ការជាប់​ទោស​របស់​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ ហ្គុ​ន​ហេ ត្រូវបាន​បន្ថែម​

624
ចែករម្លែក

តុលាការឧទ្ធរណ៍កូរ៉េខាងត្បូងនៅថ្ងៃសុក្រទី២៤ខែសីហា បានបន្ថែមការជាប់ទោសមួយឆ្នាំលើការជាប់ទោសរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ប៉ាក់ ហ្គុនហេ ពីបទពុករលួយនិងការរំលោភបំពានអំណាច។

ការសម្រេចចិត្តរបស់តុលាការជាន់ខ្ពស់ក្រុងសេអ៊ូលនេះ មានន័យថា អតីតប្រមុខរដ្ឋាភិបាលដែលត្រូវបានទម្លាក់ចេញអំណាច បន្ទាប់ពីមានរឿងអាស្រូវទាក់ទងនឹងអំពើពុករលួយនេះ ប្រឈមការជាប់គុកចំនួន២៥ឆ្នាំនិង ពិន័យជា ប្រាក់ចំនួន១៨លានដុល្លារ។

លោកស្រី ប៉ាក់ ហ្គុនហេ ត្រូវបានផ្តន្ទាទោសកាលពីខែមេសាពីបទទទួលឬ ទាមទារប្រាក់ជាង២០លានដុល្លារពីក្រុមហ៊ុនធំៗមួយចំនួន ការចែករំលែកឯកសារសម្ងាត់រដ្ឋ ការដាក់សិល្បករដែលរិះគន់គោលនយោបាយរបស់លោកស្រីនៅក្នុងបញ្ជីខ្មៅ និងការបណ្ដេញមន្រ្តីដែលប្រឆាំងការបំពានអំណាចរបស់លោកស្រី។

ការជំនុំជម្រះអស់រយៈពេល១០ខែលើលោស្រី ប៉ាក់ ហ្គុនហេ បានរកឃើញនិងបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតស្និទ្ធវាងអាជីវកម្មធំៗ និងនយោបាយនៅប្រទេសកូរ៉េខាងត្បូង ដោយលោស្រី ប៉ាក់ ហ្គុនហេ និងមិត្តភក្តិជិតស្និទ្ធរបស់លោកស្រី គឺ លោកស្រី ឆយ ស៊ុន ស៊ីល (Choi Soon-sil )ត្រូវបានចោទប្រកាន់ពីបទទទួលប្រាក់សំណូកពីក្រុមហ៊ុនធំទាំងនោះ ជាថ្នូរនឹងការផ្តល់ការអនុគ្រោះផេ្សងៗដល់ក្រុមហ៊ុនទាំងនោះវិញ។

ការកាត់ក្តីនៅកាលនោះ លោកស្រី ប៉ាក់ ហ្គុនហេ ត្រូវបានកាត់ទោសឱ្យជាប់ទោសចំនួន២៤ឆ្នាំ ៕

លោកស្រី ប៉ាក់ ហ្គុនហេ ជាអតីតប្រធានាធិបតីទី៣ដែលត្រូវបានកាត់ទោសឱ្យជាប់ទោសពីបទប្រព្រឹត្តបទឧក្រិដ្ឋ បន្ទាប់ពីចុះចេញពីអំណាច

#