​ល់​ទ្រទ្រង់​កំណើន​និង​ការកាត់បន្ថយ​ភាពក្រីក្រ​។​(​ទី​២).​យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នឹង​នៅតែ​បន្ត​ផ្តោតលើ​ការលើកកម្ពស់​ផលិតភាព​,​ការធ្វើ​ពិពិធ​ភាវូបនីយកម្ម​និង​ការធ្វើ​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម​រួមទាំង​ការធ្វើ​ទំនើបកម្ម​និង​កែច្នៃ​ក​សិ-​ឧស្សាហកម្ម​។​
តាមរយៈ​យុទ្ធសាស្ត្រ​នេះ​យើង​ត្រូវធ្វើ​ការកំណត់​ទិសដៅ​ជា​ពីរ​មុខព្រួញ​ផ្សេងគ្នា​គឺ​ការធ្វើ​កសិកម្ម​សម្រាប់​​គោលដៅ​ធានា​សន្តិសុខ​ស្បៀង​និង​ការធ្វើ​កសិកម្ម​សម្រាប់​លក់​ហើយ​ធ្វើយ៉ាងណា​ឱ្យ​តម្លៃថោក​ដើម្បី​មាន​ភាព​ប្រកួតប្រជែង​ហើយ​​មាន​ច្រើន​មុខ មានគុណ​ភាព​និង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​។​និង​(​ទី​៣).​ការកសាង​សមត្ថភាព​ដោយ​ផ្តោតលើ​ការបណ្តុះបណ្តាល​លើ​ការ​​ស្រាវជ្រាវ​វិស្វកម្ម​រួមទាំង​សហគ្រិនភាព​ក្នុង​វិស័យ​កសិកម្ម​ផងដែរ​។​ជាមួយគ្នានេះ​ក៏ត្រូវ​កសាង​បរិស្ថាន​អនុគ្រោះ​សម្រាប់​ទាក់ទាញ​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ឱ្យបាន​ច្រើន​។​

​អង្គប្រជុំ​បាន​ក៏បាន​កំណត់​ផងដែរ​នូវ​វិធានការ​ជាក់ស្តែង​មួយចំនួន​សម្រាប់​ជា​ធាតុ​ចូល​សម្រាប់​ការរៀបចំ​ថវិកា​វិស័យ​កសិកម្ម​នៅ​ឆ្នាំ​២០១៨​ដូចជា​៖

​អន្តរាគមន៍​របស់រ​ដ្ឋ​ចំពោះ​ពូជ​ជី​ចំណី​សត្វ​និង​ធាតុ​ចូល​ផលិតកម្ម​ផ្សេងទៀត​។​ការគិតគូរ​ឡើងវិញ​អំពី​របៀប​នៃ​ការផ្សព្វផ្សាយ​កសិកម្ម​ដោយ​ផ្សាភ្ជាប់​ជាមួយនឹង​ការ ផ្តល់ព័ត៌មាន​ទីផ្សារ​ដ​ល់កសិករ​។​ ការកែសម្រួល​ការងារ​និយ័តកម្ម​ដើម្បី​ដោះ​ស្រោ​យ​បញ្ហា​ការឡើង​នៃ​ថ្លៃ​ម្ហូប​​អាហារ​ នៅក្នុង​ស្រុក​និង​ក៏ដូចជា​ធាតុ​ចូល​កសិកម្ម​,​ការដាក់ចេញ​នូវ​គោល​យោ​បាយ​ថ្មីៗ​និង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ដែលមាន​ស្រាប់​។​ការបង្កើត​ប្រភព​ហិរញ្ញវត្ថុ​ថ្មីៗ​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​បន្ថែម​ដល់​វិស័យ​កសិកម្ម ជាពិសេស​កសិករ​។ បញ្ហា​ការដឹកជញ្ជូន​,​បញ្ហា​ការ​​ប្រើប្រាស់​ទឹក​និង​អគ្គិសនី​សម្រាប់​ការបូមទឹក​ព្រមទាំង​ការប្រើប្រាស់​សេវា​បច្ចេកវិទ្យា​ព័​ត៌​សម្រាប់​វិស័យ​កសិកម្ម​និង​ការ​សម្រប​​សម្រួល​ផ្ទៃក្នុង​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​និង​ការសម្របសម្រួល​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​និង​វិស័យ​ឯកជន​រួមទាំង​តួអង្គ​​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​៕ ដោយ ៖ស៊ា ថាំង

លោក​វ​ង្សី​វិស្សុត រដ្ឋលេខាធិការ​នៃ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​​និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទក្នុង​វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួង​​កសិកម្ម​និង​ដៃគូ​អភិវឌ្ឍន៍​សំខាន់ៗ