ការចំណាយ​សម្រាប់​កំពត​សង្ក្រាន្ត​២០១៩​អាច​នឹងមាន​ទំហំ​ប្រមាណ​ជាង​៥០០​លាន​រៀល

438
ចែករម្លែក
  • 17
    Shares

ដោយ​៖​បូកគោ​/​កំពត​៖​ការចំណាយ​សម្រាប់​កំពត​សង្ក្រាន្ត​២០១៩​រយៈពេល​បី​ថ្ងៃ​អាច​នឹងមាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង​ជាង​៥០០​លាន​រៀល​។​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធី​កំពត​សង្ក្រាន្ត​កាលពី​រសៀល​ថ្ងៃទី​២៥​ខែមីនា​ឆ្នាំ​២០១៩​មន្ត្រី​នៃ​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលា​ខេត្តកំពត​បានបញ្ជាក់​ថា​ផ្អែក​តាម​គម្រោង​ដែល​ស្នើឡើង​ដោយ​អនុគណៈកម្មការ​ទាំង​ប្រាំមួយ​សម្រាប់​ដំណើរការ​ពិធី​សង្ក្រាន្ត​កំពត​២០១៩​ខាងមុខ​រដ្ឋបាលខេត្ត​នឹង​ចំណាយ​ក្នុង​ទំហំ​ទឹកប្រាក់​៥០៥.៣២០.៦០០​រៀល​គឺ​ប្រហាក់ប្រហែល​១២៦.៣៣០​ដុល្លារ​។
​បរិមាណ​នេះ​បាន​គិតគូរ​លម្អិត​លើ​គ្រប់ផ្នែក​បំណង​បម្រើឱ្យ​ការកម្សាន្ត​សប្បាយ​ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៦ ខែមេសា​ឆ្នាំ​២០១៩​។​
ទាក់ទិន​នឹង​ករណី​ខាងលើ​លោក​ជាវ​តា​យ​អភិបាល​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ការគ្រោង​នូវ​ទំហំ​ទឹកប្រាក់​នេះ​ហាក់​មានការ​ចំណាយ​ខ្ពស់​បើ​ប្រៀបធៀប​នឹង​ថវិកា​ដែលមាន​។​

យ៉ាងណា​រដ្ឋបាលខេត្ត​នឹង​ពិនិត្យ​ពិចារណា​ជាបន្ទាន់​ដើម្បី​បើក​កិច្ចប្រជុំ​សម្រេច​ឆាប់ៗ​ខាងមុខនេះ​ព្រោះ​ពេលវេលា​កាន់តែ​កៀក​ណាស់​ទៅហើយ​។ លោក​អភិបាលខេត្ត​បានបញ្ជាក់​ថាបើ​ក្នុងករណី​ផ្នែក​ណាមួយ​មិនសូវ​ចាំបាច់ គណៈកម្មការ​នឹង​កាត់បន្ថយ​។​ប៉ុន្តែ​អ្វី​ដែលជា​កេរដំណែល​ទំនៀមទម្លាប់​ប្រពៃណី​វប្បធម៌​ជាតិ​ត្រូវតែ​រួមគ្នា​អភិរក្ស​ដោយ​មិន​បណ្តែតបណ្តោយ​ឱ្យ​បាត់បង់​ឡើយ​។

​លោក​ជាវ​តា​យ​បាន​បន្តថា​តាមរយៈ​ពិធី​ស​ង្ក្រា​ន​ឆ្នាំ​២០១៨​សង្ឃឹមថា​ឆ្នាំនេះ​រដ្ឋបាល​ខេត្តកំពត​នឹង​ទទួលជោគជ័យ​បន្ថែមទៀត​ផ្អែកលើ​ការចូលរួម​សហការ​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​។​ពិសេស​សូមឱ្យ​កម្លាំង​សមត្ថកិច្ច​បង្កើន​ការយកចិត្តទុកដាក់​លើ​កិច្ចការពារ​សន្តិសុខ​សណ្តាប់​ដោយ​បញ្ចៀស​ឱ្យបាន​រាល់​បាតុភាព​អវិជ្ជមាន ព្រោះ​ភ្ញៀវ​ជិត​ឆ្ងាយ​អាច​នឹងមាន​វត្តមាន​ច្រើនជាង​ឆ្នាំមុន​៕S/​