ការដក​ទ័ព​អាមេរិក ជាការ​ក្រាល​ព្រំ​ក្រហម​ស្វាគមន៍​ឧត្តមសេនីយ៍ ខា​លីហ្វា ហាហ្វ​តាម​កកាន់​ទីក្រុង​ទ្រី​ប៉ូ​លី​

491
ចែករម្លែក
  • 25
    Shares

​ខណៈ​កងកម្លាំង​របស់​ឧត្តមសេនីយ៍ ខា​លីហ្វា ហា​ហ្វតា​(Khalifa Haftar)​ចូល​កៀក​ទីក្រុង​ទ្រី​ប៉ូ​លី ទាហាន​អាមេរិក​បាន​ដកចេញ ដោយ​ទុក​អោយ​នាយករដ្ឋមន្ត្រី ហ្វា​យេ​ហ្ស៍​​អាល់​-​សឺ​រ៉ា នៅ​តទល់​តែឯង​។​

ប្រទេស​ធំៗ​មិន​ថ្កោលទោស​លោក​ខា​លីហ្វា ហាហ្វ​តា​ដោយសារ​តែ​កងកម្លាំ​ង​របស់លោក​មាន​ឧត្តមភាព​និង​អាច​វាយ​កំចាត់​ក្រុម​សកម្មប្រយុទ្ធ​និង​ក្រុម​រដ្ឋ​អ៊ីស្លាម​ជំនួស​អោយ​កង​​កម្លាំង​រដ្ឋាភិបាល​ដែល​អង្គការសហប្រជាជាតិ​ទទួលស្គាល់​

​ធ្លាប់​ជា​ប្រទេស​មាន​ឥទ្ធិពល​បំផុត​មួយ​នៅ​អាហ្វ្រិក លី​ប៊ី​ឥឡូវ​បាន​ធ្លាក់​ក្នុង​ភាពវឹកវរ​និង​សង្គ្រាមស៊ីវិល ចាប់តាំងពី​អន្តរាគមន៍​របស់​អង្គការ​ណា​តូ​នៅ​ឆ្នាំ​២០១១​ដែល​បាន​ទម្លាក់​​មេដឹកនាំ​យូរអង្វែង មូ​អាម៉ា ហ្កា​ដា​ហ្វី ដែល​នាំ​ដល​ការធ្វើឃាត​លោក តែ​ប្រទេស​ធ្លាក់​ក្នុង​មហន្តរាយ​និង​បំបែក​ទៅជា​ផ្នែក​គ្រប់គ្រង​ដោយ​ក្រុម​ប្រដាប់អាវុធ​ប្រជែង​គ្នា​។​

​លោក​សឺ​រ៉ា ជា​មេដឹកនាំ​របស់​រដ្ឋាភិបាល​ស្រុះស្រួល​ជាតិ បង្កើតឡើង​ក្រោម​អាណាព្យាបាល​របស់​អង្គការសហប្រជាជាតិ​នា​ឆ្នាំ​២០១៥ តែ​មូលដ្ឋាន​អំណាច​របស់​លោក​គឺ​សភា​នៅ​ទី​​ក្រុង​តូ​ប្រូក​ភាគ​ខាងកើត មិនមែន​រដ្ឋធានី​ទ្រី​ប៉ូ​លី ភាគ​ខាងលិច​ទេ​។​

​ចំណែក​លោក​ហា​ហ្វតា ដែល​ដឹកនាំ​កងទ័ព​ជាតិ​លី​ប៊ី ដែល​ជា​កងទ័ព​របស់​សភា តូ​ប្រូក បាន​ធ្វើ​ជា​មេទ័ព​ចាប់តាំងពី​សង្គ្រាម​ស៊ីវិល​ផ្ទុះ​ជា​ថ្មី​នៅ​ឆ្នាំ​២០១៤​។​ក្នុង​រយៈពេល​នេះ លោក​​វាយ​កាន់កាប់​ផ្នែក​ធំៗ​នៃ​ប្រទេស រួមមាន​ទីក្រុង​បេន​ហ្កា​ហ្ស៊ី ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី​២​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៧ និង​ចុងក្រោយ​បំផុត​ទីតាំង​បូ​ប​ប្រេង​នៅ​ភាគ​និរតី​នៃ​ប្រទេស​។​

