ការដកថយ​របស់​ត្រាំ​ពី​ការបិទ​រដ្ឋាភិបាល​លាត​ត្រដាង​ពី​កម្សោយ​

707
ចែករម្លែក
  • 219
    Shares

​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ នឹង​ងើប​ចេញពី​ការបិទ​រដ្ឋាភិបាល​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ក្នុងនាម​ជា​ជន​កម្សោយ​ខាង​នយោបាយ កេរ្ដិ៍ឈ្មោះ​របស់គាត់​នឹងត្រូវ​ចោទ​ជា​សំណួរ និង ការសន្យា​សង់​ជញ្ជាំង​ព្រំដែន​អំឡុង​យុទ្ធនាការ​បោះឆ្នោត​របស់​គាត់​នឹង​នៅតែ​មិនអាច​បំពេញបាន​។​

​ការបិទ​រដ្ឋាភិបាល​ដោយ​អន្លើរ​រយៈពេល ៣៥ ថ្ងៃ​ជុំវិញ​ការទាមទារ​របស់លោក​ប្រធានាធិបតី​សម្រាប់​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដើម្បី​សង់​ជញ្ជាំង​នៅតាម​បណ្តោយ​ព្រំដែន​អាមេរិក​និង​ម៉ិ​ក​ស៊ិ​ក នៅ​ទីបំផុត​គឺ​គ្មាន​ប្រយោជន៍​។ ដោយ​កំពុង​ប្រឈម​នឹង​ការរត់​ចោល​របស់​សមា​ជិ​ក​នៅក្នុង​គណបក្ស​របស់​គាត់ ការធ្លាក់ចុះ​អ្នកគាំទ្រ​ក្នុងការ​បោះឆ្នោត​ស្ទង់​មតិ និង​ការរិះគន់​ពី​សាធារណជន​ចំពោះ​សេវាកម្ម​រដ្ឋ​ដែល​ត្រូវបាន​ផ្អាក ត្រាំ​ដែល​ប្រកាស​ខ្លួនឯង​ជា​កំពូល​អ្នកដោះស្រាយ​បញ្ហា​បាន​ទទួលយក​កិច្ចព្រមព្រៀង ដែល​គាត់​ធ្លាប់​រិះគន់ និង​បាន​បង្កើត​កំណត់ត្រា​ដ៏​អាម៉ាស់ ដែល​នឹង​នៅតែ​ជា​ផ្នែក​មួយ​នៃ​មរតក​ដឹកនាំ​របស់គាត់​។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ត្រាំ​កត់សម្គាល់​ការដឹកនាំ​បា​ន​ពាក់កណ្តាល​អាណត្តិ​របស់​គាត់ ការបិទ​រដ្ឋាភិបាល​បាន​គូសបញ្ជាក់​ពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​របៀប​គ្រប់គ្រង​មិន​ប្រក្រតី​របស់គាត់ និង​វិថី​នៅខាងមុខ​សម្រាប់​គាត់​គឺ​ត្រូវ​ដោះស្រាយ​ជាមួយ​បក្ស​ប្រជាធិបតេយ្យ​ដែល​រឹង​ដៃ​រឹង​ជើង​នៅក្នុង​សភា​។​

​ការប្រឹងប្រែង​មិន​ប្រក្រតី​ត្រូវបាន​គេ​មើលឃើញ​យ៉ាងច្បាស់​ក្រឡែត​នៅក្នុង​សេត​វិមាន កន្លែង​ដែល​ជំនួយការ​ម្នាក់​បាន​ព្រមាន​លោក​ត្រាំ​សូម្បី​មុនពេល​ការបិទ​រដ្ឋាភិបាល​បានចាប់ផ្តើម យ៉ាង​ដូច្នេះ​ថា គ្មាន​ផ្លូវ​ទទួលបាន​ជោគជ័យ​នៅក្នុង​ការប្រកួតប្រជែង​ជាមួយនឹង​វិមាន​កា​ពី​តូ​ល​ហ៊ីល​នោះឡើយ​។ ពួក​ប្រជាធិបតេយ្យ​ប្រឹងប្រែង​ណាស់​ដើម្បី​ទប់ស្កាត់​ត្រាំ​ពី​ការសង់​ជញ្ជាំង​ព្រំដែន​ហើយ​វា​ក៏​មិនមែនជា​គំនិត​ដ៏​ពេញនិយម​នោះដែរ​នៅក្នុង​ចំណោម​សមាជិកសភា​គណបក្ស​សាធារណរដ្ឋ​ខ្លួនឯង​ផ្ទាល់​។ ពួក​ទីប្រឹក្សា​មើល​ទាំង​ស្រឡាំងកាំង នៅពេលដែល​លោក​ត្រាំ​ប្រកាស​នៅក្នុង​កិច្ចប្រជុំ​កាលពី​ខែធ្នូ​ជាមួយ​សមាជិកសភា​ថា លោក​មាន​មោទនភាព​ក្នុង​ការបិទ​រដ្ឋាភិបាល​។​

