ការឆ្លង​វីរុស​នៅ​ចិន​ធ្លាក់ចុះ តែ​ចិន​បង្កើន​វិធានការ​ចត្តា​ឡី​ស័កដល់​រដ្ឋធានី​ប៉េកាំង​

98
ចែករម្លែក

​អាជ្ញាធរ​ចិន​កាលពី​ថ្ងៃ​សៅរ៍​ទី​១៥​កុម្ភៈ​បាន​រាយការណ៍​ការឆ្លង​វីរុស​២.៦៤១​ករណី​បន្ថែមទៀត នៅ​ពេល​ខ្លួន​បង្កើន​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​នេះ​​និង​ធានា​សារ​ធាណ​ជន​ដែល​កំពុង​បារម្ភ​ខ្វល់ខ្វាយ​។​

​តួលេខ​នេះ​ជា​ការធ្លាក់​ចុះ​យ៉ាងគំហុក​ពី​ចំនួន​អ្នក​ឆ្លង​កាលពី​ពីរ​បី​ថ្ងៃ​កន្លងទៅ បន្ទាប់​ពី​មន្ត្រី​សុខាភិបាល​ដូរ​វិធី​កំណត់​រោគសញ្ញា​COVID-19​។​

​ថ្ងៃ​សៅរ៍​ទី​១៥​កុម្ភៈ សំគាល់​ការធ្លាក់​ចុះ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​ដល់​ថ្ងៃទី​២​ជាប់​គ្នា​។​

​ចំនួន​មនុស្ស​ស្លាប់​ក៏​ធ្លាក់ចុះ​បន្តិច​មក​នៅត្រឹម​១៤៣​នាក់​សំរាប់​ថ្ងៃ​សុក្រ នាំ​អោយ​ចំនួន​មនុស្ស​ស្លាប់​ដោយ​វីរុស​ឬ​ជម្ងឺ​COVID-19​នេះ​កើន​ដល់​១.៥២៣​នាក់​​នៅ​ទូទាំង​ប្រទេស​ចិន ខណៈ​ចំនួន​មនុស្ស​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេស​កើន​ដល់​៦៦.៤៩២​នាក់​។​

COVID-19 ជម្ងឺ​ចេញពី​កូរ៉ូណា​វីរុស​ថ្មី​មួយ បាន​ចម្លង​ទៅ​ជាង​ម្ភៃ​ប្រទេស​ចាប់តាំងពី​ចុង​ខែ​ធ្នូ​មក នៅពេល​ការផ្ទុះ​ជម្ងឺ​នេះ​ដំបូង​ត្រូវបាន​គេ​រាយការណ៍​នៅក្នុង​ទី​​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​។​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​សុក្រ​បាន​រាយការណ៍​ករណី​ឆ្លង​COVID-19​ដំបូង​នៅ​ទ្វីប​អាហ្វ្រិក​។​

​ចិន​បាន​ដាក់ចេញ​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជា​ទូទៅ​និង​ម៉ឺងម៉ាត់​ដែល​មិន​ធ្លាប់​ត្រូវបាន​អនុវត្ត​ពីមុនមក​។​បណ្តា​ទីក្រុង​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី​ដែល​មានប្រ​​ជា​ជន​សម​រុបជាង​៦០​លាន​នាក់ ត្រូវ​ដាក់​នៅ​ក្រោយ​ការ​រឹតត្បិត​ការធ្វើដំណើរ ឬ​បិទ​ខ្ទប់ ដោយ​ដំណើរ​ចេញពី​ខេត្ត​ត្រូវ​ហាមឃាត់​និង​សកម្មភាព​សាធារណៈ​ទាំង​​អស់​ត្រូវបាន​ផ្អាក​។​

​ឥឡូវ​ការ​រឹត​ត្បិត​ត្រូវបាន​ពង្រីក​ដល់​រដ្ឋធានី​ប៉េកាំង ដោយ​មនុស្ស​ដែល​វិល​ចូល​មក​ទីក្រុង​ប៉េកាំង​នឹង​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ​(​ចត្តា​ឡី​ស័ក​) អាច​នៅ​ក្នុងផ្ទះ​ឬ​នៅ​​តំបន់​ប្រមូលផ្តុំ​ណាមួយ​ដើម្បី​តាមដាន​សុខភាព​រយៈពេល​១៤​ថ្ងៃ​។​

​លិខិត​មួយ​ចេញ​ដោយ​ក្រុមការងារ​ទប់ស្កាត់​និង​គ្រប់គ្រង​ការឆ្លង​រាលដាល​ជម្ងឺ​របស់​ក្រុង​ប៉េកាំង កាលពី​យប់​ថ្ងៃ​សុក្រ និយាយថា អ្នក​ដែល​វិល​ពី​ការ​ឈប់សម្រាក​​ចូលឆ្នាំថ្មី ហើយ​ចូល​មក​ក្រុង​ប៉េកាំង​វិញ​នឹង​ត្រូវ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ រីឯ​អ្នក​មិន​គោរព​តាម​នឹង​ប្រឈម​បញ្ហា​ផ្លូវច្បាប់​។​

​សូមបញ្ជាក់​ថា ពួក​មន្ត្រី​ចិន​កំពុង​បង្កើន​ការប្រុងប្រយ័ត្ន​អំពី​ការឆ្លង​រាលដាល​ធំ​ឡើង ដោយសារ​វា​ដល់​ពេល​ម​នុស្ស​រាប់លាន​នាក់​វិល​ពី​ការ​ឈប់សម្រាក​ចូលឆ្នាំថ្មី​​នៅតាម​បណ្តា​ភូមិ​ស្រុក​ទៅកាន់​កន្លែង​ធ្វើការ​របស់​ពួកគេ​នៅក្នុង​ទីក្រុនា​នានៅ​ទូទាំង​ប្រទេស​ចិន​៕​ប្រែ​សម្រួល​៖​វាសនា​

កាលពី​ថ្ងៃ​១៤​កុម្ភៈ ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ចិន ស៊ីន​ហួរ បាន​បញ្ចេញ​រូបថត នាយករដ្ឋមន្ត្រី​ចិន លី ឃឹ​ឈាំ​ង ស្វាគមន៍​អ្នកដំណើរ​មក​ដល់​ទីក្រុង​ប៉េកាំង​នៅ​ស្ថា​​នី​យ​រថភ្លើង​មួយ​

ជា​វិធានការ​បង្ការ​ការឆ្លង​រាលដាល់ កម្មករ​ចិន​នៅ​រោងចក្រ​ខ្លះ សម្រាក​ទទួលទាន​អាហារ​នៅ​តុ​ផ្សេងៗ​គ្នា​។​ក្នុង​រូប កម្មករ​ទទួលទាន​អាហារ​នៅ​លើដំបូល​រោង​​ចក្រ​គ្រឿង​អេឡិចត្រូនិក​នៅ​ខេត្ត​ស៊ី​ឈ័ន​