​ឥឡូវ​លោក​ងាក​ក្បាល​មករក​លោក សឺ​រ៉ា ដោយ​បញ្ជា​អោយ​កងទ័ព​រុលចូល​ទីក្រុង​ទ្រី​ប៉ូ​លី​កាលពី​ថ្ងៃ​៤​មេសា និង​ពួក​ជីវពល​ដែល​នៅ​ស្មោះ​នឹង​លោក​សឺ​រ៉ា កំពុង​ប្រមូលផ្តុំ​កម្លាំង​ដើម្បី​​ការពារ​ទីក្រុង​ទ្រី​ប៉ូ​លី​។​

​វី​ឆៃ ប្រាសាត នាយក​វិទ្យាស្ថាន​សំរាប់​ការសិក្សា​សង្គម និង​ជា​អ្នកនិពន្ធ​សៀវភៅ​« និទាឃ​រដូវ​អារ៉ាប់ សិសិររដូវ​លី​ប៊ី​» បាន​ប្រាប់​វិទ្យុ​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ​ទី​៨​មេសា​ថា​« ពួក​អឺរ៉ុប​សម្លឹង​​លើ​ប្រេង​ដែល​មាន​កំរិត​ស៊ុល​ហ្វួរ​ទាប​របស់​លី​ប៊ី ដែល​វា​ទាមទារ​ដំណើរការ​ចម្រាញ់​តិច​បំផុត​។​ជា​យូរ​មក​ហើយ លោក​ហាហ្វ​តា​ជា​មនុស្ស​ដែល​ពួកគេ​មិន​អើពើ​នៅពេល​អាមេរិក​ទំ​​នង​ជា​មិន​ផ្លាស់ប្តូរ​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ថ្មី​របស់​ខ្លួន​លើ​អ៊ីរ៉ង់​។​

​លោក​ប្រាសាត បាន​ប្រាប់​សារព័ត៌មាន​ស្ពុត​និកថា «​នៅ​ឆ្នាំ​២០១៥-២០១៦​អង្គការសហប្រជាជាតិ​បាន​ចូល​ក្នុងដំណាក់កាល​មួយ​ដែល​ទាក់ទាញ​ក្រុម​ផ្សេងៗ​ក្នុង​លី​ប៊ី​អោយ​​បង្កើត​រដ្ឋាភិបាល​ស្រុះស្រួល​ជាតិ​មួយ ជា​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​សឺ​រ៉ា ដែល​បច្ចុប្បន្ន​តាំងនៅ​ទីក្រុង​ទ្រី​ប៉ូ​លី ជាមួយនឹង​តំណាង​អង្គការសហប្រជាជាតិ​ទី​៥​ប្រចាំ​ក្រុង​ទ្រី​ប៉ូ​លី​​លោក ហ្កាស​សាន សាឡា​មេ​។​ពួកគេ​ទើប​ជួបប្រជុំ​ជាមួយ​គ្នា​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ចំ​ពេល​យន្តហោះ​របស់​ខា​លីហ្វា ហាហ្វ​តា​ទម្លាក់​គ្រាប់បែកលើ​អាកាសយានដ្ឋាន​ធំ​នៅក្រុង​ទ្រី​ប៉ូលី​។​

​លោក​បាន​និយាយទៀតថា «​រដ្ឋាភិបាល​អង្គការ​សហប្រជាជាតិ​នេះ​បាន​អង្គុយ​នៅ​ទ្រី​ប៉ូ​លី​អស់​៤​ឆ្នាំ តែ​ចាប់​អារម្មណ៍​តែ​លើ​ការរក្សា​ការគាំទ្រ​ពី​អន្តរជាតិ និយាយ​ម្យ៉ាងទៀត គឺ​ការ​​គាំទ្រ​ពី​លោកខាងលិច និង​មិន​អាច​យកចិត្តទុកដាក់​តំរូវការ​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ រួម​មាន​អគ្គិសនី ទឹក ស្ថិរភាព​…​។​វា​គាំទ្រ​ដោយ​ក្រុម​ជីវ​ពល ដែល​ជា​ផល​នៃ​សង្គ្រាម​របស់​​អង្គការ​ណា​តូ​នៅ​ឆ្នាំ​២០១១»​។​