​ហើយ​នៅពេលដែល​គាត់​បានធ្វើ​បែបនេះ ពួក​ទីប្រឹក្សា​បារម្ភ​ថា សង្គ្រាម​ប្រកាស​តាម​សារបាន​ចាញ់​រួចទៅហើយ​។​

​អតីត​តំណាងរាស្ត្រ​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​វើ​ជី​នៀ​លោក​ថម ដាវី​ស​ដែល​ធ្លាប់ជា​ប្រធាន​យុទ្ធនា​ការឃោសនា​របស់​បក្ស​សាធារណរដ្ឋ​ដែល​គ្រប់គ្រង​សភា​បាន​និយាយថា “​គាត់​កំពុង​លេង​បាល់​ពីរ​ទល់នឹង​ក្រុម​កំពូល​ក្នុង​លី​ក​”​។ លោក​ដាវី​ស​និយាយថា ដោយ​គាំទ្រ​ខ្លួនឯង​ក្នុង​ការបិទ​រដ្ឋាភិបាល​ដោយ​គ្មាន​ច្រកចេញ​វិញ លោក​ត្រាំ​បានបង្ហាញ​ពី​ការខ្វះ​វិន័យ​តាំងពី​ការចាប់ផ្តើម​។​

​បរាជ័យ​ជា​យុទ្ធសាស្ត្រ​នេះ​រឹត​ត្រូវបាន​ពង្រីក​ថែមទៀត​ដោយ​អ្វីដែល​សម្ព័ន្ធមិត្ត​មើលឃើញថា​ជា​កំហុស​យុទ្ធសាស្ត្រ​។ លោក​ត្រាំ​បាន​ចំណាយពេល​ថ្ងៃ​ឈប់សម្រាក​សរសេរ Twitter ពី​សេត​វិមាន​ជាជាង​បង្ហាញខ្លួន​ជា​សាធារណៈ​ដើម្បី​បង្ហាញ​ពី​ការត្រៀមខ្លួន​រួចរាល់​របស់គាត់​ដើម្បី​ចរចា​។ គាត់​មិនបាន​ផ្តល់​សុន្ទរកថា​ជា​សាធារណៈ​ឬ​ទៅធ្វើ​ទស្សនកិច្ច​នៅ​ព្រំដែន​ដើម្បី​ត្រៀមលក្ខណៈ​របស់គាត់​នោះទេ​រហូតដល់​សប្តាហ៍​ជាច្រើន​បាន​កន្លងផុតទៅ​។ ប្រហែល​សំខាន់បំផុត​គឺ គាត់​មើលស្រាល​លើ​ប្រធានសភា​លោកស្រី​ណាន់​ស៊ី ផេ​ឡូ​ស៊ី និង​ការ​រួបរួមគ្នា​ជា​ធ្លុង​មួយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដែល​កាន់កាប់​សភា ដោយ​គិតថា​ប្រធានសភា​មកពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា​រូបនេះ​នឹង​ងាយស្រួល​ចរចា​លើ​កិច្ចព្រមព្រៀង​អំពី​ការសង់​ជញ្ជាំង នៅពេលណា​ដែល​លោកស្រី​កាន់តំណែង​ប្រធានសភា​។​

