ការជួសជុល​អាង​ហែល​ទឹក ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​មាន​សារសំខាន់​ជួយ​បង្កើន​សមត្ថភាព​កីឡាក​ហែល​ទឹក​

2738
ចែករម្លែក
  • 22
    Shares

ដោយ​: សុផល / ភ្នំពេញ​: អាង​ហែល​ទឹក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក បាន​ត្រូវ​កំពុង​ជួសជុល​និង​សាងសង់ ដើម្បីឱ្យ​ត្រឹមត្រូវ​តាម​ស្តង់ដារ​អន្តរជាតិ ដែល​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​វិស័យ​កីឡាហែលទឹក និង​ជួយ​បង្កើន​សមត្ថភាព​កីឡាករ​ហែល​ទឹក​សម្រាប​ប្រកួតប្រជែង​អន្តរជាតិ​។​

​ការជួស​ជុ​សអាង​ហែល​ទឹក​ដែល​នឹង​ចំណាយ​ពី​៧​ទៅ​៨​ខែ​នេះ​នឹងត្រូវ​ប្រើប្រាស់​ថវិកា​ប្រហែល ២​លាន​ដុល្លារ​អាមេរិក​ក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡាហែលទឹក​នៅ​កម្ពុជា​ឱ្យមាន​ការរីកចម្រើន និង ស្វែងរក​មេដៃ​ជូន​ជាតិ​ឱ្យបាន​ច្រើន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ដែល​កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០២៣ ខាងមុខនេះ​។

​ពិធី​ក្រុង​ពាលី​បើក​កា​ដ្ឋា​ន​ជួសជុល និង​សាងសង់​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​ឡើងវិញ​កាលពី​រសៀល​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ​២០១៨​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន សហព័ន្ធ​កីឡាហែលទឹក​កម្ពុជា លោក សុខ សប្បាយ​ណា ប្រធាន​លេខាធិការដ្ឋាន ប្រតិបត្តិ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រួមទាំង​តំណាង​ក្រសួង​អប់រំ​តំណាង​ក្រសួង​វប្ប​ធ​ម៍​និង​វិចិត្រសិល្បៈ​និង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀតផង​ដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា​៖ ការជួស​ជុស និង​ស្តារឡើងវិញ​អាង​ហែល​ទឹក​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​នេះ ត្រូវ​ប្រើប្រាស់​ថវិកា​ប្រហែល​២​លាន​ដុល្លារ​អាមេរិក ដោយ​មិនទាន់​គិត​ទៅលើ​សម្ភារៈ​ផ្សេងៗ ដែល​ត្រូវ​ទិញ​ដាក់​បន្ថែម​នៅ​កន្លែង​ហាត់ប្រាណ​នៅលើ​គោក​នោះទេ ហើយ​ចំពោះ​កន្លែង​ហាត់ប្រាណ​នៅលើ​គោក​នេះ​ដែល មាន​ទទឹង​១២​ម៉ែត្រ និង​បណ្តោយ ១៨​ម៉ែត្រ ដែល​ដាក់​សម្រាប់តែ​កីឡាករ កីឡា​ការ​រិ​នី​ហែល​ទឹកតែ​ប៉ុណ្ណោះ ពីព្រោះ​ការហាត់​នៅក្នុង​ទឹក​វា​មិន​គ្រប់គ្រាន់​នោះទេ ដូចនេះ​ត្រូវតែមាន​ការហាត់​នៅលើ​គោក​បន្ថែមទៀត​។​

លោក​បាន​បញ្ជាក់ទៀតថា ក្រៅពីនោះ​ទៀត ក៏មាន​រៀបចំ​ជា​បន្ទប់​ស្នាក់នៅ​សម្រាប់​កីឡាករ កីឡា​ការ​រិ​នី អាច​ស្នាក់​នៅបាន និង​មាន​រៀបចំ​ជា​កន្លែង​ទទួលទាន​អាហារ​ត្រឹមត្រូវ​ផងដែរ ពីព្រោះ​កីឡាករ កីឡា​ការ​រិ​នី ហែល​ទឹក គឺ​ពិតជា​ត្រូវការ​កម្លាំង​ខ្លាំងណាស់​ដើម្បី​យកឈ្នះ​គួរ​ប្រកួត​របស់ខ្លួន​។ លោក​បាន​បញ្ជាក់ថា នៅ​ប្រទេស​គេ​កីឡាករ កីឡា​ការ​រិ​នី ហែល​ទឹក​នេះ គឺ​ហាត់​នៅលើ​គោក ច្រើនជាង​ហាត់​នៅក្នុង​ទឹក ដែល​ការហាត់​នៅលើ​គោក គឺ​សំដៅ​ទៅដល់​កន្លែង​លើក​សាច់ដុំ​នេះឯង​។​

