ការជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​ត្រូវការ​ពេលវេលា​បន្ថែម​ដើម្បី​បញ្ចប់​គម្រោង​ជួសជុល​

288
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប​ ៖ ការជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​ដំណាក់កាល​ទី​២​ដែល​គ្រោង​នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ​២០២០ អាច​នឹងត្រូវ​ពន្យា​ពេល​ដោយ​មូលហេតុ​បច្ចេកទេស​ចាំបាច់​មួយចំនួន នេះ​បើតាម​ការបញ្ជាក់​របស់​អាជ្ញាធរ​អប្សរា​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។

លោក អន សុភាព មន្ត្រី​បច្ចេកទេស​ប្រចាំ​ការដ្ឋាន​ជួសជុល​ស្ពាន​ហាល​ខាងលិច​ប្រាសាទអង្គរវត្ត​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ បញ្ជាក់ថា តាម​លទ្ធផល​ជាក់ស្តែង​ការជួសជុល​អនុវត្តបាន​ត្រឹមតែ​១៥%​ប៉ុណ្ណោះ ព្រោះ​យើង​បាន​ចំណាយ​ពេលវេលា​ច្រើន​លើ​ការងារ​ស្រាវជ្រាវ និង​វិភាគ​បច្ចេកទេស ដូចជា​រចនា​សម្ពន្ធ​និង​សម្ភារៈ​សំណង់ ស្ថានភាព​នៃ​ការខូចខាត​របស់​ថ្ម គុណភាព​ថ្ម ស្ថានភាព​ដី​ដែល​បង្ហាប់​នៅក្នុង​ស្ពាន​ហាល និង​លទ្ធផល​ពិសោធ​លើ​ការបុក​បង្ហាប់ដី​សាកល្បង​ចំនួន​១០​ម៉ែត្រ​បាន​ជោគជ័យ​។​

ម្យ៉ាងវិញទៀត ការជួសជុល​លើក​នេះ​គឺមាន​ការខុសប្លែក​ពី​ការជួសជុល​នៅ​សម័យ​បារាំង​និង​ការជួសជុល​ក្នុងដំណាក់កាល​ទី​១ ដោយ​ក្រុម​អ្នកជំនាញ​ផ្នែក​អភិរក្ស​របស់​អាយ​ស៊ី​ស៊ី​-​អង្គរ បាន​តម្រូវ​មិនឱ្យ​មានការ​រុះរើ​ជញ្ជាំង​ស្ពានថ្ម​បាយក្រៀម​នេះឡើយ ដោយ​ត្រូវ​រក្សា​ស្លាកស្នាម​នៃ​ការជួសជុល​នៅក្រោយ​សម័យអង្គរ​ទុកជា​ប្រវត្តិសាស្ត្រ ថ្វីត្បិតតែ​រចនា​សម្ពន្ធ​សំណង់​ស្ពាន​នេះ​មានការ​ខូចខាត​ខ្លាំង​ក៏ដោយ​។​

លោក អន សុភាព បន្តថា នេះ​ជា​ចំណុច​ពិសេស​មួយ​ដែល​លំបាក​បំផុត​សម្រាប់​ការជួសជុល ដែល​ទាមទារ​ឱ្យ​ក្រុម​អ្នកជំនាញ​រក​គ្រប់​វិធីសាស្ត្រ គ្រប់​បច្ចេកទេស​ដើម្បី​ទប់​ពង្រឹង​រចនា​សម្ពន្ធ​សំណង់​ប្រកបដោយ​គុណភាព​ខ្ពស់ ហើយ​មិន​ប៉ះពាល់​ដល់​សំណង់​ស្ពាន​ចាស់ ដែល​ទ្រុឌទ្រោម​ខូចខាត​ដោយសារ​អាយុកាល​នៃ​វត្ថុធាតុដើម ការ​ត្រាំ​ក្នុង​ទឹកជា​ប្រចាំ​។

ដូច្នេះហើយ ក្នុងការ​ជួសជុល​នេះ ក្រុមការងារ​ចាំបាច់​ត្រូវ​រក្សា​ភាព​ដើម​ឱ្យបាន​ច្រើន​បំផុត ដោយ​ប្រើ​បច្ចេកទេស​និង​សម្ភារៈ​ទំនើប​ខ្លះ លាយ​នឹង​បច្ចេកទេស​បុរាណ ដើម្បី​ពង្រឹង​រចនា​សម្ពន្ធ​សំណង់​ឱ្យ​ជាប់​មាំ​បានល្អ​។

សូមបញ្ជាក់ថា តាមរយៈ​កិច្ចព្រមព្រៀង​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​ជាមួយនិង​សាកលវិទ្យាល័យ​សូ​ហ្វ​យ៉ា​ប្រទេស​ជប៉ុន ការជួសជុល​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​មានរ​យៈ​ពេល​៥​ឆ្នាំ (២០១៥-២០២០) និង​គ្រោង​បញ្ចប់​ជា​ស្ថាពរ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០៕B/