​សារ​របស់លោក​ត្រាំ​ជួនកាល​បាន​ប្រែប្រួល​តាម​ម៉ោង​។ គាត់​បាន​អះអាងថា​គាត់​មាន​មោទនភាព​ចំពោះ​ការបិទ​រដ្ឋាភិបាល ហើយ​បន្ទាប់មក​បែរជា​ព្យាយាម​បន្ទោស​ទៅលើ​ពួក​ប្រជាធិបតេយ្យ​។ មាន​ពេល​មួយ​គាត់​បានបង្ហាញ​សញ្ញា​ថា​គាត់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​បោះបង់ចោល​ការសង់​ជញ្ជាំង​បេតុង​ដើម្បី​ធ្វើ​រនាំង​ផ្សេង​នៅតាម​ព្រំដែន ហើយ​បន្ទាប់មក​គាត់​បាន​សរសេរ​បង្ហោះ​ថា​គាត់​កំពុង​តស៊ូ​ដើម្បី​សង់​ជញ្ជាំង​បេតុង​ខ្លាំងក្លា​ជាង​ពេលណាៗ​ទាំងអស់​។ វា​ជា​និមិត្តរូប​នៃ​វប្ប​ធ៌​ម​ខុស​ប្រក្រតី​របស់​សេត​វិមាន​ដែល​គាត់​បាន​ជំរុញឱ្យមាន​ឡើង និង​ការ​ប្រឈម​នានា ដែល​បានបង្ហាញ​នៅលើ​ការសម្រេចចិត្ត​តូចធំ​ជាច្រើន​ក្នុងអំឡុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ​។​

​នៅ​ចុងបញ្ចប់​នៃ​ការបិទ​រដ្ឋាភិបាល ពួក​ជំនួយការ​ប្រធានាធិបតី​និង​សម្ព័ន្ធមិត្ត​ខាងក្រៅ​របស់​ប្រធានាធិបតី​បានចាប់ផ្តើម​មើលឃើញថា ការសន្យា​សំខាន់ៗ​នៃ​យុទ្ធនាការ​ឆ្នាំ​២០១៦​របស់​ត្រាំ​គឺជា​បន្ទុក​ដ៏​ធំធេង​និង​មិនអាច​សម្រេចបាន​ចំពោះ​រូបគាត់​។​

​មានការ​លើកឡើង​ជាច្រើន​ថា​លោក​ត្រាំ​ហាក់​បោះបង់ចោល​ឱកាសល្អ​ចុងក្រោយ​របស់គាត់​ដើម្បី​បំពេញ​ការសន្យា​សង់​ជញ្ជាំង ដែលនាំឱ្យ​លោក​ត្រាំ​ចាប់ផ្តើម​បិទ​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ​។ ពួក​អ្នក​អត្ថាធិប្បាយ​អភិរក្សនិយម​និង​សមាជិក​នៃ​គណៈកម្មាធិការ​សេរីភាព​របស់​សភា​បានចេញ​ការព្រមាន​ថា មូលដ្ឋាន​គាំទ្រ​របស់លោក​ត្រាំ​អាច​នឹង​បង្ហាញ​ការខកចិត្ត​ចំពោះ​គាត់ ប្រសិនបើ​គាត់​ពុំបាន​ប្រើ​ថ្ងៃ​ចុងក្រោយ​នៃ​ការគ្រប់គ្រង​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ឆ្នាំមុន​ដើម្បី​ព្យាយាម​សុំ​លុយ​មក​សង់​ជញ្ជាំង​ព្រំដែន​ទេនោះ​។​

​ប៉ុន្តែ​ក្នុង​ដំណើរ​ស្វែងរក​ការ​លួង​ចិត្ត​មូលដ្ឋាន​គាំទ្រ​របស់គាត់ ប្រធានាធិបតី​រូបនេះ​បានធ្វើឱ្យ​ខូច​ជំហរ​របស់គាត់​ជាមួយ​សាធារណជន​អាមេរិក​។ សរុបមក ៣៤ ភាគរយ​នៃ​ជនជាតិ​អាមេរិក​បាន​យល់ស្រប​ចំពោះ​ការបំពេញ​ការងារ​រប​ស់​ត្រាំ​នៅក្នុង​ការស្ទង់មតិ​មួយ​ដែល​បានចេញ​ផ្សាយ​នៅ​សប្តាហ៍​នេះ​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ NORC សម្រាប់​ការស្រាវជ្រាវ​កិច្ចការ​សាធារណៈ​របស់​ទីភ្នាក់ងារសារព័ត៌មាន AP​។ ចំនួន​នេះ​គឺ​ធ្លាក់ចុះ​ពី ៤២ ភាគរយ​កាលពី​មួយខែ​មុន និង​ឈានដល់​កម្រិត​ទាប​បំផុត​ក្នុងការ​កាន់តំណែង​២​ឆ្នាំ​របស់គាត់​។​

