ការដក​រូប​ឯកឧត្តម​សម រង្ស៊ី ចេញពី​ស្លាក​គណបក្ស នឹងធ្វើ​ឲ្យ​កម្ពុ​ជាមាន​ភាពស្ងប់ស្ងាត់​

700

(​ភ្នំពេញ​) ៖ ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រៀបចំ​ឲ្យ​មន្ដ្រី​ខ្លួន​នៅ​គ្រប់​រាជធានី​ខេត្ត ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​រុះរើ​ស្លាក​​គណបក្ស​ចាស់​ដែលមាន​រូបលោក​សម រង្ស៊ី និង​លោក​កឹម សុខា ចេញ​នោះ អ្នកនយោបាយ​និង​អ្នកវិភាគ​មួយចំនួន​បង្ហាញ​ការ​​យល់ឃើញថា ការដក​រូបលោក​សម រង្ស៊ី ចេញពី​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ជា​រឿង​ល្អ​មួយ និង​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ភាពស្ងប់ស្ងាត់​ល្អ​។​
​ ​


​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​សាទរ​ចំពោះ​ការដក​រូប ឯកឧត្តម​សម រង្ស៊ី ចេញពី​ស្លាក​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​នេះ គឺជា​រឿង​ល្អ​មួយ ដែល​ធ្វើ​ឲ្យ​កម្ពុជា មាន​សុខសន្ដិភាព​។​
​ ​
​ប្រធាន​គណបក្ស​វ័យក្មេង​រូបនេះ បានលើកឡើង​តាមរយៈ​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ ថា “…​ខ្ញុំ​គិតថា​ការធ្វើ​ដូច្នេះ វា​ជា​រឿង​ល្អ​មួយ ដើម្បី​ស្ថានការណ៍​នយោបាយ នៅក្នុង​ប្រទេស​ស្ងប់ស្ងាត់​… បើសិន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដក​លោក សម រង្ស៊ី ចេញពី​ស្លាក​គណបក្ស​ទេ ច្បាប់​នឹង​អនុវត្តន៍​ហើយ វា​នឹងធ្វើ​ឲ្យ​ប៉ះពាល់ ដល់​ស្ថានភាព​នយោបាយ​…”​។​
​ ​
​លោក​បញ្ជាក់ថា ការដក​លោក​សម រង្ស៊ី ចេញពី​ស្លាក​គណបក្ស ជា​គំរូ​ដល់​បក្ស​ទាំង​ថ្នាក់លើ និង​ថ្នាក់ក្រោម ពីព្រោះ​ច្បាប់​ថ្មី​បាន​ចែងថា​​មិន​ដាក់​រូប ឬ​ដាក់ឈ្មោះ​ទណ្ឌិត លាយឡំ ជាមួយ​អ្នកនយោបាយ​នោះទេ ដូ​ចេះ្ន​បុគ្គល​គ្រប់រូប ត្រូវតែ​អនុវត្ត​ច្បាប់​។​
​ ​
​ចំណែក អ្នកវិភាគ​សង្គម និង​ជា​សាស្ត្រ​ចា​រ្យ​ផ្នែក​នយោបាយ លោក សូ ចន្ថា បាន​សម្ដែង​ការស្វាគមន៍ ចំពោះ ការដក​រូបលោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង លោក​សម រង្ស៊ី អតីត​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ​ចេញពី​ស្លាក​គណបក្ស​ដែរ​។​
​ ​
​លោក សូ ចន្ថា បាន​ថ្លែងថា ជា​រឿង​ល្អ​ដែល​គណបក្សនយោបាយ​នៅ​កម្ពុជា​ចាប់ផ្ដើម​ដាក់​រូប​សញ្ញា​ប​ក្ស​របស់ខ្លួន​ជាជាង​ការដាក់​រូប​​បុគ្គល ព្រោះ​ការ ដាក់​រូប​បុគ្គល​នឹង​អាចមាន​បញ្ហា​ផ្ទាល់ខ្លួន ឬ​បញ្ហា​នានា​របស់​បក្ស ។​
​ ​
​លោក​បន្តថា “…​ខ្ញុំ​ស្វាគមន៍ ចំពោះ​គណបក្ស ដែល​ចាប់ផ្ដើម​ដាក់​រូប​សញ្ញា​ជាជាង​ដាក់​រូប​បុគ្គល​…”​។​
​ ​
​អ្នកវិភាគ​រូបនេះ​បន្ថែមថា ក្រោយ​ច្បាប់​ស្ដីពី​គណបក្សនយោបាយ​ចូល​ជា​ធរមាន គ្រប់​គណបក្សនយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​នៅ​​កម្ពុជា​ត្រូវតែ​អនុវត្តន៍​ឲ្យ​សមស្រប​ទៅតាម​ច្បាប់​។​
​ ​
​សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ចប្រជុំ​ផ្ទៃក្នុង​បក្ស​របស់ខ្លួន កាលពី​ថ្ងៃទី​២៥ កក្កដា​ដើម្បី​ពិភាក្សាគ្នា​ក្នុង​ការរុះ​​រើ​ស្លាក​គណបក្ស​។ ជា​លទ្ធផល​កិច្ចប្រជុំ​បានសម្រេច​ដក​រូប​ឯកឧត្តម សម រង្ស៊ី និង​រូប ឯកឧត្តម កឹម​សុខា​ចេញពី​បក្ស​ដោយ​ដាក់​​រូប​ថ្មី​ជំនួស​វិញ គឺ​ដាក់​តែ​រូប​សញ្ញា​ព្រះអាទិត្យ​។ ក្នុងនោះ​គណបក្ស ក៏បាន​ដាក់​ផែនការ​ដើម្បី​ផ្សព្វផ្សាយ​បន្តទៅ​គណបក្ស​នៅ​គ្រប់​​រាជធានី​-​ខេត្ត ឲ្យ​ចាប់ផ្តើម​រុះរើ និង​ការផ្លាស់ប្តូរ​ស្លាក ដែល​ធ្វើយ៉ាងណា​ឱ្យ​កិច្ចការ​នេះ​បានបញ្ចប់ នៅ​ដំណាច់​ខែសីហា ឆ្នាំ​២០១៧ ខាងមុខនេះ​៕​ដោយ​៖​វិបុល​