«​ដោយឡែក លោក​ហា​ហ្វតា ជា​តួអង្គ​គួរអោយ​ចាប់អារម្មណ៍​ណា​ស់ម្នាក់​។​អ្នក​ដឹង​ទេ គាត់​រស់នៅ​កន្លែង​ដែល​ធ្វើដំណើរ​ចំណាយ​ពេល​តែ​១០​នាទី​ពី​ស្នាក់ការ​CIA​នៅ​រដ្ឋ វី​ជៀ​ញ៉ារ​វាង​​ឆ្នាំ​១៩៨៧ និង​២០១១​។​នៅ​ឆ្នាំ​២០១១ លោក​បាន​មក​កាន់​ទីក្រុង​បេន​ហ្កា​ហ្ស៊ី ប្រទេស​លី​ប៊ី ក្នុង​ក្តីសង្ឃឹម​ត្រួ​ត្រា​ក្រុម​ឧទ្ទាម​។​ពេលនោះ វា​សំខាន់​ដែល​ចាំ​ថា កាតា ជា​ប្រទេស​មាន​​ប្រៀប ដោយ​ដាក់​មនុស្ស​របស់​គេ​កាន់កាប់​ប្រទេស​លី​ប៊ី នោះ​គឺ​លោក ម៉ា​មូត ជី​ប្រ៊ី​ល​។​

​ជី​ប្រ៊ី​ល បាន​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​របស់​ប្រទេស​នៅ​ស្ទើរ​ពេញ​មួយឆ្នាំ​២០១១ ខណៈ​កងកម្លាំង​ស្មោះ​នឹង​រដ្ឋាភិបាល​របស់​ហ្កា​ដា​ហ្វី នៅក្នុង​សមរភូមិ​នៅឡើយ​។​លោក​​បាន​លាឈប់​ក្រោយ​ការបាត់បង់​ទីក្រុង​សៀតេ ដែល​ជា​មូលដ្ឋាន​ចុងក្រោយ​របស់​រដ្ឋាភិបាល​នៅ​ខែតុលា​ឆ្នាំ​នោះ និង​ឥឡូវ​លោក​ដឹកនាំ​គណបក្ស​នយោបាយ​មួយ​នៅ​លី​ប៊ី​។​

​លោក វី​ឆៃ ប្រាសាត បាន​និយាយថា​«​ដូច្នេះ ហា​ហ្វតា មាន​ការខកចិត្ត​ណាស់​។​លោក​មិន​អាចជា​មនុស្ស​គ្រប់គ្រង​ដឹកនាំ​ប្រទេស​ក្រោយ​ការស្លាប់​របស់​ហ្កា​ដា​ហ្វី​។​នៅ​ឆ្នាំ​២០១៤ ហា្វ​តា​​បាន​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិន​សំរេច​មួយ​។​ឥឡូវ​វា​ទំនងជា​ថា លោក​មាន​ការគាំទ្រ មិន​ត្រឹមតែ​អា​រ៉ាប៊ីសាអូឌីត និង​អារ៉ាប់​រួម តែ​អេ​ហ្ស៊ី​ប​ថែម​ទៀត​។​សំខាន់បំផុត លោក​មាន​ការ​​គាំទ្រ​ពី​បារាំង​។​អាមេរិក​និង​រុស្ស៊ី​ក៏​នៅ​ខាង​គាត់​ដែរ​»​។​

​លោក​ប្រាសាត ប​នា​បន្តថា​« អ្វី​គួរអោយ​ចាប់​អារម្មណ៍​នៅ​ទីនេះ​គឺថា ហាហ្វ​តា​ត្រូវ​បាន​គ្រប់​គ្នា​គាំទ្រ តែ​ពួកគេ​មិន​អាច​និយាយ​ចេញ​ព្រម​គ្នា ដោយសារ​ពួកគេ​ត្រូវ​គាំទ្រ​រដ្ឋាភិបាល​​របស់​អង្គការសហប្រជាជាតិ​។​ខ្ញុំ​គិតថា អាមេរិក​ដកទ័ព​ពី​ទ្រី​ប៉ូ​លី​ដោយសារ​មិន​ចង់​អោយ​កងទ័ព​របស់​គេ​ការពារ​រដ្ឋាភិបាល​នេះ​។​វា​ហាក់ដូចជា​ការ​ក្រាល​ព្រំ​ក្រហម​ទទួល​លោក​​ហា​ហ្វតា​»​។​