​មេដឹកនាំ​របស់​បក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា លោក ឆាក់ ស៊ូ​មឺ បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​ដោយ​ក្តី​សោមនស្ស​រីករាយ​ជាមួយ​លោកស្រី​ផេ​ឡូ​ស៊ី ថា “​សង្ឃឹមថា​ឥឡូវនេះ​លោក​ប្រធានាធិបតី​បាន​រៀន​ពី​មេរៀន​របស់គាត់​”​។​

​ការជាប់គាំង​នេះ​គឺជា​ការធ្វើ​តេស្ត​លើកដំបូង​សម្រាប់​លោកស្រី​ផេ​ឡូ​ស៊ី បន្ទាប់ពី​លោកស្រី​បាន​វិលត្រឡប់​ទៅរក​តំណែង​ប្រធានសភា​។ ពួក​ប្រជាធិបតេយ្យ​នៅតែ​រួបរួមគ្នា​ប្រឆាំងនឹង​ការខិតខំ​ប្រឹងប្រែង​រប​ស់​សេត​វិមាន​ដើម្បី​បែងចែក​គណៈកម្មាធិការ​សេរីភាព​របស់​សភា ហើយ​ពួកគេ​ឈានទៅដល់​វគ្គ​បន្ទាប់​នៃ​ការជជែក​ដេញដោល​គ្នា​អំពី​ការផ្តល់​មូលនិធិ​សន្តិសុខ​ព្រំដែន​ដើម្បី​រារាំង​បំណង​សង់​ជញ្ជាំង​របស់​ត្រាំ ដូចដែល​ពួក​ប្រជាធិបតេយ្យ​បាន​សន្យា​កាលពី​ឆ្នាំ​២០១៨​។​

​ខណៈ​ពួក​ជំនួយការ​សេត​វិមាន​បាន​លើកឡើងថា​ការបិទ​រដ្ឋាភិបាល​បាន​នាំឱ្យ​ពួក​ប្រជាធិបតេយ្យ​ឱបក្រសោប​យក “​របង​” នៅតាម​ព្រំដែន លោកស្រី​ផេ​ឡូ​ស៊ី​បានបញ្ជាក់​យ៉ាងច្បាស់​ថា​គណបក្ស​របស់លោក​ស្រី​នៅតែ​ប្រឆាំង​ដាច់ខាត​នឹង​ជញ្ជាំង​ព្រំដែន​។​

​លោកស្រី​បាន​និយាយថា “​ខ្ញុំ​និយាយ​ប៉ុន​ហ្នឹងហើយ​នៅ​មិន​ច្បាស់​ទៀត​មែន​ទេ​? ទេ ខ្ញុំ​និយាយ​ច្បាស់លាស់​ហើយ​”​។​

​ផ្អែក​តាម​ចរិត លោក​ត្រាំ​នៅតែ​បដិសេធ​ក្នុងការ​បោះបង់ចោល​រប​ង​ព្រំដែន​ដែល​គាត់​បាន​បោះបង់ចោល​រួចទៅហើយ​។ ផ្ទុយទៅវិញ​គាត់​បាន​ទទូចថា​គាត់​មិនបាន​រង​សម្ពាធ​ពី​ពួក​ប្រជាធិបតេយ្យ​ទេ​ហើយ​គាត់​បាន​គំរាម​បិទ​រដ្ឋាភិបាល​ម្តងទៀត ខណៈ​កំពុង​ពោល​ពាក្យ​សោកស្តាយ​ចំពោះ​ផលប៉ះពាល់​មកលើ​ពលរដ្ឋ​អាមេរិក​។​

​លោក​ត្រាំ​បាន​និយាយ​តាម Twitter កាលពី​យប់​ថ្ងៃ​សុក្រ​ថា “​គ្មាន​ផ្លូវ​ណាមួយ ដែលថា​នេះ​ជា​សម្បទាន​នោះទេ​។ វា​ជាការ​ខ្វល់ខ្វាយ​ចំពោះ​មនុស្ស​រាប់លាន​នាក់​ដែល​ទទួលរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ការបិទ​រដ្ឋាភិបាល ដោយ​គេ​ដឹងថា​ក្នុង​រយៈពេល​២១​ថ្ងៃ ប្រសិនបើ​គ្មាន​កិច្ចព្រមព្រៀង​ទេ នោះ​រឿង​បន្ទាប់​នឹង​កាន់តែ​យ៉ាប់​!”៕ ដោយ៖ កញ្ញាដាលីស

ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ

​ប្រភព​៖ ដេលី​មែ​ល​