​លោក​ទេសរដ្ឋមន្ត្រី បានឱ្យដឹងថា អាងទឹក​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​នេះ បាន​ដាក់ឱ្យ​ដំណើរការ តាំងពី​ឆ្នាំ​១៩៦៧​មក​ម្លេះ​ហើយ​គិត​មកដល់ពេលនេះ​ម៉ាស៊ីន​ចម្រាញ់​ទឹកបាន​ខូច​អស់ហើយ ជាក់ស្តែង​នៅពេលនេះ​យើង​បាន​បើក​ធ្វើការ​ស្តារ​អាងទឹក​នេះ​ឡើងវិញ ឱ្យស្រប​ទៅតាម​ស្តង់ដារ​អន្តរជាតិ​ថ្មី ដែលមាន​បណ្តោយ ៥០​ម៉ែត្រ ទទឹង ២៥​ម៉ែត្រ ដែលមាន​ខ្សែបន្ទាត់​ចំនួន​១០ ហើយ​ចំពោះ​ខាង​លោតទឹក​វិញ​គឺ​បាន​ពង្រីក ២៥​ម៉ែត្រ​គុណ​នឹង ២០​ម៉ែត្រ ហើយ​ការរៀបចំ​នេះដែរ​គឺ​ដើម្បីឱ្យ​កីឡាករ កីឡា​ការ​រិ​នី មាន​ទីតាំង​ហាត់​បន្ថែមទៀត ឱ្យមាន​ភាពងាយស្រួល​ជាង​មុន​។​


​លោក​ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា ចំពោះ​ថវិកា​ដែល​ចំណាយ​លើក​ការស្តារ អាងទឹក​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​នេះ គឺ​សុទ្ធតែជា​ជំនួយ​ទាំងអស់ ដោយ​សហព័ន្ធ​កីឡាហែលទឹក បាន​សហការ​ជាមួយ​ខាង​ផ្នែក​ឯកជន ហើយ​ជាពិសេស​នោះ គឺ​ក្រុមហ៊ុន ឈៀង​ហៃ ខន់​ត្រា​ក់សិន ដែលជា​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ច្រើន​នៅ​កម្ពុជា ហើយក៏​ជា​ក្រុមហ៊ុន ដែលមាន​បទពិសោធន៍​ច្រើន​ក្នុងការ​ក៏​សាងសង់​អាង​ហែល​ទឹក​អន្តរជាតិ​នៅ​ទូ​ទាំ​ពិភពលោក​ផងដែរ ដូច្នេះហើយ​សហព័ន្ធ​កីឡាហែលទឹក​ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុន​ជួយ​ស្តារ​អាងទឹក​នេះ​ឡើង ហើយ​លោក​នឹង​សហការ​ជាមួយ​ផ្នែក​ឯកជន​ផ្សេងៗ​ទៀត ដើម្បី​ស្នើ​ថវិការ​មក​ទិញ​សម្ភារៈ​មួយចំនួន ដាក់​នៅ​កន្លែង​កន្លែង​ហាត់ប្រាណ​នៅលើ​គោក​នេះ​តែម្តង​។​

​សូម​ជម្រាបជូន​ថា​៖ កីឡាហែលទឹក​ឃើញ​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់​នៅ​សម័យ​សង្គមរាស្ត្រនិយម​តាមរយៈ​ការបង្កើតឱ្យមាន​អាង​ហែល​ទឹក​សម្រាប់​អត្ត​ព​លិ​ក​ហ្វឹកហាត់​ជាច្រើន​កន្លែង ប៉ុន្តែ​ជា​អកុសល ក្រោម​ការដឹកនាំ​របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​(​ខ្មែរក្រហម​)​និង​សង្គ្រាម​ជាច្រើន​ទស្សវត្សរ៍​កន្លងមក អាង​ហែល​ទឹក​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នេះ ត្រូវបាន​ខូចខាត​ស្ទើរតែ​ទាំងស្រុង​៕