​ដូច​មនុស្ស​ជាច្រើន​និយាយ លោក​ប្រាសាត​បាន​និយាយ​ថា​គោល​នយោបាយ​អាមេរិក​នៅ​លី​ប៊ីគឺ​«​គោលនយោបាយ​ប្រេង​»​ដោយ​ក្នុងករណី​លី​ប៊ីនេះ​ប្រេង​ដើរតួ​ធំ​ណាស់​។​សូម​រលឹំក​​ថា អឺរ៉ុប​បាន​បាន​បំផ្លាញ​អ្នកផ្គត់ផ្គង់​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​ធំ​៣​របស់​ខ្លួន​ដោយសារ​ហេតុផល​នយោបាយ​។​ទី​១ អឺរ៉ុប​ចូលរួម​ជាមួយ​អាមេរិក​និង​អ៊ីស្រាអែល​នៅ​ឆ្នាំ​២០០៦​ដើម្បី​​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​។​ទី​២ សង្គ្រាម​របស់​អង្គការ​ណា​តូ ជំរុញ​ដោយ​បារាំង​និង​អាមេរិក ទាត់​ការផ្គត់ផ្គង់​ប្រេង​ដ៏​ធំ​របស់​លី​ប៊ី​ចេញពី​អឺរ៉ុប​ផង​ដែរ​នៅ​ឆ្នាំ​២០១១ និង​ទី​៣ គំនិត​​ផ្តួចផ្តើម​របស់​អាមេរិក​ក្នុង​ការដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ដោយសារ​បញ្ហា​អ៊ុ​យក្រែន​។​ទណ្ឌកម្ម​ទាំង​៣​នេះ​សុទ្ធតែ​កាត់ផ្តាច់​ការផ្គត់ផ្គង់​ប្រេង​និង​ហ្គាស​ទៅកាន់​អឺរ៉ុប ដូច្នេះហើយ​​បានជា​អឺរ៉ុប​ពេលនេះ​មិន​សារ​ទរ​ចំពោះ​ការអំពាវនាវ​របស់​អា​មេរិក​អោយខ្លួន​ចូលរួម​ការដាក់ទណ្ឌក​ម្ម​ជា​ថ្មី​លើ​អ៊ីរ៉ង់​។​

​មានការ​រំពឹងថា បណ្តា​អណ្តូងប្រេង​លី​ប៊ី​នឹង​ដំណើរការ​អាជីវកម្ម​ពេញលេញ​ឡើងវិញ​និង​ផ្តល់​ប្រេង​ទៅកាន់​អឺរ៉ុប​។​តាមពិត​លោក​ហា​ហ្វតា បាន​ដឹកនាំ​កម្លាំង​វាយ​កាន់កាប់​ទីតាំង​​ចំរាញ់​ប្រេង​នៅតាម​ឆ្នេរ​មេ​ឌី​ទែ​រ៉ាណេ​ចំនួន​២​លើក​កាលពី​ឆ្នាំមុន ហើយ​ពេលនេះ ក្នុង​ដំណើរ​តាម​ផ្លូវ​នៃ​សមុទ្រ​មេ​ឌី​ទែ​រ៉ាណេ​ឆ្ពោះ​មក​កាន់​ទីក្រុង​ទ្រី​ប៉ូលី កងកម្លាំង​របស់​លោក​ក៏​​ដណ្តើម​កាន់កាប់​អណ្តូងប្រេង​ធំៗ​នៅ​លី​ប៊ី ហើយ​ក៏​កំពុង​ធ្វើដំណើរ​រុល​ទៅ​ភាគ​ខាងជើង​និង​ទីក្រុង​ហ្សា​វីយ៉ា ដែល​ជា​ទីក្រុង​កំពង់ផែ​ប្រេង​ដ៏​ធំ​សំរាប់​ការនាំចេញ​ប្រេង​ទៅ​អឺរ៉ុប​៕

​ប្រែ​សម្រួល​ពីស្ពុត​និកដោយ​៖​វាសនា​